ការលើកស្ទួយអ្នកចេះដឹងនិងអ្នកពូកែជាគន្លឹះកសាងធនធានមនុស្ស
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីសិស្សប្រឡងជាប់និទ្ទេស A ដែលបានទទួលការលើកស្ទួយជាពិសេសពីគ្រប់មជ្ឈដ្ឋានឥឡូវនេះ កីឡាការិនីដ៏ឆ្នើមម្នាក់ទៀតគឺកញ្ញា ស៊ន សៀវម៉ី ដែលទទួលបានមេដាយមាសនៅកីឡាអាស៊ីក៏ត្រូវបានលើកស្ទួយជាពិសេសដែរចាប់តាំងពីសាធារណជនទូទៅ គណបក្សនយោបាយរហូតដល់នាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះគឺជាការទឹកចិត្តដល់អ្នកពូកែផង និងក៏ជាកត្តាជំរុញឲ្យមនុស្សខ្មែរខិតខំដើម្បីក្លាយខ្លួនជាអ្នកពូកែកាន់តែច្រើនផងដែរ។ នេះគឺជាជំហានដ៏ល្អក្នុងការពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា។
អ្នកចេះដឹងឬមនុស្សដែលពូកែលេចធ្លោជាងគេត្រូវបានគេចាត់ទុកថាជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ។ ហេតុដូច្នេះហើយបានជាក្រុមមនុស្សដែលពូកែៗតែងត្រូវបានគេលើកស្ទួយយ៉ាងពិសេស។ ការលើកស្ទួយអ្នកចេះដឹងនេះហើយដែលជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សពីព្រោះមធ្យោបាយនេះបានធ្វើឲ្យមនុស្សខិតខំដើម្បីក្លាយជាអ្នកពូកែទើបទទួលបានកិត្តិយសនិងការស្ញប់ស្ញែងពីសង្គម។
ប៉ុន្តែ ជាអកុស នៅកម្ពុជា ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍មិនត្រឹមតែធ្វើឲ្យរាំងស្ទះដល់ការបណ្តុះបណ្តាលធនធានមនុស្សប៉ុណ្ណោះទេ តែពេលខ្លះអ្នកចេះដឹងបែរជាត្រូវបានគេចាត់ទុកជាសត្រូវទៀតផង។ ជាក់ស្តែង ការកាប់សម្លាប់បញ្ញវន្តដែលជាធនធានមានតម្លៃសម្រាប់ប្រទេសជាតិក្នុងរបបខ្មែរក្រហមគឺជាឧទាហរណ៍ស្រាប់។ ក្រោយពីរបបខ្មែរក្រហម ការបណ្តុះបណ្តាលធនធានមនុស្សបានចាប់ផ្តើមឡើងវិញពីចំណុចសូន្យ...។
រហូតមកទល់បច្ចុប្បន្ន បើទោះបីជាប្រទេសជាតិមានសន្តិភាពនិងបានស្គាល់ការអភិវឌ្ឍខុសប្លែកពីមុនក៏ដោយ ក៏ស្ថានភាពនៅតែមិនទាន់អំណោយផលដល់ការអភិវឌ្ឍធនធានមនុស្សនៅឡើយទេ។ ការប្រើប្រាស់ធនធានមនុស្សនៅតែផ្អែកសំខាន់ទៅលើសកម្មភាពនយោបាយនិងបក្សពួកនិយមជាធំ។ មនុស្សពូកែៗជាច្រើនដែលមិនចំណុះអ្នកនយោបាយមិនត្រូវបានគេលើកស្ទួយទេ។ ទម្លាប់នេះបានជំរុញឲ្យមនុស្សមនុស្សពូកែជាច្រើនបាក់ទឹកចិត្តនិងបានធ្វើឲ្យមនុស្សជាច្រើនងាកទៅពឹងលើការតស៊ូនយោបាយដើម្បីទទួលបានមុខតំណែងបុណ្យស័ក្តិជាជាងពឹងលើចំណេះវិជ្ជា។
ប៉ុន្តែ ដល់ពេលហើយដែលខ្មែរត្រូវចាប់ផ្តើមរៀបចំប្រទេសជាតិរបស់ខ្លួនឡើងវិញដោយពឹងផ្អែកជាសំខាន់ទៅលើធនធានមនុស្សដែលពូកែពិតប្រាកដ។ កំណែទម្រង់ប្រព័ន្ធអប់រំដូចដែលបាននិងកំពុងធ្វើនេះគឺជាការចាប់ផ្តើមដ៏ល្អមួយ។ និយាយពីគុណភាពធនធានមនុស្ស គេត្រូវលើកស្ទួយអ្នកចេះដឹងជាចាំបាច់។ ការលើកស្ទួយយ៉ាងពិសេសដល់សិស្សពូកែដែលប្រឡងបាននិទ្ទេស A និងការផ្តល់កិត្តិយសដល់កីឡាការិនីឆ្នើមនៅពេលនេះគឺជាសញ្ញាវិជ្ជមានមួយ។ វិជ្ជមាននៅត្រង់ថា វាមិនគ្រាន់តែលើកទឹកចិត្តដល់អ្នកពូកែប៉ុណ្ណោះទេ តែវាក៏ជាកត្តាជំរុញឲ្យអ្នកដទៃទៀតស្រមៃចង់ក្លាយជាសិស្សពូកែផងដែរ។
គេនៅចាំបានថា កាលពីក្នុងសម័យសង្គមរាស្ត្រនិយម គ្រូបង្រៀនមានតម្លៃខ្លាំងណាស់នៅក្នុងសង្គម។ ប្រាក់ខែគ្រូបង្រៀនអាចចិញ្ចឹមមនុស្សមួយគ្រួសារដោយមិនលំបាក។ កាលណោះ អ្នកណាៗក៏ប្រាថ្នានិងស្រមៃចង់ធ្វើជាគ្រូបង្រៀនដែរ។ ខណៈដែលគ្រូមានតម្លៃបែបនេះ ប្រាកដណាស់ថាមនុស្សដែលពូកែៗនាំគ្នាបាញ់ឆ្ពោះទៅរកអាជីពជាគ្រូបង្រៀន។ នៅពេលដែលមជ្ឈដ្ឋានគ្រូបង្រៀនប្រមូលផ្តុំដោយធនធានមនុស្សពូកែ ពួកគេអាចបណ្តុះធនធានមនុស្សជំនាន់ក្រោយរឹតតែពូកែថែមទៀត។
នៅក្នុងវិសដ័យកីឡានិងវិស័យផ្សេងទៀតក៏ដូចគ្នាដែរ ការលើកស្ទួយអ្នកពូកែពិតប្រាកដគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជំរុញឲ្យមនុស្សខិតខំបញ្ចេញសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកពូកែ។ ប៉ុន្តែ ការលើកស្ទួយមនុស្សពូកែម្នាក់ពីរនាក់នៅមិនទាន់គ្រប់គ្រាន់ទេ។ ដើម្បីឲ្យកម្ពុជាសម្បូរមនុស្សពូកែ មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើទន្ទឹមគ្នា។ នៅក្នុងវិស័យអប់រំ ការលើកទឹកចិត្តអ្នកពូកែត្រូវចាប់ផ្តមតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់បញ្ចប់ការសិក្សាជាន់ខ្ពស់។ អ្នកដែលទទួលការលើកស្ទួយមុនគេគឺអ្នកបណ្តុះបណ្តាលធនធានមនុស្សនេះឯង។
នៅក្នុងវិស័យកីឡា ការបង្វឹកក៏ត្រូវតែចាប់ផ្តើមពីកុមារតូចៗដែរ ហើយត្រូវបង្វឹកទៅតាមបច្ចេកទេសពិតប្រាកដដោយមិនឲ្យកីឡាករគិតគូរច្រើនពេកអំពីបញ្ហាជីវភាពទេ។ ក្រៅពីនោះ ការលើកទឹកចិត្តអ្នកចេះដឹងនិងអ្នកពូកែក្នុងពិភពការងារនិងក្នុងនយោបាយក៏សំខាន់ដែរពីព្រោះអ្នកទាំងនោះហើយដែលអាចធ្វើជាគំរូយ៉ាងល្អសម្រាប់មនុស្សក្នុងសង្គមជាពិសេសគំរូដល់អ្នករៀនសូត្រ។
សូមកុំភ្លេចថា នៅកម្ពុជា ក្រៅពីកង្វះធនធានមនុស្សក៏នៅមានបញ្ហាប្រើប្រាស់ធនធានមនុស្សមិនត្រូវថែមទៀត។ ការប្រកាន់បក្សពួក ការបែកបាក់ចូលគ្នាមិនចុះដោយសារពណ៌សម្បុរនយោបាយ និងកង្វះការលើកទឹកចិត្តដល់អ្នកចេះដឹងឲ្យបានពិតប្រាកដ។ល។
សុទ្ធសឹងជាឧបសគ្គធំៗក្នុងការអភិវឌ្ឍប្រទេស។ ដូច្នេះ ការលើកស្ទួយអ្នកចេះដឹងនឹងធ្វើឲ្យកម្ពុជាមានធនធានមនុស្សពូកែពិតប្រាកដកាន់តែច្រើនដែលអាចជំរុញសន្ទុះការអភិវឌ្ឍប្រទេសបានលឿនជាងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ