សហរដ្ឋអាមេរិក

គណបក្ស​ប្រជាធិបតេយ្យ​បាត់បង់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា

លោក​អូបាម៉ា​ ប្រធានាធិបតី​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ
លោក​អូបាម៉ា​ ប្រធានាធិបតី​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ©REUTERS/Jason Reed

នៅ​ក្នុង​ការ​បោះឆ្នោត​សភា កាល​ពី​ថ្ងៃ​អង្គារ ២ វិច្ឆិកា ២០១០​នេះ គណបក្ស​សាធារណរដ្ឋ​​​ដណ្តើម​បាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​​នៅ​រក្សា​បាន​សំឡេងភាគច្រើន​ នៅ​ក្នុង​ព្រឹទ្ធសភា។ បរាជ័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ នឹង​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​លោក​អូបាម៉ា ក្នុង​ការ​ដឹកនាំប្រទេស​ក្នុង​រយៈពេល ២ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ និង​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ទី២ នៅ​ឆ្នាំ ២០១២​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

លទ្ធផល​បណ្តោះអាសន្ន​បង្ហាញ​ថា នៅ​ក្នុង​រដ្ឋសភា (House of Representative) គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​អាសនៈ ២៣៨ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ទទួល​បាន​តែ ១៨៣​ប៉ុណ្ណោះ។ នេះមានន័យថា គណបក្ស​ប្រជាធិបតេយ្យ​បាន​បាត់បង់​អាសនៈ​រហូត​ដល់​ទៅ​​ជាង ៦០​ ទៅក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ។ នេះ​គឺ​ជា​បរាជ័យ​ដ៏​ធំ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មិន​ធ្លាប់​ជួប​ប្រទះ ក្នុង​រយៈពេល​ជាង ៧០​ឆ្នាំ​​កន្លងទៅនេះ។

នៅ​ក្នុង​ព្រឹទ្ធសភា គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​បាត់បង់​សំឡេង​មិនតិច​​ដែរ ក៏ប៉ុន្តែ នៅ​រក្សា​​បាន​សំឡេង​ភាគច្រើន​ដដែល គឺ​បាន​ទាំង​ប្រផិតប្រផើយ (ប្រជាធិបតេយ្យ ៥១​អាសនៈ និង​សាធារណរដ្ឋ ៤៦​អាសនៈ)។ សូម្បី​តែ​អាសនៈព្រឹទ្ធសភា ដែល​លោក​អូបាម៉ា​ធ្លាប់​កាន់កាប់ នៅ​ក្នុង​រដ្ឋ Illinois ក៏​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​ដែរ។

គ្រាន់តែ​បាន​ជាប់ឆ្នោត​ភ្លាម អនាគត​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ នៅ​ព្រឹទ្ធសភា​ បាន​ទាមទារ​ឲ្យ​លោក​អូបាម៉ា​ផ្លាស់ប្តូរ​នយោបាយ​​របស់​លោក។ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ខាងមុខ​នេះ លោក​អូបាម៉ា​ចាំបាច់​ត្រូវ​តែ​សម្រុះសម្រួល​ជាមួយ​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​​អនុម័ត​កំណែទម្រង់​ ដែល​លោក​គ្រោងធ្វើ។ យោងតាម​មន្រ្តី​សេតវិមាន ក្រោយ​ពី​បាន​ឃើញ​ពី​លទ្ធផល​បោះឆ្នោត​ភ្លាម លោក​អូបាម៉ា​បាន​ទូរស័ព្ទ​ទៅ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ ដើម្បី​អបអរសាទរ​ ផង និង​ដើម្បី​​​បើក​ផ្លូវ​ធ្វើ​ការ​សម្រុះសម្រួល​គ្នាផង។

គួរបញ្ជាក់ថា នៅ​សហរដ្ឋ​អាមេរិក នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​គណបក្ស​ប្រឆាំង​មាន​សំឡេង​ភាគច្រើន​នៅ​សភា។ កន្លងមក គេ​តែងតែ​ឃើញ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ចរចា សម្រុះសម្រួលគ្នា ដើម្បី​​អនុម័តច្បាប់នានា ដោយ​មិន​ឲ្យ​មាន​ការ​ជាប់គាំងផ្នែក​នយោបាយ​នោះទេ។ ក៏ប៉ុន្តែ នៅពេលនេះ នៅ​ក្នុង​ចំណោម​​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ទើប​នឹង​ជាប់ឆ្នោត​ថ្មី ភាគច្រើន គឺ​ជា​អ្នក​​អភិរក្ស​និយម ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​លោក​អូបាម៉ា។ ទាំងនេះ​អាច​​ជា​ឧបសគ្គ​​រារាំង​ការ​សម្រុះសម្រួល​គ្នា​រវាង​គណបក្ស​ ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ នៅ​សភា។

បញ្ហា​ធំ​ ដែល​លោក​អូបាម៉ា​ត្រូវ​ប្រឈមមុខ គឺ​ថវិកា​ជាតិ ដែល​ត្រូវការ​ការអនុម័ត​ពី​សភា។ នៅពេល​ច្បាប់ថវិកា ទៅ​ដល់​ដៃ​សភា គណបក្ស​សាធារណរដ្ឋ​អាច​​នឹង​ទាមទារ​ឲ្យ​កាត់បន្ថយ​មុខចំណាយ​មួយចំនួន ដែល​ស្នើ​ឡើង​ដោយ​លោក​អូបាម៉ា។ គេនៅចាំបាន​ថា កាល​ពី​ឆ្នាំ​១៩៩៥ លោក​ប៊ីល គ្លីនតុន បាន​បង្ខំ​ចិត្ត​កាត់បន្ថយ​មន្រ្តីរដ្ឋាភិបាល​ និង​លុប​ចោល​គម្រោង​ជាច្រើន​ ដោយហេតុតែ​ពួក​សាធារណរដ្ឋ​​មិនផ្តល់​ថវិកា​ឲ្យ​គ្រប់គ្រាន់។

កំណែទម្រង់ធំៗ ដែល​លោក​​អូបាម៉ា​ គ្រោង​ធ្វើ​នាពេលខាងមុខនេះ ក៏​អាច​នឹង​ត្រូវ​ជាប់គាំង​ដែរ ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​គណបក្ស​សាធារណរដ្ឋ។ នេះ​អាច​បង្ក​បញ្ហា​ដល់​លោក​អូបាម៉ា ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​អាណត្តិ​ទី២ នៅឆ្នាំ​២០១២​ខាងមុខ។

កាល​ពី​ឆ្នាំ​២០០៨ ពលរដ្ឋ​អាមេរិក​យ៉ាងច្រើន​បាន​បោះឆ្នោត​ឲ្យ​លោក​អូបាម៉ា ដោយ​ដាក់​ក្តីសង្ឃឹម​ថា លោក​នឹង​អាច​ធ្វើ​កំណែទម្រង់ធំៗ ដើម្បី​ផ្លាស់ប្តូរ​នយោបាយ​របស់​អាមេរិក។ ប្រសិន​បើ​កំណែទម្រង់​ត្រូវ​ជាប់គាំង លោក​អូបាម៉ា​អាច​នឹង​ត្រូវ​បាត់បង់​ប្រជាប្រិយភាព ហើយ​ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១២។

ក៏ប៉ុន្តែ ដោយសារ​តែ​នៅពេលនេះ គណបក្ស​សាធារណរដ្ឋ​​គ្រប់គ្រង​សភា​មួយផ្នែក​ដែរនោះ គណបក្ស​សាធារណរដ្ឋ​នឹង​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​មួយ​ផ្នែក ចំពោះ​បញ្ហា​ដែល​នឹង​កើត​ឡើង ក្នុង​រយៈពេល ២​ឆ្នាំ​ខាងមុខទៀតនេះ។ ប្រសិន​បើ​មាន​បញ្ហា​អ្វី លោក​អូបាម៉ា​អាច​បន្ទោស​គណបក្ស​សាធារណរដ្ឋ​បាន ដោយ​មិន​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទទួលខុសត្រូវ​តែ​ឯង ដូច​ពេល​មុន ដែល​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​ទាំងពីរ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI