កម្ពុជា

ការនាំចេញ​អង្ករ​កម្ពុជា​ កើន​ទ្វេ​ដង​​ក្នុង​រយៈ​ពេល​៩ខែ​​

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana

ក្នុង​​រយៈពេល​៩ខែ​​ ក្នុង​​ឆ្នាំ២០១៣​នេះ ​ប្រទេស​​កម្ពុជា​​បាន​​នាំ​​អង្ករ​​ចេញ​​បាន​​ចំនួន​​ជាង​​២៦ម៉ឺ​ន​តោន​​​​ ទៅ​កាន់​​ប្រទេស​​ចំនួន​៥៧ ក្នុង​​ពិភពលោក។ នេះ​​បើ​​យោងតាម​របាយការណ៍​​របស់​​ក្រុម​ការងារ​​ផ្នែក​​ស្រូវ-អង្ករ​​ នៃ​​វេទិកា​​​រាជរដ្ឋា​ភិបាល ​និងផ្នែក​​ឯក​ជន​។​

ផ្សាយពាណិជ្ជកម្ម

ការនាំចេញ​អង្ក​របស់​កម្ពុជា ​ទៅកាន់​ប្រទេស​ចំនួន៥៧ ​នៅ​ទូទាំង​ពិភពលោក​ បាន​កើន​ចំនួន​ទ្វេដង ក្នុង​រយៈពេល៩ខែ​ក្នុង​ឆ្នាំ២០១៣ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១២ កន្លងទៅនេះ។

នៅក្នុង​របាយ​ការ​ណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ ​សម្រាប់​បំពេញបែបបទ​នាំ​អង្ក​ចេញ​ ដែល​ទើប​ចេញ​ផ្សាយ បាន​បង្ហាញថា ការនាំចេញ​អង្ក​របស់​កម្ពុជា ​ចាប់ពី​ឆ្នាំ​២០០៩​រហូតដល់​ឆ្នាំ២០១៣នេះ មានការ​កើនឡើង​ជា​លំដាប់​ ​កើន​ពី​ជាង១ម៉ឺន​តោន រហូតដល់​ជាង២៦ម៉ឺន​តោន។

ដោយឡែក ​សម្រាប់​រយៈពេល៩ខែ ក្នុង​ឆ្នាំ២០១៣នេះ កម្ពុជា​នាំ​អង្ក​ចេញ​បាន​​២៦​ម៉ឺន​៦ពាន់​១២៣តោន បើ​ប្រៀបធៀប​ឆ្នាំ២០១២ ក្នុង​រយៈពេល​ដូចគ្នា​ មានតែ​​បរិមាណ​១២ម៉ឺន៩ពាន់​២៣៣តោន។ សម្រាប់​រយៈពេល១២ខែ កាលពី​ឆ្នាំ២០១២ កន្លងទៅ ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​២០ម៉ឺន៥ពាន់​៧១៧តោន។

របាយ​ការ​ណ៏​ដដែល​ក៏បាន​បង្ហាញ​ផងដែរ​ថា ប្រភេទ​អង្ករ​ដែល​នាំចេញ​ច្រើនជាងគេ ​គឺ​ប្រ​ភេទ​​អង្ករ​ចំរុះ បន្ទាប់មក​គឺ​អង្ករ​ផ្កាម្លិះ ហើយ​ប្រទេស​ដែល​កម្ពុជា​នាំ​អង្ករ​ចូល​​ច្រើនជាង​បំផុត គឺ​​ប្រទេស​ប៉ូឡូញ បន្ទាប់មក​មាន​ប្រទេស​បារាំង ម៉ាឡេស៊ី ថៃ ចិន និង​អង់គ្លេស។

គួរ​បញ្ជាក់ថា កម្ពុជា​ទើបតែ​បើកសម្ពោធ​ពិធីបុណ្យ​អង្ករ​កម្ពុជា ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី១១ តុលា កន្លងទៅនេះ នៅ​ខេត្តសៀមរាប។ ជា​ពិធីបុណ្យ​ធ្វើការ​បង្ហាញ​នូវ​ការអភិវឌ្ឍន៍​សំខាន់ៗនៅក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​លើកកម្ពស់​អង្ករ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​បង្ហាញ​ពី​ជោគជ័យសំខាន់ៗជាច្រើន របស់​អង្ករ​កម្ពុជា ដូចជា​ការ​ឈ្នះ​នូវ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ២០១២ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI