ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​គំរូ​សេរីភាព​ណាមួយ​ដែល​កម្ពុជា​គួរ​អនុវត្តន៍ ?

សំឡេង ០៤:៤៦
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ©វណ្ណារ៉ា/RFI

ប្រទេស​កម្ពុជា​ដែល​ទើបបាន​ទទួល​សន្តិ​សភាព​ពេញលេញ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​គួរ​ខិតខំ​ពង្រឹង​សន្តិភាព​នេះ​ឲ្យ​បាន​រឹងមាំ​ថែមទៀត​ខណៈដែល​ភាពវឹកវរ​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ អំពើហិង្សា​ដ៏​កម្រោល​ដែល​កំពុង​ផ្ទុះឡើង​ដោយសារតែ​ខ្សែភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​នៅ​ពេល​នេះ​ជា​អធិករណ៍​ថ្មី​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ច្របូកច្របល់។ បញ្ហាធំៗដែល​បាន​កើតឡើង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​សុទ្ធតែជា​មេរៀន​សម្រាប់​ការអនុវត្ត​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ពិភពលោក​ហាក់​កំពុង​ធ្លាក់​ក្នុង​សភាព​វឹកវរ​ជាថ្មី​នៅពេលដែល​ខ្សែភាពយន្ត​ខ្លី​មួយ​ដែល​ប្រមាថ​ព្យាការី​មហាមេដ មេដឹកនាំ​សាសនា​អ៊ីស្លាម​ត្រូវ​បាន​គេ​បង្ហោះ​តាម​អ៊ីធីណែត​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ កំហឹង​របស់​ជន​អ៊ីស្លាម​បានធ្វើ​ឲ្យ​ស្ថានទូត​អាមេរិក​ជា​ច្រើន​បាន​ទទួលរង​ការ​វាយប្រហារ ដុតបំផ្លាញ ឬ​គំរាមកំហែង និង​រហូត​ដល់​មាន​ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ទូត​អាមេរិក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទៀត​ផង។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​សម្រេច​ចេញ​បទ​បញ្ហា​ឲ្យ​គ្រប់​ស្ថានទូត​របស់ខ្លួន​ទាំងអស់​ត្រូវ​សុំ​ជំនួយ​ពី​ប្រទេស​សាម៉ី​ដើម្បី​បង្កើន​ការ ការ​ការពារ​សន្តិសុខ។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ក៏ត្រូវ​បាន​ពង្រឹង​សន្តិសុខ​ដូច​គ្នា​ដែរ។

ស្រប​ពេល​គ្នា​នេះ ទស្សនា​វ​ដ្តី​បារាំង​មួយ ឈ្មោះ Charlie Hebdo ក៏បាន​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆេះ។ ទស្សនាវដ្តី​នេះ​បាន​ចុះផ្សាយ​រូប​គំនូរ​ត្លុក​កំប្លែង​ដែល​មាន​លក្ខណៈ​ប្រមាថ​ព្យាការីមហាមេដ​ដូចគ្នា​ដែរ។ ដោយសារតែ​រូប​ត្លុក​កំប្លែង​មួយ​នេះ ស្ថានទូត អគ្គ​កុងស៊ុល និង​សាលារៀន​បារាំង​នៅក្នុង​ជាង ២០ ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ត្រូវ​បាន​បិទទ្វារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ដើម្បី​បង្កា​​ក្រែង​មាន​អំពើហិង្សា​កើតឡើង។
មិន​មែន​តែ​នៅ​ក្នុង​ពិភពលោក​ទេ សូម្បីតែ​នៅក្នុង​តំបន់​ជិតខាង​កម្ពុជា​ក៏​អំពើហិង្សា​ស្រដៀង​គ្នា​នេះ​កើតឡើង​ដែរ។ ជាក់ស្តែង អំពើហិង្សា​នៅ​ប៉ែក​ខាងត្បូង​ថៃ និង​ថ្មីៗ​នេះ អំពើហិង្សា​សាសនា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ភូមា។

មូលហេតុ​សាសនា​ជា​រឿង​ដែល​តែង​លើក​មក​និយាយ ប៉ុន្តែ តើ​អ្វី​ទៅ ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​អំពើហិង្សា​សាសនា ? ចម្លើយ​គឺ សេរីភាព​គ្មាន​ព្រំដែន​នេះ​ឯង ដែល​បាន​ដុត​បញ្ឆេះ​អំពើហិង្សា​ទាំង​នោះ។ ខ្សែភាពយន្ត​ផលិត​នៅ​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​រូប​ត្លុក​កំប្លែង​ក្នុង​ទស្សនាវដ្តី​បារាំង​ដែរ ត្រូវបាន​ផលិត​និង​ផ្សព្វផ្សាយ​ក្រោម​ហេតុផល​សេរីភាព​សម្តែង​មតិ។ ក្នុង​បរិបទ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​បារាំង​ដែល​មាន​ឈ្មោះ​ជា «បិតា» ប្រជាធិបតេយ្យ ពិត​ជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការ​ថ្លឹងថ្លែង​រវាង​សេរីភាព​សម្តែង​មតិ និង​ការ​ប្រមាថ​ទៅ​លើ​សាសនា​ដទៃ​ដែល​មិនគួរ​នឹង​ធ្វើ។

រហូត​មក​ទល់​ពេល​នេះ ទីក្រុង​ប៉ារីស និង ក៏​ដូច​ជា​វ៉ាស៊ីនតោន​ដែរ នៅតែ​ឲ្យ​តម្លៃ​ធ្ងន់​ទៅលើ​សេរី​សម្តែង​មតិ​ដដែល​ដើម្បី​រក្សា​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​របស់ខ្លួន បើទោះបីជា​ស្ថានការណ៍​មាន​ភាព​ធ្ងន់ធ្ងរ និង​បើទោះបី​ជាមាន​អ្នកខ្លះ​រិះគន់ថា សេរីភាព​គ្មាន​ព្រំដែន​បែប​ប្រប​កដោយ​ការប្រមាថ​នេះ​មិនអាច​ទទួលយកបាន​ក៏ដោយ។ ងាក​មក​ប្រទេស​កម្ពុជា​វិញ សន្តិភាព​ពេញលេញ​ទើបតែ​ត្រូវ​បាន​រក​ឃើញ​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ សន្តិភាព និង​ស្ថេរភាព​នយោបាយ​កម្ពុជា​ក៏​តែងតែ​ទទួល​រង​ការ​គំរាមកំហែង​ជា​ញឹកញយ​ដែរ។ ជម្លោះ​នយោបាយ​ដែល​នាំ​ដល់​ការ​ផ្ទុះ​អាវុធ​កណ្តាល​ទីក្រុង​រវាង​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​កាលពី​ខែកក្កដា​ឆ្នាំ ១៩៩៧ គឺ​ជា​វិញ្ញាសា​ទី១។ រីឯ​ជម្លោះ​ក្តៅគគុក​ជា​បន្តបន្ទាប់​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែល​នៅ​តែ​បន្ត​នៅឡើយ​រហូតដល់​ពេល​នេះ គឺ​ជា​វិញ្ញាសារ​ទី២​សម្រាប់​សន្តិភាព និង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា។

ជា​ការ​ពិត កម្ពុជា​បាន​ឆ្លង​ផុត​សម័យកាល​សង្គ្រាមស៊ីវិល ឬ​សម័យកាល​ដណ្តើម​តុល្យភាព កម្លាំង​យោធា​ពី​សំណាក់​ក្រុម​នយោបាយ​បដិបក្ខ​ទៅ​ហើយ ប៉ុន្តែ ប្រធានបទ​សំខាន់​សម្រាប់​នយោបាយ​កម្ពុជា​នា​ពេល​នេះ​ ក៏​ស្ថិត​នៅ​ជុំវិញ​សេរីភាព​នេះ​ដែរ។ ជាក់ស្តែង មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី ដែល​បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ក៏​បាន​ធ្វើ​ឡើង​ក្នុង​ហេតុផល​សេរីភាព។ មាន​បញ្ហា​តានតឹង​ជាច្រើន​ទៀត​ដែល​តែង​ដុត​កម្តៅ​ឆាកនយោបាយ​កម្ពុជា ក៏​កើត​ឡើង​ជុំវិញ​សេរីភាព​សម្តែង​មតិ​នេះដែរ។

អ្នក​ស្រឡាញ់​សេរីភាព​តែង​ចង់បាន​សេរីភាព​ដោយ​គ្មាន​ដែន​កំណត់ ប៉ុន្តែ រដ្ឋាភិបាល​ភ្នំពេញ​ដែល​មិន​មែន​វ៉ាស៊ីនតោន ឬ​ប៉ារីស​តែង​ព្យាយាម​កម្រិត​សេរីភាព​នោះ​ដោយសារ​តែ​ខ្លាច​ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​បង្ក​ភាព​វឹកវរ​រហូត​ទប់ទល់​លែង​បាន។ ដូច្នេះ តើ​កម្ពុជា​គួរ​យក​គំរូ​ណា​មួយ​នៃ​សេរីភាព? តើ​ត្រូវ​ផ្តល់​ទម្ងន់​ខ្លាំង​ទៅ​លើ​សេរីភាព​គ្មាន​ព្រំដែន​ដោយ​មិន​គិតពី​ផលវិបាក​របស់​វា ឬ​ក៏​គួរ​កម្រិត​ព្រំដែន​សេរីភាព​ក្នុង​ក្របខណ្ឌ​ណាមួយ​ដើម្បី​បញ្ចៀស​ភាពវឹកវរ នៅ​ក្នុង​សង្គម​ជា​យថាហេតុ? នេះ​សំណួរ​ដែល​គ្រប់គ្នា​គួរ​ពិចារណា និង​សម្រេចចិត្ត​ជ្រើសរើស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI