ការលាចេញពីតំណែងរដ្ឋាភិបាលនឹងប្រព្រឹត្តទៅ ខានមិនបាន
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីនេះ ថ្លែងយប់មិញ ដោយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ ក្នុងបទសម្ភាសន៍ផ្សាយតាមកាណាល់ទូរទស្សន៍សហព័ន្ធ NTV តបនឹងពាក្យចចាមអារ៉ាមដែលចេះតែលេចឮ នាពេលចុងក្រោយ។ បទសម្ភាសន៍នេះត្រូវបានលោកមេដវេដេវធ្វើឧទ្ទិសដល់ខួបគម្រប់មួយឆ្នាំ តាំងពីគាត់ទទួលតួនាទីជាប្រមុខរដ្ឋាភិបាល បន្ទាប់ពីកាន់តំណែងកំពូល ជាប្រធានាធិបតីបានមួយអាណត្តិ។
សេចក្តីថ្លែងការណ៍លោកនាយករដ្ឋមន្ត្រីមេដវេដេវដែលថា “រដ្ឋាភិបាលគាត់គង់នឹងចុះចេញពីតំណែង” ក្លាយជាចំណងជើងគ្មានរំលងទេនៃកាសែតរុស្ស៊ីលេខថ្ងៃនេះ។ លោកមេដវេដេវពន្យល់បំភ្លឺថា លេសសម្រាប់លេចចេញមក ជាពាក្យចចាមអារ៉ាមតែងមានជានិច្ច។ ការលាចេញពីតំណែងនៃរដ្ឋាភិបាលខ្ញុំនឹងប្រព្រឹត្តទៅខានមិនបាន ដោយគ្មានអ្វីគួរឲ្យសង្ស័យ ប៉ុន្តែសំនួរដែលចោទ តើអង្កាល់ណា ដែលការលាចេញនេះនឹងប្រព្រឹត្តទៅ ?
តាមយោបល់លោកមេដវេដេវ សំនួរនេះតែងស្ថិតនៅក្នុងការយកចិត្តទុកដាក់របស់ពួកអ្នកនយោបាយ និងពួកនយោបាយវិទូ ដរាបណាដែលរដ្ឋាភិបាល និងប្រមុខរដ្ឋនៅជាសមាសភាគប្លែកខុសពីគ្នា ដែលផ្សំឡើង ជារដ្ឋអំណាច។ ត្រង់ចំណុចនេះ លោកមេដវេដេវគូសបញ្ជាក់ថា ប្រធានាធិបតី គឺជាអ្នកធានាឲ្យមានការគោរពតាមរដ្ឋធម្មនុញ្ញ ចំណែករដ្ឋាភិបាលគឺជា អំណាចនីតិប្រតិបត្តិកំពូល។
ព្រមជាមួយនេះ លោកប្រមុខរដ្ឋាភិបាលកត់សម្គាល់ថា ពាក្យចចាមអារ៉ាមនោះមិនរំខានឡើយ ដល់ការងាររបស់គាត់។ ក៏ប៉ុន្តែ សម្រាប់ពួករដ្ឋមន្ត្រីរបស់គាត់វិញ ស្ថានភាពគឺស្មុគស្មាញជាង ដ្បិតគេទាំងនោះភាគច្រើន នៅមិនទាន់ជាយុទ្ធជនលត់ដំ ដូចរូបគាត់ឡើយ។ ម៉្លោះហើយបានជាលោកមេដវេដេវព្រមានថា រាល់តែរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលគាត់ យូរ ឬឆាប់ គង់នឹងធ្លាក់ពីតំណែងខ្លួនពុំខាន។
តាមការវិភាគនៃពួកនយោបាយវិទូ មូលហេតុដែលបានញ៉ាំងឲ្យមានលេចចេញមក ជាពាក្យចចាមអារ៉ាមអំពីវាសនារដ្ឋាភិបាលលោកមេដវេដេវ គឺមកពីរដ្ឋាភិបាលនេះចុះទន់ខ្សោយទៅ ក្រោយពីមនុស្សដៃស្តាំ និងជាអ្នកជំនិតរបស់គាត់ គឺលោក Vladislav Sourkov កាលពីថ្ងៃ៨ ឧសភាកន្លងទៅ បានលាចេញពីតំណែងជានាយខុទ្ទកាល័យគណៈរដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលរ៉ាប់រងខាងបំពេញតាមក្រឹត្យចំនួន ១១ ស្តីអំពីវិស័យសង្គមកិច្ច ចេញភ្លាមភ្លែតដោយលោកពូទីន កាលពីមួយឆ្នាំមុន បន្ទាប់ពីគាត់ចូលកាន់តំណែងប្រធានាធិបតីឡើងវិញ។
នៅទីបញ្ចប់ តបនឹងសំនួរទាក់ទងនឹងផែនការទៅអនាគតរបស់គាត់ ក្នុងករណីបើគាត់ស្រាប់តែត្រូវបង្ខំចិត្តចុះចេញពីតំណែងប្រមុខរដ្ឋាភិបាលមែន លោកមេដវេដេវថ្លែងថា ការលាចេញពីតំណែង មិនមែនមានន័យថា ជាទីអវសាននៃអាជីពរបស់គាត់ឡើយ ដ្បិតឥឡូវ ខុសពីជំនាន់សូវៀត ប្រទេសរុស្ស៊ីសម័យថ្មីមានប្រព័ន្ធនយោបាយទំនើបទាន់សម័យ កាលដែលពួកមន្ត្រីអាចត្រូវទទួលឲ្យចូលធ្វើការ ហើយបន្ទាប់មក ក៏អាចចាកចេញពីតំណែងខ្លួនទៅដែរ នេះជារឿងធម្មតា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ