កម្ពុជា-អាស៊ាន

កិច្ចប្រជុំ​កំពូល​៤ទៀត​ត្រូវរៀបចំ​នៅកម្ពុជា​ក្នុង​ក្របខណ្ឌ​អាស៊ាន​

ប្រមុខ​ការទូត​ខ្មែរ​លោក​ហោ ណាំហុង
ប្រមុខ​ការទូត​ខ្មែរ​លោក​ហោ ណាំហុង ©ចាន់ណា

ក្រសួង​ការបរទេស​កម្ពុជា​បាន​ជូន​ដំណឹង​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ចំនួន​៤​ទៀត​ក្នុង​ក្របខណ្ឌ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ ​ទន្ទឹម​នឹង​កិច្ច​ប្រជុំ​អន្តរជាតិ​ទាំង​៤​ដែល​នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៣​កក្កដា​នោះ កម្ពុជា​ក៏​គ្រោង​រៀបចំ​សម្រប​សម្រួល​អោយ​មាន​ការ​ជួបគ្នា​រវាង​ភាគី​ទាំង​៦​ស្តី អំពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ដែរ។ នេះ​គឺ​ជា​ប្រធានបទ​សំខាន់​មួយ​ដែល​តម្រូវ​អោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​កំពូល​ចំនួន​៤​ទៀត​នឹង​ត្រូវ​រៀបចំ​ដោយ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៣​ខែ​កក្កដា​ក្រោយ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ។ ជា​ការ​ប្រកាស​ព័ត៌មាន​សម្រាប់​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ផង​ដើម្បី​ពួកគេ​អាច​ចាប់ផ្តើម​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​យក​ព័ត៌មាន​នោះ។

 
កិច្ច​ប្រជុំ​ទាំង​នោះ​រួមមាន៖ ១ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើកទី៤៥ ​(៤៥th AMM)។ ២ កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ដៃ​គូរ​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន(PMC)។ ៣ កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៩(19th ARF) និង​ទី​៤ គឺ​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេស​លើក​ទី​២ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា(2nd EAS FMM)។

ក្នុង​ចំណោម​កិច្ច​ប្រជុំ​ទាំង​៤​ខាងលើ​នេះ មាន​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ដែល​ជា​កិច្ច​ប្រជុំ​សំខាន់​មួយ​មាន​តំណាង​ប្រទេស​រហូត​ដល់​២៨​ប្រទេស​ចូលរួម ហើយ​ដែល​ធម្មតា​ក៏​នឹង​មាន​បងប្អូន​កូរ៉េ​ទាំងពីរ​ចូលរួម​ដែរ។

នេះ​ជា​ឱកាស​មួយ​ដែល​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ធ្លាប់​ប្រកាស​ធ្វើ​ជា​អ្នក​សម្របសម្រួល​ដើម្បី​អោយ​មាន​កិច្ច​ប្រជុំ​៦​ភាគី​ស្តី​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ឡើងវិញ ដែល​កិច្ច​ប្រជុំ​បាន​ខកខាន​តាំង​ពី​ឆ្នាំ​២០០៩​មក ដោយសារ​ទីក្រុង​ព្យុងយ៉ាង​បាន​ដើរ​ចេញ​ពី​តុ​ចរចារ​បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​វ៉ាស៊ីនតោន។ ភាគី​ទាំង​៦​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​រួមមាន៖​ បងប្អូន​សត្រូវ​កូរ៉េ​ទាំងពីរ ​ចិន​ រុស្ស៊ី​ អាមេរិក ​និង​ជប៉ុន។

ប្រមុខ​ការទូត​ខ្មែរ​លោក​ហោ ណាំហុង​បាន​ចេញ​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ក្នុង​គោលដៅ​មួយ​ដែល​គេ​រំពឹង​ថា កម្ពុជា​នឹង​បញ្ចុះ​បញ្ចូល​ទីក្រុង​ព្យុងយ៉ាង​អោយ​ត្រឡប់​ចូល​តុ​ចរចា​៦ភាគី​វិញ។ គេ​នៅ​មិន​ទាន់​ដឹង​អំពី​លទ្ធផល​នៃ​បេសកកម្ម​របស់​កម្ពុជា​នេះ​នៅ​ឡើយ​ទេ។ ​លោក​ហោ ណាំហុង​នឹង​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI