ឥណ្ឌូនេស៊ី

ប្រជាជន​អ៊ីស្លាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​អូបាម៉ា​លើ​ទឹកដី​ឥណ្ឌូនេស៊ី

អ្នក​កាន់សាសនា​អ៊ីស្លាម​Hizbut Tahrir​ដើរ​ក្បួន នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​នឹង​វត្តមានរបស់​លោក​អូបាម៉ា​នៅ​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​កើត​ឡើង នៅ​ថ្ងៃ​អង្គារ​ទី ៩ វិច្ឆិកា ឆ្នាំ ២០១០
អ្នក​កាន់សាសនា​អ៊ីស្លាម​Hizbut Tahrir​ដើរ​ក្បួន នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ប្រឆាំង​នឹង​វត្តមានរបស់​លោក​អូបាម៉ា​នៅ​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​កើត​ឡើង នៅ​ថ្ងៃ​អង្គារ​ទី ៩ វិច្ឆិកា ឆ្នាំ ២០១០ ©Reuters

សមាជិក​របស់​ចលនា​អ៊ីស្លាម​និយម ដែល​មាន​ឈ្មោះ​ថា Hizbut Tahrir បាន​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង​ហ្សាកាតា ដើម្បី ប្រឆំាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី អាមេរិក ដែល​នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​អង្គារ​ខាងមុខ​នេះ។ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អ្នកកាន់​សាសនា​អ៊ីស្លាម​ច្រើន​គេ ក្នុង​ពិភពលោក លោក​អូបាម៉ា​ទំនង​ជា​ចង់​និយាយ​ពី​ការចាប់ផ្តើម ជា​ថ្មី​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កាន់សាសនា​អ៊ីស្លាម និង​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

នៅ​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិក​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជាទី​ដែល​លោក​ធ្លាប់​បាន​ចំណាយ​ពេល ៤ឆ្នាំ​នៃ​កុមារភាព​របស់​លោក។ ប្រជាជន និង​ជាពិសេស​ថ្នាក់ដឹកនាំ​ឥណ្ឌូនេស៊ី បាន​ទន្ទឹង​រង់ចាំ​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​មហា​អំណាច​ពិភពលោក ជា​យូរណាស់​មកហើយ។

ផ្ទុយទៅវិញ សម្រាប់​ក្រុម​អ្នកកាន់​សាសនា Hizbut Tahrir ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នឹង​រឹតតែ​បន្ថែម​ទុក្ខ​ដល់​ប្រជាជន​ឥណ្ឌូនេស៊ី​ថែមទៀត។ ប្រជាជន​ឥណ្ឌូនេស៊ី​ដែល​កំពុង​រងទុក្ខ​ដោយ​គ្រោះ​រលក​យក្ស​ស៊ូណាមី និង​បន្ទុះ​ភ្នំភ្លើង Merapi។ ក្រុម​សាសនា​អ៊ីស្លាមHizbut Tahrirដែល​មាន​ការគាំទ្រ​តិចតួច​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ប្រទេស​មួយ​ចំនួន នៅ​ដើមបូព៌ា បាន​អំពាវនាវ​ទៅ​ប្រជាជន​ឥណ្ឌូនេស៊ី​ផ្សេង​ទៀត​ឲ្យ​ប្រឆាំង ស្អប់​ប្រធានាធិបតី​អាមេរិកាំង។

នៅថ្ងៃនេះ នៅមុខ​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​ហ្សាកាតា សកម្មជន​កាន់​សាសនា​អ៊ីស្លាម​ទាំងនោះ​បាន​ស្រែក​ថា ប្រធានាធិបតី​អាមេរិក​នៅ​តែ​បន្ត​នយោបាយ​អាណានិគមនិយម ទៅ​លើ​ប្រទេស​អៀរ៉ាក់ និង​អាហ្វហ្កានិស្តង់ ដែល​កាន់សាសនា​អ៊ីស្លាម ដូចជា​ឥណ្ឌូនេស៊ី។ ដូច្នេះ ប្រជាជន​ឥណ្ឌូនេស៊ី មិនត្រូវ​ទទួល​លោក​អូបាម៉ា​ជា​ភ្ញៀវ​ទេ។

ភ្នំភ្លើង​Merapi​ផ្ទុះ​ជាថ្មី និង​បង្ក​ផ្សែង​ក្នុង​អាកាស​ច្រើន​រហូត​ធ្វើ​ឲ្យ​ដំណើរ​ហោះហើរ ចូល និង​ចេញ​ឥណ្ឌូនេស៊ី​ត្រូវ​គេ​លុបចោល
ភ្នំភ្លើង​Merapi​ផ្ទុះ​ជាថ្មី និង​បង្ក​ផ្សែង​ក្នុង​អាកាស​ច្រើន​រហូត​ធ្វើ​ឲ្យ​ដំណើរ​ហោះហើរ ចូល និង​ចេញ​ឥណ្ឌូនេស៊ី​ត្រូវ​គេ​លុបចោល ©Reuters

វត្តមាន​របស់​លោកអូបាម៉ា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​លើក​នេះ អាច​ជា​លើក​ទី​មួយ ចាប់តាំង ពី​លោក​​បាន​ចាកចេញ​ពី​ប្រទេស​នេះ នៅឆ្នាំ ១៩៧១។ ក្នុង​នាម​ជា​ប្រទេស​ដែល​ធ្លាប់​ផ្តល់​ជំរក​ដល់​លោក​អូបាម៉ា ឥណ្ឌូនេស៊ី​ធ្លាប់​បាន​ធ្វើ​ពិធី​បុណ្យ​ធំ ដើម្បី​អបអរ​លោក​អូបាម៉ា​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក នៅឆ្នំា ២០០៨ និង​ក្រោយ​មក​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព។

លោកអូបាម៉ា​វិញ ចាប់តាំង​​ពីជាប់ឆ្នោត​ជា​ប្រធានាធិបតី​ភ្លាម លោក​ធ្លាប់​បាន​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ឥណ្ឌូនេស៊ី។ ប៉ុន្តែ ទស្សនកិច្ច​ទាំងពីរ​លើក​មុន​ត្រូវ​លុបចោល​ទៅវិញ ពីព្រោះ​លោក​អូបាម៉ា​ត្រូវ​ជាប់​រវល់​ដោះស្រាយ​នយោបាយ​សុខភាព នៅ​សភា​អាមេរិក និង​បញ្ហា​ហៀរ​លេចប្រេង នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក។

នៅលើក​ទីបីនេះ​ទៀត គេ​បារម្ភ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​ឥណ្ឌូនេស៊ី​អាច​នឹង​ត្រូវ​រំខាន​ជាថ្មី។ ព្រោះថា ចាប់តាំង​ពី​ថ្ងៃ​សៅរ៍ ផ្សែង​ភ្នំភ្លើង Merapi បាន​ធ្វើ​ឲ្យ​គេ​លុបចោល​ជើង​ហោះហើរចេញ និង​ចូល​ឥណ្ឌូនេស៊ី។ ភ្នំភ្លើង Merapi ដែល​បាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ នៅ​ចុងសប្តាហ៍​នេះ បាន​សម្លាប់​មនុស្ស​ជាង ១៣៨នាក់ រហូត​មកដល់​ថ្ងៃ​អាទិត្យទី ៧ វិច្ឆិកា ឆ្នាំ២០១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI