អានតួអត្ថបទ
រុស្ស៊ី-អាល្លឺម៉ង់

រុស្ស៊ី និង​អាល្លឺម៉ង់​បណ្តេញ​មន្រ្តីទូត​គ្នា ​ទៅវិញ ទៅមក

ស្ថានទូត​អាល្លឺម៉ង់​ក្នុងទីក្រុង​ម៉ូស្គូ ថ្ងៃទី ១៦ វិច្ឆិកា ២០១៤
ស្ថានទូត​អាល្លឺម៉ង់​ក្នុងទីក្រុង​ម៉ូស្គូ ថ្ងៃទី ១៦ វិច្ឆិកា ២០១៤ REUTERS/Maxim Shemetov
ដោយ៖ ឈាង បុប្ផា
១៣ នាទី

អាល្លឺម៉ង់​បាន​សំដែង​ការសោកស្តាយ និង​ទាមទារ​ឲ្យ​រុស្ស៊ី​ឆ្លើយ​បំភ្លឺ បន្ទាប់ពី​រុស្ស៊ី​បាន​បណ្តេញ​មន្រ្តីទូត​អាល្លឺម៉ង់ម្នាក់​ចេញ​​ពី​ទីក្រុង​ម៉ូស្គូ។ នេះ​បើតាម​ខ្លឹម​សារ​នៃ​​សេចក្តី​ថ្លែងការណ៍របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ដែល​ត្រូវ​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ទីក្រុង​ប៊ែរឡាំង​ចាត់ទុក​វិធានការ​របស់​រុស្ស៊ី​ថា ជាការសងសឹក​នឹង​អាល្លឺម៉ង់ ដែល​បាន​បណ្តេញ​មន្រ្តីរុស្ស៊ី​ម្នាក់​ប្រចាំ​នៅ​កុងស៊ុល​ក្នុង​ទីក្រុង​ប៊ន (Bonn)។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​សៅរ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​បញ្ជាក់​ព័ត៌មាន​របស់​ទស្សនាវដ្តី​អាល្លឺម៉ង់ដែល​​ថា ស្រ្តី​បុគ្គលិក​ទូត​ម្នាក់​របស់​អាល្លឺម៉ង់​ប្រចាំការ​នៅ​ទីក្រុង​ម៉ូស្គូ​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​បណ្តេញ​ចេញ​ពី​ប្រទេស។ មន្រ្តី​អាល្លឺម៉ង់​បាន​បញ្ជាក់​ថារុស្ស៊ី​បាន​បណ្តេញ​មន្រ្តី​ទូត​របស់ខ្លួន​ដោយ​គ្មាន​ហេតុផលបន្ទាប់ពី​អាល្លឺម៉ង់បាន​បណ្តេញ​បុគ្គលិក​ទូត​រុស្ស៊ី​ចេញ​ពី​អាល្លឺម៉ង់។ 


យោងតាម​ទស្សនាវដ្តី​អាល្លឺម៉ង់ Der Spiegel បន្ទាប់ពី​បានតាមដានអស់​ជាច្រើន​ខែទីភ្នាក់ងារ​ស៊ើបការណ៍​​អាល្លឺម៉ង់​បាន​រកឃើញ​ថាមន្រ្តី​ទូត​រុស្ស៊ី​ធ្វើការ​នៅ​កុងស៊ុល​ក្នុង​ទីក្រុង​ប៊ន​ពិតជា​បាន​​ធ្វើ​សកម្មភាព​ចារកម្មនៅក្នុង​ទឹកដី​អាល្លឺម៉ង់។ តាម​មន្រ្តី​អាល្លឺម៉ង់​បុគ្គលិក​ទូត​រុស្ស៊ី​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ចារកម្មត្រូវ​បាន​អាល្លឺម៉ង់ស្នើ​ឲ្យ​ចាកចេញប្រទេសដោយ​ស្ងាត់ៗ​បំផុត។

តាម​ទស្សនាវដ្តី​ដដែលនៅក្នុង​អតីតកាលអាល្លឺម៉ង់​ធ្លាប់​បណ្តេញ​បុគ្គលិក​ទូត​រុស្ស៊ីដែល​គេ​សង្ស័យ​ថាបាន​ធ្វើ​សកម្មភាព​លួចយកការណ៍ក្នុង​ទឹកដី​អាល្លឺម៉ង់ប៉ុន្តែរុស្ស៊ី​មិន​ដែល​សងសឹក​​មក​វិញដូច​លើកនេះទេ។ វិបត្តិ​នៅ​អ៊ុយក្រែនបាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ីអាល្លឺម៉ង់​ចាប់ឡើង​តឹង​មួយ​កម្រិត។ដោយសារ​តែ​រុស្ស៊ី​លូកដៃគាំទ្រ​ក្រុម​ទាមទារ​បំបែក​ទឹកដី​អ៊ុយក្រែនអាល្លឺម៉ង់​និង​អឺរ៉ុប​បាន​ចេញទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​មន្រ្តី​រុស្ស៊ី​ជាច្រើនដែល​ស្និទ្ធិ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ីពូទីន។

សូមបញ្ជាក់ដែរថាកាលពី​ខែ​កក្កដា​កន្លងទៅអាល្លឺម៉ង់​ធ្លាប់បានប្រាប់​ប្រធាន​ក្រុមស៊ើបការណ៍​សម្ងាត់​អាមេរិក​CIA ប្រចាំ​នៅ​ប៊ែរឡាំងឲ្យចាកចេញ​ពីអាល្លឺម៉ង់បន្ទាប់​ពី​មាន​ព័ត៌មាន​លេចធ្លាយ​ថាអាមេរិក​បាន​លួចយកការណ៍នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់និង​បន្ទាប់ពី​អាជ្ញាធរ​អាល្លឺម៉ង់​ចាប់បាន​ចារកិច្ច​បម្រើការ​ឲ្យ​អាមេរិក​ម្នាក់ ​នៅក្នុង​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ