សំណួរ-ចម្លើយជុំវិញវិបត្តិនុយក្លេអ៊ែរនៅហ៊្វូគូស្ហ៊ីម៉ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចាប់តាំងពីមានការរញ្ជួយដីដ៏ខ្លាំង កាលពីថ្ងៃសុក្រ រហូតមកទល់ពេលនេះ ជិតមួយសប្តាហ៍ហើយ ដែលអាជ្ញាធរជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ នៅក្នុងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា (ប្រមាណ ២៥០គ.ម. ខាងជើងទីក្រុងតូក្យូ)។ អគាររ៉េអាក់ទ័រចំនួន ៤ ត្រូវបានផ្ទុះ និងឆេះជាបន្តបន្ទាប់គ្នា។ ខាងក្រោមនេះ ជាសំណួរ-ចម្លើយ ដើម្បីស្វែងយល់អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរជប៉ុន។
តើវិបត្តិនៅហ្វ៊ូគូស្ហ៊ីម៉ាអាចធ្ងន់ធ្ងរដូចនៅឈែរណូប៊ីលឬ?
ការពន្យល់របស់សេង ឌីណា
តើគេផលិតថាមពលអគ្គិសនីនុយក្លេអ៊ែរដោយរបៀបណា?
សារធាតុនុយក្លេអ៊ែរ ដែលគេប្រើសម្រាប់ផលិតអគ្គិសនី អាចជាភ្លុយតូញ៉ូម (Plutonium) ឬជាអ៊ុយរ៉ាញ៉ូម (Uranium)។ ស្នូលនុយក្លេអ៊ែរត្រូវគេដាក់ត្រាំនៅក្នុងទឹក។ នៅពេលមានប្រតិកម្មនុយក្លេអ៊ែរ វាបង្កើតជាកម្តៅ ធ្វើឲ្យទឹកក្តៅ ហើយបង្កជាចំហាយ។ ចំហាយទឹកក្តៅនេះ បង្កើតជាកម្លាំងបង្វិលទួរប៊ីនអគ្គិសនី។
តើវិបត្តិនុយក្លេអ៊ែរនៅហ៊្វូគូស្ហ៊ីម៉ាកើតឡើងដោយរបៀបណា?
នៅក្នុងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅហ្វ៊ូគូស្ហ៊ីម៉ា មានរ៉េអាក់ទ័រទាំងអស់ ៦ ប៉ុន្តែ នៅពេលមានការរញ្ជួយដី រ៉េអាក់ទ័រតែ ៣ ប៉ុណ្ណោះ ដែលកំពុងដំណើរការ។ រ៉េអាក់ទ័រ ៣ផ្សេងទៀត ត្រូវផ្អាកដំណើរការមួយរយៈមកហើយ ដើម្បីធ្វើការត្រួតពិនិត្យបច្ចេកទេស។
ក្រោយការរញ្ជួយដី រ៉េអាក់ទ័រ ៣គ្រឿង ដែលកំពុងដំណើរការ ក៏ត្រូវបញ្ឈប់ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីចៀសវាងគ្រោះថ្នាក់។ នៅពេលរ៉េអាក់ទ័រលែងដំណើរការ ប្រតិកម្មនុយក្លេអ៊ែរនៅក្នុងស្នូលរ៉េអាក់ទ័រក៏ត្រូវបញ្ឈប់ ក៏ប៉ុន្តែ កម្តៅនៅតែខ្ពស់ដដែល (ប្រមាណ ៦% ធៀបនឹងពេលមានប្រតិកម្មនុយក្លេអ៊ែរ)។ ដើម្បីទប់សីតុណ្ហភាពកុំឲ្យកើនឡើង គេត្រូវតែធ្វើយ៉ាងណាឲ្យស្នូលនុយក្លេអ៊ែរស្ថិតនៅក្នុងទឹកត្រជាក់ ជាប់ជានិច្ច។
ក៏ប៉ុន្តែ ការរញ្ជួយដី និងរលកស៊ូណាមី បានបណ្តាលឲ្យប្រព័ន្ធបូមទឹកត្រជាក់ត្រូវខូចខាត លែងដំណើរការ។ ដោយគ្មានទឹកត្រជាក់ ស្នូលនុយក្លេអ៊ែរក៏ចាប់ក្តៅឡើងៗ រហូតដល់កម្រិតមួយ ស្នូលនុយក្លេអ៊ែរចាប់ផ្តើមរលាយបន្តិចម្តងៗ ធ្វើឲ្យសារធាតុវិទ្យុសកម្មចាប់ផ្តើមលេចធ្លាយចេញមកខាងក្រៅស្នូល។ ក៏ប៉ុន្តែ សារធាតុនុយក្លេអ៊ែរនៅមិនទាន់ធ្លាយចេញមកខាងក្រៅនៅឡើយទេ ពីព្រោះ ស្នូលនុយក្លេអ៊ែរមានគម្របការពារជាច្រើនជាន់ថែមទៀត។
តើហេតុអ្វីបានជាអគាររ៉េអាក់ទ័រលេខ១ លេខ២ និងលេខ៣ត្រូវផ្ទុះ?
នៅពេលដែលស្នូលនុយក្លេអ៊ែរចាប់ផ្តើមរលាយ កម្តៅ និងសម្ពាធក្នុងរ៉េអាក់ទ័រមានការកើនឡើងខ្ពស់។ ដើម្បីចៀសវាងកុំឲ្យផ្ទុះរ៉េអាក់ទ័រផ្ទុះ វិស្វករជប៉ុនបានបើកបង្ហើបឲ្យខ្យល់នៅក្នុងស្នូលរ៉េអាក់ទ័រចេញមក ក្រៅខ្លះ ដើម្បីកាត់បន្ថយសម្ពាធនៅខាងក្នុងស្នូលរ៉េអាក់ទ័រ។ ខ្យល់នៅក្នុងស្នូលរ៉េអាក់ទ័រនេះ ក៏មានសារធាតុវិទ្យុសកម្មដែរ។ ខ្យល់នេះ ត្រូវគេបិទខ្ទប់ឲ្យនៅតែក្នុងអគាររ៉េអាក់ទ័រ ដើម្បីចៀសវាងការបញ្ចេញសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស។ ក៏ប៉ុន្តែ ខ្យល់វិទ្យុសកម្មចេញពីរ៉េអាក់ទ័រ មកនៅក្នុងអគារ ក៏ត្រូវមានប្រតិកម្មជាមួយបរិយាកាសខាងក្រៅ ទើបធ្វើឲ្យអគាររ៉េអាក់ទ័រផ្ទុះ។
នៅពេលដែលអគាររ៉េអាក់ទ័រត្រូវបាក់បែក ខ្យល់មានសារធាតុវិទ្យុសកម្ម ដែលគេបញ្ចេញពីក្នុងរ៉េអាក់ទ័រក៏ត្រូវសាយភាយចេញទៅក្នុងបរិយាកាស។
ហេតុអ្វីបានជាមានភ្លើងឆេះ នៅក្នុងរ៉េអាក់ទ័រលេខ៤?
រ៉េអាក់ទ័រលេខ ៤ បានផ្អាកដំណើរការតាំងពីមុនមានការរញ្ជួយដីម៉្លេះ។ ស្នូលនុយក្លេអ៊ែរ ដែលគេប្រើរួចហើយ (នៅតែមានសារធាតុវិទ្យុសកម្ម) ត្រូវបានគេយកចេញពីក្នុងរ៉េអាក់ទ័រមកដាក់ត្រាំទឹកត្រជាក់ ក្នុងអាងទឹក។ អាងទឹកនេះ ស្ថិតនៅខាងក្នុងអគាររ៉េអាក់ទ័រ ក៏ប៉ុន្តែ មិនមានគម្របការពារអ្វីនោះទេ។
ការដែលគេដាក់ស្នូលនុយក្លេអ៊ែរប្រើរួចក្នុងអាងទឹកត្រជាក់ គឺដើម្បីចៀសវាងកុំឲ្យវាក្តៅឆេះ។ ក៏ប៉ុន្តែ នៅរ៉េអាក់ទ័រលេខ៤ ទឹកនៅក្នុងអាងបានស្រកចុះ រហូតដល់ផុតស្នូលនុយក្លេអ៊ែរ។ ស្នូលនុយក្លេអ៊ែរក៏ចាប់ក្តៅឡើងរហូតដល់ឆេះ បង្កជាអគ្គិភ័យដល់ទៅពីរលើក។ អគាររ៉េអាក់ទ័រលេខ៤ ក៏ត្រូវឆេះខ្ទេចអស់។ សារធាតុវិទ្យុសកម្ម ដែលមាននៅក្នុងស្នូលនុយក្លេអ៊ែរ ក៏សាយភាយចេញទៅក្នុងបរិយាកាសដោយសេរី។
តើសារធាតុវិទ្យុសកម្មអាចបង្កបញ្ហាអ្វីខ្លះដល់សុខភាពមនុស្ស?
យើងអាចទទួលរងសារធាតុវិទ្យុសកម្មតាមរយៈការដកដង្ហើមពីខ្យល់ដែលមាន សារធាតុវិទ្យុសកម្ម, ការទទួលទានចំណីអាហារដែលមានសារធាតុវិទ្យុសកម្ម។ ម្យ៉ាងទៀត សារធាតុវិទ្យុសកម្មអាចជ្រាបចូលក្នុងខ្លួនយើងតាមស្បែក។
អ្នកដែលទទួលរងធាតុវិទ្យុសកម្មក្នុងកម្រិតខ្ពស់អាចបណ្តាលឲ្យស្លាប់ ដោយការពុលវិទ្យុសកម្ម។ អ្នកពុលសារធាតុវិទ្យុសកម្មមិនមានវិធីណាអាចព្យាបាលបានទេ។ អ្នកទទួលរងធាតុវិទ្យុសកម្មក្នុងកម្រិតមធ្យម អាចនឹងកើតជំងឺមហារីក ទៅថ្ងៃអនាគត។ ស្រ្តីមានគភ៌ ដែលទទួលរងសារធាតុវិទ្យុសកម្ម កូនក្នុងផ្ទៃអាចកើតមកដោយមិនមានកាយសម្បទានគ្រប់គ្រាន់។
តើសារធាតុវិទ្យុសកម្មនៅហ្វ៊ូគូស្ហ៊ីម៉ាអាចសាយភាយទៅដល់ប្រទេសកម្ពុជាដែរឬទេ?
ប្រទេសកម្ពុជាស្ថិតនៅខាងត្បូងឆៀងខាងលិចប្រទេសជប៉ុន។ ម្យ៉ាងវិញទៀត ប្រព័ន្ធខ្យល់នៅតំបន់ហ្វ៊ូគូស្ហ៊ីម៉ានៅពេលនេះ មានទិសដៅទៅខាងត្បូងឆៀងខាងកើត។ ដូច្នេះ សារធាតុវិទ្យុសកម្មនៅពេលនេះមិនបានសាយភាយមកទិសដៅប្រទេសកម្ពុជា នោះទេ។
ម្យ៉ាងទៀត ប្រទេសកម្ពុជាស្ថិតនៅចម្ងាយដល់ទៅជាង៤ពាន់គីឡូម៉ែត្រឯណោះ ពីតំបន់ហ្វ៊ូគូស្ហ៊ីម៉ា។ ដូច្នេះ ប្រជាជនកម្ពុជាមិនគួរមានការព្រួយបារម្ភអំពីសារធាតុវិទ្យុសកម្មនេះ ពេកទេ។
តើថ្នាំអ៊ីយ៉ូតអាចជួយការពារសារធាតុវិទ្យុសកម្មបានដោយរបៀបណា?
គ្រាប់ថ្នាំអ៊ីយ៉ូត (តាមភាសាបារាំង Iodure de potassium ឬតាមភាសាអង់គ្លេស Potassium iodide) អាចជួយការពារអ្នកទទួលសារធាតុវិទ្យុសកម្ម ពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ក៏ប៉ុន្តែ គ្រាប់ថ្នាំអ៊ីយ៉ូតអាចមានប្រសិទ្ធិភាពបាន លុះត្រាតែប្រើឲ្យចំពេលវេលា។ ការលេបថ្នាំអ៊ីយ៉ូត ដើម្បីបង្ការទុកជាមុននោះ មិនមានប្រសិទ្ធិភាពការពារសារធាតុវិទ្យុសកម្មនោះទេ។
នៅជប៉ុន រដ្ឋាភិបាលបានចែកគ្រាប់ថ្នាំដល់ប្រជាជនជប៉ុន ដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។ ក៏ប៉ុន្តែ រដ្ឋាភិបាលក៏បានប្រាប់ផងដែរថា អ្នកដែលទទួលគ្រាប់ថ្នាំអ៊ីយ៉ូតហើយមិនត្រូវលេបភ្លាមៗទេ ពោលគឺ ត្រូវលេបនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចប្រាប់ថាឲ្យលេប។
គួរបញ្ជាក់ថា ចំពោះអ្នកដែលទទួលរងសារធាតុវិទ្យុសកម្មក្នុងកម្រិតធ្ងន់ គ្រាប់ថ្នាំអ៊ីយ៉ូតមិនអាចជួយការពារបានទេ។
តើវិបត្តិនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ាអាចធ្ងន់ធ្ងរដូចកាលពីនៅឈែរណូប៊ីល (Tchernobyl) ដែរឬទេ?
នៅពេលនេះ វិបត្តិនុយក្លេអ៊ែរនៅហ្វ៊ូគូស្ហ៊ីម៉ា នៅមិនទាន់ធ្ងន់ធ្ងរដូច នៅឈែរណូប៊ីល កាលពីឆ្នាំ១៩៨៦នោះទេ។ ក៏ប៉ុន្តែ អ្នកជំនាញខាងនុយក្លេអ៊ែររបស់បារាំងបានលើកឡើងថា ប្រសិនបើអាជ្ញាធរជប៉ុនគ្រប់គ្រងស្ថានការណ៍លែងជាប់ វិបត្តិនៅហ្វ៊ូគូស្ហ៊ីម៉ាអាចនឹងធ្ងន់ធ្ងរជាងនៅឈែរណូប៊ីល ពីព្រោះ កាលពីនៅឈែរណូប៊ីល មានរ៉េអាក់ទ័រតែមួយគ្រឿងប៉ុណ្ណោះ ដែលផ្ទុះឆេះ។ ចំណែក នៅហ្វ៊ូគូស្ហ៊ីម៉ាវិញ មានរ៉េអាក់ទ័រដល់ទៅ៦គ្រឿង ដែលអាចប្រឈមមុខនឹងបញ្ហា។
រហូតមកទល់ពេលនេះ រ៉េអាក់ទ័រលេខ៥ និងលេខ៦ នៅមិនទាន់មានការខូចខាតក៏ពិតមែន ក៏ប៉ុន្តែ ក៏មិនមានសុវត្ថិភាពទាំងស្រុងដែរ។ ប្រសិនបើប្រព័ន្ធបូមទឹកត្រជាក់នៅតែមិនដំណើរការ ហើយការបូមទឹកសមុទ្រមកចាក់លើស្នូលនុយក្លេអ៊ែរត្រូវបរាជ័យ រ៉េអាក់ទ័រទាំង៦ ត្រូវប្រឈមមុខនឹងការឆេះធ្លាយវិទ្យុសកម្មទៅក្នុងបរិយាកាស។
តើស្នូលនុយក្លេអ៊ែរក្នុងរ៉េអាក់ទ័រអាចផ្ទុះដូចជាគ្រាប់បែកនុយក្លេអ៊ែរដែរឬទេ?
សារធាតុអ៊ុយរ៉ាញ៉ូម ដែលប្រើក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរមិនមានកម្លាំងខ្លាំងដូច អ៊ុយរ៉ាញ៉ូម ដែលគេប្រើក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។ ក្នុងរ៉េអាក់ទ័រ អ៊ុយរ៉ាញ៉ូមត្រូវគេបន្សុទ្ធត្រឹមកម្រិតប្រមាណ ២០% ប៉ុណ្ណោះ។ នៅក្នុងគ្រាប់បែកនុយក្លេអ៊ែរវិញ អ៊ុយរ៉ាញ៉ូមត្រូវគេបន្សុទ្ធរហូតដល់ទៅកម្រិតយ៉ាងតិចបំផុត ៨៥% ឯណោះ។
ដូច្នេះ ស្នូលនុយក្លេអ៊ែរក្នុងរោងចក្រអគ្គិសនី មិនអាចផ្ទុះដូចជាគ្រាប់បែកនុយក្លេអ៊ែរនោះទេ។ គ្រោះថ្នាក់ចម្បង ដែលបង្កឡើងដោយការផ្ទុះស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរ គឺការសាយភាយសារធាតុវិទ្យុសកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ