ការធ្វើឃាតទូតរុស្ស៊ីធ្វើឲ្យគេនឹកឃើញពីហេតុការណ៍មុនផ្ទុះសង្រ្គាមលោកលើកទី១
ចុះផ្សាយនៅថ្ងៃ៖
កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ាត្រូវបានប៉ូលិសតួកគីម្នាក់លបធ្វើឃាត។ ការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ី នៅក្នុងប្រទេសសមាជិកអង្គការអូតង់ នៅក្នុងពេលដែលទំនាក់ទំនងរវាងអតីតគូសត្រូវទាំងពីរកំពុងស្ថិតក្នុងសភាពតានតឹងខ្លាំងមិនធ្លាប់មាន ដូចជាពេលបច្ចុប្បន្ននេះ ធ្វើឲ្យគេនឹកទៅដល់ហេតុការណ៍ ដែលកើតមានឡើង នៅសារ៉ាយេវ៉ូ កាលពីជាង១០០ឆ្នាំមុន ហើយដែលនាំឲ្យផ្ទុះជាសង្រ្គាមលោកលើកទី១ នៅឆ្នាំ១៩១៤។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ យុវជនជាតិនិយមជ្រុលស៊ែរប៊ី បានលបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ រាជទាយាទនៃចក្រភពអូទ្រីសហុងគ្រី នៅក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងសារ៉ាយេវ៉ូ។ អូទ្រីសហុងគ្រីទម្លាក់ការទទួលខុសត្រូវទៅលើស៊ែរប៊ី ដែលនៅពេលនោះ គឺជាគូសត្រូវនឹងគ្នាស្រាប់។ មួយខែក្រោយហេតុការណ៍នៅសារ៉ាយេវ៉ូ អូទ្រីសហុងគ្រីបានប្រកាសសង្រ្គាមលើស៊ែរប៊ី ហើយសង្រ្គាមក៏បានរាលដាលទៅជាសង្រ្គាមលោក ដែលអូសបន្លាយពេល ៤ឆ្នាំ ហើយសម្លាប់មនុស្សរហូតដល់ទៅប្រមាណជា ១៦លាននាក់។
ជាងមួយសតវត្សរ៍ក្រោយមក ហេតុការណ៍ស្រដៀងគ្នានេះបានកើតមានឡើង នៅពេលដែលឯកអគ្គរដ្ឋទូតរុស្ស៊ីត្រូវបានគេលបធ្វើឃាត នៅក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃចន្ទ ទី១៩ធ្នូ ហើយជនដៃដល់ គឺជាមន្រ្តីប៉ូលិសតួកគី។
ហេតុការណ៍ទាំងពីរកើតឡើងនៅក្នុងបរិបទប្រហាក់ប្រហែលគ្នា។ ស្ថានភាពពិភពលោកនៅឆ្នាំ២០១៦ មានលក្ខណៈស្រដៀងគ្នាច្រើននឹងស្ថានភាព កាលពីឆ្នាំ១៩១៤។ ចលនាជាតិនិយមកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង នៅស្ទើរតែគ្រប់ទីកន្លែង ទាំងនៅក្នុងប្រទេសលោកខាងលិច ក៏ដូចជានៅរុស្ស៊ី។ រចនាសម្ព័ន្ធសន្តិសុខ ព្រមទាំងយន្តការនៃទំនាក់ទំនងអន្តរជាតិកំពុងតែមានការប្រែប្រួលខ្លាំង។ ជម្លោះប្រដាប់អាវុធធំៗកំពុងតែកើតមានច្រើន ហើយអតីតគូសត្រូវក្នុងសង្រ្គាមត្រជាក់ក៏កំពុងតែពាក់មុខយក្សដាក់គ្នាជាប់ជាប្រចាំ។
កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត ប្រទេសពាក់ព័ន្ធនៅក្នុងហេតុការណ៍កាលពីថ្ងៃចន្ទ គឺជាអតីតគូសត្រូវចាស់ឆ្នាំនឹងគ្នា។ ឯកអគ្គរដ្ឋទូតរុស្ស៊ីត្រូវបានធ្វើឃាតដោយមន្រ្តីប៉ូលិសតួកគី នៅក្នុងទឹកដីតួកគី ដែលជាសមាជិកបក្សសម្ព័ន្ធអូតង់។ តួកគីខ្លួនឯងផ្ទាល់ក៏មានជាប់ជម្លោះមិនតិចដែរជាមួយរុស្ស៊ី ទាក់ទងនឹងវិបត្តិនៅស៊ីរី។ គេមិនត្រូវភ្លេចទេថា តួកគីគឺជាប្រទេសគាំទ្រក្រុមឧទ្ទាមស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអាសាដ ដែលគាំទ្រដោយរុស្ស៊ី ហើយភាពតានតឹងរវាងប្រទេសទាំងពីរបានធ្លាក់ចូលដល់ចំណុចក្តៅបំផុត នៅក្រោយពេលដែលតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី នៅតំបន់ព្រំដែនស៊ីរី កាលពីឆ្នាំទៅមិញ។
ទោះជាយ៉ាងណា គេគួរតែកត់សម្គាល់ដែរថា នៅពេលមានហេតុការណ៍លបធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីនៅអង់ការ៉ា ភាពតានតឹង រវាងរុស្ស៊ី និងតួកគីបានធូរស្រាលមកវិញច្រើន ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរក៏កំពុងតែវិលមកធម្មតាឡើងវិញ ជាពិសេស គឺនៅក្រោយពេលដែលទំនាក់ទំនង រវាងតួកគី និងសហរដ្ឋអាមេរិកត្រូវប្រេះឆាខ្លាំង ក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីតួកគី។ ការស្តារទំនាក់ទំនងរុស្ស៊ី-តួកគី ដែលត្រូវបានបង្ហាញឲ្យឃើញជានិមិត្តរូប ដោយជំនួបរវាងប្រធានាធិបតីទាំងពីរនៅរុស្ស៊ី កាលពីខែសីហា និងដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់ប្រទេសតួកគី នៅខែតុលា។
បន្ថែមពីលើនេះទៅទៀត គេសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៊ី និងតួកគី ក៏ហាក់ដូចជាមានការត្រូវរ៉ូវគ្នាច្រើនដែរ នៅក្នុងសំណុំរឿងស៊ីរី រហូតមានការជជែកឈានដល់ចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅទីក្រុងអាឡិប កាលពីសប្តាហ៍មុន។ ហើយកាលពីថ្ងៃចន្ទ ភ្លាមៗក្រោយពីមានការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ី លោកពូទីន និងលោកប្រធានាធិបតីតួកគីបានជួបជជែកគ្នាតាមទូរស័ព្ទ ដោយព្រមព្រៀងឲ្យមានការស៊ើបអង្កេតរួមគ្នា និងទម្លាក់ការទទួលខុសត្រូវទៅលើក្រុមភេរវជន ដែលមានគោលដៅបំផ្លាញទំនាក់ទំនង រវាងរុស្ស៊ី និងតួកគី ព្រមទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិស៊ីរី។
ដូចការព្រមព្រៀង កិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតរួមគ្នា ត្រូវបានចាប់ផ្តើមអនុវត្តភ្លាមៗ ដោយក្រុមស៊ើបអង្កេតរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគី នៅថ្ងៃអង្គារ ចំណែកឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី-តួកគី-អ៊ីរ៉ង់ នៅក្នុងទីក្រុងម៉ូស្គូ ដើម្បីជជែកពីវិបត្តិស៊ីរី ក៏ត្រូវបានគេបើកធ្វើដូចការគ្រោងទុកពីមុន។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ដរាបណាភាពតានតឹងជាលក្ខណៈទូទៅ រវាងរុស្ស៊ី និងអូតង់នៅតែកើតមាន, វិបត្តិស៊ីរី និងអ៊ុយក្រែន ដែលជាចំណុចដ៏ក្តៅគគុកនៃវិវាទរវាងរុស្ស៊ី និងលោកខាងលិចនៅតែកើតមាន ហើយបូករួមជាមួយនឹងការចោទប្រកាន់ត្រង់ៗរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ទៅលើរុស្ស៊ី ទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រនែតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេនៅតែមានក្តីបារម្ភថា ការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីនៅក្នុងប្រទេសសមាជិកអូតង់អាចជាឈ្នួន ដែលដុតបញ្ឆេះជម្លោះដែលមានស្រាប់ ឲ្យរីករាលដាលទៅជាជម្លោះកាន់តែធំជាងនេះទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ