កម្ពុជា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​កំណត់​កិច្ច​ប្រជុំ​ពេញ​អង្គ​ ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​នៅ​ថ្ងៃ​១០​តុលា​

នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​សម្រេច​កំណត់​ថ្ងៃទី​១០​តុលា​ ដើម្បី​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​​លើ​ក​ដំបូង។ ជា​សម័យ​ប្រជុំ​ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​នៃ​គណៈកម្ម​ការ​​ជំនាញ​រដ្ឋសភា​។ លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា បាន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ត្រូវ​ដំណើរការ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ ដើម្បី​បំពេញ​ការងារ​បម្រើ​ប្រជាជន​ពលរដ្ឋ។

ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិ ក្នុងសមយ័ប្រជុំសភាដំបូង ដែលគ្មានបក្សប្រឆាំងចូលរួម។
ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិ ក្នុងសមយ័ប្រជុំសភាដំបូង ដែលគ្មានបក្សប្រឆាំងចូលរួម។ REUTERS
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បញ្ចប់​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ហើយ​បាន​សម្រេច​បើក​កិច្ចប្រជុំ​ពេញអង្គ​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា។ នេះ​បើតាម​យោងតាម​ការ​បញ្ជាក់​របស់លោក​ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា។

តំណាងរាស្ត្រ​គណបក្សប្រជាជនកម្ពុជា​រូប​នេះ​បាន​ពន្យល់ថា គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ មិន​អាច​នៅ​រង់ចាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើយ ដោយសារ​តែ​គណបក្ស​លោក​ត្រូវ​រៀបចំអោយមាន​ដំណើរ​ការ​ស្ថាប័ន​នីតិ​បញ្ញត្ត​មួយ​នេះ ដើម្បី​បំពេញ​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ។ ទោះយ៉ាង​ណា​ក៏ដោយ លោក​ជាម យៀប​ បញ្ជាក់ថា គណបក្ស​លោក​នៅ​រក្សា​ទ្វារ​​ចំហ​​សម្រាប់​ ការ​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដដែល។

តាម​មើល​ទៅ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិ​ន​ចាប់អារម្មណ៍​នឹង​ទ្វារ​ចំហ​​របស់​គណបក្ស​ប្រជាជនកម្ពុជា​នោះឡើយ ខណៈ​ប្រធាន​គណបក្ស​នេះ​បាន​ចេញ​ដំណើរ​បេសកកម្ម​ការ​ទូត ដើម្បី​អំពាវនាវ​អោយ​ប្រទេស​សំខាន់ៗនានា កុំ​ទទួល​ស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាដាច់​មុខ​នោះ។ គណបក្ស​សង្គ្រោះជាតិ​ក៏​ទើបតែ​បញ្ចប់​សមាជ​មហាជន​ដើមើ្ប​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាជន​​ ក្នុង​ការងារ​បន្ត​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​។

នៅពេល​ដែល​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​ដែល​មាន​តែ​គណបក្ស​ប្រជាជនកម្ពុជា​នោះ លោក ជាម យៀប ​បាន​ពន្យល់ថា គណបក្ស​លោក​គ្មាន​ជម្រើស​អ្វី​ផ្សេងពីនេះ​ទេ ដោយសារតែ​​ក្នុង​ចំណោម​គណបក្ស​ជាប់ឆ្នោត​ចំនួន​២​ ក្នុង​រដ្ឋសភា គណបក្ស​សង្គ្រោះជាតិ​មិន​ព្រម​ចូលរួម​ក្នុង​រដ្ឋសភាឡើយ។

គួរ​រម្លឹកថា គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ដឹកនាំ​រដ្ឋសភា នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត។ ការទាមទារ​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ ដែល​លោក​សម រង្ស៊ី​ ធ្លាប់​បាន​ពន្យល់ថា គឺ​ដើម្បី​ទប់ទល់​ ឬ​ដើម្បី​អោយ​មាន​​តុល្យភាព​​អំណាច​ទល់​នឹង​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI