ជប៉ុន

អង្គការ Greenpeace រកឃើញ​សារធាតុ​វិទ្យុសកម្ម​ក្នុង​សត្វសមុទ្រ​នៅ​ហ៊្វូគូស្ហ៊ីម៉ា

បុគ្គលិក​អង្គការ​ Greenpeace កំពុង​យក​ស្លែសមុទ្រ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ទៅ​ធ្វើ​តេស្ត​រក​សារធាតុ​វិទ្យុសកម្ម
បុគ្គលិក​អង្គការ​ Greenpeace កំពុង​យក​ស្លែសមុទ្រ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ទៅ​ធ្វើ​តេស្ត​រក​សារធាតុ​វិទ្យុសកម្ម ©Reuters/Jeremy Sutton-Hibbert/Greenpeace/Handout

នៅថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​ Greenpeace បាន​ប្រកាសថា គេ​បាន​ធ្វើតេស្ត​រកឃើញ​សារធាតុ​វិទ្យុសកម្ម នៅ​ក្នុង​សត្វសមុទ្រ នៅ​ក្នុង​តំបន់​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​​ហ៊្វូគូស្ហ៊ីម៉ា។ សារធាតុវិទ្យុសកម្ម​​នៅ​ក្នុង​ខ្លួន​សត្វសមុទ្រ​ទាំងនេះ មាន​កម្រិត​ខ្ពស់​ហួស​ពី​ការ​កំណត់​របស់​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

Greenpeace ដែល​ជា​អង្គការ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ បាន​ធ្វើ​តេស្ត​​រក​សារធាតុ​វិទ្យុសកម្ម នៅ​ក្នុង​សមុទ្រ ក្នុង​តំបន់​ហ៊្វូគូស្ហ៊ីម៉ា ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​​បាន​ខូចខាត​លេចធ្លាយ​វិទ្យុសកម្ម ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី កាលពី​ដើមខែ​មីនា​កន្លងទៅ។

Greenpeace បាន​អះអាង​ថា គេ​បាន​រកឃើញ​​​សារធាតុវិទ្យុសកម្ម​ នៅ​ក្នុង​​ស្លែ​សមុទ្រ​ និង​​សត្វសមុទ្រ​ជាច្រើន​ប្រភេទ។ សារធាតុវិទ្យុសកម្ម​នេះ​មាន​​កម្រិត​ខ្ពស់​ហួស​ពី​ការ​កំណត់​របស់​ច្បាប់ ដែល​ជាបញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត សម្រាប់​ប្រជាជន និង​បរិស្ថាន​​នៅ​ក្នុង​តំបន់។ Greenpeace ក៏​បាន​បញ្ជាក់​ផងដែរ​ថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​​ពិនិត្យ​​ផ្ទៀងផ្ទាត់​ដោយ​មន្ទីរពិសោធ​ន៍​បារាំង និង​ប៊ែលហ្ស៊ិក។ អង្គការ​នេះ​ក៏​បាន​ធ្វើការ​រិះគន់​ផងដែរ​​ដល់​អាជ្ញាធរ​ជប៉ុន​ថា​​មិនបាន​ចាត់វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កន្លងទៅ។

គួរ​បញ្ជាក់​ថា កាល​ពី​ដើមខែ​មេសា ទឹក​ប្រមាណជា ៥២០​តោន ដែល​មាន​ពេញ​ទៅដោយ​សារធាតុវិទ្យុសកម្ម បាន​ហូរ​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ី ទៅ​ក្នុង​សមុទ្រ។ អង្គការ Greenpeace បាន​បញ្ជាក់ថា សារធាតុវិទ្យុសកម្ម​ត្រូវ​បាន​គេ​រកឃើញ​​រហូត​ដល់​ក្រៅ​ដែនទឹក​របស់​ជប៉ុន​ទៅទៀត។

អាជ្ញាធរ​ជប៉ុន​វិញ​បានអះអាង​ថា តាមរយៈ​ចរន្ត​លំហូរ​ទឹកសមុទ្រ សារធាតុវិទ្យុសកម្ម​ក្នុង​សមុទ្រ​នឹង​ថយចុះ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ធ្វើការ​នេសាទ នៅ​ក្នុង​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា​នោះទេ។ អាជ្ញាធរ​តំបន់​ហ៊្វូគូស្ហ៊ីម៉ា​កំពុង​បន្ត​ធ្វើ​តេស្ត ដើម្បី​តាមដាន​មើល​កម្រិត​សារធាតុវិទ្យុសកម្ម ក្នុង​សត្វសមុទ្រ។ នៅ​តាម​ខេត្ត​ ដែល​ស្ថិត​នៅ​ជាប់​នឹង​ហ្វ៊ូគូស្ហ៊ីម៉ា​វិញ ក៏​ក្រសួង​កសិកម្ម​ជប៉ុន​​​ធ្វើ​ការ​តាមដាន​មើល​ជា​ប្រចាំ​ដែរ។ ប្រសិន​បើ​គេ​រកឃើញ​ថា កម្រិត​សារធាតុ​វិទ្យុសកម្ម​​កើនឡើង​ហួស​ពី​ការ​កំណត់​ អាជ្ញាធរ​នឹង​ចេញ​បម្រាម​បញ្ឈប់​ការ​លក់​គ្រឿង​សមុទ្រ ដែល​នេសាទ​ពី​ក្នុង​ខេត្ត​ទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI