កម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស៖ អាជ្ញាធរ​ប្រើ​ហិង្សា​ហួសហេតុ​ទៅ​លើ​បាតុករ

កម្មករ​រងគ្រោះ​ដោយ​រោងចក្រ​ឆេះ ធ្វើ​បាតុកម្ម​ នៅ​មុខ​ព្រលាន​យន្តហោះ ដើម្បី​សុំ​អន្តរាគមន៍​ពី​​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅថ្ងៃ​អាទិត្យ ទី ៨ ឧសភា
កម្មករ​រងគ្រោះ​ដោយ​រោងចក្រ​ឆេះ ធ្វើ​បាតុកម្ម​ នៅ​មុខ​ព្រលាន​យន្តហោះ ដើម្បី​សុំ​អន្តរាគមន៍​ពី​​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅថ្ងៃ​អាទិត្យ ទី ៨ ឧសភា ©Reuters

ក្រុមអ្នកសិទ្ធមនុស្ស​នៅប្រទេស​កម្ពុជា បាន​ចោទ​ប៉ូលិស​ថា​បាន​ប្រើកម្លាំង​ហិង្សា មិនសមស្រប ទៅ​លើ​កម្មករ​ដែល​ធ្វើ​បាតុកម្ម នៅថ្ងៃ​អាទិត្យ ទី ៨​ឧសភា។ ប៉ូលិស ប្រមាណ ១០០​នាក់​បាន​វាយបំបែក​បាតុករ​ ២០០០​នាក់ ដែល​ជា​កម្មករ​កាត់ដេរ។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប៉ូលិស​ដែល​មាន​បំពាក់​ដោយ​កាំភ្លើង និង​ដំបងឆក់ បាន​បំបែក​ហ្វូង​បាតុករ​ដែល​ភាគច្រើន​ជា​កម្មការនី និង​ដែល​បាន​ប្រមូលផ្តុំ​នៅ​ជិត​ព្រលាន​យន្តហោះ​ភ្នំពេញ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​បី នៅកម្ពុជា។

របាយការណ៍​បាន​លើកឡើង​ថា ប៉ូលិស​បាន​បាញ់​កំាភ្លើង​ឡើង​ទៅលើមុន ដើម្បី​គម្រាម​បាតុករ មុន​នឹង​បើកម៉ូតូ​បុកចូល​ហ្វូង​របស់​កម្មករ។ នៅកន្លែង​កើតហេតុ អាជ្ញាធរ​បាន​ចាប់​ស្ត្រី​ពីរនាក់ និង​ធ្វើ​ឲ្យ​ស្រ្តី​ម្នាក់​ទៀត​របួស បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ប៉ុន្តែ យោង​តាម​លោក​ទូច ណារ៉ុត ប្រធាន​ស្នងការ​ប៉ូលិស​ភ្នំពេញ ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP មាន​កម្មការនី​តែ​ម្នាក់ទេ​ដែល​គេ​ចាប់ខ្លួន ចំណែក​មនុស្ស​តែ​ម្នាក់ ឬ​ពីរនាក់​ដែល​របួស។ លោក​ទូចណារ៉ុត បាន​បញ្ជាក់​ដែរថា ក្នុង​ហេតុការណ៍ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃ​អាទិត្យ ប៉ូលិស​៩​នាក់​រងរបួស​ដោយសារ​ការវាយតបត​​ពី​បាតុករ។

គួរ​រំលឹកថា កម្មករ​ជាច្រើនរយ​នាក់​បាន​ធ្វើ​បាតុកម្ម បន្ទាប់​ពី​បាន​បាត់បង់​ការងារ​ធ្វើ ដោយសារ​រោងចក្រ​ឆេះ និង​ថៅកែ​មិនព្រម​សងជម្ងឺចិត្ត។ នៅថ្ងៃ​អាទិត្យ​នេះ ពួកគេ​មាន​បំណង​ប្រមូលផ្តុំ គ្នា នៅ​មុខ​ព្រលាន​យន្តហោះ ដើម្បី​ស្ទាក់​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី ការកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា នៅថ្ងៃ​អាទិត្យនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI