ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ​និង​សេវាកម្ម​នៅ​ជប៉ុន​អាច​នឹង​ផ្តល់​ផលវិបាក​អ្វីខ្លះ?

សំឡេង ០៦:០២
លោក​ស្ហ៊ីនហ្សូ អាបេ ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញនិង​សេវាកម្ម ពី ៥% ទៅ ៨% ដើម្បី​បង្កើន​ចំណូល និង​កាត់បន្ថយ​បំណុលរដ្ឋ
លោក​ស្ហ៊ីនហ្សូ អាបេ ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញនិង​សេវាកម្ម ពី ៥% ទៅ ៨% ដើម្បី​បង្កើន​ចំណូល និង​កាត់បន្ថយ​បំណុលរដ្ឋ REUTERS/Yuya Shino

នៅថ្ងៃ​អង្គារ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ប្រកាសដំឡើង​ពន្ធ​លើ​ការ​លក់ទំនិញ​និង​សេវាកម្ម ពី ​៥% ទៅ ៨% ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​មេសា​​ឆ្នាំ​ក្រោយ​ទៅ។ នៅ​ជប៉ុន គេ​សង្កេតឃើញ​ថា ការ​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម គឺ​ជា​នយោបាយ​ដ៏រសើប​មួយ ដែល​មិនមាន​នាយករដ្ឋមន្រ្តី​ជប៉ុន​រូប​ណា​ហ៊ាន​ដាក់​ចេញ​ទេ ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក។

ផ្សាយពាណិជ្ជកម្ម

សំណួរ-​តើ​ហេតុអ្វី​បាន​ជា​លោក​ស្ហ៊ីនហ្សូ អាបេ ចាំបាច់​ត្រូវ​ចាត់វិធានការ​ដ៏រសើប​មួយនេះ?

គោលដៅ​ធំបំផុត នៃ​ការ​ដំឡើង​ពន្ធ​លើ​ការលក់​ទំនិញ និង​សេវាកម្ម​នេះ គឺ​ដើម្បី​កាត់បន្ថយ​បំណុលរដ្ឋ។

ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​មក សេដ្ឋកិច្ច​ជប៉ុន​តែងតែ​ជួប​នឹង​បញ្ហា​ជាប់រហូត។ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នេះ រដ្ឋាភិបាល​ជប៉ុន​​ស្ទើរតែ​គ្រប់​អាណត្តិ បាន​នាំគ្នា​​បង្កើន​​កញ្ចប់ថវិកា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​រដ្ឋ​ចេះតែ​កើនឡើង​ឥតឈប់ឈរ។ ក្នុងពេល​ជាមួយគ្នា ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​ក៏​មាន​ការ​ធ្លាក់ចុះ ដោយសារ​តែ​សេដ្ឋកិច្ច​មិនមាន​កំណើន។

​ម្យ៉ាងទៀត លក្ខខណ្ឌ​ប្រជាសាស្រ្ត​របស់​ជប៉ុន​ក៏​មិន​អំណោយ​ផល។ មនុស្ស​ចាស់​មាន​ចំនួន​កាន់តែ​ច្រើន ធ្វើ​ឲ្យ​ការចំណាយ​ទៅលើ​សោធននិវត្តន៍ និង​ជំនួយ​ដល់​មនុស្ស​ចាស់​មាន​ការកើនឡើង​ខ្លាំង ចំណែក​ឯ​ក្មេងៗ​​ពេញ​កម្លាំង​ធ្វើការ​ និង​ត្រូវ​បង់ពន្ធ មាន​កាន់តែតិច។

ចំណាយ​កើនឡើងខ្ពស់​ ហើយ​ចំណូល​ធ្លាក់ចុះ។ ជាលទ្ធផល ​ថវិកា​ជាតិ​ជប៉ុន​មាន​ឩនភាព​ខ្ពស់ និង​ជា​អចិន្រ្តៃយ៍ ហើយ​បំណុល​សាធារណៈ​ក៏​កើនឡើង​កប់ពពក។ សព្វថ្ងៃនេះ បំណុល​រដ្ឋ​ជប៉ុន​​បាន​កើនឡើង​ លើស​ពី ២០០% នៃ​ផលិតផល​ក្នុងស្រុក​ស្រុប មានន័យថា បំណុល​មាន​​ចំនួន​ច្រើន​ជាង​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់​ទៅ​ជាង​២ដង។ បើ​យើងប្រៀបធៀប​នឹង​ប្រទេសផ្សេងទៀត យើងឃើញ​ថា បំណុលអាមេរិក មាន​ប្រហែល​ជា​ជាង ១០០% នៃ​ផលិតផល​ក្នុងស្រុកសរុប, អ៊ីតាលី មាន​ប្រហែល​ជា ១៤៤% ហើយ​​​ក្រិក ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល ​មាន​បំណុល​តែ​ប្រមាណ​ជា ១៨៤%​ ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប។

ជប៉ុន​នៅមិនទាន់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បំណុល ដោយសារ​តែ​បំណុល​របស់​រដ្ឋ​ភាគច្រើន​ ជា​បំណុល​ដែល​ជំពាក់​ពលរដ្ឋ​ជប៉ុន​ខ្លួនឯង ដែល​ចេះតែ​បន្ត​ឲ្យលុយ​រដ្ឋ​ខ្ចី ដោយ​មិន​ទាមទារ​ការប្រាក់​ខ្ពស់ ទោះបី​ជា​បំណុល​រដ្ឋ​មាន​កម្រិត​ខ្ពស់​។ ក៏ប៉ុន្តែ ទោះបី​ជា​យ៉ាងនេះ​ក៏ដោយ ទាំង​រដ្ឋាភិបាល​ជប៉ុន ទាំង​អ្នក​សេដ្ឋកិច្ច​ជាទូទៅ គេ​យល់ថា ជប៉ុន​មិន​អាច​ចេះតែ​បណ្តោយ​ឲ្យ​បំណុល​សាធារណៈ​បន្ត​កើនឡើង​តទៅទៀត​បានទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ សម្រេច​បង្កើន​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម ដើម្បី​បង្កើន​ចំណូល យក​មក​​កាត់បន្ថយ​បំណុលរដ្ឋ។

សំណួរ-តើ​ការ​ដំឡើង​ពន្ធ​ពី ៥% ទៅ ៨% នេះ អាច​នឹង​បង្កើន​ចំណូល​រដ្ឋ​បាន​ប៉ុន្មាន? តើ​វា​អាច​នឹង​ជួយ​កាត់បន្ថយ​បំណុល​របស់​ជប៉ុន​បាន​ដែរ​ឬទេ?
 
តាមការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល​ជប៉ុន ការដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម ពី ៥% ទៅ ៨% អាច​នឹង​បង្កើន​ចំណូល​រដ្ឋ​បាន​ប្រហែល​ជា​ជាង ៨១ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំៗ។ បើ​ប្រៀបធៀប​នឹង​ឩនភាព​ថវិកា​រដ្ឋ យើងឃើញ​ថា ក្នុងមួយ​ឆ្នាំៗ មុខចំណាយ​មាន​ច្រើន​ជាង​ចំណូល​រហូតដល់​ទៅ​ជាង ៥០០ពាន់​លាន​ដុល្លារ។ ដូច្នេះ បើទោះបី​ជា​រដ្ឋ​អាច​បង្កើន​ចំណូល ពី​​​ការ​ដំឡើងពន្ធ​​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម បាន ៨១ពាន់លានដុល្លារ​ពិតមែន ក៏​មិន​អាច​កាត់បន្ថយ​បំណុលរដ្ឋ​​បាន​ដែរ។ ប៉ុន្តែ វា​អាច​ជួយ​ទប់​​កុំឲ្យ​បំណុល​នេះ​កើនឡើង​លឿនពេក។

បើ​តាម​គម្រោង រដ្ឋាភិបាល​ជប៉ុន​អាច​នឹង​បន្ត​ដំឡើង​​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៥ គឺ​ដំឡើង​ពី ៨% ទៅ​ដល់ ១០%។

សំណួរ-​ក្រៅពី​ការ​ជួយ​ឲ្យ​រដ្ឋ​អាច​បង្កើន​ប្រាក់​ចំណូល ​តើ​ការ​ដំឡើង​ពន្ធ​នេះអាច​នឹង​បង្ក​នូវ​ហានិភ័យ​អ្វីខ្លះ?
 
គ្រោះថ្នាក់ ដែល​អាច​បង្ក​ឡើង​ដោយ​ការ​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ អាច​មាន​ពីរ។

ទីមួយ ខាង​ផ្នែក​សេដ្ឋកិច្ច។ កាលណា​ពន្ធ​កើនឡើង ប្រជាជន​អាច​នឹង​កាត់បន្ថយ​ការ​ចំណាយ។ ​កាលណា​ការ​ចំណាយ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ធ្លាក់ចុះ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ផែនការ​សេដ្ឋកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ទើប​នឹង​ចាប់ផ្តើម​ផ្តល់​ផ្លែផ្កា នឹង​ត្រូវ​បរាជ័យ​ទៅវិញ។

ដើម្បី​ចៀសវាង​បញ្ហា​នេះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​ថា លោក​គ្រោង​នឹង​យក​លុយ​ជាង​ពាក់​កណ្តាល ដែល​បាន​ពី​ការ​ដំឡើង​ពន្ធ ទៅ​ប្រើ​ជា​កញ្ចប់​ថវិកា​ពិសេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ បើ​ធ្វើ​បែបនេះ​មែន វា​អាច​នឹង​កាត់បន្ថយ​ផល​អវិជ្ជមាន​លើ​កំណើន​សេដ្ឋកិច្ច ក៏ប៉ុន្តែ លុយចំណូល ដែល​ត្រូវយក​ទៅ​កាត់បន្ថយ​បំណុល​ក៏​ត្រូវ​ថយចុះ​ដូចគ្នា។

មួយទៀត ការ​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ អាច​បង្ក​គ្រោះថ្នាក់​មួយទៀត ដល់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ខាង​ផ្នែក​នយោបាយ។ ការ​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម គឺ​ជា​វិធានការ​ដ៏រសើប​មួយ​ សម្រាប់​អ្នក​នយោបាយ​ជប៉ុន ពីព្រោះ​ ​ប្រជាជន​ភាគច្រើន​មិនចង់ឃើញ។ បើយើងមើល​ពី​មេរៀន​ពី​អតីតកាល យើងឃើញ​ថា នាយករដ្ឋមន្រ្តី​ជប៉ុន​ណា ដែល​ដំឡើង​ពន្ធ​នេះ សុទ្ធតែ​ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង។ នាយករដ្ឋមន្រ្តី​ ណូបូរូ តាកេស្ហ៊ីតា ដែល​បង្កើត​ពន្ធ​នេះ​ដំបូង នៅ​ឆ្នាំ​១៩៨៩ ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពីតំណែង ដោយសារ​បាត់បង់​ប្រជាប្រិយភាព។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៩៧ នាយករដ្ឋមន្រ្តី ហាស្ហ៊ីម៉ូតូ បាន​ដំឡើង​ពន្ធ​នេះ ពី ៣% ទៅ ៥% បានតែ​ប៉ុន្មាន​ខែ​ក្រោយ​មក ក៏​ត្រូវ​ទទួលបរាជ័យ​ក្នុងការ​បោះឆ្នោត​ជាតិ។ ដោយសារតែ​ហេតុនេះ​ហើយ​បាន​ជា​​យើង​មិនដែល​ឃើញ​មាន​នាយករដ្ឋមន្រ្តី​ជប៉ុន​ណា​ហ៊ាន​ដំឡើង​ពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ​ទៀតទេ ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក។

លោក​ស្ហ៊ីនហ្សូ អាបេ ប្រហែល​ជា​មាន​ខែល​ការពារ​មាំ​គ្រាន់បើ ព្រោះ​​លោក​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់ ដោយសារតែ​បាន​ដាក់ចេញ​នូវ​នយោបាយ​សេដ្ឋកិច្ច ដែល​មាន​ប្រសិទ្ធភាព​ទាញ​សេដ្ឋកិច្ច​ជប៉ុន​ពី​វិបត្តិ ឲ្យ​មាន​កំណើន​ឡើងវិញ។ ក៏ប៉ុន្តែ យ៉ាងណា​ក៏ដោយ ការ​ដំឡើងពន្ធ​លើ​ការ​លក់​ទំនិញ និង​សេវាកម្ម​នេះ នៅតែ​ជា​គ្រោះថ្នាក់​នយោបាយ​ធំមួយ ជាពិសេស ប្រសិនបើ​​ក្រោយ​ការ​ដំឡើងពន្ធ​នេះ វា​ធ្វើ​ឲ្យការចំណាយ​របស់​ប្រជាជន​​ជប៉ុន​មាន​ការ​ធ្លាក់ចុះ​ ហើយ​កំណើន​សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI