កូរ៉េខាងជើង

សម័យប្រជុំ​សភា​កូរ៉េខាងជើង​មិនបាន​ផ្តល់​អាទិភាព​លើ​កំណែទម្រង់​សេដ្ឋកិច្ច​ទេ

អគ្គមគ្គុទ្ទេសក៍​កូរ៉េខាងជើង គីម ជុងអុន
អគ្គមគ្គុទ្ទេសក៍​កូរ៉េខាងជើង គីម ជុងអុន REUTERS/KCNA

នៅ​ថ្ងៃ​អង្គារ ទី២៥ កញ្ញា​នេះ សភា​កូរ៉េខាង​ជើង​បាន​បើក​សម័យប្រជុំ​ប្រចំា​ឆ្នំា​លើកទី២ របស់​ខ្លួន។ តាម​ឆន្ទៈ​របស់​អគ្គមគ្គុទ្ទេសក៍​ថ្មី គីម ជុងអុន សម័យប្រជុំសភា​លើក​ទី២​នេះ​ត្រូវ​ផ្តោត​សំខាន់​លើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស។ តែ​យោង​តាម​សារព័ត៌មាន​ផ្លូវការ​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​មិន​បាន​និយាយ​ពី​គម្រោង​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​យថាហេតុ​ទេ។

ផ្សាយពាណិជ្ជកម្ម

តំាង​ពី​បាន​ក្លាយ​ជា​អគ្គមគ្គុទ្ទេសក៍​ថ្មី នៅ​ក្រោយ​មរណៈភាព​ឪពុក​ក្នុង​ខែ​ធ្នូ ឆ្នំា ២០១១ មក លោក គីម ជុងអុន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេស។ កំណែទម្រង់​សេដ្ឋកិច្ច​ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ។ អ្វី​ដែល​របបទីក្រុង​ព្យុងយ៉ាង​ចង់​បាន គឺ​ការ​បើក​ចំហ​វិស័យ​សេដ្ឋកិច្ច​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស ពិសេស​ជនជាតិ​ចិន និង​ការ​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​រក្សា​ទុក​នូវ​ផលិផល​របស់​ខ្លួន​មួយ​ភាគ​ធំ​ក្នុង​ទិសដៅ​បង្កើន​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម។ ទន្ទឹម​គ្នា​នេះ អគ្គមគ្គុទ្ទេសក៍​ថ្មី គីម ជុងអុន​ក៏​ធ្លាប់​គូសបញ្ជាក់​ម្តងហើយ ម្តង​ទៀត ពី​ភាព​ចំាបាច់​ក្នុង​ការ​លើក​តំកើន​ជីវភាព​រស់នៅ​ប្រចំាថ្ងៃ​របស់​ពលរដ្ឋ​កូរ៉េខាជើង​គ្រប់​រូប។

នៅ​ក្នុង​ប្រទេស​មួយ​ផ្តាច់​ចេញ​ពី​ពិភពលោក ដូច​យ៉ាង​កូរ៉េខាងជើង​បច្ចុប្បន្ន គេ​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​ជាក់ច្បាស់​ណាស់ តែ​បើ​យោង​តាម​សារព័តមាន​ផ្លូវការ​ចេញ​ផ្សាយ​ថ្ងៃនេះ​ឲ្យ​ដឹង​ថា សម័យប្រជុំ​សភា​ប្រចំា​ឆ្នំា​លើកទី២ ថ្ងៃ​នេះ​ហាក់​ដូច​ជា​មិន​បាន​និយាយ​ដល់​កំណែទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច​ឡើយ។ អ្វី​ដែល​សភា​បាន​សម្រេច​នោះ គឺ​ការ​បន្ត​បន្ថែម​មួយ​ឆ្នំា​ទៀត​នូវ « ការសិក្សា » ដែល​ជា​កាតព្វកិច្ច​ចំា​បាច់​របស់​ពលរដ្ឋ​កូរ៉េខាងជើង​គ្រប់​រូប ដូច​ដែល​អគ្គមគ្គុទ្ទេសក៍​ថ្មី គីម ជុងអុន​ចង់​បាន។

ក្រុមអ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា ការ​ធ្វើកំណែទម្រង់​ណា​មួយ​នៅ​កូរ៉េខាងជើង គឺ​ជា​ហានិភ័យ​មួយ​ដែល​ថ្នាក់ដឹកនំា​មិន​សូវ​ជា​ហ៊ាន​ប្រថុយប្រថាន​ប៉ុន្មាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI