អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ពូទីន​​​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​អូបាម៉ា

សំឡេង ០៧:៥១
ប្រធានាធិបតី​រុស្ស៊ី​ព្រមាន​ដល់​សហភាព​អឺរ៉ុប និង​អាមេរិកដែល​ដាក់​ទណ្ឌកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជំនួញ​រុស្ស៊ី។ ដោយសារ​ទណ្ឌកម្ម​អាមេរិក Visa និង​Mastercard​បដិសេធ​​​មិន​ធ្វើ​ចរន្ត​សាច់ប្រាក់​សម្រាប់​អតិថិជន​របស់​ធនាគារ​ខ្លួន នៅរុស្ស៊ី
ប្រធានាធិបតី​រុស្ស៊ី​ព្រមាន​ដល់​សហភាព​អឺរ៉ុប និង​អាមេរិកដែល​ដាក់​ទណ្ឌកម្ម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជំនួញ​រុស្ស៊ី។ ដោយសារ​ទណ្ឌកម្ម​អាមេរិក Visa និង​Mastercard​បដិសេធ​​​មិន​ធ្វើ​ចរន្ត​សាច់ប្រាក់​សម្រាប់​អតិថិជន​របស់​ធនាគារ​ខ្លួន នៅរុស្ស៊ី ©REUTERS/Alexei Nikolskyi
ដោយ៖ ឈាង បុប្ផា
៤៤ នាទី

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី ២៨ មីនា លោក​បារ៉ាក់ អូបាម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។ ចាប់តាំង​ពី​មាន​វិបត្តិ នៅ​គ្រីមេ ដែល​រុស្ស៊ី​ទើប​ចាប់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន នេះ​ជា​លើក​ទីមួយ ដែល​ប្រធានាធិបតី​រុស្ស៊ី ទូរស័ព្ទ ទៅ​ប្រមុខ​ដឹកនាំ​អាមេរិក។ ប្រធានាធិបតី​រុស្ស៊ី​អំពាវនាវ​ឲ្យ​អាមេរិក​ចូលរួម​គ្នា​ជាមួយ​រុស្ស៊ី ដើម្បី​ធានា​រក្សា​ស្ថិរភាព​នៅ អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ទៅលោក​បារ៉ាក់ អូបាម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។ ចាប់តាំង​ពី​មាន​វិបត្តិ នៅ​គ្រីមេ ដែល​រុស្ស៊ី​ទើប​ចាប់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន នេះ​ជា​លើក​ទីមួយ ដែល​ប្រធានាធិបតី​​រុស្ស៊ី ទូរស័ព្ទ ទៅ​ប្រមុខ​ដឹកនាំ​អាមេរិក។ ប្រធានាធិបតី​រុស្ស៊ី​អំពាវនាវ​ឲ្យ​អាមេរិក​ចូលរួម​គ្នា​ជាមួយ​រុស្ស៊ី ដើម្បី​ធានា​រក្សា​ស្ថិរភាព​នៅ អ៊ុយក្រែន។

 
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន លោក​ពូទីន​បាន​ទូរស័ព្ទ​ទៅ​លោក​អូបាម៉ា ដើម្បី​និយាយ​ពី​សំណើ​របស់​អាមេរិក ដែល​ចង់​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន តាមរយៈ​ការទូត។ សំណើ​របស់​អាមេរិក ត្រូវ​បាន​លោក​ប្រមុខការបរទេស​ចន ឃែរី បាន​ចងក្រង និង​ត្រូវ​បាន​បង្ហាញ​ម្តងហើយ ទៅ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ នៅក្នុង​ទីក្រុង​ឡាអេ។

នៅក្នុង​សំណើ​របស់​ខ្លួន អាមេរិក (ទៅតាម​ការចង់បាន​របស់​លោកអូបាម៉ា) បាន​ទាមទារ​ឲ្យ​ រុស្ស៊ី ដកខ្លួន ដូចជា ប្រមូល​ទ័ព ចូលក្នុង​មូលដ្ឋាន​ទ័ព​របស់​ខ្លួនវិញ និង​ដកទ័ព​ចេញ​ពី​តាម​ព្រំដែន​រុស្ស៊ី អ៊ុយក្រែន។ តាមមន្រ្តី​យោធា​អាមេរិក ដែល​បាន​និយាយ​ប្រាប់​ទូរទស្សន៍ CNN រុស្ស៊ី​មាន​ទ័ព ជាង​៤ម៉ឺន​នាក់ នៅតាម​ពំ្រដែន ភាគខាងកើត​អ៊ុយក្រែន នៅក្រោម​លេស​ធ្វើ​សមយុទ្ធ។ ​អាជ្ញាធរ​អ៊ុយក្រែន​វិញ​វាយតម្លៃថា ទ័ព​រុស្ស៊ី មាន​ដល់​ទៅ​ជាង​៨ម៉ឺននាក់ នៅ​តាមព្រំដែន រហូត​ធ្វើ​ឲ្យ​អ៊ុយក្រែន​បារម្ភថា រុស្ស៊ី​នឹងអាច​យកលេស​ដូចនៅគ្រីមេ ប្រើទ័ព​ឈ្លានពាន​ចូល​ក្នុង​ទឹកដី​ផ្សេងទៀត​របស់​អ៊ុយក្រែន។
 

លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ជួប​ជាមួយលោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ជួប​ជាមួយលោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ©REUTERS/Sergei Ilnitsky

លោកបាន គីមូន ដែល​បាន​ជួប​លោក​ពូទីន នៅសប្តាហ៍នេះ បាន​ដកស្រង់ សំដី​របស់លោក​ប្រធានាធិបតី​រុស្ស៊ី ដែល​ថា រុស្ស៊ី​គ្មាន​មហច្ឆិតា​ឈ្លានពាន​ទឹកដី​អ៊ុយក្រែនទេ។ លោក​អូបាម៉ា នៅក្នុង​កិច្ចសន្ទនា​ទូរស័ព្ទ​កាលពីសុក្រ​ បាន​ទាមទារ​ឲ្យ​លោក​ពូទីន​ឆ្លើយតប​នឹង​សំណើ​របស់​អាមេរិក តាមរយៈ​សំណៅ​សរសេរ គឺ​មិនមែន​ថា តែមាត់ទេ។

ម្យ៉ាងទៀត ក្នុង​សំណើ​របស់​អាមេរិក អាមេរិក​ទាមទារ​ឲ្យ​គេ​បញ្ជូន​ក្រុមអធិការកិច្ច​អន្តរជាតិ ដើម្បី​តាមដាន​មើល ថា តើ​ជនជាតិភាគតិច ដូចជា​ជនជាតិ តាតារ នៅ​ទឹកដីគ្រីមេ ដែល​មិនពេញចិត្ត​នឹង​ការគ្រប់គ្រង​របស់​រុស្ស៊ី ទទួលការរំលោភ​សិទ្ធិ​ដែរឬទេ។ ទីបី​ទៀត អាមេរិក​ចង់​ឲ្យ​ម៉ូស្គូ​ចរចា​ដោយផ្ទាល់​ជាមួយ​ទីក្រុង​គៀវ និង​ទទួលស្គាល់ គាំទ្រ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ីវិញ តាម​វិមានក្រេមឡាំង បាន​អំពាវនាវ​ឲ្យ​អាមេរិក​ចូលរួម​ជាមួយ​រុស្ស៊ី ដើម្បី​ធានា​ស្ថិរភាព​នៅ​អ៊ុយក្រែន។ តាម​ទីក្រុង​ម៉ូស្គូ ក្រុមជាតិ​និយម និង​ក្រុមបំបែកខ្លួន មាន​កាន់តែច្រើន និង​កំពុង​គំរាមកំហែង​អ្នកស្រឡាញ់​សន្តិភាព នៅ​អ៊ុយក្រែន។ ប្រធានាធិបតី​រុស្ស៊ី​បាន​លើកឡើង​ផងដែរ​ពី​ការព្រួយ​បារម្ភ​របស់ខ្លួន​ទាកទង​នឹង​​តំបន់​ដែល​សំបូរ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី នៅក្នុង​ប្រទេស​ម៉ុលដាវី។ ម៉ុលដាវី អតីត​ទឹកដី​សហភាពសូវៀត ​ដែល​ស្ថិតនៅ​​ចន្លោះ រូម៉ានី និង​អ៊ុយក្រែន​កំពុង​ចង់ភ្ជាប់ខ្លួន ជាមួយ​សហភាព​អឺរ៉ុប។ លំហាត់​សមយុទ្ធ​កាន់តែសកម្ម​របស់​ទាហាន​រុស្ស៊ី នៅក្នុង​មូលដ្ឋាន​ទ័ព ក្នុង​តំបន់​Transdniestrie ក្នុង​ប្រទេស​ម៉ុលដាវី ធ្វើ​ឲ្យ​លោកប្រធានាធិបតី​ម៉ុលដាវី​បារម្ភខ្លាច​ក្រែង​រុស្ស៊ី​ប្រើទ័ព​អន្តរាគមន៍ និង​លេប​យក​ទឹកដី​របស់ខ្លួន ដូចដែល​រុស្ស៊ី​បាន​ធ្វើ​កន្លងមក ជាមួយ​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន៕
 

ភាពតានតឹង រវាង​រុស្ស៊ី និង​ប្រទេស​លោក​ខាងលិច​កើតមាន បន្ទាប់ពី​រុស្ស៊ី​បាន​ចងភ្ជាប់​ជ្រោយ​គ្រីមេ របស់​អ៊ុយក្រែន ទៅក្នុង​ទឹកដី​រុស្ស៊ី។ ការចុច​ទូរស័ព្ទ​របស់​លោក​ពូទីន ទៅលោក​អូបាម៉ា កាលពី​យប់​ថ្ងៃ​សុក្រ អាច​បង្ហាញ​ពី​ឆន្ទះ ការប៉ុនប៉ង ក្នុង​ការដោះស្រាយ​ភាពតានតឹង​នៅ​អ៊ុយក្រែន តាមរយៈ​ការចរចា​ការទូត។ លោក​ពូទីន​ចុច​ទូរស័ព្ទ ទៅលោក​អូបាម៉ា គឺ​នៅ​មួយ​ថ្ងៃ​គត់ ក្រោយ​លោក​អូបាម៉ា​បាន​និយាយ​ប្រាប់​ទូរទស្សន៍​អាមេរិក ពី​លទ្ធភាព​បន្ធូរបន្ថយ​ភាពតានតឹង នៅ​អ៊ុយក្រែន តាម​រយៈ​ការចរចា​ការទូត។

ដោយសារ​តែ​ភ្ជាប់​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ចូល​ទៅក្នុង​ទឹកដី​របស់​ខ្លួន រុស្ស៊ី​រង​ការដាក់​សម្ពាធ និង​ទណ្ឌកម្ម​ពីគ្រប់ទិស ជាពិសេស ពី​សហភាព​អឺរ៉ុប និង​អាមេរិក។ កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ មីនា ការបោះឆ្នោត​នៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ រឹតតែ​ធ្វើ​ឲ្យ​នយោបាយ​រុស្ស៊ី ឯកោ និង​ទទួល​ការថ្កោលទោស​ពី អន្តរជាតិ។ សេចក្តី​សម្រេច​របស់​មហាសន្និបាត​បាន​ចាត់ទុក ការបោះឆ្នោត​ប្រជាមតិ​នៅគ្រីមេ ថា ជារឿង​ខុសច្បាប់ និង​បាន​ទាមទារ​ឲ្យ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​មិន​ទទួល​ស្គាល់​ការភ្ជាប់​ជ្រោយ​គ្រីមេ របស់​អ៊ុយក្រែន ទៅក្នុង​ទឹកដី​រុស្ស៊ី។

នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន រុស្ស៊ី ចង់ ឬ​មិន​ចង់ ត្រូវតែ​ចាំបាច់ ត្រលប់​មករក​ចរចា ជាមួយ​ប្រទេស​លោក​ខាងលិច ដែល​មាន​អាមេរិក​ដឹកមុខគេ។ រុស្ស៊ី​អាច ចាំបាច់​ត្រូវ​មក​រកចរចា ជាមួយ ប្រទេស​លោកខាងលិច ដើម្បី​អាច​ទាមទារ​ភាព​ស្របច្បាប់​របស់ខ្លួន ក្នុង​ការគ្រប់គ្រង​ទឹកដី​គ្រីមេផង ព្រោះ រហូត​មកដល់​ពេលនេះ សហភាព​អឺរ៉ុប និង​អាមេរិក ​គ្រាន់​តែ​ថ្កោលទោស និងចាត់ទុក ការបោះឆ្នោត ប្រជាមតិ នៅគ្រីមេ​ថា ខុសច្បាប់ ប៉ុន្តែ អ៊ុយក្រែន​ផ្ទាល់​ដែល​ជា​ម្ចាស់​របស់​គ្រីមេ និង​ប្រទេស​លោកខាងលិច មិន​បាន​ស្រែក​ទាមទារ​ឲ្យ​រុស្ស៊ី​ប្រគល់​ទឹកដី​គ្រីមេ​មក​ឲ្យ​អ៊ុយក្រែន​វិញទេ។ គេ​គ្រាន់តែ​បារម្ភ​ខ្លាច​ក្រែង​រុស្ស៊ី​ប្រើទ័ព​ឈ្លានពាន​ចូលក្នុង​ទឹកដី ផ្សេងទៀត របស់​អ៊ុយក្រែន។ ដូច្នេះ ក្នុង​បរិបទ​នេះ បើសិន​ជា​រុស្ស៊ី​ព្រមចរចា​នៅពេលនេះ គឺ​រុស្ស៊ី​នឹង​អាច​សង្ឃឹម​រក្សា​ទឹកដី​គ្រីមេ​ជា​របស់ខ្លួន។

ទណ្ឌកម្ម​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ចេញផ្លែផ្កា

បើទោះបី​ជា​មនុស្ស​ជំនិត​របស់​លោក​ពូទីន​និយាយ​ថា ពួកគេ​មាន​មោទនភាព ដែល​ស្ថិតនៅក្នុង​បញ្ជី​ខ្មៅ ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ប៉ុន្តែ ទណ្ឌកម្ម​របស់​អាមេរិក និង​សហភាព​អឺរ៉ុប រួមផ្សំ​នឹង​វិបត្តិ​ដែល​រុស្ស៊ី​ចាប់ផ្តើម​មាន​ជាមួយ​អ៊ុយក្រែន កំពុង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅលើ​សេដ្ឋកិច្ច​រុស្ស៊ី។

យោងតាម អគ្គនាយក​ធនាគារ​Sberbank ដែល​ជាធនាគា​ដ៏ធំ​នៅ​រុស្ស៊ី ទឹកប្រាក់​ប្រមាណ ៣៥ពាន់​លាន​ដុល្លារ ត្រូវ​ដកចេញ​ពី​ធនាគារ​នៅ​រុស្ស៊ី នៅក្នុង​រយៈពេល តែ​ពីរខែ​ចុងក្រោយនេះ។ ការដកសាច់ប្រាក់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់​ថយចុះ។ មួយវិញទៀត គិត​ត្រឹម​ខែ​មីនានេះ លំហូរ​ទុន​ចេញ​ពី​ប្រទេស មាន​ដល់​៧០​ពាន់​លាន​ដុល្លារ នៅពេល​ដែល​អ្នកវិនិយោគ ចាប់ផ្តើម​ដកខ្លួន ចេញ​ពី​រុស្ស៊ី ដោយសារ​តែដំណឹង​ដាក់​​ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច។ លំហូរ​ទុន​ចេញ ពី ប្រទេស​ជា​វិបត្តិ​ដែល​រដ្ឋាភិបាល​ខំប្រឹង​ទប់ស្កាត់ ដើម្បី​ធានា​ដល់​សុខភាព​សេដ្ឋកិច្ច​ប្រទេស។

ដំណឹង​រឹត​តែ​មិន​ល្អ​មួយទៀត​នោះគឺ​ នៅពេល​លោក​អូបាម៉ា បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​គ្រោង​នឹង​រៀបចំ​ដាក់ទណ្ឌកម្ម​ថ្មីមួយទៀត គឺ​ជា​ទណ្ឌកម្ម​ទីបី ក្នុង​ករណី​ថា រុស្ស៊ី​មិន​ព្រម​ប្តូរ​ជំហរ ដើម្បី​បន្ធូរ​ភាពតានតឹង ពោល គឺបើ​រុស្ស៊ី មិន​ព្រម​ដកទ័ព​របស់ខ្លួន​ចេញ​ពី​ព្រំដែន របស់ខ្លួន ដែល​នៅ​ជាប់​ជាមួយ​អ៊ុយក្រែន។

សហភាព​អឺរ៉ុប និង​អាមេរិក​ធ្លាប់​បាន​ចេញ​ទណ្ឌកម្ម ដាក់​ទៅលើ​មនុស្ស​ស្និទ្ធ នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី ដោយ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​របស់ពួកគេ ដែល​មាន​នៅ​បរទេស។ នៅដើម​សប្តាហ៍​នេះ ប្រទេស​ដែល​មានសេដ្ឋកិច្ច​លូតលាស់ខ្លាំង G៧ ដែល​ប្រជុំ​គ្នា​នៅ​ទីក្រុង​ឡាអេ​បាន​ព្រមាន​ថា បើ​សិន​រុស្ស៊ី​ប្រើទ័ព​ឈ្លានពាន ចូល​ទៅក្នុង​ទឹកដី​អ៊ុយក្រែន​បន្ថែមទៀត នោះ គេ​សង្កត់ធ្ងន់ ដាក់​ទណ្ឌកម្ម​ទៅលើ​សេដ្ឋកិច្ច​រុស្ស៊ី​តែម្តង ដោយ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ថាមពល អាវុធ និង​ហិរញ្ញវត្ថុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ