អានតួអត្ថបទ
កម្ពុជា

ប្រតិកម្ម​រិះគន់​និង​សាទរ​ ចំពោះ​សម័យ​ប្រជុំសភា​ដំបូង​របស់​កម្ពុជា

ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិក្នុងសមយ័ប្រជុំសភាដំបូង ដែលគ្មានបក្សប្រឆាំងចូលរួម
ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិក្នុងសមយ័ប្រជុំសភាដំបូង ដែលគ្មានបក្សប្រឆាំងចូលរួម REUTERS
ដោយ៖ លាង ដឺលុច
១៤ នាទី

ក្រោយពី​បញ្ចប់​សម័យ​ប្រជុំ​សភា​ដំបូង​ ដែល​ដឹកនាំ​ដោយ​ព្រះ​មហាក្សត្រ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី សហគមន៍​អន្តរជាតិ​មួយចំនួន​បាន​អត្ថា​ធិប្បាយ​រិះគន់ និង​ព្រួយបារម្ភ​ចំពោះ​ដំណើរ​រដ្ឋសភា​ដោយ​បក្ស​តែមួយ។ ទន្ទឹម​គ្នានេះ​ ក៏មាន​ការ​សាទរ​ដល់​លោក ហ៊ុន សែន​ ដែល​ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ជា​សេចក្តីថ្លែងការណ៍​​ដែល​មិនបាន​សាទរ​ការប្រជុំ​សភា​ដំបូង ​នីតិកាល​ទី៥ របស់​កម្ពុជា​ឡើយ។ ថ្វីដ្បិតតែ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំសភា​ដំបូង​ នៅ​ព្រឹក​មិញ​នេះ លោក​វីល្លាម អ៊ី ថ​ត់ ឯក​អគ្គរដ្ឋទូត​អាមេរិក​ បាន​និយាយ​ចំៗ​ថា វត្តមាន​របស់លោក​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា​នោះ មិន​បាន​ន័យថា សហរដ្ឋអាមេរិក​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​ណាមួយ​នោះទេ។ 

រីឯ​សហភាព​អឺរ៉ុប​ឯណោះ​វិញ សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បានសរសេរ​ថា រដ្ឋសភា​កម្ពុជា​នឹងមិន​អាច​បំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​នោះឡើយ។ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​អោយ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​អាចបំពេញ​អាណត្តិ​រដ្ឋសភា​អោយបាន​ពេញលេញ។

សហភាព​អឺរ៉ុប​ក៏​នៅ​ទទូច​អោយ​គណបក្ស​ទាំងពីរ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​អោយបាន ដើម្បី​ធានា​ដល់​ដំណើរការ​បោះឆ្នោត ​នៅ​លើក​ក្រោយ​ទៀត​នោះ។ ការអំពាវនាវ​បែបនេះ​ ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​លោក​ឯកអគ្គ​រដ្ឋ​អាមេរិក​ដូចគ្នា​ដែរ។ បេសកជន​ការទូត​របស់​អាមេរិក​បាន​អត្ថាធិប្បាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា គណបក្ស​នយោបាយ​ទាំងពីរ​គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​លើក​កំពស់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​អនុវត្ត​កំណែទម្រង់​ដ៏​មានន័យ ដែល​ពង្រឹង​និតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រតិកម្ម​កាន់តែខ្លាំង​ក៏មាន​មកពី​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី​ដែរ។ សមាជិក​ព្រឹទ្ធសភា​ទាំង១០រូប​របស់​គណបក្ស សម រង្ស៊ី​ បាន​ចាត់ទុក​ការប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ដែលមាន​​តែ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​នោះ ថា​ជា​ព្រឹត្តិការណ៍​ផ្ទុយ​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ជា​អំពើ​ខ្មៅ​ងងឹត​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។

ផ្ទុយទៅវិញ នៅថ្ងៃនេះ​ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម លោក​ង្វៀន តាន់​យុង​ បាន​ផ្ញើលិខិត​អបអរសាទរ​លោក​ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​​នៃ​ប្រទេស​កម្ពុជា។ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​សំដែង​ក្តី​សង្ឃឹមថា ក្រោម​អាណ​ត្តិ​ដឹកនាំ​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រទេស​ជិតខាង​ទាំងពីរ​នឹង​អាច​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ថែម​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ