ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤មីនាឆ្នាំ២០១២
ចុះផ្សាយនៅថ្ងៃ៖
កាលបរិច្ឆេទនេះទើបចែងក្នុងអនុក្រឹត្យ អនុម័តព្រឹកមិញ ដោយព្រឹទ្ធសភារុស្ស៊ី ក្នុងសម័យប្រជុំពេញអង្គ។ ដ្បិតស្របនឹងរដ្ឋធម្មនុញ ការកំណត់ពេលធ្វើការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ជាកាតព្វកិច្ចរបស់សភាជាន់លើ ពោលគឺ ព្រឹទ្ធសភា។
សាច់រឿងដែលមាន គឺថា អនុក្រឹត្យស្តីអំពីកាលបរិច្ឆេទបោះឆ្នោតនោះត្រូវព្រឹទ្ធសភាចេញខានមិនបាន ឲ្យបានក្នុងចន្លោះពេល ពី៩០ ទៅ១០០ថ្ងៃ មុនដល់ថ្ងៃបោះឆ្នោតផ្ទាល់។ ហើយស្របនឹង “ច្បាប់បោះឆ្នោត” ការបោះឆ្នោតរើសប្រធានាធិបតីនៅរុស្ស៊ី ត្រូវប្រព្រឹត្តទៅ គឺនៅថ្ងៃអាទិត្យទី២ នៃខែ ដែលមានធ្វើការបោះឆ្នោតលើកមុន។
ចំណែកការបោះឆ្នោតរើសប្រធានាធិបតីនៅរុស្ស៊ី កាលពី៤ឆ្នាំមុន គឺក្នុងខែមីនាឆ្នាំ២០០៨។ ដូច្នេះ ការបោះឆ្នោតលើកនេះ តាមពិត គឺត្រូវប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី១១ មីនា ឆ្នាំ២០១២។ ប៉ុន្តែ ថ្ងៃអាទិត្យ ១១មីនាឆ្នាំក្រោយ ស្រាប់តែប្រែទៅជាថ្ងៃធ្វើការទៅវិញ ដើម្បីសងថ្ងៃសុក្រ ទី៩មីនា ដែលប្រែទៅជាថ្ងៃឈប់ ដើម្បីឲ្យប្រជាពលរដ្ឋរុស្ស៊ី ឈប់បានបីថ្ងៃជាប់ ក្នុងឱកាសបុណ្យនារី ទិវា៨មីនា គឺឈប់ថ្ងៃព្រហស្បតិ៍ ៨មីនា ថ្ងៃសុក្រ៩មីនា និងថ្ងៃសោរ៍១០មីនា ជាថ្ងៃឈប់ស្រាប់។ ម្ល៉ោះហើយ បានជាថ្ងៃបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ឆ្នាំក្រោយ ត្រូវព្រឹទ្ធសភាលើកមកធ្វើ នៅថ្ងៃអាទិត្យទី៤មីនាវិញ។
តាមដែលគេរង់ចាំ រូបលោកនាយករដ្ឋមន្ត្រី ពូទីន ជា “បុរសខ្លាំង” នៅរុស្ស៊ី ដែលធ្លាប់ធ្វើជាប្រធានាធិបតីអស់២អាណត្តិទៅហើយ ពីឆ្នាំ២០០០ដល់២០០៨ ហើយដែល២ខែមុន ត្រូវបានលោកប្រធានាធិបតីបច្ចុប្បន្ន មេដវេដេវ ស្នើឲ្យឈរឈ្មោះជាថ្មី ជាបេក្ខជនប្រធានាធិបតី គឺនឹងត្រូវបក្សកាន់អំណាចនៅរុស្ស៊ី ប្រកាសជាផ្លូវការ ជាបេក្ខជនរបស់បក្សនេះ ក្នុងមហាសន្និបាតខ្លួន នៅថ្ងៃអាទិត្យ ទី២៧វិច្ឆិកាខាងមុខ។
មកទល់ឥឡូវ នៅរុស្ស៊ី មានអ្នកនយោបាយ៤នាក់ទៅហើយបានប្រកាសពីបំណងខ្លួន ចូលប្រឡូក ក្នុងការបោះឆ្នោតឆ្នាំក្រោយ ដើម្បីដណ្តើមយកតំណែងកំពូលនោះ។ ពោលគឺ ប្រធានបក្សកុម្មុយនិស្ត លោក Ziouganov ប្រធានបក្សជាតិនិយម លោក Zhirinovski ប្រធានបក្សកំណែទម្រង់និយម លោក Yavlinski មេដឹកនាំបក្សប្រឆាំងដៃដល់ជាងគេ ដែល មានឈ្មោះថា “ប្រទេសរុស្ស៊ីត្រូវមានមុខមាត់ផ្សេង” លោក Limonov។
ដើម្បីឲ្យគ.ជ.ប.កត់ត្រាទៅជាបេក្ខជនស្របច្បាប់ សាមីជនត្រូវអង្គាសហត្ថលេខាបណ្តាជនម្ចាស់ឆ្នោត ដែលគាំទ្រខ្លួនឲ្យបានម្នាក់ៗ យ៉ាងហោចណាស់ចំនួន២លាននាក់។
គ.ជ.ប. នឹងចេញបញ្ជីផ្លូវការ រាយឈ្មោះបេក្ខជនដែលនឹងប្រជែងគ្នានោះ គឺលុះនៅកណ្តាល ខែធ្នូខាងមុខ៕
នៅរុស្ស៊ី អាណត្តិប្រធានាធិបតី ចាប់ពីឆ្នាំក្រោយទៅ នឹងមានរយៈពេលដល់៦ឆ្នាំ មិនមែន ត្រឹម៤ឆ្នាំ ដូចសព្វថ្ងៃឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ