ប្រវត្តិសាស្រ្តពិភពលោក

ការ​ចាប់កំណើត​នៃ​សាសនា​អ៊ីស្លាម

សំឡេង ០៧:៥០
រូប​គំនូរ​បង្ហាញ​ពី​​មហាម៉េដ ព្យាការី​នៃ​សាសនា​អ៊ីស្លាម
រូប​គំនូរ​បង្ហាញ​ពី​​មហាម៉េដ ព្យាការី​នៃ​សាសនា​អ៊ីស្លាម

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ការ​ចាប់កំណើត​នៃ​សាសនា​អ៊ីស្លាម នៅ​អំឡុង​សតវត្សរ៍​ទី៦ នៃ​គ្រឹស្តសករាជ។

ផ្សាយពាណិជ្ជកម្ម

 

ក្រោយការ​ដួលរលំ​នៃ​ចក្រភព​រ៉ូម នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ធ្លាក់​ក្នុង​ភាព​អនាធិបតេយ្យ នៅ​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ​ឯណោះវិញ ពិភពអារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន ជាមួយ​នឹង​ការ​ចាប់កំណើត​នៃសាសនា​ថ្មីមួយ គឺ​សាសនា​អ៊ីស្លាម ដោយ​មាន​មហាម៉េដ​ជា​ព្យាការី។

មហាម៉េដ​កើតនៅ​អំឡុង​ឆ្នាំ​៥៧០​គ.ស នៅ​ទីក្រុង​ម៉ិកកា (Mecca) ក្នុង​ឧបទ្វីបអារ៉ាប់ (ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​បច្ចុប្បន្ន)។ នៅ​ក្នុង​អំឡុង​ពេលនោះ ទីក្រុង​ម៉ិកកា គឺ​ជា​ក្រុង​ជំនួញ​ដ៏​សំខាន់មួយ ដែល​ជា​ចំណុច​កណ្តាល​ភ្ជាប់​ផ្លូវ​ជំនួញ ពី​អឺរ៉ុប រហូតដល់​អាស៊ី។

ដំណើរជីវិត​ពិត​របស់​មហាម៉េដ មាន​ភាព​ស្រពិចស្រពិល​ច្រើន ដែល​គេ​ពិបាក​នឹង​ធ្វើការ​បែងចែក​ឲ្យ​បាន​ច្បាស់​រវាង​អ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ និង​អ្វី​ដែល​ជា​សាច់រឿង ដែល​គេ​និទាន​តៗ​គ្នា។

ជាទូទៅ មហាម៉េដ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនួញ​ដ៏​ចំណានម្នាក់ ដែល​ធ្វើដំណើរ​ចុះឡើង ចាប់តាំង​ពី​តំបន់​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ រហូតទៅដល់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ធ្វើការ​ជួញដូរ។ ក៏ប៉ុន្តែ តាមជំនឿ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហាម៉េដ ដែ​លមាន​វ័យ​​ ៤០ឆ្នាំ បាន​ទទួលនូវ​សេចក្តីបង្រៀន​ពីព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ល្អាង​ភ្នំមួយ ក្បែរ​ទីក្រុង​ម៉ិកកា។ មហាម៉េដ បាន​យក​សេចក្តីបង្រៀន​អស់ទាំងនោះ ទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀត។

មាន​អ្នកខ្លះ​​បាន​ចាប់ផ្តើម​ជឿ​ថា មហាម៉េដ គឺ​ជា​ព្យាការី​របស់​ព្រះ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ មហាម៉េដ ក៏​មាន​សត្រូវ​ច្រើន​ដែរ ដោយសារ​តែ​មាន​ការ​ប្រឆាំង​ជំទាស់​នឹង​សេចក្តីបង្រៀន​របស់​មហាម៉េដ ដែល​ថា ព្រះពិត​មានតែមួយ ហើយ​ការ​ថ្វាយបង្គំ​រូបសំណាក គឺ​ជា​ការ​ខុសឆ្គង។ ការគោរព​ និង​ថ្វាយបង្គំ​ព្រះ​ ដែល​មាន​ច្រើន​បែប ច្រើន​ប្រភេទ តំណាង​ដោយ​រូបសំណាក គឺ​ជា​ជំនឿសាសនា​របស់​អ្នក​ក្រុង​ម៉ិកកា នៅ​ក្នុង​អំឡុង​ពេលនោះ។

ដោយ​មាន​ការ​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង នៅ​ឆ្នាំ​៦២២ មហាម៉េដ រួមជាមួយ​នឹង​​អ្នក​ស្មោះស្ម័គ្រ​មួយក្រុម​តូច ក៏​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះ​ថា មេឌីណា (Medina) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ​ខាងជើង​ម៉ិកកា (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​នេះ​ដែរ)។ នៅទីនោះ មហាម៉េដ​ បាន​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​ជឿលើ​សាសនា​អ៊ីស្លាម។ ក្នុងពេល​ជាមួយគ្នា​នោះ ដោយសារ​តែ​ម៉ិកកា និង​មេឌីណា មាន​ជម្លោះ​ប្រដាប់អាវុធ​នឹង​គ្នា មហាម៉េដ ដែល​ជា​ព្យាការី និង​ជា​មេដឹកនាំ​សាសនា​អ៊ីស្លាម ក៏​បាន​ក្លាយទៅជា​មេដឹកនាំ​កងទ័ព​ផងដែរ។

៨ឆ្នាំ​ក្រោយ​ពី​បាន​ភៀសខ្លួន​ទៅ​មេឌីណា មហាម៉េដ បានវិលត្រឡប់​មកកាន់​ទីក្រុង​ម៉ិកកា​វិញ ក៏ប៉ុន្តែ មកជាមួយ​នឹង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​បាន​វាយលុកចូល​​កាន់កាប់​ក្រុង​ម៉ិកកា ទីកន្លែង​កំណើត​របស់​លោក និង​ជា​ទី​ដែល​លោក​ទទួលមរណភាព ២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​៦៣២។ ម៉ិកកា និង​មេឌីណា បានបន្ត​​ជា​ទីក្រុង​ដ៏​សក្ការៈ​ បំផុត​របស់​សាសនា​អ៊ីស្លាម​រហូតមកទល់​នឹង​ពេលបច្ចុប្បន្ននេះ។

សេចក្តីបង្រៀន​របស់​មហាម៉េដ ត្រូវបាន​គេ​កត់ត្រាទុក​នៅ​ក្នុង​គម្ពីរ​កូរ៉ាន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សាសនា​អ៊ីស្លាម។ គោលជំនឿ​របស់​សាសនា​អ៊ីស្លាម មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ជំនឿ​របស់​សាសនា​យូដា និង​គ្រឹស្តសាសនា​ដែរ គឺ​ជឿ​ថា ព្រះពិត​មានតែមួយ គឺ​ព្រះជាម្ចាស់ ដែល​បង្កើត​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល។

តាមការពិត អ្នកកាន់សាសនា​អ៊ីស្លាម​ជឿថា ព្រះ​ជាម្ចាស់​ដែល​ពួកគេ​គោរព និង​ព្រះ​​របស់​ពួកជ្វីហ្វ និង​គ្រីស្ទាន គឺ​ជា​តួអង្គព្រះដូចគ្នា​តែមួយ គឺ​អាឡាហ៍ (Allah) ហៅ​តាម​ភាសា​អារ៉ាប់ ឬ​យេហូវ៉ា (Jehovah) ហៅតាម​ភាសាហេព្រើ ហើយ​ដំណើររឿង​នៃ​សាសនា​ទាំង៣នេះ មាន​ដើមកំណើត​ចេញ​ពី​ប្រភព​តែមួយ ចាប់តាំង​ពី​អាប្រាហាំ និង​ម៉ូសេ រហូតដល់​ព្រះយេស៊ូវ។

តាមជំនឿ​របស់​សាសនា​អ៊ីស្លាម ប្រជាជន​អារ៉ាប់ និង​ជ្វីហ្វ មាន​បុព្វបុរស​ដើមតែមួយ គឺ​អាប្រាហាំ (Abraham) ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​ហៅថា អ៊ីប្រាហ៊ីម (Ibrahim)។ អាប្រាហាំ ឬ​អ៊ីប្រាហ៊ីម មាន​កូន​ប្រុសពីរនាក់ គឺ​​អ៊ីស្មាអែល (Ismaël) ជា​កូនច្បង ក៏ប៉ុន្តែ ជាកូនក្រៅច្បាប់​ជាមួយ​នឹង​ស្រីបម្រើ​ឈ្មោះ​ហាការ និង​អ៊ីសាក់ (Isaac) ជាកូនទីពីរ តែ​ជា​កូន​ស្របច្បាប់​។ អ្នកកាន់​សាសនា​អ៊ីស្លាម​ជឿ​ថា ពួក​អារ៉ាប់​គឺ​ជា​កូនចៅ​របស់​អ៊ីស្មាអែល ចំណែក​ឯពួកជ្វីហ្វ គឺ​ជា​កូនចៅ​របស់​អ៊ីសាក់។

ស្ទើរតែ​គ្រប់​ព្យាការី​ទាំងអស់ នៅ​ក្នុង​គម្ពីរ​តូរ៉ា​នៃ​សាសនាយូដា និង​គម្ពីរប៊ីប នៃ​សាសនា​គ្រឹស្ត ក៏​ត្រូវ​បាន​សាសនា​អ៊ីស្លាម​ទទួលស្គាល់​ថា​ជា​ព្យាការី ដែល​ជា​អ្នក​នាំសារ​​របស់​ព្រះ​ដូចគ្នា​ដែរ ដោយ​គ្រាន់តែ​ពួកគេ​យល់ថា សេចក្តីបង្រៀន​របស់​ព្យាការី​អស់ទាំងនេះ​ត្រូវ​បាន​​ពួក​ជ្វីហ្វ និង​ពួក​គ្រីស្ទាន​យក​មក​ផ្សព្វផ្សាយ និង​អនុវត្ត​​ខុស​ពី​ខ្លឹមសារ​ដើម។ ហេតុដូច្នេះ​ហើយ​បាន​ជា​ព្រះ​បញ្ជូន​មហាម៉េដ ឲ្យ​មក​ធ្វើ​ជា​ព្យាការី​ចុងក្រោយបង្អស់ ដើម្បី​​​នាំបន្ទូល​ពិត​របស់​ព្រះ និង​កែតម្រូវ​សេចក្តីបង្រៀន​មុនៗ​។

នៅ​ក្នុង​ប្រវត្តិ​នៃ​សាសនា​អ៊ីស្លាម គេឃើញ​ថា មហាម៉េដ​មិនត្រឹមតែ​បាន​បង្កើត​សាសនា​អ៊ីស្លាម​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏​បាន​បង្រួបបង្រួម​ក្រុមកុលសម្ព័ន្ធ​អារ៉ាប់ ហើយ​បង្កើត​ទៅជា​រដ្ឋ​មួយ​​ផងដែរ។ មហាម៉េដ មាន​តួនាទី គឺ​ជា​មេដឹកនាំ​សាសនា​ផង ជា​មេដឹកនាំ​នយោបាយ​ផង និង​ជា​មេដឹកនាំ​កងទ័ព​ផង។ នៅ​ពេល​មហាម៉េដ​ទទួលមរណភាព នៅ​ឆ្នាំ​៦៣២ បញ្ហា​មួយ​ក៏​បាន​ផ្ទុះឡើង គឺ​​បញ្ហា​អ្នក​ស្នងតំណែង​ ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម ដែល​មហាម៉េដ​បាន​បង្កើត និង​បន្សល់ទុក។

នៅពេលនោះ សហគមន៍​អ៊ីស្លាម​ភាគច្រើន​​យល់ថា កាលនៅរស់ មហាម៉េដ​បាន​ជ្រើសរើស​​ អាប៊ូ បាគ័រ (Abu Bakr) ដែល​ជា​មនុស្ស​ជំនិត​ឲ្យ​​​ស្នងតំណែង​​ជា​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម។ ក៏ប៉ុន្តែ មាន​សហគមន៍​អ៊ីស្លាម​មួយ​ផ្នែក​តូច​ជំទាស់ ដោយ​ពួកគេ​យល់ថា អ្នក​ដែល​​មហាម៉េដ​ជ្រើសរើស​ឲ្យ​​​ស្នងតំណែង​មហាម៉េដ គឺ អាលី (Ali) ដែល​ជា​មនុស្ស​ជំនិតផង ជា​កូនប្រសារផង និង​ជា​បងប្អូន​ជីដូនមួយ​ផង​របស់​មហាម៉េដ។

នៅទីបំផុត គឺ​អាប៊ូ បាគ័រ ដែល​ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ស្នងតំណែង​មហាម៉េដ។ ក៏ប៉ុន្តែ ការប្រេះឆា​គ្នា​ក៏​បាន​កើតឡើង​រវាង​សហគមន៍​អ៊ីស្លាម​ទាំងពីរ។ ភាពប្រេះឆា ដែល​បាន​រាលដាល​ រហូត​​ធ្វើ​ឲ្យ​សាសនាអ៊ីស្លាម​ត្រូវ​ពុះចែក​ជា​ពីរក្រុម​ផ្សេងគ្នា រហូតមកទល់នឹង​ពេលបច្ចុប្បន្ន គឺ​​និកាយ​ស៊ុននីត និង​និកាយ​ស្ហ៊ីអ៊ីត។ អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយស៊ុននីត ដែល​មាន​ភាគច្រើន ជឿ​ថា អាប៊ូ បាគ័រ ជា​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​អ៊ីស្លាម។ ចំណែក​អ្នក​កាន់​សាសនាអ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ជឿ​ថា ​អ្នកដែល​មហាម៉េដ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ស្នងតំណែង​ជាមេដឹកនាំ​រដ្ឋ​អ៊ីស្លាម គឺ​អាលី។ អ្នក​កាន់​និកាយ​ទាំងពីរ​នេះ នៅតែ​មើលមុខគ្នា​មិនចំ រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI