កម្ពុជា

លោក​ហោ ណាំហុង៖ការបោះឆ្នោតជាតិ​នៅ​ខែ​កក្កដា​នឹង​ធ្វើ​ឡើង​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ

លោកហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
លោកហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា RFI/Siv Channa

ក្នុង​ពេល​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ជិត​ផុត​អាណត្តិ នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ នៅ​តែ​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ប្រជាធិបតេយ្យ បើ​ទោះបី​ជា​មិន​មាន​វត្តមាន​របស់​មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី ចូលរួម​ក៏​ដោយ​។ តាម​លោក​ហោ ណាំហុង ករណី​លោក​សម​រង្ស៊ី មិនមែន​ជា​ករណី​នយោបាយ​ទេ ហើយ​គណបក្សប្រឆាំង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ការបោះឆ្នោត​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​ត្រូវ​បាន​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី Penny Richards ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ជិត​ផុត​អាណត្តិ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នៅ​ព្រឹក​មិញ​។ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថា ការបោះឆ្នោត នា​ខែ​កក្កដា​ខាងមុខនេះ រដ្ឋាភិបាល​សង្ឃឹមថា ការ​បោះឆ្នោត​នោះ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ ដូច​ការ​បោះឆ្នោត​មុនៗ​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​។

លោក កុយ គួង បាន​គូស​បញ្ជាក់​ថា "​ឯកឧត្តម​បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​មាន​ការបោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​អ្នកសង្កេតការណ៍​បរទេស​ជាច្រើន និង​មាន​អ្នក​សង្កេតការណ៍ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​អ្នកសង្កេតការណ៍​តំណាង​គណបក្ស​រាប់ពាន់​នាក់ គឺ​ថា​ទាំងអស់​គ្នា​បាន​ឯកភាព​ថា ការបោះឆ្នោត​នោះ ប្រព្រឹត្តិ​ទៅ​ដោយ​សេរី និង​យុត្តិធម៌​"​។ លោក កុយ គួង បាន​គូស​បញ្ជាក់​ថា "​ហេតុដូច្នេះ​ហើយ រឿង​ការ​បោះឆ្នោត​​នៅ​ពេល​ខាងមុខ​នេះ ថ្វី​ត្បិត​តែ​បើ​ទោះ​ជា​គ្មាន​លោក​សម​រង្ស៊ី​ចូលរួម ក៏​គណបក្ស​លោក​សម​រង្ស៊ី គណបក្ស​របស់​គាត់ ក៏​បន្ត​ដំណើរការ​ការងារ​នយោបាយ ហើយ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជា​ដដែល​។ ដូច្នេះហើយ ជា​បុគ្គល គឺ​សម​រង្ស៊ី​ស្ថិត​ក្នុង​ផ្លូវច្បាប់ មិនមែន​ស្ថិត​ក្នុង​ផ្នែក​នយោបាយ​ទេ​។ ដូច្នេះ​ហើយ វា​អត់​ពាក់ព័ន្ធ​ថា ការបោះឆ្នោត​នឹង​ថា ប្រព្រឹត្តិ​​ទៅ​យ៉ាងណា​នោះ ពី​ព្រោះ​ការបោះឆ្នោត​ជា​សេរី សំខាន់​គណបក្ស​គ្រប់​និន្នាការ​នយោបាយ ចូលរួម​បោះឆ្នោត មិនមែន​ផ្តោត​ទៅ​លើ​តែ​បុគ្គល ដែល​ជា​ទណ្ឌិត​នោះ​ទេ​"​។

ក៏​ប៉ុន្តែ លោក គង់ គាំ ប្រធាន​គណបក្ស​សម​រង្ស៊ី​បាន​លើក​យក​អនុសាសន៍​របស់​សហភាព​អឺរ៉ុប និង​អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែ​ឌី ដែល​លោក​ថា ការបោះឆ្នោត​នៅ​កម្ពុជា មិនទាន់​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ហើយ​ស្នើ​ឲ្យ​មាន​ការកែទម្រង់ គ​.​ជ​.​ប​.​។ តាម​លោក គង់ គាំ វត្តមាន​របស់​លោក​ស​ម​រង្ស៊ី​សម្រាប់​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការបោះឆ្នោត ជា​ការសំខាន់​។ លោក គង់ គាំ បាន​បញ្ជាក់​ថា “​លោក​ប្រធាន​សម​រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បើ​គ្មាន​ប្រធាន​គណបក្សប្រឆាំង ដើម្បី​ប្រកួតប្រជែង​មួយ​ទល់​នឹង​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ននេះ មិនបាន​ចូលរួម​ការបោះឆ្នោត​ទេ នោះ​ការបោះឆ្នោត នឹង​មិន​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ទេ​”​។

ចំណែក​លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត នី​កហ្វិច បាន​លើក​ឡើង​ថា នៅ​ពេល​នេះ គេ​មិន​ទាន់​អាច​វាយតម្លៃ​លើ​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ សម្រាប់​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា​នៅ​ឡើយ​ទេ​។ លោក​ថា បើ​សិន​ជា​មាន​ការអនុញ្ញាត​ឲ្យ​លោក​សម​រង្ស៊ី មក​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត គឺ​កាន់តែ​ប្រសើរ​។ លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា “​ទោះ​បី​ជា​អវត្តមាន​របស់​មេគណ​បក្ស​ជំទាស់​មួយ យើង​ក៏​នៅ​ឃើញ​ថា មាន​សកម្មជន​របស់​គណបក្សជំទាស់​នេះ បាន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​ទាក់ទាញ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែរ​។ អីចឹង ការបោះឆ្នោត​នៅ​តែ​ដំណើរការ​ទៅមុខ​។ ប៉ុន្តែ​ប្រសិន​បើ​អនុញ្ញាត​ឲ្យ​មេបក្សប្រឆាំង​ចូល​មក​ប្រកួតប្រជែង​ដែរ ខ្ញុំ​គិតថា នេះ​កាន់​តែ​ប្រសើរ​ជាង​អ្វី​ដែល​បាន​គិត​តទៅទៀត​”។​

សូម​បន្ថែម​ថា ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី នៅ​ព្រឹក​មិញ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង ក៏​បាន​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរក្រហម ដំណើរការ​ឲ្យ​បាន​លឿន ដើម្បី​កុំ​ឲ្យ​បញ្ចប់​ទៅ ដោយ​គ្មាន​អ្នកទោស មកឈរ​កាត់ក្តី​បន្ត​ទៅ​ទៀត​។ រីឯ​អ្នកស្រី Penny Richards បាន​លើក​ឡើង​ថា អូស្ត្រាលី​នឹង​ពិចារណា​បន្ត​ផ្តល់​ជំនួយ​បន្ថែមទៀត​ដល់​សាលាក្តី​ខ្មែរក្រហម ខណៈ​ដែល​សាលាក្តី​សព្វថ្ងៃ កំពុង​ប្រឈម​នឹង​វិបត្តិ​ថវិកា និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង ០០២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI