ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​​បែង​​ចែក​​តួនាទី​​ដោយ​​សមធម៌​​ជា​​ជំហាន​​មួយ​​នៃ​​កំណែ​​ទម្រង់​​ស៊ី​​ជម្រៅ​!

សំឡេង ០៤:៤៨
លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​មួយ​ចំនួន ​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋ​បាល​ក្រសួង​ នៅ​ថ្ងៃ​ទី ៩​ កុម្ភៈ​ឆ្នាំ ២០១៥​។
លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​មួយ​ចំនួន ​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋ​បាល​ក្រសួង​ នៅ​ថ្ងៃ​ទី ៩​ កុម្ភៈ​ឆ្នាំ ២០១៥​។ @RFI/Siv Channa

ក្រសួង​មហា​ផ្ទៃ​បាន​ឈាន​មុខ​គេ​ក្នុង​ការ​កំណត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់មាន​មុខ​តំណែង​មិន​លើស​ពី​មួយ​ឡើយបើ​ទោះ​បី​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​តែ​មួយ ឫ​ក្រសួង​ស្ថាន​ប័ន​ផ្សេង​គ្នា​ក៏​ដោយ។វិធ​នា​ការ​នេះ គឺ​ដើម្បី​ទុក​លទ្ធភាព​ដល់​មន្ត្រី​រាជកា​រ​ផ្សេង​ទៀតអាច​កាន់​មុខ​តំណែង​ដែល​នៅ​ទំនេរ​បាន។ នេះ​ជា​ជំហាន​វិជ្ជមាន​ដ៏​សំខាន់​មួយ​សម្រាប់​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋា​ភិបាល​ក្នុង​បរិបទ​ដែល​រដ្ឋ​បាល​សាធារណៈ​ខ្វះ​ប្រសិទ្ធ​ភាព​ដោយ​សារតែ​មន្ត្រី​ខ្លះ​ក្តោប​ក្តាប់​ការងារ​ច្រើន​តែ​ម្នាក់​ឯង ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​គ្មាន​ការងារ​ធ្វើ​ពិត​ប្រាកដ។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា រដ្ឋបាល​សាធារណៈ​មិន​ដំណើរ​ការ​ពេញ​លេញ​គឺ​ជា​ឧបសគ្គ​ចម្បង​បំផុត​ដែល​ធ្វើ​ឲ្យ​ការងារ​រដ្ឋា​ភិបាល​មិន​សូវ​មាន​ប្រសិទ្ធ​ភាព។ នៅ​ក្នុង​ក្រសួង មន្ទីរ និង​ស្ថាប័ន​ជា​ច្រើន មាន​មន្ត្រី​រាជការ​ច្រើន​ណាស់​ដែល​គ្មាន​ការងារ​ធ្វើ​ពិតប្រាកដ​រាប់​ទាំង​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​មួយ​ចំនួន​ផង។ ផ្ទុយទៅ​វិញ អ្នក​ខ្លះ​ទៀត​សម្បូរ​ការងារ​ធ្វើ​គ្មាន​ពេល​ទំនេរ ស៊ី​ញ៉េ​ញាប់ដៃ​ស្ទើរ​ដក​មិន​រួច​ពី​ព្រោះ​តែ​ខ្លួន​កាន់​កាប់​មុខ​នាទី​ច្រើន​យ៉ាង​ពេក។

អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​នាំគ្នា​អង្គុយ​អាន​កាសែត ឬ​ជជែក​គ្នា​លេង​ទម្រាំ​ដល់​ម៉ោង​ចេញ។ សម្រាប់​មន្ត្រី​ថ្នាក់លើ​ខ្លះ យូរ​ៗ​ម្តង​បាន​ចេញ​មុខ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​អ្វី​មួយ​ជំនួស​លោក​រដ្ឋមន្ត្រី​ដែល​ជាប់​រវល់។ ចំណែក​មន្ត្រីរាជការ​ធម្មតា​វិញ​មក​បង្ហាញ​វត្តមាន​បន្តិច​រួច​ក៏​ប្រញាប់​ទៅ​ប្រកប​មុខរប​បរ​ផ្សេង។ តើ​ហេតុ​អ្វី​បាន​ជា​មាន​មន្ត្រី​ខ្លះ​កាន់​មុខ​តំណែង​រាប់​មិន​អស់ ខណៈ​ដែល​មន្ត្រី​រាជការ​ខ្លះ​ទៀត​គ្មាន​ការងារ​ធ្វើ​ទៅ​វិញ? មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ មូល​ហេតុ​ទី១ គឺ​មកពី​ឥទ្ធិពល​នៃ​ផ្នត់​គំនិត​បក្ខពួក​និង​គ្រួសារ​និយម។ ផ្នត់គំនិត​ដែល​ចាក់ឫស​យ៉ាង​ជ្រៅ​ទៅក្នុង​សង្គម​ខ្មែរ​នេះ​បាន​ជំរុញ​ឲ្យ​ប្រធាន​ស្ថាប័ន​ផ្តល់​ការងារ​ល្អៗ​ជាពិសេស​ការងារ​ដែល​រក​ប្រាក់​បាន​ឲ្យ​តែ​មនុស្ស​ជំនិត​ឬក៏​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​ខ្លួន​ដែល​ខ្លួន​ទុកចិត្ត។

មូល​ហេតុ​ទី២ គឺ​មក​ពី​បញ្ហា​ផល​ប្រយោជន៍។ ជា​ធម្មតា មន្ត្រី​រាជការ​ជា​ពិសេស​អ្នក​មាន​តួនាទី​សំខាន់​ៗ​មាន​ទម្លាប់​ប្រើ​ប្រាស់​តួនាទី​នោះ​ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ មាន​តែ​អ្នក​ជំនិត​ៗ​ប៉ុណ្ណោះ​ដែល​ងាយ​ស្រួល​ចាត់​ចែង​ការងារ​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា មន្ត្រី​រាជការ​ក្នុង​ក្រសួង​មួយ​ឬ​ស្ថាប័ន​មួយ​ពិត​ជាមាន​វាសនា​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​ស្វិត​ហោប៉ៅ​រង់ចាំតែ​ប្រាក់​ខែ​ដើម្បី​ដោះស្រាយ​ជីវភាព​ដោយ​លំបាក រីឯ​អ្នក​ខ្លះទៀត​សម្បូរ​ប្រាក់​ដុល្លារ​ចាយ​មិន​អស់។

ក្នុងន័យនេះ សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​ដែល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​កាន់​មុខ​នាទី​លើស​ពី​មួយ​គឺជា​សេចក្តី​សម្រេច​ចំ​ទិសដៅ​ដើម្បី​វាយ​បំបែក​ប្រព័ន្ធ​គ្រប់គ្រង​ចាស់​គំរឹល​ហើយ​ធ្វើ​ឲ្យ​រដ្ឋ​បាន​សាធារណៈ​ដំណើរការ​ពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព។ សូម​កុំភ្លេច​ថា មាន​មន្ត្រីរាជការ​ច្រើនណាស់​ដែល​កាន់​តួនាទី​ច្រើន​មុខតែ​ម្នាក់ឯង​រហូតដល់​អ្នកខ្លះ​ចាំ​ការងារ​របស់​ខ្លួន​មិន​អស់​ផង​ក៏មាន។ ពិត​ណាស់​ថា មនុស្ស​ម្នាក់​ដែល​មាន​ការងារ​ច្រើន​ក្នុង​ពេល​ជាមួយ​គ្នា​ប្រាកដជា​មិន​អាច​បំពេញ​ការងារ​នោះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បាន​ទេ​។

បញ្ហា​ធំធេង​មួយ​ទៀត​ក្នុង​រដ្ឋបាល​សាធារណៈ​សព្វថ្ងៃ​គឺ មនុស្ស​ចាស់​មិន​ព្រម​ឈប់​ពី​ការងារ។ ប្រសិនបើ​មនុស្ស​ចាស់​មាន​ការងារ​ច្រើន​តែ​ម្នាក់​ឯង ហើយ​កាន់​ការងារ​យូរ​ថែម​ទៀត ប្រាកដ​ណាស់​ថា មនុស្ស​ជំនាន់​ក្រោយ​ច្បាស់​ជា​ពិបាក​រក​ការងារ​ធ្វើ​ដោយ​ចៀស​មិន​ផុត។ ដូច្នេះ ប្រសិនបើ​សេចក្តីសម្រេច​ស្តីពី​មនុស្ស​ម្នាក់មាន​មុខនាទី​មិន​លើស​ពី​មួយ​អាច​អនុវត្ត​បាន គេ​អាច​យក​ការងារ​ដែល​នៅ​សល់​ពី​នោះ​ទៅ​ចែក​ឲ្យ​មន្ត្រី​រាជការ​ជា​ច្រើន​ទៀត​ឲ្យ​មានការងារ​ធ្វើ​ដែរ។

នេះ​ជា​គោល​ដៅ​នៃ​ព្រះរាជក្រឹត្យ​ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី០២ តុលា ឆ្នាំ២០១៤​កន្លង​ទៅ។ ខ្លឹម​សារ​នៃ​ព្រះរាជ​ក្រឹត្ត​នេះ​ពិត​ជា​គាំ​ទ្រ​ដល់​កំណែ​ទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល និង​ជា​ពិសេស​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់​ដែល​កំពុង​បម្រើ​ការងារ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ។ ប៉ុន្តែ ដើម្បី​ឲ្យ​គោល​នយោបាយ​នេះ​មាន​ប្រសិទ្ធ​ភាព​ជាទូទៅ គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​ប្រញាប់​ចេញ​បទបញ្ជា​ដល់​មន្ត្រីក្រោមឱវាទ​ដើម្បី​អនុវត្ត​ជាបន្ទាន់។ម្យ៉ាងទៀត គោលនយោបាយ​នេះ​ក៏​ទាមទារ​គំ​រូពី​ថ្នាក់លើ​ជា​ចាំបាច់​ដែរ​ពោលគឺ មន្ត្រី​ថ្នាក់លើ​ត្រូវ​ប្រកាស​បោះបង់​តួនាទី​មុនគេ​ដើម្បី​ជា​គំរូ​ដល់​អ្នកក្រោមបង្គាប់។

ក្រៅពី​ការបែងចែក​តួនាទី​ឲ្យ​មាន​សមភាព រដ្ឋបាល​សាធារណៈ​ក៏ត្រូវ​ការ​កត្តា​ជាច្រើន​ទៀត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ។ ជាក់ស្តែង ការផ្ទេរ​និង​ទទួល​ចំណេះដឹង និង បទពិសោធ​ពី​មនុស្ស​វ័យ​ចំណាស់​ទៅ​យុវជន​ស្រក​ក្រោយ ការដំឡើង​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ​ដល់​មន្ត្រីរាជការ​ដើម្បី​ឲ្យ​ពួកគេ​មាន​ទឹកចិត្ត​បំពេញការងារ​ដោយ​ពេញដៃ​ជើង​និង​ការប្រើ​ធនធានមនុស្ស​ឲ្យ​ចំ​គោលដៅ​ពោលគឺ​អ្នកចេះ​អ្វី​ត្រូវប្រគល់​តួនាទី​នោះ ហើយ​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​គួរ​ត្រូវបាន​លើកទឹកចិត្ត។ ទាំងអស់នេះ​សុទ្ធសឹង​ជា​គន្លឹះ​ក្នុងការ​សម្រេច​កំណែទម្រង់​ស៊ីជម្រៅ​ដែល​គេ​មិនអាច​មើលរំលង​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI