កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រមអង្គុយចរចាជាថ្មី ក្រោយពីដំឡើងសាច់ដុំដាក់គ្នា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអាទិត្យ ទី៩ មិថុនានេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានអង្គុយចរចាទល់មុខគ្នានៅក្នុងស្រុក Panmunjom ស្ថិតជាប់ព្រំដែនដែលខ័ណ្ឌចែកទឹកដីកូរ៉េជាពីរ។ កិច្ចចរចារវាងបងប្អូនបង្កើតគូសត្រូវទំាងពីរពេលនេះបានធ្វើឡើង បន្ទាប់ពីមានការអាក់ខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នំា និងក្រោយពីមានផ្ទុះឡើងនូវភាពតានតឹងយោធាយ៉ាងខ្លំាងក្លាដែលបង្កឡើងដោយរបបក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ដំបូងគួរជម្រាបជូនថា ជំនួបរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរត្រូវបានធ្វើឡើង ត្រឹមថ្នាក់គណៈប្រតិភូតែប៉ុណ្ណោះ គឺ ៣នាក់មកពីកូរ៉េខាងជើង និង ៣នាក់មកពីកូរ៉េខាងត្បូង។ មួយវិញទៀត ជម្រើសទីកន្លែងជំនួបនៅស្រុក Panmunjom ស្ថិតជាប់ព្រំដែនដែលខ័ណ្ឌចែកទឹកដីកូរ៉េជាពីរ គឺជាកន្លែងដែលបងប្អូនបង្កើតទំាងពីរបានចុះហត្ថលេខាលើយុទ្ធសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមរវាងគ្នាចន្លោះឆ្នំា ១៩៥០ ១៩៥៣។ គួរបញ្ជាក់ថា ទោះបីជាសង្រ្គាមកូរ៉េបានបិទបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សក៏ដោយ ក៏ជាលក្ខណៈបច្ចេកទេស បងប្អូនបង្កើតទំាងពីរកំពុងបន្តមានសង្រ្គាមជាមួយគ្នាដដែល។ នេះក៏ដោយសារថា ភាគីជម្លោះទំាងពីរនៅមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងគ្នាទេ។
ជំនួបក្នុងថ្ងៃនេះ ភាគីទំាងពីរបានជួបចរចាគ្នាប្រមាណជាពីរម៉ោង និងដែលគេសង្កេតឃើញថា បរិយាកាសរួមទូទៅ គឺល្អ។ នៅក្នុងការជជែកគ្នានោះ ភាគីទំាងពីរមិនបានប្រើពាក្យសម្តីតឹងតែងដាក់គ្នាទេ។ អ្វីជាការកត់សម្គាល់ ជំនួបរវាងកូរ៉េទំាងពីរនៅថ្ងៃអាទិត្យនេះទើបតែបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ព្រោះថាតំាងតែពីមានភាពតានតឹងខ្លំាងរវាងគ្នានារយៈពេលចុងក្រោយនេះមក កូរ៉េខាងជើងតែងតែបានបដិសេធសុំចរចារបស់កូរ៉េខាងត្បូង។ តែនៅមួយថ្ងៃមុនជំនួបកំពូលរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ស្រាប់តែកូរ៉េខាងជើងបានប្តូរឥរិយាបទយល់ព្រមចូលខ្លួនចរចាទៅវិញ។ នៅពេលនោះ កូរ៉េខាងត្បូងក៏យល់ព្រម ដោយស្នើឲ្យមានការចរចាថ្នាក់ក្រសួងនៅក្នុងទីក្រុងសេអ៊ូល។ តែកូរ៉េខាងជើងបែរជាបានដាក់សំណើសុំចរចាដំបូងក្នុងទឹកដីរបស់ខ្លួន មុននឹងមានការចរចាបន្តនៅក្នុងទឹកដីកូរ៉េខាងត្បូង។ អ៊ីចឹងហើយបានជាមានជំនួបនៅថ្ងៃអាទិត្យនេះ។
កូរ៉េខាងជើង និងកូរ៉េខាងត្បូងចង់ភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងគ្នាឡើងវិញ
ជំនួបថ្នាក់គណៈប្រតិភូតូចតាចថ្ងៃនេះ មិនមែនមានគោលដៅជជែកស៊ីជម្រៅ ឬមួយក៏ស្វែងរកដោះស្រាយឲ្យបញ្ហាប្រឈមរវាងគ្នាទេ។ គោលដៅសំខាន់ គឺជជែកគ្នាដើម្បីត្រៀមរៀបចំជំនួបថ្នាក់កំពូលរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរនៅថ្ងៃខាងមុខ។ អ្នកនំាពាក្យក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានបញ្ជាក់ឲ្យដឹងថា ជំនួបថ្នាក់កំពូលនៅថ្ងៃខាងមុខ គឺជាជំនួបថ្នាក់រដ្ឋមន្រ្តី។ តែគេនៅទាន់ដឹងអំពីទីកន្លែង និងពេលវេលាដែលត្រូវជួបនៅឡើយទេ។ ក្រៅពីការជជែកស្តីពីការត្រៀមរៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃខាងមុខ ភាគីទំាងពីរក៏បានពិភាក្សាគ្នាអំពីគម្រោងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មដែលបានព្យួរចោលមួយរយៈនាពេលកន្លងមក ក្នុងនោះ ក៏មានជាប់ទាក់ទងនឹងការបើកតំបន់សេដ្ឋកិច្ចពិសេស Kaesong ឲ្យដំណើរការឡើងវិញដែរ។
តំបន់សេដ្ឋកិច្ចពិសេស Kaesong ដែលត្រូវបានរបបក្រុងព្យុងយ៉ាងសម្រេចបិទទ្វារជាបណ្តោះអាសន្នកាលពីខែមេសាកន្លងទៅ បន្ទាប់ពីមានភាពតានតឹងដល់កំពូលរវាងកូរ៉េទំាងពីរ។ សូមរម្លឹកជូនថា តំបន់សេដ្ឋកិច្ចពិសេស Kaesong ដែលបានបើកទ្វារក្នុងដំណាច់ឆ្នំា ២០០៤ គឺជាកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចរួមគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នៅទីនោះ មានកម្មករកូរ៉េខាងជើងចំនួន ៥០ ០០០នាក់ធ្វើការឲ្យរោងចក្រ សហគ្រាសរបស់កូរ៉េខាងត្បូងចំនួន ១២៣។
នុយក្លេអ៊ែរ គឺជាអាយុជីវិតស្លាប់ រស់របស់កូរ៉េខាងជើង
គេអាចនិយាយបានថា បញ្ហានៅឧបទ្វីបកូរ៉េមានពីរ គឺបញ្ហានុយក្លេអ៊ែរកូរ៉រខាងជើង និងបញ្ហារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាសំណុំរឿងមួយសំាញំា និងស្មុគស្មាញ។ កន្លងមក កិច្ចចរចា ៦ភាគី ដែលរួមមាន អាមេរិក ចិន រុស្ស៊ី ជប៉ុន និងកូរ៉េទំាងពីរ ជើង-ត្បូង មានច្រើនរាប់មិនអស់ តែលើកណាក៏ដូចជាលើកណាដែល វាមិនខុសអ្វី ពីការចចាររវាងមនុស្ស គ និងមនុស្សថ្លង់ទេ។ កិច្ចចរចាដែលបានចាប់ផ្តើមដំបូងក្នុងឆ្នំា ២០០៣ តែត្រូវបានជាប់គំាងតំាងពីឆ្នំា ២០០៩ ដោយកូរ៉េខាងជើងបានសម្រេចដើរចេញពីតុចរចា។
ការដែលរបបក្រុងព្យុងយ៉ាងចេះតែបន្តយកសំណុំរឿងនុយក្លេអ៊ែររបស់ខ្លួនទៅបន្តផ្គើមសហគមន៍អន្តរជាតិនាពេលនេះ មកកូរ៉េខាងជើងអាងប្រទេសចិន និងរុស្ស៊ី។ សម្ព័ន្ធមិត្តចិន និងរុស្ស៊ីដែលក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅតែបន្តគំាទ្រ និងមិនចង់ឃើញកូរ៉េខាងជើងទទួលទ័ណ្ឌកម្មខ្លំាងទេ។
យ៉ាងណាក៏ដោយ ផ្លូវហាក់ដូចមានតែមួយគត់ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង នោះគឺបន្តការចរចា ៦ភាគី។ តែដើម្បីឈានដល់ចំណុចនេះបាន ការបង្កើនទំនាក់ទំនងឲ្យល្អប្រសើររវាងបងប្អូនបង្កើតគូសត្រូវទំាងពីរ ជារឿងមួយមិនអាចខ្វះបាន។ តែសំណួរដែលបន្តចោទនៅត្រង់ថា តើត្រូវធ្វើដូចម្តេចដើម្បីអាចអូសកូរ៉េខាងជើងឲ្យទៅកាន់តុចរចាជាថ្មីឡើងវិញ និងថា តើកូរ៉េខាងជើងពិតជាមានឆន្ទៈចង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬអត់ ? ព្រោះគេមិនត្រូវភេ្លចទេថា សម្រាប់របបដឹកនាំក្រុងព្យុងយ៉ាង កម្មវិធីនុយក្លេអ៊ែរ គឺជាអាយុជីវិតរបស់ពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ