អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកពូទីន៖​ខ្ញុំសង្ឃឹមថា​ស្ថានការណ៍​នៅ អ៊ុយក្រែន​នឹង​មិន​ជំរុញ​​ឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​បញ្ជូន​ទ័ព​រុស្ស៊ី​ទៅ​អ៊ុយក្រែន

សំឡេង ០៧:២០
ជំនួប​ចតុភាគី​របស់​ប្រមុខការបរទេស​រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប និង​អ៊ុយក្រែន នៅទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី ១៧​មេសា ២០១៤
ជំនួប​ចតុភាគី​របស់​ប្រមុខការបរទេស​រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប និង​អ៊ុយក្រែន នៅទីក្រុង​ហ្សឺណែវ ថ្ងៃ​ទី ១៧​មេសា ២០១៤ ©REUTERS/Jim Bourg
ដោយ៖ ឈាង បុប្ផា
៣៨ នាទី

នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៧ មេសា ការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​អ៊ុយក្រែន និង​ក្រុមគាំទ្រ​រុស្ស៊ី នៅ​ទីក្រុង​ Mariupol ដែល​ស្ថិតនៅ​ភាគខាងកើត​អ៊ុយក្រែន បាន​សម្លាប់ ក្រុមគាំទ្រ​រុស្ស៊ី បីនាក់​ដែល​បាន​ប៉ុនប៉ង​ចូល​ទៅ​លុកលុយ​មូលដ្ឋាន​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន។ ព្រឹត្តិការណ៍នេះ កើតមាន​តែ​ប៉ុន្មានម៉ោង​មុន ជំនួប​ចតុភាគី ដែល​ត្រូវ​បើកធ្វើ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីសវិញ។ ប្រមុខ ការបរទេស​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប និង​អ៊ុយក្រែន ត្រូវ​ជួប​ប្រជុំគ្នា​ដើម្បី​រក​ច្រកចេញ​ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន។ លោក​ប្រធានាធិបតី​រុស្ស៊ី​សង្ឃឹម​វិបត្តិ​អ៊ុយក្រែន​ដោះស្រាយ តាម ផ្លូវ នយោបាយ និង​ផ្លូវទូត ដោយ លោកសង្ឃឹមថា ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន នឹង​មិន​ជំរុញ​ឲ្យ​លោក​ប្រើ​ទ័ព​ទៅ​អន្តរាគម​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពេល​ដែល​ជំនួប​កំពុង​បើក​ធ្វើ​ ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​បានថ្កោលទោស និង​រិះគន់​ អ៊ុយក្រែន ដែល​បាន​បញ្ជូន​យោធា ទៅ​បង្រ្កាប​ប្រជាជន​ដែល​កំពុង​តវ៉ា នៅ​ភាគខាងកើត​អ៊ុយក្រែន។ នៅ​ទីក្រុង​ម៉ូស្គូ លោក​ប្រធានាធិបតី​ពូទីន​បាន​និយាយ​ដាក់សម្ពាធ​ទៅលើ​ភាគី​ចរចា។ នៅ​ក្នុងខណៈពេល​ដែល​ប្រមុខ​ការបរទេស​អ៊ុយក្រែន រុស្ស៊ី អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​ជួប​ប្រជុំគ្នា ប្រមុខរដ្ឋ​រុស្ស៊ី​បាន​និយាយ​បែប​បង្ហើរ​ថា លោក​សង្ឃឹម​យ៉ាងមុតមាំ​ថា ស្ថានភាព​នៅ​អ៊ុយក្រែន​បច្ចុប្បន្ន នឹង​មិន​ជំរុញ​ឲ្យ​លោក​ប្រើអំណាច​បញ្ជូន​ទ័ព​រុស្ស៊ី ទៅ​អ៊ុយក្រែនទេ។

 
តាម​លោកពូទីន សភាជាន់ខ្ពស់​រុស្ស៊ី​បាន​ផ្តល់​អំណាច​ដល់​លោក ក្នុង​នាម​ជា​ប្រធានាធិបតី ដើម្បី​អាច​មាន​សិទ្ធិ​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន។ និយាយ​នៅក្នុង​វេទិកា​ឆ្លើយ​នឹង​សំណួរ​របស់​ប្រជាជន ដែល​គេ​តែងតែ​ធ្វើ​ជា​រៀងរាល់ឆ្នាំ លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់ ថា លោក​សង្ឃឹម​​ថា លោក​នឹង​មិនប្រើ​សិទ្ធិ​ដែល​សភា​ជាន់ខ្ពស់​រុស្ស៊ី​បាន​ប្រគល់​ឲ្យ​នោះទេ។ លោក​សង្ឃឹមថា គេ​នឹង​អាច​រកឃើញ​មធ្យោបាយ​បន្ទាន់ មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ នៅ​តំបន់​ភាគខាងកើត​អ៊ុយក្រែន។

ប្រមុខដឹកនាំ​រុស្ស៊ី បាន​ទាមទារ​ឲ្យគេ​ធានា គោរព សិទ្ធិ និង​ផលប្រយោជន៍ របស់​ប្រជាជន​រុស្ស៊ី និង​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី នៅ អ៊ុយក្រែន។ ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាជន​ទាំងនេះ ដែល​កំពុង​រស់នៅក្នុង​ទឹកដី​អ៊ុយក្រែន គឺ​ជា​កាតព្វកិច្ច របស់​រុស្ស៊ី។ តាមលោក​ពូទីន អ្វីដែល​សំខាន់ គឺ​ទីក្រុង​គៀវ ត្រូវ​យល់ព្រម​ចេញមុខ​ធានា​ដល់​តំបន់​ដែល​និយាយ​ភាសា​រុស្ស៊ី ដែល​ស្ថិតនៅ​ភាគខាងកើត​អ៊ុយក្រែន។ កិច្ចព្រមព្រៀង​ដែល​ត្រូវ​តែ​ធ្វើ​រវាង​ភាគី​ជម្លោះ ក្នុង​ស្រុក និងគ្មាន​ការចូលរួម​ពីភាគី​បរទេស ខាងក្រៅ គឺ​ជា​កូនសោ​គន្លឹះ​សំខាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅថ្ងៃ​អ៊ុយក្រែន​បច្ចុប្បន្ននេះ។
 

ប្រជាជន​អ៊ុយក្រែន​ដែល​គាំទ្រ​រុស្ស៊ី និង​រស់នៅ​​ទីក្រុងភាគខាងកើត​អ៊ុយក្រែន​តាមដាន​មើល​បទអន្តរាគមន៍​របស់​លោកពូទីននៅតាម​ទូរទស្សន៍​
ប្រជាជន​អ៊ុយក្រែន​ដែល​គាំទ្រ​រុស្ស៊ី និង​រស់នៅ​​ទីក្រុងភាគខាងកើត​អ៊ុយក្រែន​តាមដាន​មើល​បទអន្តរាគមន៍​របស់​លោកពូទីននៅតាម​ទូរទស្សន៍​ ©REUTERS/Vasily Fedosenko

បើទោះបី​ជា​លោក​ពូទីន ចង់​ឲ្យ​វិបត្តិ​អ៊ុយក្រែន​ដោះស្រាយ​តាម​ផ្លូវទូត នយោបាយ និង​ចង់​ឲ្យ រដ្ឋាភិបាល អ៊ុយក្រែន​ចរចា​ជាមួយ​ក្រុមបំបែកខ្លួន ប៉ុន្តែ តាមរយៈ​សំដី​ខាងលើ គេ​អាច​យល់​ថា លោក​ពូទីន​កំពុង​ព្យាយាម​រក​ហេតុផល ដើម្បី​បញ្ជាក់​វត្តមាន អន្តរាគមន៍​ទ័ព​រុស្ស៊ី ដែល​រុស្ស៊ី អាច​ធ្វើ ទៅថ្ងៃមុខ ទៅក្នុង​ទឹកដី​អ៊ុយក្រែន។ រហូត​មក រុស្ស៊ី​បាន​ប្រកាស​ហើយថា នឹង​ការពារ​រាល់​ផល​ប្រយោជន៍ របស់​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី។

នៅក្នុង​ជំនួប​បួនភាគី ដែល​នេះ​ជា​លើកទីមួយ ដែល​ប្រមុខការបរទេស​អ៊ុយក្រែន ជួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន​បង្ហាញ​ជំហរ ចង់​ដោះស្រាយ​ជាមួយ​រុស្ស៊ី តាម​ផ្លូវ​ការទូត។ ដំណោះស្រាយ​ផ្លូវទូត ជា​ច្រក​តែមួយ ដើម្បី​ស្ថិរភាព​នៅ​អ៊ុយក្រែន។ ភាគី​អ៊ុយក្រែន​នៅ​តែ​​ចោទ​រុស្ស៊ី​ថា ជា​អ្នកនៅពីក្រោយ​ក្រុមបំបែកខ្លួន ខុសច្បាប់ និង​​បដិសេធ ការបំបែក​តំបន់​ធ្វើ​ជា​រដ្ឋ​សហព័ន្ធ នៅក្នុង​ទឹកដី​អ៊ុយក្រែន ទៅតាម​ការស្នើឡើង​របស់​ទីក្រុង​ម៉ូស្គូ។ សម្រាប់​អ៊ុយក្រែន គឺមាន​តែ​រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយក្រែន ដែល​ជាអ្នកសម្រេច។ អ៊ុយក្រែន​សុំ​ឲ្យ​តែ​រុស្ស៊ី​ដកទ័ព​ចេញ​ពី​ទឹកដី​អ៊ុយក្រែន​ទៅ គឺ​បាន​ហើយ។

នៅពេល​វិបត្តិ​ផ្ទុះ​កាន់តែខ្លាំង នៅ​ភាគខាងកើត​អ៊ុយក្រែន ទីក្រុង​ម៉ូស្គូ​វាយតម្លៃថា រដ្ឋ​អ៊ុយក្រែន​លែង​ដំណើរ​ដូចមុនទៀតហើយ។ មានតែ​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​បង្កើត​រដ្ឋសហព័ន្ធ​តូចៗ ដល់​តំបន់​ដែល​កំពុង​ជួប​ការតវ៉ា​ខ្លាំង ទើប​គេ​អាច​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន​បាន។ ដូច​និយាយ​ខាងដើម រុស្ស៊ី​ធ្លាប់​បាន​សន្យា​ការពារ​ផល​ប្រយោជន៍ របស់​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី។ កាលពី​ថ្ងៃ​ចន្ទ ក្រេមឡាំង​បាន​អះអាងថា ខ្លួន​បាន​ទទួល​ពាក្យ​សុំ​អន្តរាគមន៍​ជាច្រើន ពី​ក្រុមបំបែកខ្លួន នៅ​ភាគខាងកើត អ៊ុយក្រែន។

នៅថ្ងៃនេះ អ្វីៗ ​គ្មាន​អ្វី​ដែល​ត្រូវ​លាក់លៀម​ទៀតទេ។ លោកប្រធានាធិបតី​រុស្ស៊ី​ប្រកាស​យ៉ាងក្តែងៗ ថា គឺ​កងទ័ព​រុស្ស៊ី ដែល​នៅ​ប្រចាំការ ពីក្រោយ​ក្រុម​ប្រដាប់អាវុធ ដើម្បី​ឯករាជ្យ​នៅ គ្រីមេ។ តាម​លោក​ពូទីន គឺ​វត្តមាន​កាន់តែ​ចេញមុខ​របស់​អង្គការ​អូតង់ នៅ​អឺរ៉ុប ខាងកើត ក្បែរ​មក​ព្រំដែន​រុស្ស៊ី ដែល​ជំរុញ​ឲ្យ​រុស្ស៊ី សម្រេច​យក​ទឹកដី​គ្រីម​របស់​អ៊ុយក្រែន មក​ធ្វើជា​ទឹកដី​របស់​ខ្លួន។ សម្រាប់​ម៉ូស្គូ ការតាំងទី អាវុធ របស់​អូតង់ នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត កំពុង​គំរាមកំហែង​សន្តិសុខ​របស់​រុស្ស៊ី ដែល​រុស្ស៊ី ត្រូវ​តែ​ធ្វើការឆ្លើយតប​ជា​បន្ទាន់។

អាមេរិក​គំរាមដាក់​ទណ្ឌកម្ម​ថ្មី ប្រសិន​បើ​ជំនួប​ចតុភាគី​បរាជ័យ

ភាគី​អាមេរិក នៅតែ​ទាមទារ​ឲ្យ​រុស្ស៊ី ឈប់​គាំទ្រ និង​លើកទឹកចិត្ត​ក្រុមបំបែកខ្លួន អ៊ុយក្រែន ដែល​រហូត​មកដល់​ថ្ងៃ​នេះ បាន​ចូលកាន់កាប់ ដោយ​ខុសច្បាប់ ទីតាំង​ស្ថាប័ន​រដ្ឋ​នៅក្នុង​ទីក្រុង​១០ ដែល​ស្ថិតនៅ​ភាគខាងកើត​អ៊ុយក្រែន។ អាមេរិក​បាន​ទាមទារ​ផងដែរ ឲ្យ​រុស្ស៊ី​ដកទ័ព​ជាង ៤​ម៉ឺននាក់ ចេញ ពីតំបន់​ជាប់​ព្រំដែន ជាមួយ អ៊ុយក្រែន។

នៅមួយ​ថ្ងៃ​មុន ជំនួប​បួនភាគី​បើក​ធ្វើ សេតវិមាន​បាន​ប្រកាស​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​រុស្ស៊ី ក្នុង​ករណី​រុស្ស៊ី​មិន​ចូលរួម​ជួយ​សម្រាល​ស្ថានភាព​នៅ​អ៊ុយក្រែន។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយទូរទស្សន៍ អាមេរិក កាលពី​យប់​ថ្ងៃ​ពុធទី ១៦ មេសា លោក​អូបាម៉ា បាន​ចោទប្រកាន់​រុស្ស៊ី​ចំៗ​ថា បានគាំទ្រ​ក្រុម​ប្រដាប់អាវុធ នៅ​ភាគខាងត្បូង និង​ខាងកើត​អ៊ុយក្រែន។ សម្រាប់​ប្រធានាធិបតី​អាមេរិក វាច្បាស់ណាស់ថា ប្រសិន​បើ​រុស្ស៊ី​មិន​ចាប់​យក​ឱកាស ក្នុងជំនួប​នៅថ្ងៃនេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​អ៊ុយក្រែន​ទេ នោះ​រុស៊្សី នឹង​ប្រឈម​នឹង​ផលវិបាក​កាន់តែធ្ងន់។

លោកអូបាម៉ា​ទំនង​ជា​ចង់​ព្រលយ​ពី​ទណ្ឌកម្ម​ថ្មី ដែល​អាមេរិក​នឹង​អាច​ដាក់​ទៅលើ​រុស្ស៊ី។ រដ្ឋបាល​អាមេរិក​បាន​ប្រុងជើង​ជា​ស្រេច​ដើម្បី​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​ជំនួប​បួនភាគី នៅថ្ងៃ​នេះ មិន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា។ តាម​មន្រ្តី​មិន​បញ្ចេញឈ្មោះ​របស់​សេតវិមាន ទណ្ឌកម្ម​ថ្មី នឹង​អាច​ទម្លាយ​ឲ្យ​ដឹង នៅថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ