អានតួអត្ថបទ
កាតា

កាតា​ប្រហែល​បាន​សូកលុយ​៥លាន​ដុល្លារ​ ដើម្បី​ជាប់ឈ្មោះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​

អេមៀ កាតា លោក​ Cheikh Hamad Bin Khalifa al-Thani និង​ភរិយាកាន់​ពាន​បង្ហាញ​ភាពរីករាយ ក្រោយ​កាតា​ជាប់ឈ្មោះ​​រៀបចំការ​ប្រកួត​​​បាល់ទាត់​ពិភពលោកឆ្នាំ២០២២ (រូបភាព ក្រុងZurich ​​ថ្ងៃ​២ធ្នូ ឆ្នាំ​២០១០)​។
អេមៀ កាតា លោក​ Cheikh Hamad Bin Khalifa al-Thani និង​ភរិយាកាន់​ពាន​បង្ហាញ​ភាពរីករាយ ក្រោយ​កាតា​ជាប់ឈ្មោះ​​រៀបចំការ​ប្រកួត​​​បាល់ទាត់​ពិភពលោកឆ្នាំ២០២២ (រូបភាព ក្រុងZurich ​​ថ្ងៃ​២ធ្នូ ឆ្នាំ​២០១០)​។ REUTERS/Arnd Wiegmann
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

កាសែត​អង់គ្លេស​ សាន់ដេ ថែម Sunday Times បាន​ចុះផ្សាយ​​​នៅថ្ងៃ​អាទិត្យ​នេះថា អ្នក​ទទួល​ខុសត្រូវ​​ជាន់ខ្ពស់ ផ្នែកបាល់ទាត់​​ប្រទេស​កាតា​​មួយរូប​ អាច​នឹង​​បាន​សូកលុយ​​៥លានដុល្លារ​ អោយ​ដល់​​​បណ្តា​អ្នក​​តំណាង​បាល់ទាត់​អន្តរជាតិ​​​នានា ​ដើម្បីពួកគេ​គាំទ្រ​​អោយ​កាតា​ជាប់ឈ្មោះ​​ជា​ប្រទេស​រៀបចំ​ការ​ប្រកួត​​បាល់ទាត់​ពិភព​លោក​ ឆ្នាំ​២០២២​​ខាងមុខ។ ​កាសែត​អង់គ្លេស​សាន់ដេ ថែម លើកឡើង​ថា មាន​ឯកសារ​ជាច្រើន​ ជា​​ភស្តុតាង​ប្រាប់​ពី​ការ​សូកលុយ​នេះ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​កាសែត​អង់គ្លេស​ សាន់ដេ​ ថែម អ្នកទទួលខុសត្រូវ​កាតា ដែល​បាន​សូកលុយ​ អោយ​​ប្រទេស​កាតា​​បាន​ជាប់ឈ្មោះ​ជា​ប្រទេស​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ឆ្នាំ ២០២២​នោះ មាន​ឈ្មោះថា ​ម៉ូហាមេដ ប៊ីន ហាមម៉ាន់។ រហូត​ដល់ឆ្នាំ​២០១២ លោក​ហាមម៉ាន់ ​ជា​សមាជិក​ផ្នែក​ប្រតិបត្តិ​​នៃ​​​សហព័ន្ធ​បាល់ទាត់​អន្តរជាតិFIFA។ នៅឆ្នាំ​២០១២​ដដែល លោក​ហាមម៉ាន់​​ជាប់​​សង្ស័យ​ពីបទ​ពុករលួយ និង​ត្រូវបាន​ព្យួរតំណែង​អស់​មួយជីវិត។  ​​​

យោងតាម​កាសែត​ សាន់ដេ ថែម ​អតីត​អ្នកទទួលខុសត្រូវ​បាល់ទាត់​កាតា​រូបនេះ ​មិនខ្លាច​នឹង​សូក​លុយ​៥លាន​ដុល្លារ អោយ​ដល់​​​បណ្តា​អ្នក​​តំណាង​បាល់ទាត់អន្តរជាតិ​​ឡើយ ​ដើម្បី​​អោយ​កាតា​ជាប់ឈ្មោះ​ជា​ប្រទេស​រៀបចំការប្រកួត​បាល់ទាត់​ពិភព​លោក​ ឆ្នាំ​២០២២។​ ក្នុង​រឿង​អាស្រូវ​ពុករលួយ​នេះ ប្រធាន​សមាគម​បាល់ទាត់​អាហ្វ្រិក​ជាច្រើន​រូប ប្រហែល​ជា​បានទទួល​សំណូក​ម្នាក់ៗ ២សែន​ដុល្លារ។ ហើយ​លោក​ ចាក់ វ៉ានណឺ ដែល​ធ្លាប់​​ជា​អនុ​ប្រធាន​​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ កាលពី​ចុងឆ្នាំ​២០១០ ក្នុងពេលមាន​ការ​បោះឆ្នោត​​រើស​ប្រទេស​រៀបចំ​បាល់ទាត់​ពិភពលោក​​នោះ ​​ប្រហែលជា​បាន​ទទួល​លុយ​ សំណូក ​​គ្រាន់​តែ​​ខ្លួន​ឯង​ម្នាក់ឯង បាន​​​រហូត​ដល់​ជាង​មួយលានដុល្លារ​កន្លះ​ឯណោះ។

កាសែត​អង់គ្លេស​ប្រាប់ថា មាន​​​ឯកសារ​ភស្តុតាង និង​ឯកសារ​អ៊ីមេល ជា​ភស្តុតាង​​រឿង​សំណូកនេះ ហើយ​យោងតាម​ឯកសារ​អស់​នេះ ​អ្នកទទួលខុសត្រូវ​កាតា លោក​ហាមម៉ាន់​​រូប​នេះ​ ប្រហែល​ជា​យក​លុយ​សុទ្ធ ចេញ​​ពី​កេស​ខ្មៅ​ងងឹត ដើម្បី​សូក​អ្នកតំណាង​បាល់ទាត់​​អន្តរជាតិ​ទាំងនោះ។

រឿងអាស្រូវ​ពុករលួយ​របស់​កាតា​នេះ ធ្លាប់​ត្រូវបាន​ទស្សនាវដ្តី​បាល់ទាត់​​បារាំង​មួយ​ យក​មក​បរិហារ​រួច​មកហើយ កាលពី​ខែ​មករា​ដើមឆ្នាំ​។ ​ទស្សនាវដ្តី​​បារាំង​​បាន​លើកឡើង​ពី​សំបុត្រ​​អ៊ីមេល​ផ្ទៃក្នុង​​​មួយ របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ។ អ៊ីមេល​នោះ​សរសេរ​ថា “ពួកគេបាន​ទិញ​​​យកបាន​ការ​រៀបចំ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ហើយ”៕  ​​​​​​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ