អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ទាហាន​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​លើ​តំបន់ Gaza ក្នុង​ដែនដី​ប៉ាឡេស្ទីន ក្រោយ​ពី​មាន​ការ​បាញ់​គ្រាប់រ៉ូកែត

ទាហាន​អ៊ីស្រាអែល
ទាហាន​អ៊ីស្រាអែល REUTERS/Baz Ratner
១៤ នាទី

នៅ​ក្នុង​យប់​ថ្ងៃ​អាទិត្យ ទី២៣ ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី២៤ មិថុនា​នេះ ទាហាន​ជើងអាកាស​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​លើ​តំបន់ Gaza ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ប្រតិបត្តិការ​ទ័ពអាកាស​របស់​ទាហាន​អ៊ីស្រាអែល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​បាញ់​គ្រាប់រ៉ូកែត​ជា​ច្រើន​គ្រាប់​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ប៉ែក​ខាង​ត្បូង នេះ​បើ​តាម​បញ្ជាក់​រួមគ្នា​ពី​ប្រភព​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ទាហាន​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា ទ័ពអាកាស​បាន​បាញ់​កម្ទេច​កន្លែង​ស្តុក​អាវុធ​ចំនួន​ពីរ​កន្លែង​នៅ​ប៉ែក​កណ្តាល​តំបន់ Gaza ព្រម​ទំាង​ទីតំាង​បាញ់​គ្រាប់​រ៉ូកែត​មួយ​កន្លែង​នៅ​ប៉ែក​ខាង​ត្បូង​តំបន់ Gaza។ បើ​យោង​តាម​សាក្សី​ជនជាតិ​ប៉ាឡេស្ទីន ប្រតិបត្តិការ​ទ័ពអាកាស​របស់​អ៊ីស្រាអែល​លើ​តំបន់ Gaza ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នោះ​មិន​បាន​ប៉ះពាល់​លើ​តំបន់​រស់នៅ​របស់​ប្រជាជន ហើយ​ក៏​មិន​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ដែរ។

តាម​ពិត​ទៅ និង​បើ​ផ្អែក​តាម​សាក្សី​មួយ​ចំនួន ទាហាន​អ៊ីស្រាអែល​បាន​វាយប្រហារ​សំដៅ​លើ​ចលនាជ្រុលនិយម Jihad អ៊ីស្លាម​នៅ Khan Younès ប៉ែក​កណ្តាល និង Rafah នៅ​ប៉ែក​ខាង​ត្បូង​តំបន់ Gaza ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ប្រតិកម្ម​ភ្លាមៗ​របស់​អ៊ីស្រាអែល​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​គ្រាប់​រ៉ូកែត​ចំនួន ២គ្រាប់​បាន​ធ្លាក់​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ប៉ែក​ខាងត្បូង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ទន្ទឹម​គ្នា​នោះ នៅ​មាន​គ្រាប់​រ៉ូកែត​ចំនួន ២គ្រាប់​ផ្សេង​ទៀត​ត្រូវ​បាន​ប្រព័ន្ធចាប់មីស៊ីល​ស្ទាក់បាញ់​កម្ទេច​ចោល។

ក៏​ដូច​ជា​សព្វ​មួយ​ដង និង​ជា​ចម្លើយ​សងសឹក​វិញ អ៊ីស្រាអែល​បាន​សម្រេច​បិទ​ច្រក​ចេញ ចូល Kerem Shalom ដែល​ជា​ច្រក​សម្រាប់​ដឹកទំនិញ​រវាង​ដែនដី​អ៊ីស្រាអែល និង​តំបន់ Gaza ក្នុង​ដែនដី​ប៉ាឡេស្ទីន។ ទន្ទឹម​គ្នា​នេះ អ៊ីស្រាអែល​ក៏​បាន​ទម្លាក់​កំហុស​ការ​បាញ់​គ្រាប់​រ៉ូកែត​​ទៅ​លើ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ដែល​កំពុង​កាន់អំណាច​នៅ​ក្នុង​តំបន់ Gaza។

តែ​បញ្ហា​នៅ​ត្រង់​ថា ការ​បាញ់​គ្រាប់​រ៉ូកែត​ទៅ​លើ​ទឹកដី​អ៊ីស្រាអែល​ពេល​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ជម្លោះ​យ៉ាង​តានតឹង​រវាង​ចលនា​ហាម៉ាស និង​ចលនាជ្រុលនិយម Jihad អ៊ីស្លាម។ Jihad អ៊ីស្លាម​ដែល​បាន​ព្យួរ​ទំនាក់ទំនង​ជាមួយ​ហាម៉ាស ក្រោយ​ពី​មាន​ប្រមុខយោធា​ម្នាក់​របស់​គេ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលីស​ហាម៉ាស​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ ចលនា Jihad អ៊ីស្លាម និង​ចលនា​ហាម៉ាស​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​មរណៈភាព​មេកើយ​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ