សហរដ្ឋអាមេរិក

គណបក្ស​សាធារណរដ្ឋ​ជ្រើសរើស​​បេក្ខជន​សម្រាប់ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២

អ្នកគំាទ្រ​គណបក្ស​សាធារណរដ្ឋ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី ៣ មករា ២០១២
អ្នកគំាទ្រ​គណបក្ស​សាធារណរដ្ឋ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី ៣ មករា ២០១២ ©Reuters

នៅយប់ថ្ងៃ​អង្គារទី ៣ មករា ២០១២ ប្រជាជន​អាមេរិក ដែល​ជាសកម្មជន​គាំទ្រ​គណបក្ស​សាធារណរដ្ឋ នៅក្នុង​រដ្ឋ​ Iowa ត្រូវ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ សម្រាប់​ចូលរួម​ប្រកួត នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី ៦ វិច្ឆិកាឆ្នាំ ២០១២។

ផ្សាយពាណិជ្ជកម្ម

 

ការបោះឆ្នោតថ្ងៃនេះ ធ្វើ​ឡើង​តែ​នៅក្នុង​គណបក្ស​សាធារណរដ្ឋ។ គណបក្ស​ប្រជាធិបតេយ្យ​មិន​ចាំបាច់​មាន​ការបោះឆ្នោត ព្រោះ​គេ​មាន​បេក្ខជន​ប្រធានាធិបតី​រួចហើយ គឺ​លោក​បារ៉ាក់ អូបាម៉ា ដែល​នឹង​ឈរ​ឈ្មោះជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់អាណត្តិទីពីរ​ទៀត។

ក្នុង​គណបក្ស​សាធារណរដ្ឋ គេចាំបាច់​ត្រូវ​មាន​ការបោះឆ្នោត ព្រោះ​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​មាន​ដល់​ទៅ ៦នាក់។ គេ​វាយតម្លៃថា តែ​ក្នុង​មួយខែចុងក្រោយនេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋIowa មាន​តម្លៃ​ប្រមាណ ១២​លាន​ដុល្លារ។ បេក្ខជន​​ម្នាក់ៗ ចំណាយ​លុយច្រើន​សន្ធឹកសន្ទាប់ ក៏ព្រោះ​តែ ការបោះឆ្នោត​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ ត្រូវ​ចាប់ផ្តើម​ដំបូង នៅ​រដ្ឋ​ Iowa តែម្តង។
 
បើប្រៀបធៀប​នឹង​រដ្ឋផ្សេងទៀត រដ្ឋ Iowa​មាន​ប្រជាជន ​តែ​ជាង ៣លាន​នាក់ ប៉ុណ្ណោះ និង​សម្បូររស់នៅដោយ​ប្រជាជន​គាំទ្រ​ក្រុមគណបក្ស​សាធារណរដ្ឋ។ អ្នក​គំាទ្រ​គណបក្ស​សាធារណរដ្ឋ ប្រមាណ​៣សែននាក់​នឹង ទៅ​បោះឆ្នោត នៅយប់​ថ្ងៃនេះ។ គេតាមដាន​ខ្លាំង ទៅលើ​ការបោះឆ្នោត នៅរដ្ឋ​ Iowa ពីព្រោះ​វា​នឹង​បង្ហាញ​ឲ្យ​ដឹង​ពីបេក្ខជន​ដែល​ត្រូវ​ជំរុះ និង​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​ទៅប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ចុងឆ្នាំនេះ។ ជាទូទៅ លទ្ធផល​បោះឆ្នោត នៅរដ្ឋ Iowa តែងតែ​ជះ​ឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត នៅរដ្ឋផ្សេងៗ​ទៀត ឧទាហរណ៍​ដូចជា នៅរដ្ឋ​New Hamsphear ដែល​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន នៅថ្ងៃ​អង្គារ​ទី ១០ ខែ​មករា។

បន្ទាប់ពី​ការ​បោះឆ្នោត​នៅតាមរដ្ឋ​នីមួយៗ​ចប់ គណបក្ស​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​មួយទៀត នៅខែ​សីហា។ ការបោះឆ្នោត​ថ្នាក់ជាតិ​សឹងតែធ្វើ​ឡើង​ក្នុង​លក្ខណៈ​និមិត្តរូប និង​គ្រាន់តែ​ជា​ផ្លូវការ ព្រោះ ដោយពិតទៅ លទ្ធផល​ដែល​ថា បេក្ខជន​ណា​ដែល​នឹង​ត្រូវ​តំណាងគណបក្ស ប្រឈម​នឹង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវ​គេ​អាច​ដឹង​រួចទៅហើយ តាំងពី​ចប់ការបោះឆ្នោត​នៅតាមរដ្ឋម្ល៉េះ។ និយាយ​ដោយសាមញ្ញ បេក្ខជន​ណា​ដែល​បាន​ទទួល​សំឡេង​គំាទ្រ​ច្រើន​នៅក្នុង​ការបោះឆ្នោត​តាមរដ្ឋ បេក្ខជន​នឹង​ប្រាកដជា​ត្រូវជ្រើសរើស​ជា​អ្នកតំណាង​គណបក្ស​សាធារណរដ្ឋ ដែល​គេ​ជឿ​ថា មាន​សមត្ថភាព​ទៅ​ប្រកួតប្រជែង​ជាមួយ​លោក​អូបាម៉ា នៅខែ​វិច្ឆិកា។

គួរដឹងថា ប្រជាជន​របស់​រដ្ឋ​ Iowa ត្រូវ​គេ​ស្គាល់ជា​ទូទៅថា ​មាន​ប្រជាជន​ សកម្ម ចូលរួម​ច្រើន​ក្នុង​ឆាក​នយោបាយ និង​ចាត់ទុកនយោបាយ ជា​រឿង​សំខាន់ជាងអ្វីទាំងអស់ ​ក្នុង​ជីវិត​របស់​ពួកគេ។

កន្លងមក មាន​បេក្ខជន​តែ​បីនាក់ ប៉ុណ្ណោះ ដែល​បាន​ទទួល​សំឡេង​គំាទ្រ​ច្រើន នៅរដ្ឋ​ Iowa ហើយ អាចទទួល​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ ដើម្បី​​ឈ្នះឆ្នោត​ទទួល​តំណែង​ប្រធានាធិបតី។ អ្នកទាំងបី​នោះ គឺ​លោក​អូបាម៉ា មក​ពីគណបក្ស​ប្រជាធិបតេយ្យ លោក​George W Bush មកពីគណបក្ស​សាធារណរដ្ឋ និង​លោក​ Jimmy Carter នៅឆ្នាំ1976។
 
ការស្ទាបស្ទង់​មតិ​បាន​បង្ហាញ​ឲ្យ​ឃើញថា មាន​បេក្ខជន​បីរូប​ដែល​កំពុង​ទទួល​សំឡេង​គំាទ្រ​ច្រើន នៅក្នុង​រដ្ឋ​ Iowa។ បើតាម​ការស្ទង់មតិ​របស់​កាសែត​ក្នុង​ស្រុក​ លោក​Mitt Rumney អតីត​អភិបាលរដ្ឋ​Massachusetts បាន​ទទួល​សំឡេងគំាទ្រ នាំមុខ​គេ​នៅក្នុង​ចំណោម​បេក្ខជន​គណបក្សទាំង៦។ លោក​បានការគាំទ្រ​២៤ភាគរយ នាំមុខ​តែបន្តិច បេក្ខជន​សេរីនិយម Ron Pol ដែល​បាន​សំឡេងគំាទ្រ ២២ភាគរយ។ បេក្ខជន​ទីបីដែល​នឹង​អាច​មាន​សង្ឃឹម​ចូល​ទៅប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​គណបក្ស​ថ្នាក់ជាតិ គឺ លោក​Rick Santorum។

តាមអ្នកវិភាគ​ជាច្រើន លើកនេះ លោក​ Mitt Rumney នឹង​អាចជា​បេក្ខជន​សក្តិសម ដើម្បី​អាច​ចូលទៅប្រកួត​ជាមួយ​លោក​អូបាម៉ា របស់គណបក្ស​ប្រជាធិបតេយ្យ។ លោក​ Mitt Rumney ជា​មហាសេដ្ឋី ដែល​មាន​លុយ​ចាយ​ច្រើនរួចទៅហើយ នៅ​មាន​ការគំាទ្រ​ពី​អ្នកមាន​ផ្សេង​ទៀត ដែល​នៅពីក្រោយ ដើម្បី​ឧបត្ថម្ភ​យុទ្ធនា​ការឃោសនា​បោះឆ្នោត​របស់គាត់។

មួយវិញទៀត បើមើល​ពី​របៀប​ធ្វើឃោសនា​របស់គាត់​វិញ លោក​ Mitt Rumney ចេះ​និយាយ​ពន្យល់​ច្បាស់ៗ មាន​កាយវិការ​ស្វាហាប់ ការជឿ​ទុកចិត្ត​លើ​ខ្លួនឯង។ លោក​ Mitt Rumney មាន​ក្រុមការងារ​ដែល​ពូកែ​ធ្វើ​យុទ្ធនាការ​ឃោសនា។ បេក្ខជន​ Mitt Rumney បាន​ចាយលុយ​ច្រើន​ជាងគេ ​ដើម្បី​ធ្វើការឃោសនា និង​ហ៊ាន​ចាយលុយច្រើន​លើ​ការធ្វើដំណើរ​របស់​ប្រជាជន។

ដូចជា​ លោក​ Mitt Rumney បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ គឺ​ជា​មនុស្ស​អភិរក្សនិយម។ នៅផ្នែកសេដ្ឋកិច្ច ពួកគេ​សន្យា​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​ដែល​បាន​មកពី​ការទិញ​លក់ដូរភាគហ៊ុន។ សន្យា​លុបចោល​នយោបាយ​សុខភាព​សាធារណៈ​ដែល​លោក​អូបាម៉ា ធ្វើឡើង ដើម្បី​ជាប្រយោជន៍​ដល់​ប្រជាជនក្រីក្រ។

បេក្ខជន​សាធារណរដ្ឋ ទាំងអស់​ចង់លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទិញសេវា​ធានាសុខភាព សម្រាប់ខ្លួនឯង ជាជាង ពឹងផ្អែក​លើ​ជំនួយ​របស់​ប្រធានក្រុមហ៊ុន។ ពួកគេ​បន្ត​ការពារ​ច្បាប់​ដែល​ប្រឆំាង​មិន​ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទដូចគ្នា និង​គាំទ្រ​នយោបាយ​របស់​រដ្ឋ ដែល​ប្រឆាំង​នឹង​ការពន្លូតកូន បើទោះបីជា​ការពន្លូតកូន ធ្វើឡើង ក្រោយពីមាន ការរំលោភ​ផ្លូវភេទក៏ដោយ។ ជារួម គណបក្ស​សាធារណរដ្ឋ ឲ្យ​តម្លៃខ្ពស់​ទៅលើ​គ្រួសារ nig លើ​ជនជាតិ អាមេរិកាំង ស្បែកស។ ពួកគេ​មិនសូវចូលចិត្ត​​ពួកជនបរទេស​ដោយ​ម្នាក់ៗ ដើម្បី​បញ្ចុះបញ្ចូលអ្នកគាំទ្រ​របស់ខ្លួន បាន​បង្ហាញ​ពី​វិធានការក្តៅ​​ប្រឆាំង​ជនបរទេស​ខុសច្បាប់ រហូត​ដល់​បេក្ខជន​ខ្លះ​ព្រលយពាក្យ​ចង់ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ហើរឆ្វែល​ការពារព្រំដែន​អាមេរិក កុំ​ឲ្យ​ជនជាតិ​ម៊ិកស៊ិក​ចូល​ទៅក្នុង​ដី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI