កម្ពុជា

តំណាង​រាជរដ្ឋាភិបាល​ប្រជុំ​ជាមួយ​សហជីព​កម្មករ​ ដើម្បី​សម្រុះសម្រួល​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​

ក្រុម​សហជីព​តំណាង​កម្មករ​កាត់ដេរ បាន​បញ្ចុះ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​ពី ១០០ ដុល្លារ មក​នៅ​ត្រឹម ៩១ ដុល្លារ។
ក្រុម​សហជីព​តំណាង​កម្មករ​កាត់ដេរ បាន​បញ្ចុះ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​ពី ១០០ ដុល្លារ មក​នៅ​ត្រឹម ៩១ ដុល្លារ។ ©វណ្ណារ៉ា

បន្ទាប់​ពី​កិច្ចប្រជុំ​ចរចា​ត្រីភាគី​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ មិន​ត្រូវរ៉ូវ​គ្នា​រួច​មក គឺ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី១ មីនា​នេះ តំណាង​សហជីព​កម្មករ​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ក្រសួង​សង្គមកិច្ច និង​ក្រសួង​​ការងារ។ ក្នុង​កិច្ចប្រជុំ​ ភាគី​សហជីព​កម្មករ​បាន​ព្រមព្រៀង​​បញ្ចុះ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​ពី ១០០ ដុល្លារ មក​នៅ​ត្រឹម ៩១ ដុល្លារ។ តំណាង​រាជ​រដ្ឋាភិបាល នឹង​ត្រូវ​ជួប​ប្រជុំ​ដាច់​ដោយឡែក​ជាមួយ​នឹង​ខាង​និយោជក ថៅកែ​រោងចក្រ​កាត់ដេរ ដើម្បី​ឲ្យ​ភាគី​ទាំងពីរ វិល​មក​ចូលរួម​តុ​ចរចា​តម្លើង​ប្រាក់ខែ​កម្មករ ដែល​អាច​នឹង​ធ្វើ នៅ​សប្តាហ៍​ក្រោយ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​រវាង​សហជីព​តំណាង​កម្មករ និង​មន្ត្រី​តំណាង​រាជ​​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ការ​សម្រុះសម្រួល​ ឲ្យ​សហជីព​កម្មករ​បញ្ចុះ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ ងាយស្រួល​ក្នុង​ការ​ចរចា​ជាមួយ​នឹង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ។ តំណាង​មន្ត្រី​រាជរដ្ឋាភិបាល​ ក៏​នឹង​ជួប​ប្រជុំ​ដាច់ដោយឡែក​មួយ​ទៀត ជាមួយ​នឹង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ។ រី​ឯ​កិច្ចប្រជុំ​រួម​​ត្រីភាគី ដើម្បី​ចរចា​ឡើង​វិញ​រឿង​ឡើង​ប្រាក់ខែ អាច​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ។  

ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹកមិញ ក្រុម​សហជីព​តំណាង​កម្មករ​កាត់ដេរ បាន​បញ្ចុះ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​ពី ១០០ ដុល្លារ មក​នៅ​ត្រឹម ៩១ ដុល្លារ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​ចូលរួម​ប្រជុំ​នៅ​ព្រឹកមិញ បាន​ឲ្យ​ដឹង​ថា ខាង​សហជីព​កម្មករ​ដែល​ស្និទ្ធ​នឹង​រាជ​​រដ្ឋាភិបាល បាន​​ឯកភាព​បញ្ចុះ​ការ​ទាមទារ​ឡើង​ប្រាក់ខែ​ពី ១០០ ដុល្លារ មក​នៅ​ត្រឹម ៩១ ដុល្លារ។ ពោល​គឺ​ទាមទារ​ឡើង​ ៣០ ដុល្លារ បន្ថែម​លើ​ប្រាក់ខែ​កម្មករ​សព្វថ្ងៃ ៦១ ដុល្លារ។​

លោក អាត់ ធន់ បាន​បន្ថែមថា ខាង​សហជីព​របស់​លោក និង​សហជីព​របស់​លោក រ៉ុង ឈុន មិន​ទាន់​យល់ព្រម​បញ្ចុះ​ការ​ទាមទារ​ទេ។ ដោយសារ​តែ​យើង​បាន​បន្ថយ​ការ​ទាមទារ​ពី ១២០ដុល្លារ មក​នៅ​ត្រឹម ១០០​ដុល្លារ ហើយ​ខាង​និយោជក​មិន​បាន​ឡើង​អ្វី​សោះ។

លោក អាត់ ធន់ ក៏​បាន​បន្ត​ថា ការ​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​នេះ គឺ​យោង​ទៅ​លើ​ស្ថានភាព​រស់នៅ​របស់​កម្មករ និង​ការ​ស្រាវជ្រាវ​របស់​អ្នក​សេដ្ឋកិច្ច​ឯករាជ្យ ដើម្បី​ឲ្យ​កម្មករ​អាច​រស់នៅ​សមរម្យ។ ម្យ៉ាងទៀត ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​នេះ ក៏​ស្រប​តាម​ការ​ចង់បានរ​បស់​ក្រុម​កម្មករ​​ផង​ដែរ។​

ចំណែក​លោក អំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​នឹង​សហជីព​កម្មករ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៣ បាន​ឲ្យដឹង​ថា សហជីព​​កម្មករ​បាន​ធ្វើ​សម្បទាន​មួយ​ជំហាន​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​តម្លើង​ប្រាក់ខែ​​ឲ្យ​បាន​ឆាប់។ រីឯ​ក្រសួង​​ស្ថិត​នៅ​កណ្តាល ដើម្បី​ឲ្យ​ការចរចា​តម្លើង​ប្រាក់ខែ​បម្រើ​ដល់​ផលប្រយោជន៍​ទាំង​សង្ខាង គឺ​ទាំង​ភាគី​កម្មករ និង​ទាំង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ។​

លោក អំ មាន បាន​បន្ថែម​ថា ពេលវេលា​ជួបប្រជុំ​ជាមួយនឹង​ភាគី​ថៅកែ​រោងចក្រ មិនទាន់​បាន​កំណត់​នៅ​ឡើយ​ទេ​ ដោយសារ​តែ​ថៅកែ​រវល់។ តែ​រាជ​​រដ្ឋាភិបាល​សង្ឃឹម​ថា កិច្ចប្រជុំ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​​ឲ្យ​បាន​ឆាប់ ដើម្បី​បំរើ​ផល​ប្រយោជន៍​​កម្មករ ហើយ​កិច្ចប្រជុំ​ចរចា​ឡើងវិញ​អាច​នឹង​ធ្វើ​ឡើង​​នៅ​សប្តាហ៍​ក្រោយ។​

លោក អំ មាន ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​សហជីព​តំណាង​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ ត្រូវ​មាន​​ការ​អត់ធ្មត់​ និង​វិល​មក​ចូលរួម​តុ​ចរចា ហើយ​រក្សា​ភាព​ស្ងប់ស្ងាត់​ដើម្បី​ផល​ប្រយោជន៍​ទាំង​សង្ខាង។​

សូម​រម្លឹកថា កិច្ចប្រជុំ​ត្រីភាគី​ចរចា​តម្លើង​ប្រាក់ខែ​កម្មករ​រវាង​ភាគី​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ និង​ភាគី​មន្ត្រី​តំណាង​រាជរដ្ឋាភិបាល​បាន​ជាប់​គាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣។​ មូលហេតុ​មកពី​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​មិន​ព្រម​តម្លើង​លើស​ពី ៧២ ដុល្លារ។ រីឯ​ភាគី​សហជីព​តំណាង​កម្មករ បាន​ព្រមព្រៀង​​បញ្ចុះ​ការ​ទាមទារ​របស់​ខ្លួន​ពី ១២០ ដុល្លារ មក​​នៅ​ត្រឹម ១០០ ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI