អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លើក​ស្ទួយ​គុណ​តម្លៃ​មនុស្ស​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម!

សំឡេង ០៤:៤៧
អ្នកគ្រួនាង ផល្លា ជាប់​ជាបេក្ខ​ភាព​គ្រូ​ឆ្នើម​​ទាំង​១០ ក្នុង​កម្ម​វិធី​គ្រូ​ឆ្នើម​ពិភព​លោក​២០១៥​។
អ្នកគ្រួនាង ផល្លា ជាប់​ជាបេក្ខ​ភាព​គ្រូ​ឆ្នើម​​ទាំង​១០ ក្នុង​កម្ម​វិធី​គ្រូ​ឆ្នើម​ពិភព​លោក​២០១៥​។ @ Facebook
ដោយ៖ ប៉ែន បូណា

ចុង​ក្រោយ​នេះ មាន​សញ្ញា​ល្អ​មួយ​បាន​លេច​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។ នោះ​គឺ​ការ​លើក​ស្ទួយ​អ្នក​ចេះ​ដឹង អ្នក​ពូកែ និង​អ្នក​ដែល​បាន​សាង​អំពើល្អ​ដើម្បី​សង្គម។ ករណី​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ករណី​កីឡាការិនី ស៊ន សៀវម៉ី ដែល​ទទួល​បាន​មេដាយ​មាស​នៅ​កីឡា​អាស៊ី​ និង​ចុង​ក្រោយ​នេះ​គឺ​ករណី​អ្នកគ្រូ នាង ផល្លា បេក្ខជន​គ្រូឆ្នើម​ពិភពលោក​ជាដើម។ ព្រឹត្តិការណ៍​ទាំង​នេះ​គឺជា​ការ​ទឹក​ចិត្ត​ដល់​អ្នក​ពូកែ​ផង និង​ក៏ជា​កត្តា​ជំរុញ​ឲ្យ​មនុស្ស​ខ្មែរ​ខិតខំ​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ​កាន់​តែ​ច្រើន​ដើម្បី​លើក​ស្ទួយ​សីល​ធម៌​សង្គម។

ផ្សាយពាណិជ្ជកម្ម

អ្នក​ចេះដឹង​ឬ​មនុស្ស​ដែល​ពូកែ​លេច​ធ្លោជាង​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ។ នៅ​លើ​លោក​នេះ មនុស្ស​ពូកែ​និង​មនុស្ស​ល្អ​តែង​ត្រូវ​បាន​គេ​លើក​ស្ទួយ​យ៉ាង​ពិសេស។​ ការ​លើក​ស្ទួយ​អ្នក​ចេះ​ដឹង អ្នក​មាន​គុណ​ធម៌​នេះ​ហើយ​ដែល​ជា​គន្លឹះ​ជំរុញ​ឲ្យ​មនុស្ស​ខិតខំ​ដើម្បី​ក្លាយ​ជា​អ្នក​ពូកែ និង​ជា​មនុស្ស​ល្អ​ដើម្បី​ទទួល​​បាន​កិត្តិយស​និង​ការ​ស្ញប់​ស្ញែង​ពី​សង្គម។

ប៉ុន្តែ ជាអកុស ភ្លើង​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ប៉ុណ្ណោះ​ទេ តែ​ពេល​ខ្លះ​អ្នក​ចេះ​ដឹង​បែរ​ជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្រូវ​ទៀត​ផង។ ​ជាក់​ស្តែង​ ការ​កាប់​សម្លាប់​បញ្ញវន្ត​ដែល​ជា​ធនធាន​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​ជា​ឧទាហរណ៍​ស្រាប់។ ក្រោយ​ពី​របប​ខ្មែរ​ក្រហម ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​បាន​ចាប់​ផ្តើម​ឡើង​វិញ​ពី​ចំណុច​សូន្យ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​នេះ​ខ្វះខាត​ធន​ធាន​មនុស្ស​យ៉ាង​ច្រើន​។

ក្រៅ​ពី​កង្វះ​ធនធាន​មនុស្ស​ក៏​នៅ​មាន​បញ្ហា​ប្រើប្រាស់​ធនធាន​មនុស្ស​មិនត្រូវ​ថែម​ទៀត។ ជាក់​ស្តែង ការ​ប្រើ​ប្រាស់​មនុស្ស​នៅ​តែ​ផ្អែក​សំខាន់​ទៅ​លើ​សកម្មភាព​នយោបាយ​និង​បក្ស​ពួក​និយម​ជា​ធំ។ មនុស្ស​ពូកែ​ៗ​ជា​ច្រើន​ដែល​មិន​ចំណុះ​អ្នក​នយោ​បាយ​មិន​ត្រូវ​​បាន​គេ​លើក​ស្ទួយ​ទេ។ ទម្លាប់​នេះ​បាន​ជំរុញ​ឲ្យ​មនុស្ស​ពូកែ​ជា​ច្រើន​បាក់​ទឹក​ចិត្ត​និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងាក​ទៅ​ពឹង​លើ​នយោបាយ​ដើម្បី​ទទួល​បាន​មុខ​តំណែង​បុណ្យ​ស័ក្តិ​ជា​ជាង​ពឹង​លើ​ចំណេះ​វិជ្ជា ឬ​អំពើ​ល្អ​ដែល​ខ្លួន​បាន​សាង។

ប៉ុន្តែ ដល់​ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​ចាប់​ផ្តើម​រៀប​ចំ​ប្រទេស​ជាតិ​របស់​ខ្លួន​ឡើង​វិញ​ដោយ​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​ធនធាន​មនុស្ស​ដែល​ពូកែ​ពិត​ប្រាកដ។ ដើម្បី​ពង្រឹង​គុណ​ភាព​ធនធាន​មនុស្ស គេ​ត្រូវ​លើក​ស្ទួយ​អ្នក​ចេះ​ដឹង។ ដើម្បី​លើក​ស្ទួយ​សីល​ធម៌​សង្គម​គេ​ត្រូវ​លើក​ស្ទួយ​អំពើ​ល្អ​ជា​ចាំ​បាច់។ ការ​លើក​ស្ទួយ​សិស្ស​ពូកែ​ដែល​ប្រឡង​បាន​និទ្ទេស​A ​ ការ​ផ្តល់​កិត្តិយស​ដល់​កីឡាការិនី​ឆ្នើម ស៊ន សៀវម៉ី និង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​គ្រូ នាង ផល្លា គឺ​ជាសញ្ញា​ល្អ​មួយ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម គ្រូ​បង្រៀន​មាន​តម្លៃ​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​។ ប្រាក់​ខែ​គ្រូ​បង្រៀន​អាច​ចិញ្ចឹម​មនុស្ស​មួយ​គ្រួសារ​ដោយ​មិន​លំបាក​។ កាល​ណោះ អ្នក​ណា​ៗ​ក៏​ប្រាថ្នា​និង​ស្រមៃ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ដែរ។ ខណៈ​ដែល​គ្រូ​មាន​តម្លៃ​បែប​នេះ ប្រាកដ​ណាស់​ថា​មនុស្ស​ដែល​ពូកែ​ៗ​នាំ​គ្នា​បាញ់​ឆ្ពោះ​ទៅ​រក​អាជីព​ជា​គ្រូ​បង្រៀន​។ នៅ​ពេល​ដែល​មជ្ឈដ្ឋាន​គ្រូ​បង្រៀន​ប្រមូល​ផ្តុំ​ដោយ​ធនធាន​មនុស្ស​ពូកែ ពួក​គេ​អាច​បណ្តុះ​ធនធាន​មនុស្ស​ជំនាន់​ក្រោយ​រឹតតែ​ពូកែ​ថែម​ទៀត​។

នៅ​ក្នុង​វិស័យ​កីឡា​និង​វិស័យ​ផ្សេង​ទៀត​ក៏​ដូច​គ្នា​ដែរ ការ​លើក​ស្ទួយ​អ្នក​ពូកែ​ពិត​ប្រាកដ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​ខិត​ខំ​បញ្ចេញ​សមត្ថភាព​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ពូកែ។ ប៉ុន្តែ ​ការ​លើក​ស្ទួយ​មនុស្ស​ពូកែ​ម្នាក់​ពីរ​នាក់​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ដើម្បី​ឲ្យ​កម្ពុជា​សម្បូរ​មនុស្ស​ពូកែ​ប្រកប​ដោយ​គុណធម៌ និង​សីលធម៌ មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ទន្ទឹម​គ្នា។ នៅ​ក្នុង​វិស័យ​អប់​រំ ការ​លើក​ទឹក​ចិត្ត​អ្នក​ពូកែ​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​។ អ្នក​ដែល​ទទួល​ការ​លើក​ស្ទួយ​មុនគេ​គឺ​អ្នក​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នេះ​ឯង។

នៅ​ក្នុង​វិស័យ​កីឡា ការ​បង្វឹក​ក៏​ត្រូវ​តែ​ចាប់​ផ្តើម​ពី​កុមារ​តូច​ៗ​ដែរ ហើយ​ត្រូវ​បង្វឹក​ទៅ​តាម​បច្ចេក​ទេស​ពិត​ប្រាកដ​ដោយ​មិន​ឲ្យ​កីឡាករ​គិតគូរ​ច្រើន​ពេក​អំពី​បញ្ហាជីវ​ភាព​ទេ។ ក្រៅ​ពី​នោះ ការ​លើក​ទឹកចិត្ត​អ្នកចេះ​ដឹង​និង​អ្នក​ពូកែ​ក្នុង​ពិភព​ការងារ​និង​ក្នុង​នយោបាយ​ក៏​សំខាន់​ដែរ​ពី​ព្រោះ​អ្នក​ទាំង​នោះ​ហើយ​ដែល​អាច​ធ្វើ​ជា​គំរូ​យ៉ាង​ល្អ​សម្រាប់​មនុស្ស​ក្នុង​សង្គម​ជា​ពិសេស​គំរូ​ដល់​អ្នក​រៀន​សូត្រ។ ការ​ផ្តល់​តម្លៃ​មនុស្ស​ទៅ​លើ​សមត្ថភាព ទៅ​លើកិច្ច​ខិតខំ​ប្រឹងប្រែង​បម្រើ​សង្គម​និង​ទៅ​លើសីល​ធម៌​គឺជា​ចលករ​ជំរុញ​ឲ្យ​មាន​មនុស្ស​ល្អ​កាន់​តែ​ច្រើន​ក្នុង​សង្គម​ដែល​កំពុង​តម្លៃ​សីលធម៌​កំពុង​ស្រុត​ចុះ​ដូច​បច្ចុប្បន្ន។

ដូច្នេះ ​ប្រសិន​បើ​សង្គម​ខ្មែរ​បន្តលើក​ស្ទួយ​អ្នក​ពូកែ និង​អ្នកសាង​អំពើ​ល្អ ឲ្យបាន​ច្រើន​ថែម​ទៀត ក្នុង​គ្រប់​វិស័យ​និង​ស្មើ​ភាព​គ្នា ប្រទេស​កម្ពុជា​​ច្បាស់​ជា​សម្បូរ​អ្នក​ចេះ​ដឹង សម្បូរ​មនុស្ស​ពូកែ ​រីឯ​សីលធម៌​សង្គម​ខ្មែរ​ក៏ត្រូវ​បាន​លើក​កម្ពស់​ដើម្បី​ក្លាយ​ជា​ប្រទេស​ស៊ីវិល័យ​មួយ​ជាក់​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ