អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លទ្ធផល​​ការ​​បោះឆ្នោតតំបន់នៅ​​​អាល្លឺម៉ង់​​​​ បំបាក់​មុខ​​​​​​​លោកស្រីមែរគែល

សំឡេង ០៦:១១
លោកស្រី​អាន់ហ្កឺឡា មែរគែល
លោកស្រី​អាន់ហ្កឺឡា មែរគែល REUTERS/Hannibal Hanschke
ដោយ៖ ព្រំ សឿន សូលីណា

បក្សអភិរក្ស​​កាន់អំណាច​CDU​​អាល្លឺម៉ង់ របស់​លោកស្រី​អាន់ហ្កឺឡា មែរគែល​ ​​បាន​អាម៉ាស​មុខយ៉ាងខ្លាំង ​​ក្នុង​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​​តំបន់​ នៅ​​​Mecklembourg-Poméramie ភាគខាងជើង​ប្រទេស ថ្ងៃ​អាទិត្យ​ម្សិលមិញ។ បក្ស​កាន់អំណាច​ទទួលបានជោគជ័យ​ត្រឹម​​លំដាប់ទី៣ប៉ុណ្ណោះ- មិនត្រឹម​ចាញ់សម្លេងឆ្នោត​​​បក្ស​ឆ្វេងនិយមSPD ទេ តែ​ថែមទាំង​ចាញ់​បក្ស​ស្តាំនិយម​ជ្រុល​​ដ៏​ក្មេងខ្ចី​​AfD ទៀតផង។ 

ផ្សាយពាណិជ្ជកម្ម

បក្ស​ស្តាំនិយមជ្រុល AfD ​ទទួលសម្លេង​ជាង២០,៨ភាគរយ ជោគជ័យ​លំដាប់ទី២ នាំមុខ​បក្ស​របស់​លោកស្រីមែរគែល ដែលទទួលសម្លេង១៩ភាគរយ។ បក្ស​សង្គមប្រជាធិបតេយ្យ ​ឆ្វេងនិយមSPD​នាំមុខ​គេ ជាមួយសម្លេង​​៣០,៦ភាគរយ។ នេះជា​លើកទី១ហើយ ដែលបក្ស​ស្តាំនិយមជ្រុល AfD​ នាំមុខ​បក្ស​​CDU ក្នុង​ការបោះឆ្នោតតំបន់។

បរាជ័យ​​​បក្ស​​CDU ត្រូវបាន​ទាំងអ្នកនយោបាយ​ឆ្វេងនិយម និង​ស្តាំនិយម ទំលាក់​កំហុស​ទៅលើនយោបាយ​អន្តោប្រវេសន៍​របស់​​លោកស្រី​អាន់ហ្កឺឡា​ មែរគែល ដែល​​ប្រកាន់​ជំហរ​ជួយ​ជន​ភៀសខ្លួន។​ លទ្ធផល​បោះឆ្នោត​តំបន់​ថ្ងៃអាទិត្យ​​បាន​កាត់បន្ថយ​អានុភាព​បក្ស​កាន់អំណាច មុន​ការបោះឆ្នោត​សភា ឆ្នាំ២០១៧​ខាងមុខ​នេះ។
 
​​តំបន់​​​Mecklembourg-Poméramie ភាគខាងជើងអាល្លឺម៉ង់ មានប្រជាជនតិច តែជាកន្លែងដែលលោកស្រីមែរគែល ធ្លាប់ទទួលជោគជ័យនយោបាយ
តំបន់​បោះឆ្នោត​​ ​​​​​Mecklembourg-Poméramie ស្ថិតនៅ​ភាគខាងជើង​ប្រទេស​អាល្លឺម៉ង់ មានប្រជាជន​ប្រមាណ​១លាន​៦សែននាក់។ គិតទៅ​មិនច្រើនទេ ប្រៀប​នឹង​ប្រជាជន​សរុប​នៅ​អាល្លឺម៉ង់ ដែល​មាន​ដល់ទៅ​ជាង៨២លាននាក់។

នៅ​​តំបន់ ​​​​​Mecklembourg-Poméramie នេះ ​មានក្រុងមួយ​ឈ្មោះថា ស្ត្រាល់សាន់ Stralsund ជាកន្លែង​ដែល​ប្រមុខដឹកនាំ​​មែរគែល​បានចុះទៅ​ឃោសនា​បោះឆ្នោត​ផ្ទាល់។ ក្រុងនេះ​ធ្លាប់​បង្ហាញ​ពី​ជោគជ័យ​របស់​​លោកស្រី​ មែរគែល។ កាលពីខែធ្នូ ​ឆ្នាំ១៩៩០ លោកស្រី​បានជាប់ឈ្មោះជា​តំណាងរាស្ត្រ នៅ​មណ្ឌល​​ស្ត្រាល់សាន់​នេះ អនុញ្ញាត​អោយ​លោកស្រី​បានចូល​សភាជាតិ។

ប៉ុន្តែ ថ្ងៃអាទិត្យ​ម្សិលមិញ​ បក្សកាន់អំណាច​របស់​លោកស្រីមែរគែល បែរជា​ចាញ់ឆ្នោត។ ប៉ុន្មានថ្ងៃ​​ចុងក្រោយ​នេះទៀត​ ​លោកស្រីមែរគែល​បានឃោសនា​អោយប្រជាជន​កុំបោះឆ្នោត​អោយបក្ស​ស្តាំ​ជ្រុលនិយម AfD។ ​​ទីបំផុតគឺ​​បក្ស​AfD នេះទៅវិញ​ ដែល​​​បានទំលាក់​បក្ស​កាន់អំណាចរបស់​លោកស្រី​​ អោយ​ធ្លាក់សម្លេង​​ដល់​លំដាប់ទី៣​។ លោកស្រី​មែរគែល និង​បក្ស​CDU ​ពិតជា​បាក់មុខ​មិនតិចទេ។ តាំងពិ​ឆ្នាំ២០០៥មក ​​បក្ស​CDU ធ្លាប់​តែ​​ជោគជ័យ​។

លទ្ធផល​ឆ្នោត​នៅតំបន់​​​​​​Mecklembourg ក៏ជា​សញ្ញាអាសន្ន​មួយដែរ​សម្រាប់​បក្ស​កាន់អំណាច​ នៅ​មុន​ការបោះឆ្នោត​សភា ឆ្នាំ២០១៧។ គឺជា​សញ្ញា​ប្រាប់​លោកស្រី​មែរគែលអោយ​មើលឡើងវិញ នូវ​នយោបាយ​​អន្តោប្រវេសន៍​របស់គាត់។ ឥឡូវនេះ បក្ស​កាន់អំណាច​កំពុង​ចាំមើល​​ការបោះឆ្នោត​នៅ​រដ្ឋធានី​ប៊ែរឡាំង​ទៀត។ ការបោះឆ្នោត​នេះ ​​​នឹង​ប្រព្រឹត្តទៅ​​នៅ​ថ្ងៃ១៨កញ្ញា​ខាងមុខ។

​​នយោបាយអន្តោប្រវេសន៍​​​កាត់បន្ថយ​​​សម្លេងឆ្នោតបក្សកាន់អំណាច
បក្ស​កាន់អំណាចCDU​ទទួលស្គាល់ថា ការចាញ់ឆ្នោត​ម្សិលមិញនេះ សបង្ហាញថា ​ប្រជាជនបាន​នាំគ្នា​​បោះឆ្នោត​តវ៉ា និង​សំដែង​ការ​ខឹងសម្បារចំពោះ​រដ្ឋាភិបាល។ ថ្នាក់ដឹកនាំ​បក្ស​កក្នុងតំបន់​ទទួលស្គាល់​ថា បរាជ័យ​នេះគឺដោយសារ​តែ​ការឃោសនា​ឆ្នោត​របស់​បក្ស​ផ្តោត​តែ​លើ​ប្រធានបទតែ​​មួយមុខ​ គឺ​ប្រធានបទ​ជនភៀសខ្លួន។ ​

​អាល្លឺម៉ង់​បើកទ្វារ​ទទួលជនភៀសខ្លួន នៅឆ្នាំ​២០១៥ ដល់ទៅ១លាន១សែននាក់។ ហើយ​សម្រាប់​ឆ្នាំ២០១៦​នេះ អាល្លឺម៉ង់​ក៏​ត្រៀមទទួល​ជនសុំសិទ្ធិជ្រកកោន ​៣សែននាក់។ ​នយោបាយ​អន្តោប្រវេសន៍​ ដំបូងឡើយ ត្រូវបាន​ប្រជាជន​ក្នុងស្រុក​ស្វាគមន៍ ព្រោះពួកគេ​អាណិតអាសូរជនភៀសខ្លួន​​​ដែល​វេទនា ប្រថុយជីវិត ​​​រត់គេច​សង្គ្រាម។

ប៉ុន្តែ ​បន្តិចម្តងៗ ​​ប្រជាជន​អាល្លឺម៉ង់លែងសូវគាំទ្រ​ដូចមុន ដោយសារ​តែ​​កាលពី​បុណ្យចូលឆ្នាំសកល កន្លងទៅ ​មាន​រឿងអាស្រូវ​ចាប់រំលោភ បំពាន​ភេទ​ស្រីៗ នៅ​ស្រុក​កូឡូញ ហើយ​ក្នុង​ស្រុក​ក៏​មាន​​​រឿងអសីលធម៌​ផ្សេងៗ​ ដែល​បង្កឡើង​ដោយជនភៀសខ្លួនដែរ។ មួយ​រយៈមុន​នេះទៀត​ អាល្លឺម៉ង់​បានរង​ការវាយប្រហារ​ភេរវកម្ម ​បង្កឡើង​ដោយ​ក្រុមជីហាត​រដ្ឋអ៊ីស្លាមទៀត។​

​ដូច្នេះ ​ប្រជាជន​ចោទសួរទៅវិញថា ​តើ​នយោបាយ​អន្តោប្រវេសន៍​ដែលត្រូវ​ចាយថវិកា​ជាតិ​សន្ធឹក​សន្ធាប់​ ​មានប្រយោជន៍​អ្វី​សំខាន់​ទៅ​ បានជា​​លោកស្រី​មែរគែល ខំអួត ​​​​​​អួត​ហើយអួតទៀត ថា​​អាល្លឺម៉ង​​មាន​លទ្ធភាព​ជួយអោយ​ជនភៀសខ្លួន​រស់នៅ​ចុះក្នុងសង្គមជាតិ។ ពេលនេះ ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​ត្រូវតែ​ពិភាក្សាគ្នា មើល​បន្ទាត់នយោបាយ​ខ្លួនឡើងវិញហើយ ព្រោះ​លទ្ធផល​ការបោះ​ឆ្នោតម្សិលមិញ​នេះ​ ​ជាមេរៀន​មួយសំខាន់​សម្រាប់​បក្ស។ ​

ដោយសារ​នយោបាយអន្តោប្រវេសន៍​​​ បក្សCDU​ របស់​លោកស្រី​អាន់ហ្កឺឡា កំពុង​ភិតភ័យ ចំពោះ​ការបោះឆ្នោត​សភា ឆ្នាំក្រោយនេះ។ ​លោកស្រី​អាន់ហ្កឺឡា ​ប្រហែល​ពិបាក​​ត្រូវបាន​តែងតាំង​អោយ​​​បន្តដឹកនាំ​​អាណត្តិទី៤​ទៀតណាស់។ ការស្ទាបស្ទង់មតិ​​បង្ហាញថា បក្ស​CDU ​និង​បក្ស​ដៃគូCSU អាច​ធ្លាក់​សម្លេងឆ្នោត​សភា មកនៅត្រឹម​៣៣ភាគរយ ខុសពីពេលមុន ដែល​គេស្ទង់​មតិទៅ ឃើញថា បក្ស​នេះអាច​​ទទួលបាន​៤១ភាគរយ។ ​ ​

បក្សស្តាំនិយមជ្រុល​ AfD​ទើបបង្កើតឆ្នាំ២០១៣ តែអាចមានសង្ឃឹមចូលសភាជាតិ ក្នុងការ​បោះឆ្នោតសភាខាងមុខ
បក្ស​ស្តាំនិយមជ្រុល AfD អាចឈ្នះសម្លេងច្រើន ក្នុង​ការបោះឆ្នោត​តំបន់​ម្សិលមិញ ដោយ​​​​បាន​កើន​​ប្រជាប្រិយ​ភាព​ដល់​លំដាប់ទី២ នាំមុខ​បក្ស​កាន់អំណាច។ បក្ស​ស្តាំនិយមជ្រុល AfD ទើបបង្កើតឡើង ឆ្នាំ២០១៣ ប៉ុណ្ណោះ តែ​​ប្រជាប្រិយភាព​​ក្នុង​ឆាក​អន្តរជាតិកើនខ្ពស់។ ​បក្សនេះ​ត្រូវបានគេស្គាល់ថា ប្រឆាំង​នយោបាយ​ចាយវាយ​លុយអឺរ៉ូ នៅ​សហភាព​អឺរ៉ុប មិនពេញចិត្ត​​​អោយអាល្លឺម៉ង់​ចេញថវិកា​ជួយអឺរ៉ុប​ហួសហេតុទេ។ បក្ស​នេះត្រូវបាន​គេស្គាល់​ថា មាននយោបាយ​ប្រឆាំង​​ជន​អន្តោ​ប្រវេសន៍។ តែ​បក្សនេះឆ្លាត ​ចេះថ្លឹងថ្លែង មិនអោយ​នយោបាយប្រឆាំង​ជន​អន្តោប្រវេសន៍​​របស់​បក្ស​​ខ្លួន ដើរ​ហួសបន្ទាត់ព្រំដែន​។

ក្នុង​​ការឃោសនា​បោះឆ្នោត​កន្លងមក បក្ស AfD បាន​ប្រើយុទ្ធសាស្ត្រ​​​​​បែប​ប្លែក​ទំនើប​បន្តិច​។ ជាជាង​ផ្តោត​​ការឃោសនា​បែប​ប្រពៃណី ​លើ​ប្រធានបទ​សេដ្ឋកិច្ច បក្ស​ស្តាំនិយមជ្រុល​ផ្តោត​ការ​ឃោសនា​លើ​អារ្យធម៌ និង​ភាព​ស៊ីវិល័យ​​​អាល្លឺម៉ង់​ទៅវិញ។ ​ប្រហែល​ដូច្នេះហើយ ទើប​បក្ស​នេះ​ឡើងប្រជាប្រិយភា រហូត​ទទួលសម្លេង​លើស​​​​​បក្ស​ហ្វាស៊ីសឈ្មោះថា ​NPD​ទៅទៀត។​ ​បក្ស​ហ្វាស៊ីស​​NPD ទទួលសម្លេង​មិនដល់​៥ភាគរយផង។ ​ ​

រីឯ​បក្ស​​SPD ឆ្វេងនិយម​វិញ ​ត្បិតថា នាំមុខ​បក្ស​ស្តាំជ្រុល តែ​​ក៏​​មិនមានន័យថា បក្ស​ឆ្វេងនិយម​​ទទួលបាន​​ជោគជ័យទាំងស្រុងដែរទេ។ បក្ស​ឆ្វេងនិយម​ SPD ទទួលបាន​៣០ភាគរយ​មែន តែ​ប្រៀបនឹង​ការបោះឆ្នោត​ឆ្នាំ២០១១ សម្លេងនេះថយចុះ​ដល់ទៅ​៥ពិន្ទុ។ បក្ស​ SPD នេះ​ក៏ប្រហែល​ជា​ត្រូវបាន​ប្រជាជន​ចាត់ទុកថា រួមដៃ​គ្នាក្នុង​នយោបាយ​គាំទ្រ​ជនភៀសខ្លួន​ដែរ ទើប​បានជា​បក្ស​ទទួលបាន​សម្លេង​ទាបជាងមុន។

ក្នុង​ការបោះឆ្នោត​តំបន់​កាលពីខែ​មិនា បក្ស​ស្តាំនិយមជ្រុល AfD ទទួលបាន​សម្លេង​គួរសម ក្នុង​តំបន់​ចំនួន៣ គឺបាន​សម្លេងឆ្នោត​ពី​១២ភាគរយ ទៅ​២៤ភាគរយ។ គិតជារូមទៅ ​ឥឡុវនេះ បក្ស​ AfD មានសម្លេងតំណាង​នៅ​៩​តំបន់ ក្នុងចំណោម​តំបន់​សរុបក្នុងប្រទេស​១៦តំបន់។ គឺជា​ជោគជ័យ​ខ្ពស់ ទោះបីបក្ស​ស្តាំនិយម​ជ្រុលមួយនេះ ​មិនទាន់​មានសម្លេង​ក្នុងសភាជាតិ​ក៏ដោយ។​

ប្រជាជន​អាច​បោះឆ្នោត​អោយបក្ស​ AfD ទទួលបាន​សម្លេងខ្លះ​ផង នៅឆ្នាំ២០១៧​ខាងមុខផង​ក៏ថាបាន។ យោងតាម​ការស្ទាបស្ទង់​មតិ​របស់​វិទ្យាស្ថានមួយ ​ស្តីពិការបោះឆ្នោត​សភា បក្ស AfD ​នេះ​​អាចឡើង​កូត ក្លាយជា​បក្ស​មានអនុភាពនយោបាយ​​លំដាប់ទី៣នៅ​អាល្លឺម៉ង់។​

យោងតាម​ការស្ទាបស្ទង់​មតិ​នោះ គិតជាត្រួសៗ ​ប្រជាជន​អាល្លឺម៉ង់​អាច​បោះឆ្នោត​អោយ​​បក្សស្តាំ​​ជ្រុលនិយម AfD ដល់ទៅ១២ភាគរយ។ បក្ស​​កាន់អំណាចCDU និង​ដៃគូ​CSUវិញ​អាច​ទទួលបាន​៣៤ភាគរយ ហើយ​បក្ស​ឆ្វេងនិយមSPD ទទួលបាន​២៣ភាគរយ។ បក្ស​បរិស្ថាន​វិញ​អាច​ទទួល​​សម្លេង​១១ភាគរយ ហើយ​បក្ស​ឆ្វេងជ្រុលDie Linke អាច​បាន​៩ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ