អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សកម្មភាព​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA លែង​ជា​រឿង​សម្ងាត់

សំឡេង ០៥:៣៥
បន្ទប់​ទទួល​ភ្ញៀវ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកCIA
បន្ទប់​ទទួល​ភ្ញៀវ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកCIA Fuente: Wikipedia.
ដោយ៖ ឈាង បុប្ផា
៣៣ នាទី

ការងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​CIA អាច​នឹង​ត្រូវ​គេ​បកអាក្រាត នៅក្នុង​ពេលឆាប់ៗ ខាងមុខ។ កាលពី​ថ្ងៃព្រហស្បតិ៍ ដើម​ខែ​មេសា គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ របស់​អាមេរិក​ទើប​បាន​បោះឆ្នោត​គាំទ្រ​ជំហរ​របស់​លោក​ប្រធានាធិបតី​ដែល​ចង់ ឲ្យ​ចេញ​ផ្សាយ ជា​សាធារណៈ​របាយការណ៍​មួយ​ដែល​បង្ហាញ​ពី​វិធីសាស្រ្ត​សួរ​ចម្លើយ មាន​លក្ខណៈ​មិនមនុស្សធម៌​របស់​ទីភ្នាក់ងារ​CIA។ របាយការណ៍​សង្ខេប ជាង​៤០០ ទំព័រ​ដែល​គណៈកម្មការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​ចងក្រង​ឡើង​នឹង​ត្រូវ​បញ្ជូន​ទៅ​លោកប្រធានាធិបតី​អាមេរិក ដើម្បី​ធ្វើការ​អារកាត់។ 

ផ្សាយពាណិជ្ជកម្ម

កាសែត​Washington Post​ដែល​ទទួល​ព័ត៌មាន​ពី​មន្រ្តី​អាមេរិក​បាន​សរសេរ​ចុះផ្សាយ ជា​បន្ត​បន្ទាប់​ពី​រឿងអាស្រូវ​របស់​ទីភ្នាក់ងារ​CIA។ នៅក្នុង​ការចុះផ្សាយ​របស់ខ្លួន កាល​ពី​ថ្ងៃ១ មេសា កាសែត​នេះ​បាន​សរសេរ​ថា CIA បាន​លាក់បាំង​ការងារ​សួរចម្លើយ​របស់ខ្លួន និង​និយាយ​ភូតភរ កុហក​ទាំង អាជ្ញាធរ និង​ប្រជាជន​អាមេរិក។

ចាប់តាំង​ពី​ត្រូវ​បាន​បង្កើត​ចេញ​ជារូបរាង នៅឆ្នាំ​១៩៤៧ ភ្នាក់ងារ​ស៊ើបការណ៍ សម្ងាត់ ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​បាន​បំពេញ​ការងារ​របស់ខ្លួន នៅក្នុង​ទី​អាថ៌កំបាំង។ អ្វីៗ​ធ្វើឡើង​ដោយ​សម្ងាត់​បំផុត។ ប៉ុន្តែ​ភាពអាថ៌កំបាំង និង​សម្ងាត់​របស់​ស្ថាប័ន​នេះ កំពុង​ទទួល​រង​ការគំរាម​កំហែង ចាប់តាំង​ពី​CIA នេះ​ត្រូវ​ដាក់ស្ថិត នៅ​ក្រោម​ការស៊ើបអង្កេត​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ របស់​ព្រឹទ្ធសភា។

ចាប់តាំង​ពី​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១២ គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ របស់​ព្រឹទ្ធសភា​បាន​លូកដៃ​ចូល​ទៅ​ក្នុងបណ្ណសារ​របស់ ទីភ្នាក់ងារ​CIA។ គំនិត​ដំបូងឡើយ​របស់​គណៈកម្មការ​ព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ពី​លើ​CIA គឺគ្រាន់​តែ​ចង់​ចុះ​បញ្ជី​រាល់​វិធីសាស្រ្ត​សួរចម្លើយ និង​ការចាប់​ដាក់​ពន្ធនាគារ​ដែល​CIA​ប្រើ​នៅក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ពីឆ្នាំ ២០០២ ដល់ ឆ្នាំ ២០០៦។ សង្រ្គាម​ប្រឆាំង​ក្រុមភេរវករ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ អតីត​ប្រធានាធិបតី ប៊ូស បន្ទាប់​ពី​អំពើ​ភេរវកម្ម ១១ កញ្ញា ២០០១ ទៅ​លើ​អគាភ្លោះ​World Trade Center។

នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ដំបូងCIA បាន​ប្រគល់ ឯកសារ ៦លាន​ឯកសារ ដល់ ក្រុម​ស៊ើបអង្កេត​របស់ គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា។ នៅក្នុង​ពេល CIA បើកដៃ​ឲ្យ​ចូល​មើល​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ក្រុមអ្នកស៊ើប​អង្កេត​បាន​រកឃើញ​ករណី​ជាច្រើន ដែល​នឹង​អាច​ធ្វើឲ្យ​ព្រឹទ្ធសភា​រន្ធត់ចិត្ត។ នោះគឺ ដើម្បី​បាន​ទទួល​ចម្លើយ​ពី​ជនសង្ស័យ មន្រ្តី​របស់​CIA មិនខ្លាច​នឹង​ប្រើ​ការគំរាមកំហែង​គ្រប់បែបយ៉ាង ដូចជា គំរាម​សម្លាប់​ជនសង្ស័យ គំរាម​ថា នឹង​ធ្វើបាប​ក្រុមគ្រួសារ​របស់​ជនសង្ស័យ ប្រសិនបើ​គេ​មិន​ព្រម​ឆ្លើយ។ អ្វី​ដែល​ក្រុមស៊ើបអង្កេត​ភ័យស្លុត ទៅទៀតនោះ គឺ​ក្រុម​សួរចម្លើយ​របស់ CIA បាន​ប្រើ​វិធីសាស្រ្ត​ចាប់​ជ្រមុជ​ក្បាល​ជនសង្ស័យ ចូល​ក្នុង​អាង​ទឹកកក ដែល​តាមពិតទៅ វិធីសាស្រ្ត​នេះ​ត្រូវ​ក្រុម​អ្នកច្បាប់​​របស់​CIA ផ្ទាល់​ផ្តល់​យោបល់​ឲ្យ​ឈប់​ប្រព្រឹត្ត។ ក្រៅ​ពី​ឯកសារ ការសាកសួរ មន្រ្តីCIA បាន​បង្ហាញថា នៅ​តាម​គុក​សម្ងាត់​របស់ CIA ដែល​មាន​នៅ​បរទេស​ជន​សង្ស័យ ត្រូវ​បាន​គេ​វាយ​សួរ​ចម្លើយ នោះបើទោះបី​ជា​អ្នកវិភាគ​របស់​ទីភ្នាក់ងារ​វាយតម្លៃ​ថា ពួកគេ​នឹង​មិន​អាច​ផ្តល់​ចម្លើយ​បន្ថែម​ក៏ដោយ។ ម្យ៉ាងទៀត តាម​របាយការណ៍​របស់​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់ របស់​ព្រឹទ្ធសភា​វិធីសាស្រ្ត​សួរចម្លើយ ដោយប្រើ​ធម៌ក្តៅ​របស់ CIA មិនបាន​ជួយ​ឲ្យ​គេ​រក​កន្លែង​លាក់ខ្លួន របស់​មេបណ្តាញ​អាល់កៃដា អូសាម៉ា បិនឡាដិន ដូច​ដែល​CIA ធ្លាប់​អះអាង​នោះ​ទេ។ ឯកសារ​ផ្ទៃក្នុង​របស់ ទីភ្នាក់ងារ CIA ក៏​បាន​បង្ហាញ​ដែរ​ថា CIA បាន​បំប៉ោង​រឿងទាក់ទង​នឹង​ការប៉ុនប៉ង​ធ្វើភេរវកម្ម ឬលាក់​អ្នកទោស នៅតាម​គុក​សម្ងាត់ ដោយ​មិន​ជូន​ដំណឹង ទៅ​ក្រសួងយុត្តិធម៌ អាមេរិក។

ក្នុង​រយៈពេល​មួយឆ្នាំ ក្រុម​ស៊ើបអង្កេត បាន​ថតទុក​ឯកសារ​សំខាន់ៗ ដែល​បង្ហាញ​ការងារ​មិន​ប្រក្រតី​របស់​CIA។ ប៉ុន្តែ នៅឆ្នាំ ២០១០ មន្រ្តី​ព្រឹទ្ធសភា​ស្វែង​យល់​ឃើញ​ថា ឯកសារ​ដ៏រសើប​ប្រមាណ​ជាង ៨០០ ឯកសារ​បាន​ត្រូវ​គេ​លុប​ចោល។ គឺចាប់​តាំងពី​ពេលនោះហើយ ដែល​គណៈកម្មការ​របស់ ព្រឹទ្ធសភា​ទទួល​បន្ទុក​ការស៊ើបអង្កេត និង CIA ចាប់ផ្តើម​ឈ្លោះដំឡើង​តឹងសរសៃ ក ដាក់គ្នា។ សមាជិក​ព្រឹទ្ធសភា​បាន​ចោទ CIAថា បាន​ព្យាយាម​រារាំង​ការងារ​ស៊ើបអង្កេត​ដោយ​បាន​លួចចូល​មើល​កុំព្យូទ័រ និង​លុបចោល​ឯកសារ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា នៅពេល CIA វិញ​បាន​ចោទ​ព្រឹទ្ធសភា​វិញ​ថា បាន​ចូលមើល ដោយ​គ្មាន​ការសុំ​អនុញ្ញាតិ រាល់​ឯកសារ ដែល​គេ​ចាត់​ទុក​ជា​កិច្ចការ​សម្ងាត់​ជាតិ ។

តាម​លោកស្រីDianneFeinstein​សមាជិក​ព្រឹទ្ធសភា​ដ៏មានឥទ្ធិពល និងជា​ប្រធាន​គណៈកម្មការ​​ស៊ើបការណ៍​សម្ងាត់ របាយការណ៍​លើ​សកម្មភាព​សួរចម្លើយ ដោយហិង្សា​របស់CIA សក្តិសម​នឹង​ត្រូវគេ​បង្ហាញ​ដល់​សាធារណជន ដើម្បី​ឲ្យប្រជាជន​អាមេរិក​បាន​ស្វែង​យល់​ពី​ការងារ​លាក់កំបាំង​របស់ CIA និង​ដើម្បី​កុំ​ឲ្យរដ្ឋាភិបាល​អាមេរិក​ក្រោយៗ​អនុវត្ត​វិធីសាស្រ្ត​​សួរចម្លើយ​ដ៏​ឃោឃៅ​បែបនេះទៀត។

រដ្ឋបាល​លោកអូបាម៉ា​បាន​លុបចោល​វិធីសាស្រ្ត​សួរចម្លើយ​បែបក្តៅ​របស់CIA ចាប់​តាំងពី​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ កាលពី​ពាក់កណ្តាល​ខែមីនា លោក​បានសន្យា​ថា នឹង​បង្ហាញ​របាយការណ៍​ស្តីពី​ការងារ​សួរចម្លើយ​របស់ CIA​ដល់​សាធារណជន​អាមេរិកាំង។ បើទោះជា លោកអូបាម៉ា​បើកភ្លើង​ខៀវ​ឲ្យចេញ​ផ្សាយជា​សាធារណៈ​មែន ប៉ុន្តែ ទីភ្នាក់ងារ CIA ត្រូវ​បាន​ជ្រើសរើស ឲ្យ​ត្រួតពិនិត្យ មើល​ខ្លឹមសារ​របាយការណ៍ មុន​នឹង​វាត្រូវ ចុះផ្សាយ។ ទិសដៅ គឺCIA ជា​អ្នកកំណត់​ថា តើ​ព័ត៌មានណា​ដែល​អាច​ផ្សាយ​ចេញ​ទៅ​ខាង​ក្រៅ ដោយ​មិន​បង្ក​គ្រោះថ្នាក់ ដល់​កិច្ចការ​ស៊ើបការណ៍ សម្ងាត់​ជាតិ​អាមេរិក។

បើទោះ​បី​ជា CIA ជា​អ្នកជ្រើសរើស​ខ្លឹមសារ​ដែល​ត្រូវចុះផ្សាយ ប៉ុន្តែ គណៈកម្មការ​ស៊ើបការណ៍ សម្ងាត់ របស់​ព្រឹទ្ធសភា​សង្ឃឹម​ថា វា​នឹង​ធ្វើ​ឲ្យ​របាយការណ៍​បាត់​ខ្លឹមសារ​ដែល​គេ​ចង់​បង្ហាញ​នោះ គឺ​ការងារ​សួរ​ចម្លើយ​មិនត្រឹមត្រូវ​របស់ CIA។ ចង់ ឬ មិនចង់ នេះ​ជា​លើក​ទី​មួយ ដែល​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA អាច​ប្រឈម​នឹង​ការវិនិច្ឆ័យ និង​អប្រជាប្រិយ ប្រសិន​​បើ​របាយការណ៍ ពិត​ជា​នឹង​ត្រូវ​ចេញ​ផ្សាយ​ជាសាធារណៈ​មែន។ ទីភ្នាក់ងារ​ស៊ើបការណ៍​​សម្ងាត់​ដ៏​ល្បីឈ្មោះ ដែល​ធ្លាប់​តែ​លួច​យកការណ៍​សម្ងាត់ ពី​រដ្ឋាភិបាល​ប្រទេស​ដទៃ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ពេលនេះ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ពី​ព្រឹទ្ធសភា និង​អាច​ទទួល​ការរិះគន់​ពី​សាធារណមតិ នៅពេល​ខ្លួន​មិនសូវ​បាន​ទទួល​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ដែល​ជា​មេកើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ