អានតួអត្ថបទ
អាមេរិក-សេអ៊ីអា

ព្រឹទ្ធសភា​អាមេរិក​នឹង​បញ្ជូន​​របាយការណ៍​​​ស្តីពី​ការ​ធ្វើទារុណកម្ម​អ្នកទោស​​របស់​ទីភ្នាក់ងារ​CIA​​ ទៅ​​អោយ​​លោក​អូបាម៉ា

ស្លាកសញ្ញា​របស់​ទីភ្នាក់ងារសេអ៊ីអា
ស្លាកសញ្ញា​របស់​ទីភ្នាក់ងារសេអ៊ីអា REUTERS/Larry Downing
ដោយ៖ ព្រំ សឿន សូលីណា
១៥ នាទី

នៅថ្ងៃ​អង្គារ​នេះ ​អ្នកស្រី​ ​Anne-Marie Capomaccio អាន ម៉ារី កាប៉ូម៉ាស្យូ ​ជា​អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ​យើង​​ បានរាយការណ៍​ពី​ក្រុងវ៉ាស៊ីនតោន​មកថា ​របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិក​​ស្តីពី​ការធ្វើទារុណកម្ម​លើ​អ្នកទោស​ នៅ​ក្នុង​ពន្ធនាគារ​សំងាត់​របស់​ទីភ្នាក់ងារ​​សេអ៊ីអា​អាមេរិក​ នឹង​ត្រូវ​បញ្ជូនទៅ​​អោយ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ យោងតាម​កាសែត​​វ៉ាស៊ីនតោន ប៉ុស្តិ៍ Washington Post ការ​ធ្វើ​ទារុណកម្ម​នៅ​តាម​​គុក​សំងាត់​របស់​ទីភ្នាក់ងារ​សេអ៊ីអា ​មានលក្ខណៈ​ជា​​ប្រព័ន្ធ​បែបផែន​មួយ ដូច្នេះ​ហើយ ទើប​ផ្នែកសន្តិសុខ​ផ្ទៃក្នុង​អាមេរិក​មិនបាន​ទទួលព័ត៌មាន​អ្វីទាំងអស់​ពី​ការធ្វើទារុណកម្ម​ទាំងនេះ។

ផ្សាយពាណិជ្ជកម្ម

អស់ជាច្រើនឆ្នាំ​មកនេះ​ ​ទីភ្នាក់ងារ​CIA បាន​​​​ការពារ​របៀបរបប​នៃ​ការ​​សួរចម្លើយ​របស់​ខ្លួន លើ​អ្នកទោស ដោយ​លើកឡើង​ថា ​វិធី​ទាំងនេះ​ជួយ​អោយ​​ទីភ្នាក់ងារ​ទទួលបាន​ព័ត៌មាន​សំខាន់​បំផុត​ដើម្បី​គាស់រំលើង​បណ្តាញ​ភេរវជន​។

ផ្នែក​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក​បានធ្វើការ​ស៊ើបអង្កេត​​៣ឆ្នាំ​ លើ​ការ​ធ្វើ​ទារុណកម្ម​​របស់​សេអ៊ីអា​ទៅ​​លើ​អ្នកទោស។ ជា​ការ​ស៊ើបអង្កេត​លើ​ការ​ធ្វើទារុណកម្ម​អ្នកទោស​​ ចន្លោះ​ឆ្នាំ២០០២ ដល់ឆ្នាំ​២០០៦ ក្នុង​ពេល​អាមេរិក​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​​អតីត​ប្រធានាធិបតី​ហ្ស៊ក ដាប់ប៊េលយូ ប៊ុស្ហ។  ព្រឹទ្ធសភា​​បាន​​ចេញ​របាយការណ៍​​​​​​​​បដិសេធ​​ការលើកឡើង​របស់​ទីភ្នាក់ងារ​សេអ៊ីអា។ ព្រឹទ្ធសភា​អាមេរិក​ចោទ​សេអ៊ីអា​ថា ​​ភូតកុហក ព្រោះថា កន្លងមក ការដែល​អាមេរិក​បាន​​សម្រេច​ជោគជ័យ ក្នុង​ការ​​គាស់​រំលើង​​បណ្តាញ​ក្រុម​ភេរវជន​​អាល់កៃដា រឺក៏​​កំចាត់​មេភេរវជន បិន ឡាដិន ​មិនមែន​បាន​មក​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​នោះទេ។ ទីភ្នាក់ងារ​សេអ៊ីអា​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​តបត​នឹង​ការ​ចោទ​ប្រកាន់​របស់​ព្រឹទ្ធសភា​អាមេរិក​នោះទេ។

នៅ​ចុង​សប្តាហ៍​នេះ ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត​​សុំអោយ​មាន​ការរៀបចំ​​​​​​ចាត់ថ្នាក់​ខ្លឹមសារ​​​​​​​​​​​​​៦០០​ទំព័រ ក្នុង​​របាយការណ៍​​​​​ស៊ើបអង្កេត​របស់​ខ្លួ​សរុប​៦៣០០ទំព័រ​។​ របាយការណ៍​​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​អោយ​ប្រធានាធិបតី​អូបាម៉ា។ យោងតាម​របាយការណ៍​នេះ ទីភ្នាក់ងារ​សេអ៊ីអា​បាន​ប្រើទារុណកម្ម​លើ​អ្នកទោស​បែបយ៉ាង មិន​អោយ​អ្នកទោស​បាន​ដេក សម្រាត​សម្លៀក​បំពាក់​ពួកគេ​ រឺក៏​ជ្រមុជ​ពួកគេ​អោយ​​​ស្ថិត​ក្បែរ​ស្ថានភាព​​លង់ទឹក​ជាដើម។ ជាក់ស្តែង ​ទាក់ទង​​​អំពើ​ភេរកម្ម​ក្រុងញូវយក ខែ​កញ្ញា​​​ឆ្នាំ២០០១ សេអ៊ីអា​ធ្លាប់​ធ្វើទារុណកម្ម​​លើ ​​ខាលេត ឆេកម៉ូហាមេត ជា​​ជនសំខាន់​​​​របស់​ក្រុម​អាល់កៃដាមួយរូប​ ​អោយ​ស្ទើរ​តែ​​​លង់ទឹក​ដល់​ទៅ​១៨៣ដង ដើម្បី​អោយ​​ជនរូបនោះ​សារភាព​ផ្តល់​​​​ព័ត៌មាន​ពី​​បិន ឡាដិន។

តាំងពី​លោក​អូបាម៉ា​ចូល​កាន់តំណែង​ជាប្រធានាធិបតី​អាមេរិក​ លោក​អូបាម៉ា​បាន​​បញ្ឈប់​មិន​អោយ​មាន​​វិធីសាស្ត្រ​សួរចម្លើយ​បែបនេះ​ទៀត ធ្វើអោយ​​ភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា​មួយចំនួន​​​​មិនពេញចិត្ត និង​លាលែង​ពីតំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ