នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទាមទារអោយលោកស្រីស៊ូជីបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ បានទាមទារអោយលោកស្រីអ៊ុងសាន ស៊ូជី ចាត់វិធានការបិទបញ្ចប់ការធ្វើបាបជនជាតិរ៉ូហ៊ីងយ៉ា។ ការធ្វើបាបដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហៅថាជា “អំពើប្រល័យពូជសាសន៍”។ ម៉ាឡេស៊ីបានទាមទារសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ អោយឈប់នៅស្ងៀមទ្រឹងទៀត ត្រូវតែដោះស្រាយបញ្ហានេះ។
ទាក់ទងនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាដែលកំពុងរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់កងទ័ពភូមា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីព រ៉ាហ្សាក់ បានថ្លែងឡើងនៅថ្ងៃអាទិត្យនេះថា៖ តើពានណូបែលរបស់អ៊ុងសាន ស៊ូជី មានប្រយោជន៍អ្វីទៅ? លោកណាជីពបន្ថែមថា៖ អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមត្រូវតែប្រតិកម្មឡើង។ អង្គការសហប្រជាជាតិត្រូវតែធ្វើអ្វីមួយឡើង។ សហគមន៍អន្តរជាតិមិនអាចនៅទ្រឹង មើលអំពើប្រល័យពូជសាសន៍ដូច្នេះទេ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរំលឹកឡើងវិញទៅអ៊ុងសានស៊ូជី ថា ម៉ាឡេស៊ីការពារអ្នកកាន់សាសនាអ៊ីស្លាម និងសាសនាអ៊ីស្លាម។
យោងតាមអង្គការសហប្រជាជាតិ ហិង្សាទៅលើជនជាតិហិង្សានៅរដ្ឋរ៉ាក់ឃីន បានធ្វើអោយមនុស្ស៣ម៉ឺននាក់ភៀសខ្លួន។ តាំងពីខែតុលា ហិង្សាបានសម្លាប់មនុស្សជាង១០នាក់។ ជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅបង់ក្លាដែស បានប្រាប់ថា កងទ័ពភូមាបានចាប់រំលោភ ធ្វើទារុណកម្ម និងសម្លាប់ពួកគេ។ ទាហានភូមាបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែទាហានភូមាបែរជាមិនអោយអ្នកសារព័ត៌មានបរទេស និងក្រុមមនុស្សធម៌បានចូលទៅតំបន់ដែលរងបញ្ហាទៅវិញ។
ថ្នាក់ដឹកនាំឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ UNHCR ដែលទទួលបន្ទុកជនភៀសខ្លួននៅទីក្រុងបង់ក្លាដែស ជាប់ព្រំដែនភូមា បានលើកឡើងថា បើផ្អែកតាមសាក្សីច្រើនរូប ដែលជាជនភៀសខ្លួន ហិង្សាទៅលើប្រជាជនរ៉ូហ៊ីងយ៉ាមានលក្ខណៈស្រដៀងទៅនឹងការបោសសម្អាតជនជាតិភាគតិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ