តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?

សំឡេង ០៨:១៤
សេង ឌីណា
សេង ឌីណា ©RFI

នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ អំពី​លក្ខខណ្ឌ​ក្នុងការ​ទទួលបាន​សញ្ជាតិខ្មែរ។ ការកំណត់​អំពី​សញ្ជាតិខ្មែរ មាន​ចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦។

ផ្សាយពាណិជ្ជកម្ម

យោងតាម​​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង នៅ​ក្នុង​ករណី ៣ ធំៗ៖

  • ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត
  • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍
  • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ (សញ្ជាតូបនីយកម្ម)

សញ្ជាតិខ្មែរ​ពី​កំណើត
 
ច្បាប់​ខ្មែរ​ ក៏ដូចជា ច្បាប់​នៅ​តាម​ប្រទេស​ភាគច្រើន​ផ្សេងទៀត នៅលើ​ពិភពលោក ជាពិសេស ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ Romano-Germanique ​ការ​កំណត់​សញ្ជាតិខ្មែរ​ពី​កំណើត គឺត្រូវ​យក​សិទ្ធិ​ដែល​ជាប់​នឹង​ខ្សែ​លោហិត​ជាធំ។ មានន័យថា កូន​ដែល​កើត​ពី​ឪពុក ឬ​ម្តាយ​មាន​សញ្ជាតិខ្មែរ ត្រូវ​ទទួលបាន​សញ្ជាតិខ្មែរ​ពី​កំណើត ទោះបី​ជា​កើត​នៅ​ទីណាក៏ដោយ (កើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ ឬ​ក៏​កើត​នៅ​បរទេស​ក៏ដោយ)។

គួរបញ្ជាក់បន្ថែម​ថា មិនចាំបាច់​ទាល់តែ​ទាំង​សងខាង (ទាំងឪពុក ទាំងម្តាយ) ​មាន​សញ្ជាតិខ្មែរ​ ទើប​កូន​មានសិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើតទេ។ ឲ្យតែមាន​ម្ខាងណាមួយ​មាន​សញ្ជាតិខ្មែរ (ឪពុក​បរទេស ម្តាយខ្មែរ ឬ​ឪពុក​ខ្មែរ ម្តាយបរទេស) ក៏​កូន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ។

ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែល​កើត​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់) ដែល​ម្តាយ ឬ​ឪពុក​មាន​សញ្ជាតិខ្មែរ ក៏​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ ឲ្យតែ​ឪពុក ឬ​ម្តាយ ដែល​មាន​សញ្ជាតិខ្មែរ ទទួលស្គាល់​កូន​នេះ​ថា​ជា​កូន​របស់​ខ្លួន។

ឧទាហរណ៍៖ កូនកើត​ក្រៅ​ចំណងអាពាហ៍ពិពាហ៍ ពី​ម្តាយ​ជា​ជនបរទេស ហើយ​ឪពុក​មាន​សញ្ជាតិខ្មែរ។ បើសិន​ជា​ឪពុក​ដែល​មាន​សញ្ជាតិខ្មែរ​នេះ ទទួលស្គាល់​តាមផ្លូវច្បាប់​ថា កូន​នេះ គឺ​ជា​កូន​របស់​ខ្លួន កូននេះ​ត្រូវ​មាន​សិទ្ធិ​ទទួលបាន​សញ្ជាតិខ្មែរ​ពី​កំណើត។ ផ្ទុយទៅវិញ បើ​មាន​តែ​ម្តាយ ដែល​ទទួលស្គាល់​កូន ចំណែក​ឪពុក​មិនទទួលស្គាល់​ កូន​នេះ​មិន​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ ព្រោះ​ម្តាយ​​​មិនមាន​សញ្ជាតិខ្មែរ។
 
ក្នុងករណី​កូន​ ដែល​​ឪពុក​ម្តាយ​មិន​ទទួលស្គាល់ ប៉ុន្តែ តុលាការ​ចេញ​សាលក្រម​កំណត់​ថា កូននេះ​ពិតជា​កើត​ពី​ឪពុក ឬ​ម្តាយ​ ដែល​មាន​សញ្ជាតិខ្មែរ កូននេះ​ក៏​ត្រូវ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ដែរ។

និយាយ​ពី​កូន​បរទេស ដែល​កើតនៅលើទឹកដី​កម្ពុជា​វិញ។ ច្បាប់ខ្មែរ​មិនដូច​ជា​ច្បាប់​ នៅ​ប្រទេស​មួយចំនួន ដូចជា អាមេរិក កាណាដា ឬ​ក៏​អូស្រ្តាលី​ទេ។ កូន​ ដែល​កើត​នៅលើទឹកដី​ខ្មែរ ក៏ប៉ុន្តែ មាន​ទាំងឪពុក និង​ទាំងម្តាយ​ជា​ជនបរទេស មិន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ លើកលែងតែ​ឪពុក​និងម្តាយ​ជា​ជនបរទេស​នោះ កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ហើយ​រស់​នៅ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ទើប​កូនរបស់​គាត់​​អាច​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើតបាន។

សរុបមកវិញ កូន​ដែល​កើត​​នៅលើទឹកដី​កម្ពុជា ពី​ឪពុក​ម្តាយ​ជា​ជនបរទេស ហើយ​ឪពុកម្តាយ​បរទេស​នេះ មិនបាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ កូននេះ មិន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ។ ក៏ប៉ុន្តែ បើ​សិន​ជា​កូន​នេះ​កើតមក ធំដឹងក្តី បន្ត​​រស់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ក្រោយមក មាន​កូន​​កើតនៅ​ក្នុង​ប្រទេស​កម្ពុជា កូន​របស់​គាត់ ដែល​ជា​កូនបរទេស​ជំនាន់ទី២​នេះ ត្រូវ​មាន​សិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត។
 
សញ្ជាតិខ្មែរ​តាមអាពាហ៍ពិពាហ៍
 
ស្រ្តី ឬ​បុរស​បរទេស ដែល​យក​ប្តី ឬ​ប្រពន្ធ​ខ្មែរ ដោយ​បាន​រៀបអាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់ អាច​ទាមទារ​សញ្ជាតិខ្មែរ​បាន លុះត្រាតែ​ប្តីប្រពន្ធ​ទាំងពីរ​រស់នៅ​ជាមួយ​គ្នា រយៈពេល​យ៉ាងតិច ៣ឆ្នាំ ក្រោយពេល​ចុះសំបុត្រ​អាពាហ៍ពិពាហ៍។

ការផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស ដែល​រៀបការជាមួយ​ជនជាតិខ្មែរ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។

សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
 
ក្រៅពី​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិខ្មែរ ជនបរទេស​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​តាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។

ដើម្បីទទួលបាន​សញ្ជាតិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម​នេះ ជនបរទេស​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ជាចាំបាច់៖

  • ត្រូវមាន​លិខិត​បញ្ជាក់ថា ជននោះ​មាន​ទីលំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា, ​បាន​ស្នាក់​នៅ​​ជាប់ជា​ប្រចាំ​ដោយស្របច្បាប់​​ ក្នុងរយៈពេល​យ៉ាងតិច ៧ឆ្នាំ ហើយ​កំពុង​បន្ត​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ដាក់ពាក្យសុំ​សញ្ជាតិ។
  • ត្រូវមាន​លិខិត​បញ្ជាក់ថា​ជននោះ​មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់ នៃ​ទីលំនៅ​របស់​ខ្លួន
  • ត្រូវមាន​លិខិត​ថ្កោលទោស ដែល​បញ្ជាក់ថា ពុំដែល​មាន​ទោស​ពី​បទព្រហ្មទណ្ឌ​ណាមួយ
  • ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលយក​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណីល្អ​របស់​ខ្មែរ
  • ត្រូវមាន​បញ្ហា និង​កាយសម្បទា​ល្អ ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំជា​បន្ទុក​ដល់​ជាតិ។

លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ខាងលើនេះ គឺ​ជា​លក្ខខណ្ឌ​ទូទៅ ដែល​អាច​មាន​ករណី​លើកលែង​មួយចំនួន ជាពិសេស ទាក់ទង​នឹង​រយៈពេល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជនបរទេស ដែលកើត​ក្នុង​ប្រទេស​កម្ពុជា លក្ខខណ្ឌ​តម្រូវ​ឲ្យ​​​ស្នាក់នៅ​ជាប់ៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា ចំនួន ៧ឆ្នាំ ​ត្រូវ​កាត់បន្ថយ​ឲ្យ​មក​នៅ​ត្រឹម ៣ឆ្នាំវិញ។ ដូចដែលបាន​លើកឡើង​ខាងលើ​រួចហើយ​ថា ជនបរទេស ដែល​កើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​មិនមាន​សិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​ទេ។ ក៏ប៉ុន្តែ បើសិន​ជា​គាត់​ចង់​បាន​សញ្ជាតិខ្មែរ គាត់​អាច​ដាក់ពាក្យ​សុំ​សញ្ជាតូបនីយកម្ម​បាន ដោយ​ច្បាប់​ដាក់លក្ខខណ្ឌ​ធូរ​ជាង​ជនបរទេស ដែល​មិន​កើត​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ជនបរទេស​ណា ដែល​បាន​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ចាប់ពី ១ពាន់ ២រយ ៥០លាន​រៀល​ឡើងទៅ (ប្រហែល​ជា​ជាង ៣០ម៉ឺន​ដុល្លារ) ដែល​ជា​គម្រោង​វិនិយោគ​ជាក់ស្តែង ទទួលបាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់ ក៏ប៉ុន្តែ មិនមាន​លិខិត​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លក្ខខណ្ឌ​ស្នាក់នៅ​ជាប់គ្នា​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​កាត់​បន្ថយ ពី ៧ឆ្នាំ មក​ ៣ឆ្នាំ​វិញ​ ដូច​ករណី​ជនបរទេស​កើតក្នុង​ប្រទេស​កម្ពុជា​ដែរ។

បើ​សិន​ជា​​ការវិនិយោគនេះ​​ធ្វើឡើង ក្នុង​ទំហំទឹកប្រាក់​ដូចគ្នា ក៏ប៉ុន្តែ ​មាន​លិខិត​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លក្ខខណ្ឌ​ទាក់ទង​នឹង​រយៈពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​លើកលែង​ទាំងស្រុង​តែម្តង។ មានន័យថា ទោះបី​ជនបរទេស​នោះ ទើប​នឹង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ១ឆ្នាំ កន្លះ​ឆ្នាំ ឬ​១ខែ ក៏​អាច​ដាក់ពាក្យ​សុំ​សញ្ជាតិខ្មែរ​បានដែរ។

ដូចគ្នា​ដែរ​ចំពោះ​ជនបរទេស​ណា ដែល​បាន​ធ្វើ​អំណោយ​ជា​លុយ​ដល់​ថវិកា​ជាតិ ចាប់​ពី ១ពាន់​លាន​រៀល​ឡើង​ទៅ (ប្រហែល​ជា ២៥ម៉ឺន​ដុល្លារ) សម្រាប់​ជា​ផលប្រយោជន៍​ដល់​ការ​ស្តារ និង​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា។ ឬ​ជនបរទេស​ណា ដែល​បាន​បង្ហាញ​នូវ​ភស្តុតាង​បញ្ជាក់ថា ខ្លួន​បាន​ផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ ដែល​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ បើទោះជាក្នុង​ករណី​ណាមួយ​ក៏ដោយ ច្បាប់​ស្តីពី​សញ្ជាតិ​ចែងថា ការ​សុំសញ្ជាតិ​តាមរយៈសញ្ជាតូបនីយកម្ម មិនមែន​ជា​សិទ្ធិ​របស់​អ្នក​សុំ​ទេ។ ប៉ុន្តែ វា​ជា​ការ​អនុគ្រោះ​របស់​​កម្ពុជា។ ដូច្នេះ បើទោះបី​ជា​អ្នក​សុំ​បាន​បំពេញ​គ្រប់លក្ខខណ្ឌ​ ដែល​កំណត់​ដោយ​ច្បាប់​ក៏ដោយ ក៏​ពាក្យសុំ​នេះ​អាច​ត្រូវ​បដិសេធ​ចោល​បាន​ដែរ ហើយ​ការ​បដិសេធ​ពាក្យ​សុំ​សញ្ជាតូបនីយកម្ម​នេះ អាច​ធ្វើ​ឡើង ទៅតាម​អំណាច​ឆន្ទានុសិទ្ធិ​ មានន័យថា កម្ពុជា​មិនចាំបាច់​ត្រូវ​បកស្រាយ​ពន្យល់​ថា ហេតុអ្វី​បាន​ជា​ខ្លួន​បដិសេធពាក្យសុំ​សញ្ជាតិនេះ​ទេ។

ការផ្តល់​សញ្ជាតិខ្មែរ តាម​សញ្ជាតូបនីយកម្ម ក៏​ដូចជា ការ​ផ្តល់​សញ្ជាតិ​តាម​រយៈ​អាពាហ៍ពិពាហ៍​ដែរ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​ព្រះរាជក្រឹត្យ មានន័យថា ត្រូវ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI