កម្ពុជា

លោក សម រង្ស៊ី​គាំទ្រ​ការទាមទារ​ប្រាក់ឈ្នួល​អប្បបរមា​១៨០ដុល្លារ​សម្រាប់​កម្មករ

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ RFI/Siv Channa

ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ ​បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​ការ​ទាមទារ​របស់​សហ​ជីពឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កាត់​ដេរ​យ៉ាង​តិច​១៨០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ២០១៧​។ ការ​លើកឡើង​របស់​មេបក្ស​ប្រឆាំង​នេះ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា​លោក​សម ​រង្ស៊ី​ទទួល​បាន​ព័ត៌​មាន​តិចជាង​សហជីព ​ដែល​កំពុង​ធ្វើ​ការ​ងារនេះ​ផ្ទាល់​។

ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី​គាំទ្រ​ការ​ទាមទារ​របស់​សហ​ជីព​តំណាង​ឲ្យ​កម្មក​រ​នៅ​ប្រទេស​កម្ពុជា ​ដែល​ទាម​ទារ ឲ្យ​ថៅ​កែរោង​ចក្រ ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​ពី១៤០​ដុល្លារ​ ដល់​១៨០​ដុល្លារ​យ៉ាង​តិច​ សម្រាប់​ឆ្នាំ២​០១៧ខាងមុ​ខ។ នេះបើតាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នៅ​ថ្ងៃទី១១ ​កញ្ញានេះ។

ប្រធាន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​តែ​រស់​នៅ​ក្រៅ​ប្រទេស ​បាន​ចាត់​ទុក​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ​យ៉ាង​តិច​១៨០​ដុល្លារ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​ថា ​“ប្រាក់​ខែ​គោល ​១៤០ដុល្លារ ដូច​សព្វ​ថ្ងៃ មិន​អាច​រស់បាន​ទេ។​មិន​អាច​ប្រៀប​ធៀប​ប្រាក់​ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា ​ទៅនឹង​ប្រាក់​ខែ​កម្មករ​នៅ​ប្រទេស​ជិត​ខាង​បានទេ​ ​ពី​ព្រោះ​ទំនិញ​នៅ​ប្រទេស​កម្ពុជា ​ថ្លៃ​ជាង​នៅ​ប្រទេស​ជិត​ខាង​ ឆ្ងាយ​ណាស់(...)

លោក​សម រង្ស៊ី​បាន​ឲ្យ​ដឹង​ទៀត​ថា​ “នៅ​ប្រទេស​កម្ពុជា ​សេវា​សាធារ​ណៈដូច​ជា​ប្រព័ន្ធ​អប់រំ ​និង​ប្រព័ន្ធ​សុខាភិបាល ​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំណាយ​លុយ ​ច្រើន​ជា​ង​នៅ​ប្រទេស​ជិត​ខាង​។នៅ​ប្រទេស​កម្ពុជា ​មិន​មាន​សេវាសង្គម​កិច្ច ​ជួយ​ទ្រទ្រង់​ជីវភាព​រ​ស់នៅ ​របស់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ដូ​ច​នៅ​ប្រទេស​ជិត​ខាង​ទេ។​

ការ​លើក​ឡើង​របស់​លោក​សម​ រង្ស៊ី​តាមទំព័រ​ហ្វេស​ប៊ុក​នេះ ធ្វើ​​ឡើ​ង​ស្រប​​ពេល​​ដែល​​ការ​​ចរ​ចា​ប្រាក់​​ឈ្នួល​​ក្នុងវិស័យ​វាយ​នភណ្ឌ​កាត់​ដេរ និងផ​លិត​ស្បែក​ជើ​ង​ កំពុង​តែដំណើរការ ដើម្បី​សម្រេច​យក​តួលេខ​ប្រាក់​ឈ្នួលអប្បបរមា​មួយ​សម្រាប់​ឆ្នាំ២​០១៧ខាងមុ​ខនេះ​។ ការ​​ប្រជុំ​កំណត់​ប្រាក់ឈ្នួល​កម្មករ​នឹង​ត្រូវ​ប្រជុំ​ពិភាក្សាលំ​អិត ជា​លក្ខណៈ​ត្រីភាគី​នៅ​ថ្ងៃទី២៦ ខែ​កញ្ញា​ខាង​មុខ​នេះជាបន្ត។

លោក​ហេង ​សួរ​អ្នក​នាំពា​ក្យ​ក្រសួងការងារ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​អ្វី​ដែល​លោក​សម​ រង្ស៊ី​បានសរសេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​នេះ គឺ​​គ្រាន់​តែ​ជា​ការ​ឆ្លៀត​កេង​យក​អ្វី​ដែល​ជាកា​រ​ប្រកាស​ជា​សាធារណៈរ​បស់សហជីព ​ដែល​បាន​បោះឆ្នោត​ផ្ទៃក្នុងៗ​ការ​កំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ការ​ចរចា​ជា​មួយ​ភាគីរដ្ឋាភិបាល ​និង​ភាគ​និយោជក។​

លោក​ថា ​លោក​សម ​រង្ស៊ី​ហាក់​ដូច​ជា​ទទួល​បាន​ព័ត៌​មាន​តិច​ជាង​ភាគី​សហជីព ​ដែល​ជា​អ្នក​ធ្វើ​កិច្ចការ​នេះផ្ទាល់ ​ដូច្នេះ​លោក​សម ​រង្ស៊ី​ប្រហែល​ត្រូវ​មាន​អ្នក​បច្ចេក​ទេស​ទៅ​ពន្យល់​បន្ថែម​ទៀត ​បើ​មិន​ដូច្នេះ​ទេ​អ្វី​ដែលគាត់​សរសេរ​មក​គឺ​ខុស​ពី​ស្ថាន​ភាព​ជាក់​ស្តែង។​

ទោះ​បី​ជា​ស្ថិត​ក្នុង​ការចរចា​ក្តី​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​កញ្ញា ​​សមា​គម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ (GMAC)​ បានឲ្យ​ដឹង​ថា​ប្រាក់​ឈ្នួល​អប្បបរមា​​ថ្មី​ គួរ​ត្រូវ​​កំណត់​ក្នុងក​ម្រិតមិ​នលើស​ពី​១៤៤.២​ដុល្លារឡើយ។ ដោយភាគីGMAC បានលើកហេតុផលថាវិស័យកាត់ដេរ និងផលិត​ស្បែក​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែលំ​បាកទៅៗ​។ ចំណែក​ខាង​តំណាង​សហ​ជីព​កម្មករ​វិញបា​ន​ដាក់​សំណើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ១៧៩.៦ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ២០១៧ ដើម្បីចរចា​៕ ​​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​(ILO) កាល​ពីខែសីហា ​កម្ពុជា​មាន​កម្មករ​នយោជិត​ផ្នែក​វាយណ្ឌ កា​ត់ដេ​រ និង​ផលិត​ស្បែក​ជើង​ប្រមាណ​៦៣០,០០០​នាក់ ​ដែល​បាន​ទទួល​ប្រាក់​ឈ្នួល​អប្បបរមាពី​១២៨​ដុល្លារ​នៅ​ឆ្នាំ២០១៥ ​ហើយ​កើន​មក​ដល់​ប្រាក់​ឈ្នួល​អប្បបរមា១​៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ។​

ដោយឡែក​​ការ​នាំ​​ចេញ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ទៅ​កាន់​ទីផ្សារ​បរទេសក៏នៅ​​តែ​បន្ត​កើន​ឡើង​​នៅ​ត្រីមាសទី១​ នៃ​ឆ្នាំ២០១៦​ ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ការ​កើន​ឡើង​១៤.៧​ភាគរយ ​ ក្នុង​ទំហំ​ទឹកប្រាក់​១,៦០៥​លាន​ដុល្លារ​អាមេរិក​។ ការ​នាំ​ចេញ​ស្បែក​ជើង​ក្នុង​រយៈ​ពេល​ដូច​គ្នានេះ​ បាន​កើន​​ឡើង​១២.៩ភាគ​រយ ​ឬ​ក្នុង​ទំហំ​ទឹក​ប្រាក់​១៦៨​លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​តាម​របាយ​ការណ៍ILO​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI