លីប៊ី-រុស្ស៊ី

លោកខាងលិច​ចង់ឲ្យ​រុស្ស៊ី​ជួយ​សម្របសម្រួល​ជាមួយ​កាដាហ្វ៊ី

ពីឆ្វេង​ទៅស្តាំ៖ លោក​អូបាម៉ា, លោក​មេដវេដេវ និង​លោក​សាកូហ្ស៊ី
ពីឆ្វេង​ទៅស្តាំ៖ លោក​អូបាម៉ា, លោក​មេដវេដេវ និង​លោក​សាកូហ្ស៊ី ©Reuters

តាមការឲ្យដឹង​នៃ​អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង សំណូមពរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​អំឡុង​ជំនួប​ទ្វេភាគី​​រវាង​​លោក​ប្រមុខរដ្ឋ​រុស្ស៊ី Medvedev ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក លោក​ប្រធានាធិបតី​​​បារាំង និង​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចប្រជុំកំពូល G-8 នៅ​ប្រទេស​បារាំង។

ផ្សាយពាណិជ្ជកម្ម

 

ខ្លឹមសារ​នៃ​សំណូមពរ​នោះ តាម​ដែល​កាសែត​ក្រុងម៉ូស្គូ Kommersant ចុះផ្សាយ​ថ្ងៃនេះ ដោយ​យោង​ទៅលើ​សម្តី​របស់​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចូលរួម​ក្នុង​កិច្ចចរចា​ទ្វេភាគី​ទាំងនោះ គឺ​ឲ្យ​រុស្ស៊ី​ជួយ​និយាយ​បញ្ចុះបញ្ចូល​មេដឹកនាំ​លីប៊ី លោក Kadhafi  ឲ្យ​គាត់​សុខចិត្ត​លាចេញ​ពី​មុខតំណែង​ ជាថ្នូរ​នឹង​ការ​ធានា​រក្សា​ជីវិត​គាត់ ទាំង​ហុច​លទ្ធភាព​ឲ្យ​គាត់​ចាកចេញ​យ៉ាងងាយ និង​ដោយ​សុខស្រួល ពី​ប្រទេស​លីប៊ី ទៅកាន់​កន្លែងណា​ក៏ដោយ ដែល​គាត់​យល់ថា​មាន​សុវត្ថិភាព។

ភារកិច្ច​របស់​ទីក្រុង​ម៉ូស្គូ គឺ​ពាំនាំ​ដល់​រូបលោក Kadhafi នូវ​សំណើ​ដែល​ថា ជីវិត​គាត់​នឹង​ពុំមាន​អ្វី​បៀតបៀន​ឡើយ ក្នុង​ល័ក្ខខ័ណ្ឌ​បើ​គាត់​លាចេញ​ពី​តំណែង​ដោយ​ស្ម័គ្រចិត្ត ហើយ​បន្ទាប់មក ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ទៅ។ សំណើបែបនេះ ស្របនឹង​ប្រភព​ក្នុង​គណៈប្រតិភូ​រុស្ស៊ី គឺ​ឈរ​លើ​គោលការណ៍​ប្រាកដនិយម ពីព្រោះ កងអាកាស​អូតង់ អស់​២ខែ​ជាប់​មកហើយ តែង​វាយប្រហារ​ទៅលើ​ទីតាំង​នានា​របស់ Kadhafi ប៉ុន្តែ​កងទ័ព​គាត់​គ្មាន​ចេតនា​ចុះចាញ់​ឡើយ។

កាសែត Kommersant យោងទៅលើ​ការ​រៀបរាប់​​ឲ្យដឹង នៃ​អ្នក​ដែល​មាន​វត្តមាន នា​កិច្ចចរចា​ទ្វេភាគី រវាង​ប្រធានាធិបតី​អាមេរិកាំង និង​ប្រធានាធិបតី​រុស្ស៊ី ថែមទាំង​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក Obama និង លោក Medvedev បាន​រំលែក​ពេល​យ៉ាងច្រើន ទៅលើ​វាសនា Kadhafi លុះទាល់​គេ​យឺតដំណើរ​អស់​សឹងកន្លះម៉ោង ដើម្បី​ទៅ​ចូលរួម​ក្នុង​សម័យប្រជុំ G-8។

គួរនិយាយ​ថា ម៉ូស្គូ នាពេល​ចុងក្រោយ ចាប់ផ្តើម​ដើរតួ​ជា​អន្តរការី​ត្រួសៗ​ទៅហើយ ដោយ​កាលពីថ្ងៃ​១៧​ឧសភា​កន្លងទៅ បាន​ទទួលជួប​ចរចា​ជាមួយ​តំណាង​របស់​លោក Kadhafi ៦ថ្ងៃ​ក្រោយមក បាន​ទទួល​ជួប​ជាមួយ​បេសកជន​របស់ “ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន” ដែល​ជា​ភាគី​ប្រឆាំង​នៅ​លីប៊ី។ រុស្ស៊ី​ថែមទាំង​បាន​ទទួលស្គាល់​ក្រុមប្រឹក្សា​នោះ​ថា​ជា​ដៃគូ​ស្របច្បាប់​របស់​ខ្លួន ខាង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ស្ថានការណ៍​នៅ​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI