Reuters ៖ អ៊ីរ៉ង់ បង្ក្រាបបាតុករ ស្លាប់អស់ជាង១៥០០នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃអង្គារ ទី២៤ធ្នូ អាជ្ញាធរអ៊ីរ៉ង់នៅតែបានបន្តចាប់ខ្លួនក្រុមគ្រួសាររបស់បាតុករ។ បាតុករប្រុសម្នាក់ដែលត្រូវរដ្ឋអំណាចអ៊ីរ៉ង់បាញ់សម្លាប់ ហើយពេលនេះ គ្រួសាររបស់គេក៏ត្រូវប៉ូលីសអ៊ីរង់ចាប់ខ្លួនថែមទៀត។ គួរជ្រាបថា បាតុករអ៊ីរ៉ង់រាប់រយពាន់នាក់ បានងើបបះបោល ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ដែលដំឡើងតម្លៃប្រេងសាំង ហើយកំហឹងពលរដ្ឋឈានដល់ទាមទារឱ្យផ្លាស់ប្តូររដ្ឋាភិបាលទៀតផង កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ។ ទីភ្នាក់កាសែត Reuters បានបញ្ជាក់នៅដើមសប្តាហ៍ ថានៅក្នុងបាតុកម្មនេះ រដ្ឋអំណាចអ៊ីរ៉ង់ បានបង្ក្រាបបាតុករ ស្លាប់អស់ជាង១៥០០នាក់។
ទីភ្នាក់កាសែត Reuters រាប់ឃើញសកសពក្រុមបាតុករបាត់បង់ជីវិត មានចំនួនជាង១៥០០នាក់ គឺតាមរយៈចុះសម្ភាសជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអំណាចអ៊ីរ៉ង់, ទៅតាមដានរាប់នៅស្នងការប៉ូលីស, នៅកន្លែងកើតហេតុ, រាប់នៅកន្លែងតម្កល់សព និងនៅតាមបណ្តាមន្ទីរពេទ្យនានា។ ក្នុងចំណោមមរណជនទាំងនោះ គឺមានមនុស្សស្រី ជាង៤០០នាក់, ក្មេងៗជំទង់ យ៉ាងហោច ១៧នាក់ ហើយ អ្នកស្លាប់ ក៏មានដែរ កងកម្លាំងសមត្ថកិច្ច។
ទីភ្នាក់កាសែត Reuters របស់អង់គ្លេស ផ្សាយចំនួនអ្នកស្លាប់សម្រាប់ជាតុល្យការបឋមនេះ គឺដោយស្រង់ប្រសាសន៍បញ្ជាក់ និងផ្ទៀងផ្ទាត់ជាមួយមន្ត្រីទទួលខុសត្រូវជាន់ខ្ពស់ ចំនួនបីនាក់ ធ្វើការនៅក្រសួងមហាផ្ទៃអ៊ីរ៉ង់។
ក៏ប៉ុន្តេ ចំនួនទិន្នន័យនេះ គឺត្រូវច្រានចោលដោយរដ្ឋអំណាចអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់កាសែតក្នុងស្រុក, អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខជាតិអ៊ីរ៉ង បានបដិសេធថាតុល្យការចំនួនអ្នកស្លាប់របស់ទីភ្នាក់ងារកាសែតបរទេសនេះ គឺមិនពិតទេ ជាព័ត៌មានក្លែងក្លាយ ហើយនិងចាត់ទុកថា នេះជារឿងដែលគួរឱ្យអស់សំណើច ទៀតផង។
ទោះជាយ៉ាងនេះក៏ដោយ តាមប្រភពរបស់ទីភ្នាក់កាសែត Reuters គឺមានអ្នកបញ្ជាក់ ថា«ប្រមុខថ្នាក់ដឹកនាំកំពូលនៃសាសនាអ៊ីស្លាមអ៊ីរ៉ង់ អាលី ខាមេណី បានចេញបញ្ជាដាច់ខាត ឱ្យកម្ទេចហ្វូងក្រុមបាតុករ ដែលលោកអាញ៉ាតុឡា អាលី ខាមេណី យល់ថា ជាក្រុមកុប្បករ និងថា រដ្ឋអ៊ីរ៉ង់ កំពុងតែត្រូវរងគ្រោះភ័យដោយពួកបាតុករនេះ។ ដូច្នេះ ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ចប់សកម្មភាពបាតុកម្ម»។
គួររម្លឹកជូនថា កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ បាតុករអ៊ីរ៉ង់ពេញផ្ទៃប្រទេស បានក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលដែលដំឡើងតម្លៃសាំង ហើយទាមទារឱ្យផ្លាស់ប្តូររដ្ឋាភិបាល។ រដ្ឋាភិបាលដែលពួកគេយល់ថា គ្រប់គ្រងដោយក្រុមពុករលួយ និង គ្មានសមត្ថភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ