បារាំង

គណបក្ស​សង្គម​និយម​ទទួល​បាន​សំឡេង​​ភាគច្រើន​លើសលប់​នៅក្នុង​រដ្ឋ​សភា

គណបក្ស​សង្គម​និយម​របស់​លោក François Hollande  បាន​ឈ្នះ​ផ្តាច់​មុខគេ​នៅ​ក្នុង​ការ​ដណ្តើម​យក​អាសន្ន​នៅក្នុង​រដ្ឋសភា​ថ្មី
គណបក្ស​សង្គម​និយម​របស់​លោក François Hollande បាន​ឈ្នះ​ផ្តាច់​មុខគេ​នៅ​ក្នុង​ការ​ដណ្តើម​យក​អាសន្ន​នៅក្នុង​រដ្ឋសភា​ថ្មី AFP PHOTO LIONEL BONAVENTURE

សំឡេងភាគច្រើន​លើស​លប់ សំរាប់​គណបក្ស​សង្គម​និយម​ PS​ ការ​វិល​ចូល​ទៅ​កាន់​កៅអី​រដ្ឋសភា​វិញ របស់​គណបក្ស​ ស្តាំ​និយម​ជ្រុល ទាំងនេះ​ជា​សេចក្តី​សន្និដ្ឋាន​រួម​នៃ​លទ្ធផល​បោះឆ្នោត​សភា​បារាំង​ថ្មី នៅ​ជុំ​ទីពីរ​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ការ​បោះឆ្នោត​ដែល​ផ្តល់​ជ័យជំនះ​ទាំងស្រុង​ដល់​គណបក្ស​ឆ្វេងនិយម​របស់​លោក​ប្រធានាធិបតី Hollande​ លើក​ដំបូង​បង្អស់​ចាប់​តាំងពី​ឆ្នាំ១៩៨១​មក​ដោយ​ រួម​ជាមួយ គណបក្ស​សម្ព័ន្ធមិត្ត បាន​កៅអី​ក្នុង​រដ្ឋសភា ​ចំនួន​៣១៤ លើ ៥៧៧ ឈ្នះ​គណបក្ស​ស្តាំនិយម​ UMPរបស់​ប្រធានាធិបតីបារាំង​ចាស់​ដែល​បាន​តែ​២២៩​កៅអីប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

លោក François Hollande ​ប្រធានាធិបតី​បារាំង​ថ្មី នៅ​ទី​បំផុត​អាច​ដឹកនាំ​ក្បាលម៉ាស៊ីន​ប្រទេស​បារាំង​ដោយ​ស្ងប់ចិត្ត​ហើយ បន្ទាប់​ពី​គណបក្ស​សង្គម​និយម​របស់​លោក បាន​ឈ្នះ​ផ្តាច់​មុខគេ​នៅក្នុង​ការដណ្តើម​យក​អាសនៈនៅក្នុង​រដ្ឋសភា​ថ្មី។ លោក​នឹង​ត្រូវ​ប្រឈមមុខ​ទៅនឹង​កិច្ច​ការងារ​ធំៗ​ជាច្រើន ក្នុងនោះ ចម្បង​គេ​គឹ​ការធ្វើ​កំណែទម្រង់​ប្រទេស​បារាំង និង​ការ​រិះរក​ដំណោះស្រាយ​អោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ លទ្ធផល​បោះឆ្នោត​ក៏​បង្ហាញ​អោយឃើញ​ដែរថា រដ្ឋមន្រ្តី​ថ្មី​ទាំងអស់​ដែល​បាន​ឈរឈ្មោះ​ដែរ​នោះ ក៏​បាន​ទទួលជ័យជំនះ​ផងដែរ ជ័យជំនះ​ដែល​អនុញ្ញាតអោយ​ពួកគេ​រក្សា​តំណែង​ខ្លួន​នៅក្នុង​រដ្ឋាភិបាល​ដូចការ​កំណត់​ទុក។

គួរ​បញ្ជាក់​ដែរថា គណបក្ស​សង្គម​និយម​តែឯង ទទួល​បាន​អាសនៈចំនួន​៣០២​លើ ៥៥៧ បាន​ន័យថា​បាន​ដល់​ទៅ​១៣​កៅអី​លើស​ចំនួន​ដែល​គេ​កំណត់​សំរាប់​ទទួល​បាន​សំឡេង​ភាគច្រើន​លើសលប់​ទៅ​ទៀត។ ហើយ​បើសិន​ជា​មេ​ដឹកនាំ​គណបក្ស​នេះ​សម្រេច​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ជាសម្ព័ន្ធមិត្ត​ថែមទៀត​នោះ គណបក្ស PS នឹង អាច​ដឹកនាំ​ប្រទេស​តែឯង​ដោយ​គ្រប់គ្រង​ព្រឹទ្ធសភា​ផង និង ស្ថាប័ន​មូលដ្ឋាន​រដ្ឋភាគ​ច្រើន​ផង។

រីឯ​គណបក្ស​ស្តាំ​និយម UMP របស់​លោក​ប្រធានាធិបតី​បារាំង​ចាស់​ Nicolas Sarkozy ដែល​ធ្លាប់​តែ​ទទួលបាន​ការ​គាំទ្រ​ច្រើន​កាល​ពី​អតីតកាល​ត្រូវ​ទៅ​អង្គុយ​កៅអី​គណបក្ស​ប្រឆាំង​វិញ​ម្តង ពីព្រោះ​គណបក្ស​នេះ​បាន​តែ​១៩៤​កៅអី​ប៉ុណ្ណោះ​ដោយសារ​តែ​ប្រជាជន​បារាំង​កាន់​តែ​បាត់បង់​ទំនុកចិត្ត​លើ​ប្រសិទ្ឋភាពនៃ​ការងារ​របស់​UMP។

ហើយ​អ្វី​ដែល​ជា​ទិដ្ឋភាព​ថ្មី​មួយទៀត​នៅក្នុង​ឆាកនយោបាយ​បារាំង​គឺ វត្តមាន​សា​ជា​ថ្មី​នៅក្នុង​រដ្ឋសភា របស់​គណបក្ស​ ស្តាំនិយម​ជ្រុល FN ដែល​ត្រូវ​បាន​រិះគន់ថា​ជា​គណបក្សប្រកាន់​ពូជសាសន៍។ គណបក្ស​ជាតិ​និយម​ជ្រុល​ខាងលើ របស់​លោកស្រី Marine Le Pen បាន​ឈ្នះ​កៅអី​តំណាងរាស្រ្ត​ចំនួន​ពីរ​ដោយ​ទីមួយ​បានទៅ​លោក​មេឆាវី Gilbert Collard និង ទីពីរ​បាន​ទៅ​នាង Marion Maréchal Le Pen​វ័យ​២២​ឆ្នាំ ដែល​ជា​ក្មួយស្រី​បង្កើត​របស់​លោកស្រី​ផ្ទាល់តែ​ម្តង។ ប៉ុន្តែ​លោកស្រី Marine Le Pen វិញ​មិន​បាន​ឈ្នះ​នៅតំបន់​ដែល​ខ្លួន​ឈរ​ឈ្មោះ​នោះ​ទេ​។​ហើយ​ដោយ​មិន​អស់ចិត្ត​ទៅនឹង​​បរាជ័យ​នេះ លោកស្រី​បាន​ទាមទារ​អោយ​មាន​ការរាប់​សន្លឹកឆ្នោត​នៅ​តំបន់នោះ​ឡើងវិញ។

ជារួម​លទ្ឋផល​បោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ និង​ការ​ជាប់​ជា​ប្រធានាធិបតី​បារាំង​ថ្មីរ​បស់​លោក François Hollande ស​បញ្ជាក់​ពី​ដំណើរ​ឆ្ពោះ​ទៅកាន់​កំណែ​ទម្រង់​ប្រទេស​ជាមួយ​និង​របត់​នយោបាយ​ថ្មី​ក្រោមការ​ដឹកនាំ​របស់​គណបក្ស​ឆ្វេង​និយម។ នោះ​ក៏​ដោយសារ​តែ​ប្រជាជន​បារាំង​មួយ​ចំនួន​ធំ​ធុញទ្រាន់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​ឆ្លាក់ចុះ​នៅក្នុង​ប្រទេស ការកើន​ឡើង​នូវ​វិបត្តិ​សង្គម និង​ជា​ពិសេស​បញ្ហា​អត់​ការងារ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI