អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើក្រុម« ភាតរអ៊ីស្លាម » នៅ​អេហ្ស៊ីប​ជា​នរណា និង​មាន​កំណើត​យ៉ាង​ដូចម្តេច ?

សំឡេង ០៥:០០
ក្រុមបាតុករ​នៃ​ក្រុម​ភាតរអ៊ីស្លាម​ អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ ម៉រស៊ី
ក្រុមបាតុករ​នៃ​ក្រុម​ភាតរអ៊ីស្លាម​ អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ ម៉រស៊ី REUTERS/Asmaa Waguih
៣០ នាទី

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ក្រុម​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​វាយបំបែក​ហ្វូង​បាតុករ​របស់​ក្រុម « ភាតរ​អ៊ីស្លាម​ » មក ស្ថានការណ៍​នយោបាយ​នៅ​បន្ត​តានតឹង និង​រំជើបរំជួល។ សូម​ជម្រាប​ជូន​ថា វិបត្តិ​នយោបាយ​ចុង​ក្រោយ​នៅ​អេហ្ស៊ីប​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ម៉រស៊ី​ចេញ​ពី​អំណាច​កាល​ពី​ថ្ងៃទី៣ កក្កដា ឆ្នំា ២០១៣។ រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ម័រស៊ី​ដែល​ក្រុម « ភាតរ​អ៊ីស្លាម​ » មិន​អាច​ទទួល​យក​បាន​ទេ។ តើ​ក្រុម « ភាតរ​អ៊ីស្លាម​ » នៅ​អេហ្ស៊ីប​ជា​នរណា និង​មាន​កំណើត​យ៉ាង​ដូចម្តេច ? 

ផ្សាយពាណិជ្ជកម្ម

ចលនា « ភាតរ​អ៊ីស្លាម​ » គឺ​ជា​ចលនា​មួយ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ និង​មាន​ឥទ្ធិពល​ខ្លំាង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ បង្កើត​ឡើង​ក្នុង​ឆ្នំា ១៩២៨ ដោយ​លោក​ហាស់សាន អាល់ បានណា ចលនា « ភាតរ​អ៊ីស្លាម​ » ត្រូវ​បាន​បង្កើត​ដំបូង​ក្រោម​រូបភាព​ជា​សមាគម​មួយ​យ៉ាង​សាមញ្ញ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ តែ​បន្តិច​ម្តងៗ ចលនា​មួយ​នេះ​បាន​ផ្តើម​ប្រែ​មុខមាត់​ក្នុង​គោលដៅ​នយោបាយ។ នៅ​ក្នុង​សមាជ​លើកទីមួយ​ក្នុង​ឆ្នំា ១៩៣៣ ចលនា « ភាតរ​អ៊ីស្លាម​ » មាន​សមាជិក ២ ០០០នាក់ មួយ​ឆ្នំា​ក្រោយ​មក មាន ៤០ ០០០នាក់ ១០ឆ្នំា​បន្ទាប់​មក ពោល​ក្នុង​ឆ្នំា ១៩៤៣ សមាជិក​របស់​ចលនា​មួយ​នេះ​បាន​កើន​ជាង ២០ម៉ឺននាក់ ហើយ​មក​ដល់​សព្វ​ថ្ងៃ គឺ​មាន​រាប់សិបលាននាក់​ឯណោះ។

គោលដៅ​សំខាន់​របស់​ចលនា « ភាតរ​អ៊ីស្លាម​ » គឺ​ស្ថាបនា​រដ្ឋអ៊ីស្លាម​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​ដាក់​បញ្ចូល​ច្បាប់​អ៊ីស្លាម « la charia » នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ បាវចនា​របស់​ចលនា « ភាតរ​អ៊ីស្លាម​ » ត្រូវ​បាន​សង្ខេប​តាម​ឧត្តមគតិ​របស់​ពួក​គេ​ដូច​ខាង​ក្រោម៖ ព្រះអាឡា ជា​ទិសដៅ​របស់​យើង ព្យាការី ជា​មេដឹកនំា​របស់​យើង គម្ពីរសាសនា​កូរ៉ង់ ជា​រដ្ឋធម្មនុញ្ញ​របស់​យើង សង្រ្គាម​ជីហាត ជា​ផ្លូវ​របស់​យើង រីឯ​ក្តីសង្ឃឹម​របស់​យើង គឺ​ការ​ស៊ូស្លាប់​ដើម្បី​ជំនឿ។

ក្រៅ​ពី​មាន​ឥទ្ធិពល​ខ្លំាង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ចលនា « ភាតរ​អ៊ីស្លាម​ » ក៏​បាន​ផ្សព្វផ្សាយ​លទ្ធិ​របស់​ខ្លួន ព្រម​ទំាង​បាន​បង្កើត​សាខា​ជា​ច្រើន​នៅ​ក្នុង​ពិភពអ៊ីស្លាម និយាយ​ជារួម និង​នៅ​ក្នុង​បណ្តារ​ប្រទេស​ដែល​សម្បូរ​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់នៅ និយាយ​ដោយ​ឡែក។ ខុស​ពី​អ្វី​ដែល​បាន​សន្យា​តស៊ូ​ប្រយុទ្ធ​មិន​ប្រើ​អំពើហិង្សា ចលនា « ភាតរ​អ៊ីស្លាម​ » បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សង្រ្គាម​ប្រឆំាង​ប្រទេស​អ៊ីស្រាអែល​ក្នុង​ឆ្នំា ១៩៤៨។ ក្នុង​ឆ្នំា ១៩៤៨ ដដែល​នោះ ចលនា​មួយ​នេះ​បាន​ធ្វើ​ឃាត​លោក Mahmud Fahmi Nokrashi នាយករដ្ឋមន្រ្តី​អេហ្ស៊ីប​ជំនាន់​នោះ។ ជា​ការ​សងសឹក​វិញ ចលនា « ភាតរ​អ៊ីស្លាម​ » ត្រូវ​បាន​រដ្ឋអំណាច​អេហ្ស៊ីប​បិទសកម្មភាព រីឯ​សា្ថបនិក​របស់​ចលនា​នេះ គឺ​លោក​ហាស់សាន អាល់ បានណា ក៏​ត្រូវ​បាន​ភ្នាក់ងារ​សម្ងាត់​អេហ្ស៊ីប​សំលេះ​ចោល​នៅ​ថ្ងៃទី១២ កុម្ភៈ ឆ្នំា ១៩៤៩។

នៅ​ពេល​នោះ​ឯង ដែល​ចលនា « ភាតរ​អ៊ីស្លាម​ » បាន​ទទួល​រងការ​វាយបង្រ្កាប និង​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ហិង្សា​ពី​កម្លំាង​រដ្ឋាភិបាល។ នៅ​ដើម​ទសវត្ស​ឆ្នំា ៥០ សហរដ្ឋអាមេរិក​បាន​ផ្តើម​ទាក់ទង​ចលនា « ភាតរ​អ៊ីស្លាម​ » ដើម្បី​ប្រឆំាង​នឹង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Gamal Abdel Nasser ព្រម​ទំាង​របប​កុម្មុយនិស្ត និង​សង្គមនិយម​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​​ដើមបូព៌ា​នា​សម័យ​នោះ។ ក្នុង​រយៈពេល​សម័យសង្រ្គាមត្រជាក់ ពោល​ចាប់​ពី​ឆ្នំា ១៩៥៦ ចលនា « ភាតរ​អ៊ីស្លាម​ » បាន​ទទួល​ជំនួយ​ជា​លុយកាក់ និង​គ្រឿងសព្វាវុធ​យ៉ាង​សំបើម​ពី​ក្រសួង​ស៊ើកការសម្ងាត់​អាមេរិក CIA ដើម្បី​ធ្វើ​ឲ្យ​ខ្សោយ និង​កាច់បំបាក់​រដ្ឋអំណាច​អេហ្ស៊ីប​របស់​លោក Nasser ដែល​គំាទ្រ​ដោយ​សហភាព​សូវៀត។

ចន្លោះ​ឆ្នំា ១៩៥៤-១៩៧៤ លោក Nasser បាន​ប្រើ​ធម៌ក្តៅ​វាយបង្រ្កាប​ក្រុម « ភាតរ​អ៊ីស្លាម​ » ក្នុង​ថ្លុកឈាម ព្រម​ទំាង​ចាប់​ពួក​នេះ​ញាត់​គុក​ជា​ច្រើន​ពាន់នាក់។ ក្រោយ​មក​ក្នុង​ឆ្នំា ១៩៧១ ទើប​អ្នក​ស្នង​តំណែង​ពី​លោក Nasser គឺ​លោក Anouar el-Sadate បាន​សម្រេច​ដោះលែង ព្រម​ទំាង​លើកលែង​ទោស​ឲ្យ​សមាជិក​របស់​ចលនា « ភាតរ​អ៊ីស្លាម​ » ទំាង​អស់។ តែ​ចាប់​ពី​ឆ្នំា ១៩៧៩ មក ក្រុម « ភាតរ​អ៊ីស្លាម​ » អ្នកជ្រុលនិយម​បាន​ផ្ទុះ​កំហឹង និង​បាន​បាញ់​សម្លាប់​លោក Sadate ក្នុង​ឆ្នំា ១៩៨១ ដោយសារ​តែ​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

ក្នុង​ឆ្នំា ១៩៨៤ ចលនា « ភាតរ​អ៊ីស្លាម​ » ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​មូបារ៉ាក់​ទទួល​ស្គាល់​ត្រឹមតែ​ជា​អង្គការ​សាសនា​មួយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា សមាជិក​របស់​ចលនា​មួយ​នេះ​បាន​បញ្ជ្រៀត​ចូល​ក្នុង​ជីវិត​នយោបាយ​ដោយ​ប្រើ​ស្លាកសញ្ញា​របស់​គណបក្ស​ផ្សេង។ ជាក់ស្តែង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នំា ២០០៥ ចលនា « ភាតរ​អ៊ីស្លាម​ » ទទួល​បាន​អសនៈ ៨៨ នៅ​ក្នុង​ចំណោម​អសនៈ​ទំាង ៤៥៤ នៅ​ក្នុង​រដ្ឋសភា។

គួរ​ជម្រាប​ជូន​ថា ចលនា « ភាតរ​អ៊ីស្លាម​ » ដែល​ត្រូវ​បាន​រដ្ឋអំណាច​គ្រប់ជំនាន់​តាម​គាបសង្កត់​ជាប់​ជា​ប្រចំា​នោះ បាន​ប្តូរ​យុទ្ធសាស្រ្ត​របស់​ខ្លួន​តាម​រយៈ​តួនាទីសង្គម​យ៉ាង​សកម្ម​ជួយ​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ​រស់នៅ​តាម​ទីជនបទ។ ចលនា « ភាតរ​អ៊ីស្លាម​ » បាន​សាងសង់​មន្ទីរពេទ្យ សាលារៀន ធនាគារ ព្រម​ទំាង​មជ្ឈមណ្ឌល​អប់រំ​ផ្សេងៗ​ទៀត។ គឺ​ផ្តើម​ចេញ​ពី​ចំណុច​នេះ​ហើយ ដែល​ចលនា « ភាតរ​អ៊ីស្លាម​ » ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នំា ២០១២។ តែ​ឥឡូវ​នេះ និង​បន្ទាប់​ពី​បាន​កាន់​អំណាច​បាន ១ឆ្នំា​មក លោក​ប្រធានាធិបតី​ម៉រស៊ី​ក៏​ត្រូវ​បាន​កងទ័ព​កំចាត់​ចេញ​ពី​អំណាច​បាត់។ ការ​ទម្លាក់​លោក​ម៉រស៊ី​ចេញ​ពី​អំណាច​ដែល​បាន​ធ្វើ​ក្រុម « ភាតរ​អ៊ីស្លាម​ » ក្តៅក្រហាយ​យ៉ាង​ខ្លំាង​នា​ពេល​នេះ។

តើ​ប្រទេស​អេហ្ស៊ីប​កំពុង​ធ្វើ​ដំណើរ​វិល​ទៅ​រក​ទ្រនំ​ចាស់ មុន​បដិវត្តន៍​ឆ្នំា ២០១១ ឬ​យ៉ាង​ណា?។ គេ​គួរ​តែ​ទុក​ឲ្យ​ប្រជាជន​អេហ្ស៊ីប​ជា​អ្នក​កំណត់​ជោគវាសនា​ដោយ​ខ្លួន​ឯង​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ