ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​សាធារណរដ្ឋ​ឈ្នះឆ្នោត​ ចូល​ទៅកាន់កាប់​ព្រឹទ្ធសភា​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ដូចជា​ការព្យាករណ៍​ទុកមុន គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ជ័យ​ជំនះ នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល អាណត្តិ កាលពី​ថ្ងៃ​អង្គារ​ទី​៤ តុលា។ គណបក្ស​សាធារណរដ្ឋ​​​មិន​ត្រឹមតែ​អាច​រក្សា​សំឡេង​ភាគច្រើន​នៅ​សភា​អ្នកតំណាងរាស្រ្ត ប៉ុន្តែ បាន​ទៅ​ដណ្តើម​គ្រប់គ្រង​ព្រឹទ្ធិសភា ពីក្នុង​ដៃ​របស់​គណបក្សប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ ការដែល​គណបក្ស​សាធារណរដ្ឋ គណបក្ស​ប្រឆាំង អាច​ចូល​កាន់កាប់​សភា​ទាំងពីរ​ថ្នាក់​នៅ​អាមេរិក នឹង​បង្ក​ឧបសគ្គ​ជាច្រើន ដល់​កម្មវិធី​នយោបាយ​របស់​លោក​ប្រធានាធិបតី។ ការងារ​ដ៏​ជោគជ័យ​របស់លោកអូបាម៉ា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាមេរិក ដោយ​ផុ្តល់​ការងារ​ធ្វើ​ច្រើន មិន​បាន​ជួយ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រក្សា​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា។ តើ​ការចូលគ្រប់គ្រង​សភា ទាំងពីរ​ថ្នាក់ របស់​គណបក្ស​ប្រឆាំង​នឹង​ប៉ះពាល់ ដល់​នយោបាយ​អ្វី​ខ្លះ ​របស់​លោកអូបាម៉ា?

ក្រុម​សាធារណរដ្ឋ​អបអរ​ស្វាគម​ជ័យជំនះ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា
ក្រុម​សាធារណរដ្ឋ​អបអរ​ស្វាគម​ជ័យជំនះ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា ©REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

ជាលើកទីមួយ ចាប់តាំងពី​ឆ្នាំ ២០០៦ គណបក្ស​ប្រឆាំង​ចូល​កាន់​កាប់​ទាំងស្រុង​សភា​អាមេរិក។ នៅ​អាមេរិក គណបក្ស​របស់​ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច​ ជា​ញឹកញយ ត្រូវ​បាត់បង់​សំឡេង នៅ​ក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ ជាក់ស្តែង​ នៅក្នុង​អាណត្តិ​ទីពីរ​របស់​ខ្លួន លោក​ប៊ីល គ្លីនតុន មក​ពីគណបក្ស​ប្រជាធិបតេយ្យ ដូចលោក​អូបាម៉ា ឬ​លោក​ចច ដាប់ប៊ែលយូប៊ូស មក​ពី​គណបក្ស​សាធារណរដ្ឋ​ធ្លាប់​បាន​បាត់បង់​សំឡេង​ភាគច្រើន នៅ​ព្រឹទ្ធសភា នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កន្លងមក។

 
នៅក្នុង​អាណត្តិ​ទីពីរ​របស់ខ្លួន លោកអូបាម៉ា​ក៏​មិនអាច​ជៀសផុត​ពី​សំណាង​ដ៏​អាក្រក់​ ដូច​ប្រធានាធិបតី​មុនៗ​ដែរ។ មាន​ហេតុផល​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​គណបក្ស​របស់លោកអូបាម៉ា ចាញ់​ឆ្នោត បាត់បង់​សំឡេង​ភាគច្រើន​នៅ ព្រឹទ្ធសភា។

ទីមួយ ចំនួន​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បោះឆ្នោត​ឡើងវិញ នៅ​ព្រឹទ្ធិសភា ពោល​គឺ​ចំនួន ២១ មាន​ចំនួន​ច្រើន​ជាង បេក្ខជន​សាធារណរដ្ឋ​ដែល​មាន​តែ​១៥។ ដោយសារ​តែ​គណបក្ស​សាធារណរដ្ឋ​មាន​អាសនៈ​ដែល​ត្រូវ​ផ្លាស់ប្តូរ​តិច ដូច្នេះ គណបក្ស​នេះ ងាយស្រួល​នឹង​បាន​ដណ្តើម​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត។

ទីពីរ បើទោះបី​ជា​នៅ​ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា សេដ្ឋកិច្ច​អាមេរិក​មាន​ភាពប្រសើរ​ឡើងវិញ​ ងើបចេញ​ពី​វិបត្តិ​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ ប្រជាប្រិយភាព​របស់​លោក​អូបាម៉ា​នៅតែ​មាន​ការធ្លាក់ចុះ។ ប្រជាជន​អាមេរិក​ភាគច្រើន ដែល​នៅ​តែ​ក្រីក្រ មិនទាន់​បាន​សេវា​សុខភាព នៅ​តែ​មិន​​ពេញចិត្ត​នឹង​នយោបាយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​លោកអូបាម៉ា។ ក្រុមយុវជន និង​ប្រជាជន​ជីវភាព​មធ្យមជាច្រើន ដែល​ធ្លាប់​គាំទ្រ​លោកអូបាម៉ា នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កន្លងមក បាន​ធ្វើ​ពហិកា​រ​មិនទៅបោះឆ្នោត។ ម្យ៉ាងទៀត ក្រុមប្រជាជន​អាមេរិក​ស្បែកខ្មៅ ដែល​ជា អ្នកគាំទ្រ​មួយទៀត របស់​លោកអូបាម៉ា​ ចំនួន ពាក់កណ្តាល ធ្លាប់​បាន​និយាយ​នៅមុន​ការបោះឆ្នោត​ថា ពួក​មិនដឹង​ពីថ្ងៃ​ដែល​ត្រូវ​បោះឆ្នោត​នោះទេ។

មូលហេតុ​ទីបី គឺ​គណបក្ស​សាធារណរដ្ឋ​បាន​កេងចំណេញ​យក​អប្រជាប្រិយភាព​របស់​លោកប្រធានាធិបតី ទៅ​ធ្វើ​ឃោសនា​ដណ្តើម​សំឡេង​ឆ្នោត​ពី​ក្រុម​ប្រជាធិបតេយ្យ ដែល​តាមពិតទៅ ធ្លាប់​បាន​ទទួល​អាសនៈ​នៅ​ព្រឹទ្ធសភា ដោយ​មក​ពី ប្រជាប្រិយភាព​ខ្លាំង របស់​លោកអូបាម៉ា កាលពី​ឆ្នាំ​២០០៨។ គេសង្កេត​ឃើញថា គណបក្ស​ប្រជាធិបតេយ្យ​បាន​បាត់បង់​សំឡេង​នៅតាម​តំបន់​ដែល​សំបូរ គ្រប់គ្រង​ដោយ​ក្រុម​សាធារណរដ្ឋ ពោល​គឺ​នៅ​រដ្ឋ​ដែល​លោកអូបាម៉ា​ធ្លាប់​ចាញ់ គូប្រជែង​មក​ពី គណបក្ស​សាធារណរដ្ឋ គឺ​លោកមីត រូមនី កាលពី​ពេល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២​កន្លងទៅ។

អំណាច​របស់ប្រធានាធិបតី​ក្នុង​ការតែងតាំង​មន្រ្តីរដ្ឋាភិបាល​នឹង​ត្រូវ​មាន​ដែន​កំណត់

កន្លងមក បើទោះបី​ជា​មាន​ការចាំជំទាស់​ប្រឆាំង​ពី​គណបក្ស​សាធារណរដ្ឋ នៅ​សភា​អ្នកតំណាងរាស្រ្ត ដើម្បី​អនុម័តចេញ​ច្បាប់​ដែល​លោកចង់បាន លោកអូបាម៉ា នៅ​តែ​មានការគំាទ្រ​ព្រឹទ្ធសភា​ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​មាន​សំឡេង​ភាគច្រើន។ ប៉ុន្តែ ចាប់តាំងពី​ខែ​មករា​ខាងមុខ សិទ្ធិ​ចេញក្រឹត្យ ប្រធានាធិបតី របស់​លោកអូបាម៉ា ដើម្បី​តែងតាំង​រដ្ឋមន្រ្តី ចៅក្រម​របស់​តុលាការ​កំពូល​ជាដើម នឹង​ត្រូវ​ចាំ​ជំទាស់​ពី​គណបក្ស​សាធារណរដ្ឋ​នៅព្រឹទ្ធសភា មិន​ឲ្យ​ចេញរួច។

ជាមួយ​នឹង​ជ័យជំនះ នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​លើកនេះ គេ​វាយតម្លៃ​ថា គណបក្ស​សាធារណរដ្ឋ​នឹង​បង្ក​ឧបសគ្គ​ជាច្រើន មិន​ឲ្យ​លោកអូបាម៉ា​ធ្វើ​កម្មវិធី​នយោបាយ​ស្រួល នៅក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក។ ក្រុមសាធារណរដ្ឋ​ចង់​សើរើ ឡើងវិញ នយោបាយ​ជាច្រើន​ដែល​លោកអូបាម៉ា​ធ្លាប់​បាន​ធ្វើ​កន្លងមក ដូចជា​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ថវិកា ច្បាប់​ស្តីពី​បរិស្ថាន និង​ច្បាប់សុខាភិបាល​ជាដើម។

តាម​អ្នកវិភាគខ្លះ គណបក្ស​សាធារណរដ្ឋ​គ្រោង​នឹង​ជំនះ​លើ​អំណាច​ប្រធានាធិបតី​ដើម្បី​ចេញ​ច្បាប់​សាងសង់​បណ្តាញ​ប្រេង​មួយ​ពី​ទឹកដី​កាណាដា ទៅ​ប្រទេស​ម៉ិចស៊ិក​ដែល​ត្រូវ​ឆ្លងកាត់​ទឹកដី​អាមេរិក។ លោកអូបាម៉ា​បាន​ពន្យារ​ពេល​ច្បាប់​នេះ ដោយយោង​លើ​ហេតុផល​ប៉ះពាល់​បរិស្ថាន។ នៅក្នុង​បញ្ហា​អន្តោប្រវេសន៍ គណបក្ស​សាធារណរដ្ឋ​ដែល​ធ្លាប់​ជំទាស់​នឹង​នយោបាយ​យោគយល់​របស់​លោកអូបាម៉ា បាន​គំរាម​រួចហើយថា នឹង​ពង្រឹង​ព្រំដែន មិន​យោគយល់​ផ្តល់​លិខិត​ស្នាម ដល់​ជនអន្តោប្រវេសន៍​ដែល​បាន​ឆ្លង​ចូល​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​អាមេរិក​។ គណបក្ស​សាធារណរដ្ឋ​ធ្វើដូច្នេះ គឺ​ដើម្បី​បំពេញ​ចិត្ត​ម្ចាស់​សំឡេង​ឆ្នោត​ស្បែកស ដែល​ចោទថា ក្រុមជនបរទេស​ចូល​មកដណ្តើមការងារ​របស់​ប្រជាជន​អាមេរិក។ កិច្ចការ​មួយ​ទៀត ដែល​ក្រុមសាធារណរដ្ឋ​ចាំបាច់​ត្រូវ​តែ​សើរើ គឺ​ច្បាប់​សុខភាព​ដែល​លោកអូបាម៉ា​បាន​ស្នើឡើង និង​ចូល​ជា​ធរមាន កាលពី​ដើម​ឆ្នាំ នេះ។ ប៉ុន្តែ មើលទៅ ដោយមក​ពី​ច្បាប់​នេះ​ធ្លាប់ត្រូវ​បាន​បោះឆ្នោត ចេញ​ជារូបរាង គណបក្ស​សាធារណរដ្ឋ​មិន​អាច​ត្រលប់​ថយ​ក្រោយ​ឲ្យ​លោកអូបាម៉ា​លុបចោលទេ ប៉ុន្តែ ក្រុមនេះ អាច​ទាមទារ​ឲ្យ​មាន​ការកែប្រែ​ចំណុចច្រើន នៅក្នុង​ច្បាប់​សុខភាព ដែល​នឹង​អាច​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​អ្នកជំនួញ ដែល​តាមពិត​ជា​គ្នីគ្នាគំាទ្រ​របស់​ក្រុម​សាធារណរដ្ឋ។

យ៉ាងណាក៏ដោយ បើទោះបី​ជា​គណបក្ស​សាធារណរដ្ឋ​ចូលកាន់កាប់​សភា ទាំងពីរ​ថ្នាក់ ក៏​គណបក្ស​នេះ​មិន​អាច​ធ្វើ​អ្វី​ស្រេចតែ​ចិត្ត​នោះទេ។ លោកប្រធានាធិបតី​អូបាម៉ា​បើទោះបី​ជា​បាត់បង់​ទីពំនឹង​គំាទ្រ​ពី​ព្រឹទ្ធសភា ប៉ុន្តែ លោក​មិនត្រូវ​គេ​ចងដៃ​ទាំងស្រុង​នោះទេ។ លោក​នៅ​តែ​មាន​សិទ្ធិ​ជា​ប្រធានាធិបតី​ដើម្បី​ធ្វើ​វេតូ​ប្រឆាំង​នឹង​ការចេញច្បាប់​ទាំងឡាយ​របស់​សភា និង​ព្រឹទ្ធសភា។ បើ​សភា​ចចេស​នៅ​តែ​ចង់​ចេញច្បាប់​របស់ខ្លួន នោះ គេ​ត្រូវការបោះឆ្នោត​សំឡេង​ពីរភាគបី នៅព្រឹទ្ធសភា ដែល​ជា​កិច្ចការ​លំបាក ព្រោះ​បើទោះបី​ជា​គណបក្ស​ប្រជាធិបតេយ្យ​ចាញ់ឆ្នោត ប៉ុន្តែ គណបក្ស​នេះ​នៅ​តែ​មាន​សំឡេង​ច្រើន មិន​ឲ្យ​គណបក្ស​សាធារណរដ្ឋ​មាន​សំឡេង​ពីរភាគបី​បាន នៅ​ព្រឹទ្ធសភា។

បរាជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ នៅ​ព្រឹទ្ធសភា នឹង​ជះឥទ្ធិពល​ដល់​​អនាគត​របស់​គណបក្ស ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦

គឺ​ដូចជា​ល្បែង​ដូមីណូ ដែល​ត្រូវ​ដួល​បន្ត​លើគ្នា​ដូច្នេះដែរ។ គណបក្ស​សាធារណរដ្ឋ​ដែល​សំដៅ​ចង់​បាន​សំឡេង​ឆ្នោត​ភាគច្រើន នៅ​ព្រឹទ្ធសភា ដណ្តើម​ពីក្រុម​ប្រជាធិបតេយ្យ​បាន​ដៅ​រួចហើយ ដើម្បី​យក​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។ បើ​សិន​ជា​គណបក្ស​សាធារណរដ្ឋ​ធ្វើ​ផ្គ ធ្វើភ្លៀង មិនអាច​ឲ្យ​លោកប្រធានាធិបតី​អាច​ធ្វើ​សកម្មភាព​នយោបាយ​ច្រើន នោះ គណបក្ស​សាធារណរដ្ឋ​សង្ឃឹម​នឹង​ទទួល​បាន​សំឡេង​កាន់តែ​ច្រើន​ជាពិសេស​ពី​ក្រុម​អ្នកដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អូបាម៉ា​ពីមុនមក។ ចង់ ឬ​មិន​ចង់ គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រឈម​នឹងគ្រោះថ្នាក់ មួយ​នៅក្នុង​ពេល​បោះឆ្នោត ប្រធានាធិបតី​នាពេលខាងមុខ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត