រូម៉ានី

ប្រជាមតិ​ម្សិលមិញ​មិនអាច​ទម្លាក់​ប្រធានាធិបតី​ពី​អំណាច​ទេ

លោក​ប្រធានាធិបតី Traian Basescu ថ្លែង​ទៅកាន់​អ្នក​កាសែត នៅថ្ងៃអាទិត្យ៣០ កក្កដា ក្រោយ​ពេល​ចេញ​លទ្ធផល​ប្រជាមតិ
លោក​ប្រធានាធិបតី Traian Basescu ថ្លែង​ទៅកាន់​អ្នក​កាសែត នៅថ្ងៃអាទិត្យ៣០ កក្កដា ក្រោយ​ពេល​ចេញ​លទ្ធផល​ប្រជាមតិ REUTERS/Bogdan Cristel

មូលហេតុ មកពី​អត្រា​អ្នកទៅ​បោះឆ្នោត តាម​តួលេខ​គ.ជ.ប. គឺ​តែ​៤៥,៩២% បានន័យ​ថា ទាបជាង កម្រិត​៥០% ទាមទារ​ដោយ​ច្បាប់។ ម៉្លោះហើយ​បានជា​លទ្ធផល​ប្រជាមតិ​នោះ​មិនអាច​យកជាការ​បានឡើយ ទោះបី​ក្នុងចំណោម​អ្នក​ទៅ​បោះឆ្នោត មាន​ដល់ទៅ​ជាង ៨៦% ដែល​គាំទ្រ​ដល់​ការ​ទម្លាក់​រូប​លោក​ប្រធានាធិបតី Traian Basescu ពី​អំណាច​ក្តី។ ដូច្នេះ គាត់​នឹង​បន្ត​កាន់តំណែង​ខ្លួន​រហូត​ដល់​ផុត​អាណត្តិ នៅ​ឆ្នាំ​២០១៤។

ផ្សាយពាណិជ្ជកម្ម

ប្រជាមតិម្សិលមិញ ធ្វើឡើង​គឺ ទៅតាម​ការ​សម្រេច​ចិត្ត​របស់​រដ្ឋសភា​រូម៉ានី ដែល​កាល​ពី​ថ្ងៃទី៦​កក្កដា ដោយ​សំឡេង​ភាគច្រើន នៃ​ពួក​អ្នក​តំណាងរាស្ត្រ​ខាង “សម្ព័ន្ធ​កណ្តាល​និយម លំអៀង​ឆ្វេង” មាន​ភាគច្រើន ដល់ទៅ​២៥៦ លើ​៤៥២ និង​ជា​បក្សពួក​លោក​នាយក​រដ្ឋមន្ត្រី Victor Ponta បាន​បោះឆ្នោត​ដក​ការ​ទុកចិត្ត​ពី​លោក​ប្រធានាធិបតី Traian Basescu តំណាងឲ្យ “កម្លាំង​កណ្តាលនិយម​លំអៀង​ស្តាំ”។

ដកនេះ គឺ​ក្រោម​បទ​ចោទប្រកាន់​រូប​ប្រមុខរដ្ឋ​នោះ ថា ៖ រំលោភ​លើ​រដ្ឋធម្មនុញ្ញ ដោយ​ចេះតែ​លូកដៃ​ជ្រៀតចូល​ក្នុង​សកម្មភាព​ស្ថាប័ន​ប្លែកៗ, ប្រើ​អំណាច​ខ្លួន​ជ្រុល ទាំង​ឆ្លៀត​ដាក់គ្នីគ្នាខ្លួន ឲ្យ​កាន់តំណែង​នានា​ក្នុង​រដ្ឋ, ធ្វើ​នយោបាយ​រឹតត្បិត​សន្សំសំចៃ​គ្មានប្រណី នាំ​ជា​ទុក្ខសោក​ដល់​ប្រជាជន បែបយ៉ាង​កាត់បន្ថយ​ប្រាក់ខែ​និយោជិត​រដ្ឋ កាត់ប្រាក់​រ៉ឺត្រែត បន្ថយ​ប្រាក់​ជំនួយ​សង្គម ដើម្បី​បំពេញ​ខ្លបត្រចៀក​តាម​ល័ក្ខខ័ណ្ឌ របស់ “មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ” FMI ជា​ម្ចាស់​ជំនួយ​បង្គាប់​បញ្ជា​លើ​ប្រទេស​រូម៉ានី​ដែល​ធ្លាក់ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ។ គួរនិយាយ​ថា រូម៉ានី​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ការទូត​ជាមួយ គឺជា​ប្រទេស​មួយ​ក្រីក្រ​ជាងគេ​នៅ​អឺរ៉ុប ដែល​ត្រូវបាន​ទទួល​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប តាំងពី​ឆ្នាំ២០០៧​មក។

គួរនិយាយ​ថា លោក​ប្រធានាធិបតី Traian Basescu តាំងពីដើមទីមក តែង​ចាត់ទុក​ការសម្រេចចិត្ត​នោះ របស់​រដ្ឋសភា ធ្វើដោយ​គូ​សត្រូវ​គាត់ លោក​នាយករដ្ឋមន្ត្រី Victor Ponta ទោះបី​វា​ត្រូវ​បាន​ទទួលស្គាល់​ដោយ​តុលាការ​ធម្មនុញ្ញ​ថា ស្របច្បាប់​ក៏ដោយ គឺ​មានន័យ​ជា​រដ្ឋប្រហារ​សោះ។

យប់មិញ ក្រោយពី​ឮ​ដំណឹង ស្តីអំពី​បរាជ័យ​ប្រជាមតិ​នោះ លោក​ប្រធានាធិបតី Traian Basescu ថ្លែង​ដោយ​មោទនភាព​ថា លទ្ធផល​ដែល​មាន​សឲ្យឃើញ​ថា ប្រជាជន​រូម៉ានី​នាំគ្នា​ច្រានចោល​រដ្ឋប្រហារ​នោះឯង ដែល​ធ្វើ​ដោយ​មនុស្ស​មួយក្តាប់។

ជាការកត់សម្គាល់ សេចក្តីសម្រេច​របស់​រដ្ឋសភា​រូម៉ានី ដក​ការ​ទុកចិត្ត​ពី​លោក​ប្រធានាធិបតី Traian Basescu បាន​ញ៉ាំងឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​ពី​ខាង​សហភាព​អឺរ៉ុប និង​ស.រ.អា. ដោយមក​ពី​វា​ត្រូវបាន​អនុម័ត​យក​ទាំង​ប្រញាប់ប្រញាល់​ពេក។

លោក​ប្រធានាធិបតី Traian Basescu ដែល​កាន់អំណាច​បាន​៨ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​២០០៤​មក នឹង​បន្ត​ស្ថិត​នៅក្នុង​តំណែង​ខ្លួន លុះ​រហូតដល់​ផុត​អាណត្តិ នៅ​ឆ្នាំ២០១៤ ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI