នៅរុស្ស៊ី ប្រធានាធិបតីមានអំណាចច្រើនជ្រុល
ចុះផ្សាយនៅថ្ងៃ៖
ដំណឹងគួរឲ្យភ្ញាក់ផ្អើលនេះ ទើបបានត្រូវចុះផ្សាយដោយកាសែតដ៏ធំនៃ មជ្ឈដ្ឋានពាណិជ្ជកម្ម គឺកាសែត Kommersant យោងទៅលើមតិអ្នកប្រាជ្ញខាងច្បាប់ធម្មនុញ្ញ ដែលពន្យល់បំភ្លឺថា អំណាចច្រើនជ្រុលបែបនេះ បានត្រូវប្រគល់ទៅក្នុងដៃប្រធានាធិបតីដោយសភាឌូម៉ាខ្លួនឯង តាមរយៈច្បាប់នានា ដែលពួកអ្នកតំណាងរាស្ត្រខ្លបត្រចៀក ខាងបក្សកាន់អំណាចរមែងអនុម័ត។
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីម៉ូស្គូ
តាមកាសែត Kommersant ក្នុង២០ឆ្នាំកន្លងទៅ នៃប្រវត្តិថ្មីរបស់រុស្ស៊ី តាំងពីមានបង្កើតជាមុខតំណែងប្រធានាធិបតីមក ប្រមុខរដ្ឋរុស្ស៊ីទទួលបានអំណាចបន្ថែម ដល់ទៅចំនួន៤៦៩អំណាច។ និយាយលម្អិត គឺថា ប្រធានាធិបតីទី១ លោក Yeltsin បានទទួលអំណាចបន្ថែមនេះ ចំនួន ១៦៨ លោក Poutine បានចំនួនដល់២៣៤ រីឯលោក Medvedev គិតមកទល់ចុងឆ្នាំ២០១០កន្លងទៅ បានទទួលអំណាចបន្ថែមចំនួន៦៧។ អំណាចបន្ថែមនេះ គឺអំណាចដែលលើសពីមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ទាក់ទងនឹងរឿងនេះ មេដឹកនាំបក្សកុម្មុយនិស្ត ដែលជាបក្សប្រឆាំងធំជាងគេនៅរុស្ស៊ី មាន៥៧អាសនៈប្រចាំនៅសភាឌូម៉ា ពោលគឺ លោក Guenadiy Ziouganov បានបញ្ចេញមតិថា ប្រធានាធិបតីរុស្ស៊ីសព្វថ្ងៃមានអំណាចច្រើនជាងអំណាចស្តេច Tsar រុស្ស៊ី បូកជាមួយអំណាចអគ្គលេខាមជ្ឈិមបក្សកុម្មុយនិស្តសូវៀត បូកជាមួយអំណាចមេទ័ពម៉ុងហ្គោលី ឈ្មោះ Gengis Khan ដែលធ្លាប់បានច្បាំងដណ្តើមយកទឹកដីប្រទេសជាច្រើនសម័យសតវត្សទី១២-ទី១៣។
អ្នកប្រាជ្ញរុស្ស៊ីដ៏ល្បីល្បាញ ខាងច្បាប់ធម្មនុញ្ញ លោក Mikhail Krasnov កត់សំគាល់ថា រដ្ឋធម្មនុញ្ញចែងអំពីការទទួលខុសត្រូវរបស់ប្រធានាធិបតី តែខាងវិស័យសន្តិសុខជាតិ, ខាងនយោបាយក្រៅប្រទេស, ខាងសម្របសម្រួលការងារនៃអង្គការរដ្ឋអំណាច និងខាងភាគមួយនៃនយោបាយក្របខ័ណ្ឌ។
ប៉ុន្តែ សភាឌូម៉ាវិញ តាមរយៈច្បាប់ប្លែកៗ អនុម័តដោយពួកអ្នកតំណាងរាស្ត្រ ខាងបក្សកាន់អំណាច មានអាសនៈច្រើនលើសលុប ដល់ទៅ ៣១៥ឯណោះ ពីក្នុងចំណោម ៤៥០អាសនៈ អាងយ៉ាងក្នុងសភាតែម្តង គឺប្រគល់អំណាចបន្ថែមទៅក្នុងដៃប្រធានាធិបតី បែបយ៉ាងខាងវិស័យសេដ្ឋកិច្ច វប្បធម៌ សិក្សាធិការ និងខាងចាត់ចែងសកម្មភាពអង្គការរដ្ឋអំណាចជាដើម។
ចំណែកប្រតិកម្មពីខាងតំណាងប្រធានាធិបតីរុស្ស៊ី ដែលប្រចាំនៅសភាឌូម៉ា លោក Garry Minh ដែលជាអ្នកច្បាប់ដែរ គឺថា បើស្របនឹងច្បាប់នេះ ឬច្បាប់នោះ អនុម័តដោយសភាឌូម៉ា ស្រាប់តែមានអំណាចជាក់លាក់ឆ្លងទៅក្នុងដៃប្រធានាធិបតី នោះគឺវាមិនដែលលយចេញពីបរិវេណរដ្ឋធម្មនុញ្ញឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ