ស៊ីរី

វិបត្តិ​ស៊ីរី៖ អាមេរិក​និង​រុស្ស៊ី​នៅតែ​ខ្វែងគំនិត​គ្នា​មុន​បើក​សន្និសីទ​អន្តរជាតិ​នៅ​ហ្សឺណែវ

REUTERS/Denis Balibouse

សន្និសីទ​អន្តរជាតិ ស្តីពី​វិបត្តិ​ស៊ីរី ត្រូវ​បាន​បើក​ធ្វើ នៅព្រឹកថ្ងៃ​សៅរ៍​នេះ នៅ​ទីក្រុង​ហ្សឺណែវ (ស្វ៊ីស) ទៅតាម​សំណើ​របស់​លោក​កូហ្វ៊ី អាណាន់ ប្រេសិតពិសេស​​របស់​អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប់ ទទួលបន្ទុក​សំណុំរឿង​ស៊ីរី។ ភាព​ចម្រូងចម្រាស​គ្នា​រវាង​រុស្ស៊ី និង​អាមេរិក នៅ​តែ​បន្ត​កើតមាន​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ត្រូវ​ទទួលបរាជ័យ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​មហាអំណាច​ទាំង ៥ ដែល​ជា​សមាជិក​អចិន្រ្តៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. (អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី) រួមជាមួយ​នឹង​​ប្រទេស​តួកគី អ៊ីរ៉ាក់ កាតា និង​កូវ៉ែត បាន​ជួបប្រជុំ​គ្នា នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ដើម្បី​ជជែក​អំពី​ផែនការ​ថ្មីមួយ​ទៀត របស់​លោក​កូហ្វ៊ី អាណាន់ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី ក្រោយ​ពី​ផែនការ​លើកមុន​ត្រូវ​បរាជ័យ ហើយ​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើតមាន​ជារៀងរាល់​ថ្ងៃ​នៅស៊ីរី។

នៅ​ក្នុង​ផែនការ​ថ្មីនេះ លោក​កូហ្វ៊ី អាណាន់ បាន​ស្នើឲ្យ​បង្កើត​ជា​រដ្ឋាភិបាល​រួបរួមជាតិ សម្រាប់​រយៈពេលអន្តរកាល​មួយ មុននឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​នយោបាយ​ជាស្ថាពរ បញ្ចប់​វិបត្តិ​ស៊ីរី។ រដ្ឋាភិបាល​រួបរួមជាតិ​នេះ​នឹង​ត្រូវមាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ជម្លោះ​ទាំងអស់​នៅ​ស៊ីរី រួមទាំង​មន្រ្តី​មក​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​​របស់​លោក​អាសាដ ឥស្សរជន​មក​ពី​ក្រុមប្រឆាំង និង​ឥស្សរជន​មក​ពី​ក្រុមផ្សេងទៀត ក៏ប៉ុន្តែ មិនត្រូវ​ដាក់​បញ្ចូល​នូវ​បុគ្គល​ណា​ ដែល​អាច​បង្ក​ជា​ឧបសគ្គ​ដល់​ស្ថិរភាព និង​ការ​ផ្សះផ្សាជាតិ។ ចំណុច​ចុងក្រោយ​នេះត្រូវបាន​គេ​មើលឃើញ​ថា សំដៅ​ទៅលើ​លោក​បាស្ហា អាល់អាសាដ។

រុស្ស៊ី​ ដែល​ពី​ដំបូង​គាំទ្រ​ផែនការ​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិនេះ ក៏​ស្រាប់តែ​បែរ​មក​ជំទាស់វិញ ដោយ​ទាមទារ​ឲ្យ​លុបឃ្លា​ ដែល​មាន​ន័យ​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពីតំណែង។ អាមេរិក​បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិនចូលរួម​ក្នុង​សន្និសីទ​នៅ​ហ្សឺណែវ​នេះ​ទេ ប្រសិនបើ​មិនមាន​ការ​ព្រមព្រៀង​គ្នា​ជាមុន​ទៅលើ​ផែនការ​របស់​លោក​កូហ្វ៊ី អាណាន់។

សន្និសីទ​ក្រុងហ្សឺណែវ​ត្រូវ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល មិនដឹង​ជា​អាច​បើក​ធ្វើ​បាន​ឬមិនបាន រហូតដល់​ល្ងាច​ថ្ងៃ​សុក្រ ក្រោយ​ពីមាន​ជំនួប​រវាង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក និង​រុស្ស៊ី នៅ​ក្នុង​ប្រទេស​រុស្ស៊ី ទើប​អ្នកនាំពាក្យ​របស់​លោក​កូហ្វ៊ី អាណាន់​ ប្រកាស​ថា សន្និសីទ​ត្រូវ​បើក​ធ្វើ​តាម​ការ​គ្រោងទុក។

នៅក្រោយ​ជំនួប​ម្សិលមិញ​នេះ រដ្ឋមន្រ្តី​ក្រសួងការបរទេស​រុស្ស៊ី​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​​ចំពោះ​សន្និសីទ​ក្រុងហ្សឺណែវ​ថ្ងៃ​នេះ ដោយ​រំពឹង​ថា គេ​នឹង​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​មួយ។ ក៏ប៉ុន្តែ អាមេរិកវិញ​បាន​លើកឡើង​ថា អាមេរិក និង​រុស្ស៊ី​នៅតែ​មាន​ជំហរ​ខុសគ្នា​ច្រើន។ ការដែល​អាមេរិក​ព្រមចូល​រួមក្នុង​សន្និសីទ​ក្រុងហ្សឺណែវ​នេះ គឺ​ដើម្បី​បង្ហាញ​នូវការ​គោរព​ដល់​លោក​កូហ្វ៊ី​ អាណាន់​តែ​ប៉ុណ្ណោះ។

នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ នៅមុន​បើក​សន្និសីទ រដ្ឋមន្រ្តី​ក្រសួងការបរទេស​អង់គ្លេស​ក៏​បាន​ប្រកាស​ដែរ​ថា លោក​ហាក់ដូចជា​មិន​មាន​សង្ឃឹម​ថា សន្និសីទ​នេះ​អាច​នឹង​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​លើ​ដំណោះស្រាយ​វិបត្តិ​ស៊ីរី​នោះទេ ដោយសារ​តែ​រុស្ស៊ីនៅ​បន្ត​ការពារ​លោក​អាសាដ។

នៅ​ក្នុង​សុន្ទរកថា​បើក​សន្និសីទ លោក​កូហ្វ៊ី​ អាណាន់ បានថ្លែង​ទៅកាន់​តំណាង​ប្រទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​​​ថា ប្រសិន​បើ​​ពួកគេ​មិន​អាច​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​មួយ បញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី​បាន​ទេ ពួកគេ​ទាំងអស់គ្នា​​នឹង​ត្រូវ​មាន​ចំណែក​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ជនស៊ីវិល​ស៊ីរី។

នៅ​ស៊ីរី​ អំពើ​ហិង្សា​នៅ​បន្ត​កើតមាន​ឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១១នាក់ បាត់បង់​ជីវិត នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ។ ចំណែក​ភាពតានតឹង​រវាង​តួកគី និង​ស៊ីរី ក៏​ចាប់​កើនឡើង​មួយ​កម្រិត​ទៀត ក្រោយ​ពី​​ប្រទេស​ទាំងពីរ​បាន​ចល័ត​ទ័ព​ទៅ​​ក្បែរ​ព្រំដែន​រៀងៗខ្លួន។ តួកគី​បាន​បញ្ជូន​ទាហាន ដោយ​មាន​ទាំង​អាវុធ​បាញ់​យន្តហោះ​ផង ទៅកាន់​​តំបន់​ព្រំដែន ក្រោយ​ពី​ស៊ីរី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​តួកគី កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍មុន។ កាលពីម្សិលមិញនេះ ក្រុមឧទ្ទាម​ស៊ីរី​បាន​រាយការណ៍​ថា គេ​ឃើញ​ទាហាន​ស៊ីរី ​ប្រមាណ ២ ៥០០នាក់ រួមជាមួយ​រថក្រោះ និង​រថយន្តយោធា ប្រមាណ ១៧០​គ្រឿង ត្រូវបាន​គេ​ចល័ត​យក​ទៅដាក់​នៅ​ប្រមាណ​ជា ២៥គីឡូម៉ែត្រ ពី​ព្រំដែន​ជាមួយ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI