ក្រុងអាថែន និងម៉ូស្គូ បណ្តេញអ្នកការទូត ទៅវិញទៅមក
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃពុធទី១១ កក្កដា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា នឹងបណ្តេញអ្នកការទូតក្រិកពីរនាក់ ចេញពីម៉ូស្គូ ជាចម្លើយតបនឹងការបណ្តេញមន្ត្រីទូតរុស្ស៊ីពីរនាក់ ចេញពីក្រុង អាថែន។ នេះជាព្រឹត្តិការណ៍ដែលវិវឌ្ឍបញ្ច្រាសនឹងទំនាក់ទំនងសែនល្អជាប្រពៃណីយូរមកហើយ រវាងប្រទេសទាំងពីរ។
ជាហេតុការណ៍មិនធ្លាប់មានឡើយពីមុនៗ។ អាជ្ញាធរក្រិក បានបណ្តេញចេញ អ្នកការទូតរុស្ស៊ីពីរនាក់ និង ហាមអ្នកការទូតរុស្ស៊ីពីរនាក់ទៀត មិនឲ្យចូលទឹកដីក្រិកឡើយ ដោយអ្នកទាំងនោះ ជាប់សង្ស័យថាបាន ប៉ុនប៉ងធ្វើវិច្ឆេទកម្ម បំផ្លាញកិច្ចព្រមព្រៀងចុះរវាងក្រុង Athenes និង Skopje ស្តីអំពីអនាគតឈ្មោះ អតីតសាធារណរដ្ឋយូហ្គោស្លាវី ដែលនឹងមានសំនៀងថា “ សាធារណរដ្ឋ Macedoine ខាងជើង “។ ដំណឹងនេះ ចុះផ្សាយដោយទស្សនាវដ្តីក្រិក Kathimerini យោងទៅលើប្រភពការទូត។
ស្របនឹងប្រភពនេះ ភាគីក្រិក កាលពីថ្ងៃ៦កក្កដា បានប្រាប់ឲ្យរុស្ស៊ីដឹងអំពីការបណ្តេញអ្នកការទូតរុស្ស៊ី ដោយមកពីសកម្មភាពខុសច្បាប់របស់គេ ញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងចុះជាមួយ Macedoine ព្រមទាំងចំពោះការប៉ុនប៉ង សាបព្រោះអំពើពុករលួយក្នុងចំណោមអ្នកមុខអ្នកការក្រិក។
កិច្ចព្រមព្រៀង រវាងក្រុង Athenes និង Skopje បើវាផ្តល់សច្ចាប័នដោយរដ្ឋសភាក្រិក និងទទួលការឱ្យ សច្ចាប័នទាំងស្រុង ដោយអំណាច Macedoine នោះគឺនឹងលុបចោល ការជំទាស់ជានិច្ចរហូតមកទល់ឥឡូវ ដោយក្រិក មិនឲ្យ Macedoine ចូលជាសមាជិកសហភាពអឺរ៉ុប និង ជាសមាជិកបក្សសម្ព័ន្ធអូតង់ទៅផង ដែលជា ចក្ខុវិស័យ បញ្ឈឺចិត្តម៉ូស្គូតែម្តង។
អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Dimitris Tzanakopoulos បានថ្លែងទៅកាណាល់ទូរទស្សន៍ Skai TV ថា ៖ រដ្ឋាភិបាលក្រិក មិនអាចអត់អោនឡើយ ចំពោះទង្វើ ដែលប្រព្រឹត្តល្មើសច្បាប់អន្តរជាតិ និង មិនគោរព រដ្ឋក្រិក។ គាត់បន្ថែមថា “ តាមយោបល់ក្រិក ទង្វើបែបនេះ បានកើតមានមែន ម៉្លោះហើយ បានជាក្រិក នឹង ចាត់វិធានការចាំបាច់សព្វបែបយ៉ាង។
ដំណឹងស្តីអំពី ការបណ្តេញអ្នកការទូតរុស្ស៊ី-ក្រិក ទៅវិញទៅមក លេចចេញមក នៅចំពេលដែលក្នុងក្រុង ព្រុចសែល ប្រព្រឹត្តទៅ កិច្ចប្រជុំកំពូលរបស់អូតង់ ដែលគ្រោងចេញ សេចក្តីអញ្ជើញជាផ្លូវការទៅកាន់ Macedoine ឲ្យភ្ជាប់ខ្លួនមកនឹង បក្សសម្ព័ន្ធនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ