អានតួអត្ថបទ
រុស្ស៊ី

អគ្គិភ័យ​កំពុង​គំរាមកំហែង​ដល់​ទីតាំង​នុយក្លេអ៊ែរ​រុស្ស៊ី

អគ្គិភ័យ​បាន​ឆេះ​នៅ​ក្បែរ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ពីរ​របស់​រុស្ស៊ី
អគ្គិភ័យ​បាន​ឆេះ​នៅ​ក្បែរ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ពីរ​របស់​រុស្ស៊ី ©Reuters
ដោយ៖ សេង ឌីណា
២០ នាទី

អគ្គិភ័យ​នៅ​តែ​បន្ត​ឆាបឆេះ​​សន្ធោសន្ធៅ នៅ​រុស្ស៊ី។ ផ្សែង​បាន​ហុយ​គ្រប​ដេរដាស​ពេញ​រដ្ឋធានី​ម៉ូស្គូ ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន និង​អ្នក​ទេសចរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្តី​បារម្ភ​​បាន​កើត​មាន​ឡើង​​កាន់តែ​ខ្លាំង​ជុំវិញ​សុវត្ថិភាព​នៃ​ទីតាំង​ នុយក្លេអ៊ែរ​រុស្ស៊ី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មាន​អគ្គិភ័យ។ អាជ្ញាធរ​ទើប​នឹង​ទប់ស្កាត់​អគ្គិភ័យ​មិន​ឲ្យ​ឆេះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ មួយ​កន្លែង ស្រាប់​តែ​ថ្ងៃ​ចន្ទនេះ ភ្លើង​កំពុង​រាលដាល​ទៅ​កាន់​ទីតាំង​នុយក្លេអ៊ែរ​មួយ​កន្លែង​ទៀត។

ផ្សាយពាណិជ្ជកម្ម

ការពន្យល់​របស់​សេង ឌីណា

កាល​ពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ អគ្គិភ័យ​បាន​រាលដាល​ទៅ​ជិត​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​មួយ​របស់ ​រុស្ស៊ី ស្ថិត​នៅ​​ក្រុង Sarov ជិត​ទីក្រុង​ម៉ូស្គូ។ កងទ័ព​រុស្ស៊ី​បាន​ជីក​ស្នាមភ្លោះ​ដ៏ធំ​មួយ មាន​បណ្តោយ ៨​គីឡូម៉ែត្រ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​ទីតាំង​នុយក្លេអ៊ែរ​នេះ។ រាល់​សារធាតុ​នុយក្លេអ៊ែរ​ទាំងអស់​ ត្រូវ​បាន​គេ​ដឹក​ចេញ​ពីទីតាំង​នេះ។

នៅ​ថ្ងៃ​ចន្ទនេះ ភ្លើង​នៅ​ជុំវិញ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Sarov ត្រូវ​បាន​គេ​ពន្លត់។ ក៏ប៉ុន្តែ អគ្គិភ័យ​បាន​ចាប់​ឆេះ​ នៅ​ក្បែរ​ទីតាំង​នុយក្លេអ៊ែរ​មួយ​ផ្សេង​ទៀត។ រដ្ឋាភិបាល​រុស្ស៊ី​បាន​អះអាង​ថា អគ្គិភ័យ​នៅ​ក្បែរ​ទីតាំង​នុយក្លេអ៊ែរ​ទី២​នេះ ត្រូវ​បាន​ក្រុមពន្លត់ភ្លើង​ទប់​​ លែង​រាលដាល​ទៅមុខ​ទៀត​ហើយ ក៏ប៉ុន្តែ ភ្លើង​នៅតែ​បន្ត​ឆេះ​មិន​ទាន់​រលត់​នៅ​ឡើយ​ទេ។

លើស​ពីនេះ​ទៅទៀត អគ្គិភ័យ​បាន​បន្ត​កើត​មាន​នៅ​កន្លែង​ថ្មីៗផ្សេងទៀត។ គ្រាន់តែ​ក្នុង​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ គេ​ឃើញ​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​កន្លែង​ថ្មីៗ ចំនួន​ជាង ២៥០​កន្លែង​ផ្សេងទៀត។

កង្វល់​ដ៏ធំមួយ​ទៀត គឺ​​នៅពេលនេះ ភ្លើង​កំពុង​ឆេះ​រាលដាល​តម្រង់​ទៅ​តំបន់​មួយ ស្ថិត​នៅ​ប៉ែក​ខាង​លិច​ប្រទេស​រុស្ស៊ី ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ តំបន់​នេះ គឺជា​តំបន់​ ដែល​សម្បូរ​ជាតិ​វិទ្យុសកម្ម​សេសសល់​ពី​ការផ្ទុះ​រោងចក្រ​អគ្គិសនី​ នុយក្លេអ៊ែរ​ឈែរណូប៊ីល (Tchernobyl) កាល​ពី​ឆ្នាំ​១៩៨៦។ រដ្ឋាភិបាល​រុស្ស៊ី​បាន​លើកឡើង​ថា ប្រសិន​បើ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​​តំបន់​នេះ​មែន ផ្សែង​ភ្លើង​អាច​នឹង​បក់​នាំ​​ជាតិវិទ្យុសកម្ម​​ទៅ​ក្នុង​បរិយាកាស ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​​សុខភាព​មនុស្ស។

នៅ​ពេលនេះ បណ្តា​ប្រទេស​មួយ​ចំនួន​កំពុង​បញ្ជូន​ក្រុម​ពន្លត់​ភ្លើង​ទៅ​ជួយ​រុស្ស៊ី។ បារាំង​បាន​បញ្ជូន​យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង រថយន្ត​​ពិសេស​ចំនួន ៣៧​គ្រឿង និង​បុគ្គលិក​ចំនួន​១២០​នាក់។ អ៊ីតាលី​ក៏​បាន​សន្យា​បញ្ជូន​យន្តហោះ​ពន្លត់អគ្គិភ័យ​​ទៅ​រុស្ស៊ី​ដែរ។ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ប៉ូឡូញ​ចំនួន​១៥៥​នាក់ បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ហើយ។ ចំណែក​អាឡឺម៉ង់វិញ​បាន​ផ្តល់​ម៉ាស់ (Masque) ​ចំនួន ១០​ម៉ឺន តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​រុស្ស៊ី។

គួរ​បញ្ជាក់ថា រហូត​មក​ទល់ពេលនេះ អគ្គិភ័យ​បាន​​បណ្តាល​ឲ្យ​​​​មនុស្ស​យ៉ាងតិច ៥២​នាក់​​បាត់បង់​ជីវិត ទីតាំង​ទ័ព​ចំនួន ២​កន្លែង​ត្រូវ​ឆេះ។ នៅ​ទីក្រុង​ម៉ូស្គូ ផ្សែង​កំពុង​គ្រប​ដេរដាស​​ពេញ​ផ្ទៃមេឃ ហើយ​ថែម​ទាំង​ចូល​រហូត​​ទៅ​ដល់​ស្ថានីយ៍​រថភ្លើង​ក្រោមដី​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ