កូរ៉េខាងជើងបញ្ជូនអ្នកទោសអាមេរិកខេណេត បេ ទៅកាន់ជំរំលត់ដំការងារវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅកូរ៉េខាងជើង អ្នកទោសពលរដ្ឋអាមេរិក ឈ្មោះខេណេត បេ ដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យអស់ពេលយូរខែមកហើយនោះ ត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងបញ្ជូនចូលទៅជំរំលត់ដំការងារវិញហើយ។ នេះបើយោងតាមការប្រកាសប្រាប់ពីអ្នកតំណាងការទូតអាមេរិកមួយរូប កាលពីថ្ងៃសុក្រម្សិលមិញ។
នៅថ្ងៃសុក្រម្សិលមិញ យោងតាមលោកស្រី ចេននីហ្វ៊ើរ ផ្សាគី ជាអ្នកនាំពាក្យតំណាងការទូតអាមេរិក រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបញ្ជូនអ្នកទោសអាមេរិកលោក ខេណេត បេ ដែលសម្រាកព្យាបាលជំងឺ យូរខែមកហើយនោះ អោយត្រលប់ចូលទៅជំរំលត់ដំការងារវិញ។ គេមិនដឹងថា តើលោកបេ ត្រូវអាជ្ញាធរក្រុងព្យុងយ៉ាងបញ្ជូនទៅជំរំការងារតាំងពីពេលណានោះទេ តែលោកស្រី ចេននីហ្វ៊ើរ បានប្រាប់ថា សមាជិកស្ថានទូតប្រទេសស៊ុយអែតជាច្រើនរូប បានចូលទៅសួរសុខទុក្ខអ្នកទោសអាមេរិករូបនេះ នៅថ្ងៃសុក្រម្សិលមិញ។
គួររំលឹកឡើងវិញថា កូរ៉េខាងជើងបានឃុំឃាំងលោកខេណេត បេ ជាង២ឆ្នាំមកហើយ។ លោក បេ ជាពលរដ្ឋអាមេរិក អាយុ៤៥ឆ្នាំ មានដើមកំណើតនៅកូរ៉េខាងជើង មានឈ្មោះដើមថា ប៉ា ជុនហូ។ អាជ្ញាធរក្រុងព្យុងយ៉ាងបានចាប់រូបលោក កាលពីខែវិច្ឆិកា ឆ្នាំ២០១២ និងបានចោទថា លោកបេត្រូវបានបញ្ជូនទៅចិន ចន្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០១២ ដើម្បីជំរុញលើកទឹកចិត្តជនជាតិកូរ៉េខាងជើង អោយធ្វើសកម្មភាពវាយប្រហាររដ្ឋាភិបាលក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងបានសម្រេចដាក់ទោសលោកខេណេត បេ អោយធ្វើការក្នុងជំរំលត់ដំ ១៥ឆ្នាំ។
កាលពីពាក់កណ្តាលខែសីហា អ្នកទោសអាមេរិករូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារបញ្ហាតម្រងនោម និងរោគថ្លើម។ ក្រុងវ៉ាស៊ីនតោននៅតែបារម្ភពីស្ថានភាពសុខភាពរបស់ពលរដ្ឋខ្លួន ហើយបានអំពាវនាវជាថ្មីម្តងទៀត អោយកូរ៉េខាងជើងលើកលែងទោសពិសេសអោយលោកខេណេត បេ និងដោះលែងលោកក្នុងបែបផែនមនុស្សធម៌ ជាបន្ទាន់។ កាលពី៣សប្តាហ៍មុន អ្នកទោសអាមេរិករូបនេះ បានអំពាវនាវអោយរដ្ឋាភិបាលអាមេរិក ជួយរូបលោកអោយបានជួបជុំគ្រួសារលោក អោយបានឆាប់រហ័ស។
ដោយឡែក កាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងមក កូរ៉េខាងជើងបានដោះលែងអ្នកទោសអាមេរិកមួយរូប ឈ្មោះមេរីល ញូមេន អាយុ៨៥ឆ្នាំ។ មុនការដោះលែងនេះ លោកញូមេន បានជាប់ឃុំ ៤២ថ្ងៃ ពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ