ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្រោម​គំនាប​នៃ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់

សំឡេង ០៤:០០
កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ដែល​បើក​ធ្វើ កាលពីថ្ងៃ​អង្គារ ១៩ កក្កដា ២០១១
កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ដែល​បើក​ធ្វើ កាលពីថ្ងៃ​អង្គារ ១៩ កក្កដា ២០១១ Reuters/Widodo

តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ​តាម​រយៈ​សាលក្រម​របស់​ខ្លួន​ស្តីពី​បញ្ហា​ព្រះវិហារ​ ដែល​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ​បាន​បោះ​បាល់​ឲ្យ​អាស៊ាន​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ កម្ពុជា​ថៃ ​តាមរយៈ​ការ​បញ្ជូន​អ្នកសង្កេតការណ៍​អាស៊ាន​ឲ្យ​ចូល​មក​ត្រួតពិនិត្យ​ការ​ឈប់​បាញ់ រវាង​ប្រទេស​ទាំងពីរ។ ​នេះ​ជា​បន្ទុក​ថ្មី​មួយ​ទៀត​របស់​សមាគម​អាស៊ាន​ ដែល​បរាជ័យ​ក្នុង​ការ ដោះស្រាយ​ជម្លោះ​ប្រទេស​ទាំងពីរ។ ​ការ​បោះ​បាល់​របស់​តុលាការ​អន្តរជាតិ​ទៅ​ឲ្យ​អាស៊ាន​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សមាគម​នេះ​កំពុង​វក់វី​នឹង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ផ្សាយពាណិជ្ជកម្ម

តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​បាន​សម្រេច​ឲ្យ​កម្ពុជា​និង​ថៃ​ត្រូវ​បន្ត​កិច្ចសហ​ប្រតិបត្តិ​ការ​ដែល​បាន​ព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​ជាពិសេស​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​អាស៊ាន​បាន​ចូល​ទៅ​កាន់​ទឹកដី​គ្មាន​យោធា​ដែល​កំណត់​ដោយ​តុលាការ។

ចំណុច​ទាក់ទិន​នឹង​អាស៊ាន​នៅ​ក្នុង​សាលក្រម​នេះ​ពិត​ជា​ខ្លី​មែន ​ប៉ុន្តែ ​វា​មានសារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​កម្ពុជា ​ហើយ​វា​ក៏​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​អាស៊ាន​ដែរ។ ​ការ​និយាយ​ដល់​អាស៊ាន​ពីសំណាក់​តុលាការ​ក្រុង​ឡាអេ​មិន​មែន​ជារឿង​ចៃដន្យ​ទេ ​តែ​តុលាការ​នេះ​បាន​ដឹង​​ថា​អាស៊ាន​បាន​ទទួល​ភារកិច្ច​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដើរ​តួ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ព្រំដែន​កម្ពុជា​ថៃ។ ​ប៉ុន្តែ ​លទ្ធផល​ចុងក្រោយ​បាន​រាំង​ស្ទះ​នៅ​ត្រឹម​លក្ខខណ្ឌ​នៃ​ការ​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ដោយសារ​តែ​ភាគី​ថៃ​មិន​ព្រម​គោរព​កិច្ចព្រមព្រៀង។

ក្នុង​បរិបទ​នេះ ​ទោះ​ចង់​ឬ​មិន​ចង់ ​ប្រធាន​អាស៊ាន​ត្រូវតែ​វិល​មក​និយាយ​ពី​រឿង​កម្ពុជា​និង​ថៃ​ឡើង​វិញ​ជា​ចាំបាច់។ ​មិន​និយាយ​ម្តេច​កើត ​បើ​ភ្លាមៗ​ក្រោយពី​ទទួល​បាន​សាលក្រម​របស់​តុលាការ​ក្រុង​ឡាអេ ​រដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​ប្រធាន​អាស៊ាន ​ដើម្បី​ស្នើ​សមាគម​នេះ​ឲ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កាន់​តំបន់​ព្រំដែន​ ដែល​កម្ពុជា​ទទូច​ចង់​បាន​ជា​យូរ​មក​ហើយ។ ​ម្យ៉ាងទៀត ​នេះ​មិនមែន​ជា​សំណើ​ធម្មតា​ឯណា ​ប៉ុន្តែ ​វា​ជា​សំណើ​ដែល​យោង​ទៅ​លើ​អំណាច​សាលក្រម​តុលាការ​អន្តរជាតិ។

បន្ទុក​ដ៏​ធ្ងន់​នេះ​បាន​ធ្លាក់​ទៅ​លើ​អាស៊ាន​ជា​ថ្មី​ ខណៈ​ដែល​ជម្លោះ​ដ៏​ស្រួចស្រាល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ញាំញី​អាស៊ាន​យ៉ាង​ខ្លាំង។ ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែល​កំពុង​ជួប​ប្រជុំ​នៅ​ឯ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​លើក​យក​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​នេះ​មក​ធ្វើ​ជា​របៀប​វារៈសំខាន់​ជាងគេ​មួយ​ ក្នុង​កិច្ច​ប្រជុំ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ។ ​មានន័យ​ថា សមាគម​អាស៊ាន​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​គ្រោះថ្នាក់​នៃ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់។

ជា​ការ​ពិតណាស់ ​សមាគម​នៃ​ប្រជាជាតិ​អាស៊ី​ប៉ែក​អាគ្នេយ៍​ ដែល​មាន​១០​ប្រទេស​ជា​សមាជិក​ មាន​មហិច្ឆតា​ដ៏ធំ​មួយ​ក្នុង​ការ​សម្រេច​គោលដៅ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​សុខដុម​រមនា​ក្នុង​ឆ្នាំ​២០១៥។ ​ប៉ុន្តែ ​មហិច្ឆតា​របស់​អាស៊ាន​ទំនង​ជា​មិន​អាច​ទៅ​រួចទេ ​ប្រសិន​បើ​អសន្តិសុខ​ក្នុង​តំបន់​កំពុង​ឡើង​កម្តៅ​ប្រៀប​បាន​នឹង​ភ្នំភ្លើង​ដែល​ហៀប​នឹង​ផ្ទុះ​យ៉ាង​ដូច្នេះ​នោះ។ ដោយ​ហេតុថា ​អាស៊ាន​កំពុង​ស្ថិត​ក្នុង​គំនាប​ស្មុគស្មាញ​នៃ​បញ្ហា​អសន្តិសុខ​នេះ​ហើយ​បាន​ជា​កិច្ច​ប្រជុំ​នៅ​បាលី​ផ្តោត​សំខាន់​ទៅ​លើ​ការ​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​ពិសេស​ជម្លោះ​ប្រជុំ​កោះ ​Paracels ​និង ​Spratleys ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដែល​កំពុង​ស្ថិត​ក្នុង​មាត់​ជ្រោះ​នៃ​សង្គ្រាម ​និង​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ ដែល​បាន​ផ្ទុះ​សង្គ្រាម​ជា​ច្រើន​លើក​មក​ហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០០៨​មក។

ចំណោទ​នៃ​បញ្ហា​ទាំងពីរ​នេះ​បាន​ក្លាយ​ជា​ឆ្អឹង​ទទឹងក​ ដែល​អាស៊ាន​ត្រូវតែ​ដោះស្រាយ។ អ៊ីចឹង​ហើយ​បាន​ជា​លោក ​Susilo Bambang Yuddohoyono ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​ដែល​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ បាន​ជំរុញ​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ឯ​កោះ​បាលី​ពន្លឿន​កិច្ច​ចរចា​រវាង​អាស៊ាន ​និង​ចិន​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ បន្ថែម​ពី​លើ​នេះ ​អាស៊ាន​ត្រូវតែ​នាំគ្នា​និយាយ​អំពី​រឿង​កម្ពុជា​និង​ថៃ​ឡើង​វិញ​ជា​ចាំបាច់។ នៅ​ថ្ងៃ​ពុធ​នេះ​ អាស៊ាន ​តាមរយៈ​អគ្គលេខាធិការ​របស់​ខ្លួន​គឺ​លោក ​ស៊ូរិន​ ពិតស៊ូវ៉ាន ​បាន​ប្រកាស​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ ហើយ​អះអាង​ថា ​ប្រធាន​អាស៊ាន​កំពុង​រង់ចាំ​សញ្ញា​ពី​កម្ពុជា ​និង​ថៃ​ដើម្បី​ដឹង​ថា ​តើ​ពេលណា​ដែល​អាស៊ាន​អាច​ចូល​ពាក់ព័ន្ធ​ជាថ្មី​ក្នុង​ជម្លោះ​នេះ។

ប៉ុន្តែ ​ចំណោទ​របស់​អាស៊ាន​នៅ​តែ​ដដែល​ទេ ​គឺ​សមាគម​នេះ​គ្មាន​យន្តការ​ណា​ដែល​អាច​ដោះស្រាយ​ជម្លោះ​បែប​នេះ​បាន​ទេ។ ​ដូច្នេះ ​សរុប​ទៅ​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏​ដូច​ជា​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​ដែរ​ ដំណោះស្រាយ​វា​អាស្រ័យ​នៅ​លើ​ភាគី​ជម្លោះ​ច្រើន​ជាង​នៅ​លើ​ឥទ្ធិពល​របស់​សមាគម​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI