ម៉ាឡេស៊ី

តុលាការ​ម៉ាឡេស៊ី ចោទ​ភរិយា​អតីត​នាយករដ្ឋ​មន្ដ្រី​ ណាជីព រ៉ាហ្សាក់ ​ពី​បទ​លាង​លុយកខ្វក់

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​​ម៉ាឡេស៊ីបាន​ចោទ​ប្រកាន់​លោក​ស្រី Rosmah Mansor ភរិយា​អតីត​នាយករដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី ពី​បទ​លាង​លុយ​កខ្វក់​។ ក្រៅ​ពី​ចោទ​ប្រកាន់​ហើយ តុលាការ​បាន​សម្រេច​បង្កក​លិខិត​ឆ្លង​ដែន​របស់​​លោក​ស្រី Rosmah Mansor និង​តម្រូវ​ឲ្យ​​បង់​ប្រាក់​ធានា​ចំនួន​២​លាន​រីងហ្គីត ស្មើ​នឹង​​ជិត​​៥​សែន​ដុល្លារ​​។

លោក​ស្រី Rosmah Mansor ភរិយា​អតីត​នាយករដ្ឋ​មន្ដ្រី ណាជីព រ៉ាហ្សាក់ ចាក​ចេញ​ពី​តុលាការ​ក្នុង​ក្រុង​គូឡាឡាំពួរ ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ តុលា ២០១៨
លោក​ស្រី Rosmah Mansor ភរិយា​អតីត​នាយករដ្ឋ​មន្ដ្រី ណាជីព រ៉ាហ្សាក់ ចាក​ចេញ​ពី​តុលាការ​ក្នុង​ក្រុង​គូឡាឡាំពួរ ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ តុលា ២០១៨ REUTERS/LAI SENG SIN
ផ្សាយពាណិជ្ជកម្ម

​ក្នុង​សវនាការ ​លោក​ស្រី Rosmah Mansor នៅ​តែ​ប្រកែក​យ៉ាង​ដាច់​អហង្ការ​ថា លោក​ស្រី​មិន​មាន​ជាប់​ពាក់​ព័ន្ធនឹង​បទ​ល្មើស​លាង​លុយកខ្វក់ ​ដូច​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញាទេ​​។ ពី​ខាង​ព្រះរាជ​អាជ្ញាឯណេះ​វិញ​ ​មាន​ភស្តុតាង​ពេញ​ដៃ​បង្ហាញ​ថា ភរិយា​អតីត​នាយករដ្ឋ​មន្ដ្រីម៉ាឡេស៊ី បាន​រួម​ចំណែក​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ចរាចរ​ប្រាក់​​​ខុស​ច្បាប់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​រាជ​អាជ្ញា​ថែម​ទាំង​ចោទ​លោក​ស្រី Rosmah Mansor ថា​បាន​ទាក់ទង​សាក្សី​ក្នុង​សំណុំ​រឿង​នេះ ឲ្យ​ឆ្លើយ​ចម្លើយ​ដោះ​បន្ទុក​ខ្លួន​ថែម​ទៀត​។

បន្ទាប់​ពី​បាន​ស្ដាប់​សក្ខីកម្ម​របស់​ភាគី​ទាំង​សង​ខាង តុលាការ​ម៉ាឡេស៊ី​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ស្រី Rosmah Mansor ជា​ផ្លូវ​ការ ពី​បទ​លាង​លុយ​កខ្វក់​ ដោយតម្រូវ​ឲ្យ​​បង់​ប្រាក់​ធានា​ចំនួន​២​លាន​រីងហ្គីត​ស្មើ​នឹង​ជិត​៥​សែន​ដុល្លារ។ តុលាការ​​ក៏​បាន​បង្កក​លិខិត​ឆ្លង​ដែន​របស់​លោក​ស្រី ព្រម​ទាំង​ហាមមិន​ឲ្យ​ទាក់ទង​ជាមួយ​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​នេះ​ទៀត​។

គួរ​ជម្រាប​ដែរ​ថា ក្នុង​អំឡុង​ពេល​លោក​ស្រី Rosmah Mansor បង្ហាញ​ខ្លួន​នៅ​តុលាការ, ស្វាមី​របស់​លោក​ស្រី គឺ​លោក​អតីត​នាយករដ្ឋ​មន្ដ្រី ណាជីព រ៉ាហ្សាក់ ក៏​មាន​វត្តមាន​នៅ​តុលាការ​ក្នុង​សំណុំ​រឿងពុក​រលួយ​​​ដាច់​ដោយ​ឡែក​មួយ​ដែរ​។ វា​មិន​មែន​ជា​រឿង​រ៉ាវ​ពុក​រលួយ​បន្តិច​បន្តួច​ទេ តែ​ជា​រឿង​អាស្រូវ​ដ៏​ធំ​មហិមា ជាប់​ទាក់ទង​នឹងប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ ប្រសិន​បើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស ទាំង​លោក​ណាជីព រ៉ាហ្សាក់ និង​ភរិយា អាច​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិប​កេង​បង្វិល​ប្រាក់​រដ្ឋ និង​បំពាន​អំណាច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI