អាមេរិក-រុស្ស៊ី

ពូទីនថា Edward Snowden មិនទាន់​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ​ទេ

សំណុំរឿង Edward Snowden កំពុង​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក រុស្ស៊ី ចិន ស្ថិត​ក្នុង​ភាព​តានតឹង
សំណុំរឿង Edward Snowden កំពុង​តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក រុស្ស៊ី ចិន ស្ថិត​ក្នុង​ភាព​តានតឹង REUTERS/Bobby Yip

ចាប់តាំង​ពី Edward Snowden បាន​ចាកចេញ​ពី​ហុងកុង កាល​ពីថ្ងៃ​អាទិត្យមក ទីកន្លែង​លាក់ខ្លួន​របស់​អតីត​បុគ្គលិក​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​រូបនេះ នៅតែ​បន្ត​ជា​រឿង​ចម្រូងចម្រាស និង​ពោរពេញ​ទៅដោយ​អាថ៌កំបាំង។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេសរុស្ស៊ី​​អះអាង​ថា Snowden មិនបាន​ឆ្លងព្រំដែន​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​ទេ ចំណែក​លោក​ប្រធានាធិបតី​ពូទីនវិញ​បាន​ឲ្យដឹង កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា Snowden កំពុង​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ម៉ូស្គូ។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក​បាន​ដាក់​កំហិត​សាជាថ្មី​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចាប់ខ្លួន Edward Snowden បញ្ជូន​ទៅ​អាមេរិក​វិញ ដើម្បី​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពីបទ​ទម្លាយ​ឯកសារ​សម្ងាត់។ អាមេរិក​ក៏​បាន​រិះគន់​ខ្លាំងៗ​ផងដែរ ចំពោះ ចិន និង​រុស្ស៊ី​ថា​បាន​សមគំនិត​ជួយឲ្យ​ Edward Snowden រត់គេចខ្លួន​ពី​សំណាញ់​ច្បាប់​អាមេរិក។

ឆ្លើយតប​នឹង​ការ​រិះគន់​នេះ លោក​ Sergei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី បាន​បដិសេធ​ថា រុស្ស៊ី​មិនមាន​ជាប់ពាក់ព័ន្ធ​ណាមួយ​ ទៅនឹង​ការ​រត់គេចខ្លួន​របស់ Edward Snowden នោះទេ ហើយ​លោក​ក៏​បាន​បញ្ជាក់ផងដែរ​ថា អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​រូបនេះ​មិនបាន​​ឆ្លងព្រំដែន​ចូល​ក្នុង​ទឹកដី​រុស្ស៊ី​នោះទេ។

ក៏ប៉ុន្តែ ប៉ុន្មានម៉ោង​ក្រោយ​មក នៅ​ល្ងាច​ថ្ងៃអង្គារ ក្នុង​សន្និសីទ​កាសែត នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថា Edward Snowden កំពុង​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ម៉ូស្គូ មិនទាន់​ចេញ​ទៅ​ណា​នៅឡើយទេ។

ការថ្លែង​របស់​មេដឹកនាំ​ជាន់ខ្ពស់​រុស្ស៊ី​ទាំងពីរ​រូបនេះ មិនប្រាកដ​ថា ជា​រឿង​ផ្ទុយ​គ្នា​នោះទេ។ Edward Snowden អាច​កំពុង​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ ក៏ប៉ុន្តែ ស្ថិត​ក្នុង​តំបន់​រង់ចាំ​ប្តូរជើង​យន្តហោះ ដែល​ជា​តំបន់ “ស” ហើយ​មិនចាំបាច់​ឆ្លងកាត់​​ច្រក​ត្រួតពិនិត្យ​លិខិតឆ្លងដែន។ ក្នុងករណីនេះ បើ​និយាយ​តាម​លក្ខណៈបច្ចេកទេស Edward Snowden ពិត​ជា​មិនបាន​ឈានជើង​ឆ្លងកាត់​ព្រំដែន ទៅក្នុង​ទឹកដី​រុស្ស៊ី​ពិតមែន។

លោកប្រធានាធិបតី​ពូទីន ក្រៅពី​បាន​ច្រានចោល​ការចោទប្រកាន់​របស់​អាមេរិក ដោយចាត់ទុក​ថា​ជា​ការចោទប្រកាន់​ផ្តេសផ្តាស ក៏បាន​អះអាង​ផងដែរ​ថា លោកចង់​ឲ្យ​ Edward Snowden ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ឆាប់ៗ​ ពីទិសដៅ​ចុងក្រោយ​ ដែល​គាត់​ចង់រត់ទៅលាក់ខ្លួន។ ក្នុងពេល​ជាមួយគ្នា លោកប្រធានាធិបតី​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ផងដែរ​ថា Edward Snowden គឺ​ជា​មនុស្ស​មាន​សេរីភាព​ពេញលេញ ហើយ​ថា រុស្ស៊ី​មិនមាន​ចុះកិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះទេ។

គេឃើញ​ថា នៅពេលនេះ សំណុំរឿង Edward Snowden កំពុង​តែ​ក្លាយ​ទៅជា​សំណុំរឿង​ដ៏​ចម្រូងចម្រាស​ផ្នែក​ការទូត​ រវាង​អាមេរិក និង​ចិនផង និង​រវាង​អាមេរិក និង​រុស្ស៊ី​ផង។ អ្នកសង្កេតការណ៍​ជាទូទៅ​យល់ថា ដរាបណា​សំណុំរឿង​ Snowden នេះ នៅតែ​អូសបន្លាយ​តទៅទៀត ទំនាក់ទំនង​​ រវាង​ប្រទេស​ទាំង ៣នេះ នឹង​នៅតែ​បន្តស្ថិត​ក្នុង​ភាព​តានតឹង​ពិបាក​នឹង​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI