អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង៖ សេអ៊ូល​នឹង​ក្លាយ​ជា​សមុទ្រ​ភ្លើង បើសិន​នៅ​បន្ត​ធ្វើ​សង្រ្គាម​ចិត្តសាស្រ្ត

ក្រុម​អ្នក​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​បង្ហោះ​គោម​ដែល​ ផ្សព្វផ្សាយ​ពី​បដិវត្តន៍​ផ្កាម្លិះ​នៅ​ពិភព​អារ៉ាប់​ទៅ​កូរ៉េខាងជើង
ក្រុម​អ្នក​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​បង្ហោះ​គោម​ដែល​ ផ្សព្វផ្សាយ​ពី​បដិវត្តន៍​ផ្កាម្លិះ​នៅ​ពិភព​អារ៉ាប់​ទៅ​កូរ៉េខាងជើង ©Reuters
ដោយ៖ ឈាង បុប្ផា
២៦ នាទី

ក្រុង​សេអ៊ូល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣ មីនានេះ​ថា ខ្លួន​នឹង​មិន​អន្តរាគមន៍​ហាមឃាត់​សកម្មភាព​បង្ហោះ​​ខិត្តប័ណ្ណ​ស្តីពី​ ការបះបោរ​នៅ​ពិភពអារ៉ាប់ ទៅ​កាន់​កូរ៉េខាងជើងទេ។ ការ​បង្ហោះ​គោម​ដែល​គ្រោង​នឹង​រៀបចំ នៅ​ដើម​សប្តាហ៍ក្រោយ ​ដោយ​ក្រុមសកម្មជន​ដែល​ធ្វើការ ដើម្បី​សេរីភាពកូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់​ឈាង បុប្ផា

ក្រុង​ព្យុងយ៉ាង​ខឹងក្រពុល​ ព្រោះក្រុងសេអ៊ូល​មិន​ព្រម​​ចេញ​បញ្ជា​ហាមឃាត់​ក្រុមសកម្មជន​ដែល​មាន​គម្រោង ​បង្ហោះគោម​ឃោសនា​ពីបដិវត្តន៍​ផ្កាម្លិះ​ទៅ​កាន់​កូរ៉េខាងជើង។ នៅថ្ងៃ​ចន្ទ ឬ​អង្គារ​សប្តាហ៍​ក្រោយ មនុស្ស​មួយក្រុម​នៅ​កូរ៉េខាងត្បូង ដែល​មាន​ឈ្មោះថា សកម្មជន​ដើម្បី​សេរីភាព​កូរ៉េខាងជើង មាន​បំណង​បង្ហោះ​គោម ផ្ទុក​ទៅ​ដោយ​ក្រដាស​ផ្សព្វផ្សាយ DVD USB ដែល​និយាយ​ជូនដំណឹង ពី​បដិវត្តន៍ កំពុង​ពុះកញ្ជ្រោល នៅពិភពអារ៉ាប់ និង​នៅ​អាហ្រ្វិក។ ក្នុង​ខិត្តប័ណ្ណ គេ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូរ៉េខាងជើង ធ្វើការបះបោរ​ប្រឆាំង​មេដឹកនាំ​បក្ស​កុម្មុយនិស្ត ដូចនៅ​អេហ្ស៊ីប និង​នៅ​ទុយនីស៊ី។

អ្នកនាំពាក្យ​របស់​ក្រសួង​ទទួលបន្ទុក​ការបង្រួបបង្រួម​កូរ៉េទាំងពីរ បាន​និយាយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ត្រូវ​ហាមឃាត់​សកម្មភាព​ បង្ហោះគោម​របស់​សកម្មជន​ទាំងនោះ​ទេ ព្រោះ​DVD USB​ជាសម្ភារៈ​ដែល​សាលារៀន នៅ​កូរ៉េខាងជើង​ខ្វះខាត និង​ត្រូវការចាំបាច់​សម្រាប់​ការប្រើប្រាស់ ក្នុង​ការសិក្សា។

កាលពី​សប្តាហ៍​មុន គឺ​កងទ័ព​កូរ៉េខាងត្បូង​ផ្ទាល់​តែ​ម្តង​ដែល​បាន​បង្ហោះ​គោម ដែល​ផ្ទុកទៅ​ដោយ​ខិត្តប័ណ្ណ​ជិត ៣​លាន​សន្លឹក ទៅ​ក្នុង​ដែន​អាកាស​របស់​កូរ៉េខាងជើង។ ខិត្តប័ណ្ណ​ទាំងនោះ​បង្ហាញ​ប្រាប់​ប្រជាជន​កូរ៉េខាងជើង​ពី​មេអំណាច​ផ្តាច់ការ​ នានា​ដែល​កំពុង​ដួល​រលំ​ជាបន្តបន្ទាប់ នៅ​អាហ្វ្រិកខាងជើង និង​នៅ​អេហ្ស៊ីប។ លើកនេះទៀត ខិត្តប័ណ្ណ មាន​និយាយ​បកអាក្រាត​ពី​ភាពមាន​បាន និង​ការចាយលុយ​ខ្ជះខ្ជាយ​របស់​មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង នៅក្នុង​ពេល​ដែល​ប្រជាជន​កូរ៉េខាងជើង​កំពុង​ជួប​គ្រោះអត់ឃ្លាន។ ឧទាហរណ៍ ខ្សែវិដេអូរ​មួយចំនួន​បាន​​បង្ហាញ​ពី​ដំណើរ​ទេសចរណ៍ ដើរចាយលុយ​របស់​កូនប្រុស​លោក​គីម ជុងអ៊ីលនៅក្នុង ប្រទេស​សិង្ហបុរី។ តាំងពីការបង្ហោះគោមឃោសនា​លើកមុន​ម្ល៉េះ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​បាន​គំរាម​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ធ្វើ​ សង្រ្គាម​ចិត្តសាស្រ្ត​របស់ខ្លួន។

កាលពី​ថ្ងៃ​អាទិត្យ កូរ៉េខាងជើង​គំរាម​​ទុកមុន​ថា ខ្លួន​នឹង​វាយប្រហារ​ទៅ​លើ​ភូមិ​ដែល​គេ​បង្ហោះគោម។ កូរ៉េខាងជើង​ ចាត់ទុក​ រាល់ទង្វើ​ទាំងនេះ ថា ជា​ទង្វើ​ញុះញង់​បង្ក សង្រ្គាម​របស់​កូរ៉េខាងត្បូង និង​សន្យា​ធ្វើការវាយបក​ចាស់ដៃ នោះ​គឺ​ធ្វើ​ឲ្យ​ទីក្រុង​សេអ៊ូល​ក្លាយ​ជាសមុទ្រ​ភ្លើងមួយ។ ក្នុង​កាលៈទេសៈ​នេះ ការវាយប្រហារ​ពី​កូរ៉េខាងជើង​អាច​នឹង​កើតមាន​គ្រប់ពេលវេលា។

កាលពី​ខែ តុលា​ឆ្នាំ​មុន អាជ្ញាធរ​កូរ៉េខាងជើង​បាន​ព្រមាន​ប្រាប់​ទៅ​កូរ៉េខាងត្បូង​ឲ្យ​ឈប់ តំរង់ទិស​មីក្រូ ទៅខាង​កូរ៉េខាងជើង ព្រោះមីក្រូ​ផ្សព្វផ្សាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ការចម្រើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កូរ៉េខាងត្បូង។ ក្រោយការគំរាម​របស់​កូរ៉េខាងជើង​តែ​មួយ​ខែ គឺ​នៅ​ខែ​វិច្ឆិកាឆ្នាំ ២០១០ កូរ៉េខាងជើង​បានបាញ់​ទៅ​លើ​កោះ យ៉ុងព្យុន របស់ កូរ៉េខាងត្បូង រហូត​សម្លាប់​មនុស្ស​៤​នាក់ ដែល​មានពីរនាក់​ជា​ទាហាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ