គុយបា-រុស្ស៊ី

ទស្សនកិច្ច​ប្រមុខ​ដឹកនាំ​គុយបា លោករ៉ាអ៊ូល កាស្ត្រូ នៅ​រុស្ស៊ី

ប្រធានាធិបតី គុយបា(ឆ្វេង) ជួប​សន្ទនា​ជាមួយ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
ប្រធានាធិបតី គុយបា(ឆ្វេង) ជួប​សន្ទនា​ជាមួយ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី © REUTERS

នៅ​ថ្ងៃ១១​កក្កដា​ម្សិលមិញ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ពី​ថ្ងៃ១០ ដល់ ១២កក្កដា លោក​រ៉ាអ៊ូលកាស្ត្រូ ក្នុង ឋានៈ ជា​ប្រមុខ​រដ្ឋ​ផង ប្រមុខ​រដ្ឋាភិបាល​ផង បាន​ត្រូវ​ទទួល​ជួប ដោយ លោកប្រធានាធិបតី​រុស្ស៊ី ពូទីន។ ជំនួប​លើក​នេះ រវាង​លោកពូទីន និង​លោក​រ៉ាអ៊ូល កាស្ត្រូ ជា ជំនួប​លើកទី៣​ហើយ គិតពីឆ្នាំ២០០០ - ឆ្នាំ​ដែល​លោកពូទីន ទើប​ឡើង​កាន់​អំណាច​កំពូល នៅ​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

 

ជា​ការកត់​សម្គាល់ លោក​រ៉ាអ៊ូល កាស្ត្រូ​អាយុ ៨១​ឆ្នាំ ដែល​ស្នង​អំណាច តាំងពី​ឆ្នាំ​២០០៦ មក ពី​បងប្រុស​គាត់ លោក ហ្វ៊ីដែល កាស្ត្រូ ជា​ស្ថាបនិក​រដ្ឋ​គុយបា​សង្គមនិយម បាន​អញ្ជើញ​មកដល់​ប្រទេស​រុស្ស៊ី លើក​នេះ គឺ​បន្ទាប់ពី គាត់​បាន​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម និង​ ចិន ជាទី​ដែល​បក្ស​កុម្មុយនិស្ត​នៅ​បន្ត​កាន់​អំណាច​កាច់​ចង្កូត​ដឹកនាំ​ដដែល ប៉ុន្តែ ដែល​សុទ្ធ​តែ​ឆ្លង​ចេញ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅ​កាន់​សេដ្ឋកិច្ច​ទីផ្សារ។ ដូច្នេះ ទស្សនកិច្ច របស់​គាត់​នៅតាម​ប្រទេស​ទាំងពីរ ជា​មិត្ត​ចាស់​របស់​គុយបា អាច​មានន័យ ជា​ការដក​យក​បទពិសោធន៍ សម្រាប់​គុយបា​ផ្ទាល់។

គេនៅ​ចងចាំ​ថា គុយបា​បាន​ទៅ​ជា​សម្ព័ន្ធមិត្ត​ដ៏​សែន​ជំនិត​របស់​សហភាព​សូវៀត ប្រចាំ​នៅ ទ្វីប​អាមេរិក លុះទាល់​តែ​ក្នុង​ឆ្នាំ១៩៦២ វិះៗ មាន​ផ្ទុះឡើង​ជា​សង្គ្រាម​លោក​លើក​ទី៣ ដោយ​មក​ពី​កាំជ្រួច​មីស្ស៊ីល​សូវៀត ដែល​កាលណោះ ពង្រាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅ​គុយបា ដែល​ដើម្បី វាយប្រហារ​ទៅលើ​ដែនដី ស.រ.អា.នៅជិត​បង្កើយ គឺ​ត្រូវ​ចំណាយ​ពេល​តែ​៥-៦នាទី ប៉ុណ្ណោះ លុះ ទាល់តែ បង្ខំ​លោក​ប្រធានាធិបតី​អាមេរិកាំង Kennedy ឲ្យ សុខចិត្ត​ដក​ចេញ​ទៅ វិញ នូវ​កាំជ្រួច​មីស្ស៊ីល​អាមេរិក​ដែល​ពង្រាយ នៅ​ប្រទេស​តួកគី ហើយ​តម្រង់​មក​លើ សហភាព​សូវៀត ទើប​មេដឹកនាំ​សូវៀត លោក Khroutchev ក៏​សុខចិត្ត​ដក​អាវុធ​នុយក្លេអ៊ែរ​ខ្លួន​នោះ ចេញ​ទៅ​ដែរ។

បច្ចុប្បន្ន រុស្ស៊ី​ដែល​បន្ត​កេរ្តិ៍​ពី​សហភាព​សូវៀត​កុម្មុយនិស្ត លែង​មាន​បក្ស​កុម្មុយនិស្ត កាន់ អំណាច​ទៀតឡើយ ហើយ​អស់​ជាង​២០ឆ្នាំ​មកហើយ ក៏ អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែរ។ មិនមែន ចៃដន្យ​ទេ ដែល​លោកប្រធានាធិបតី​រុស្ស៊ី ពូទីន ដោយ​ស្វាគម​លោក​រ៉ាអ៊ូល កាស្ត្រូ​ បាន​ថ្លែង​ថា ទំនាក់ទំនង​គុយបា-រុស្ស៊ី​សព្វថ្ងៃ ផ្តិត​ជាប់​ដោយ​ន័យ​អនុវត្ត ជាង​មនោគមវិជ្ជា ទាំង​សំដែង សេចក្តី​សង្ឃឹមថា រាល់តែ​កិច្ច​ព្រមព្រៀង ដែល​មាន​សម្រេច​បាន​ពី​មុនៗ មុខជា​នឹង​ត្រូវ​សមិទ្ធិ​ចេញ​ជា​ផ្លែផ្កា​ពុំខាន បែប​យ៉ាង ក្នុង​វិស័យ​ទូរគមនាគមន៍ ស្ថាបនកម្ម​នាវា ផលិត​គ្រឿងចក្រ និង​ជាពិសេស កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី ធ្វើការ​រុករក​អណ្តូង​ប្រេងកាត និង​ឧស្ម័ន នៅ​ទឹកដី​គុយបា។

លោក រ៉ាអ៊ូល កាស្ត្រូ បាន​សំដែង​អំណរគុណ ទៅកាន់​លោកពូទីន ចំពោះ​ការចេះ​ចាត់ចែង បាន​យ៉ាងលឿន​ឲ្យ​ទស្សនកិច្ច​គាត់ ជា​ទស្សនកិច្ច​ការងារ​សោះ ប្រព្រឹត្ត​ទៅ​ដូចចិត្ត​មែន ស្រប​នឹង សំណើ​ដែល​គាត់​បាន​លើកឡើង ពេល​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ ក្នុង សន្និសីទ អ.ស.ប នៅ​ប្រទេសប្រេស៊ីល ពេលថ្មីៗ ក្រោម​ឈ្មោះថា ” Rio + 20“។
 

លោកពូទីន កត់សម្គាល់​ថា ទស្សនកិច្ច​ការងារ លោក​រ៉ាអ៊ូល កាស្ត្រូ នៅរុស្ស៊ី​លើកនេះ ប្រព្រឹត្តទៅ នៅចំ កាលបរិច្ឆេទ​ខួប ១១០ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត រុស្ស៊ី-គុយបា ទំនាក់​ទំនង ដែល​បាន​ចាក់គ្រឹះ តាំង​ពី​ថ្ងៃទី៦ កក្កដា ឆ្នាំ១៩០២ ជំនាន់​ស្តេច Tsar រុស្ស៊ីម៉្លេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI